ខឹន ហ៊ាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

យោធាខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ បន្ទាប់ពីរំដោះបានពីរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ខឹន ហ៊ាន  អាយុ ៧៥ឆ្នាំ[1]  មានទីកន្លែងកំណើតភូមិស្ពានថ្មី  ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ គង់ និងមានកូនប្រុសស្រីចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ ខឹន និងម្ដាយឈ្មោះ ទូច ហើយមានបងប្អូនចំនួន៨នាក់ ខ្ញុំជាកូនទី១ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩  ពីសង្គមចាស់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងមកក្នុងភូមិ។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមជាមួយចលនាបដិវត្តន៍ ។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧១ ខ្ញុំបានរៀបការប្ដី​ ហើយនៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហាន លន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ខ្ញុំបានមករស់នៅស្រុកកំណើតខាងប្ដីភូមិពង្រ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។​

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារ, រែកដី, លើកដីជាមួយគេឯង ទូទាំងភូមិឃុំទាំងអស់គ្នា។ នៅក្នុងសម័យខ្មែរក្រហមខ្ញុំមានអាយុ២៥ឆ្នាំ ខ្មែរក្រហមបានឲ្យខ្ញុំទៅ ដកស្ទូង, ជីកប្រឡាយ លើកទំនប់នៅក្នុងស្រុកកំពង់សៀម។  នៅពេលយប់វាយកណ្ដុរក្នុងស្រែ ខ្ញុំ ត្រូវក្រោកពីម៉ោង៦ ចេញធ្វើការដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង ៥ បានឈប់សម្រាកក្នុងកាប់ដីលើកទំនប់ប្រើកម្លាំងមនុស្សច្រើន ដោយមានកម្ពស់ជិត១០ម៉ែត្រ ខ្ញុំធ្វើការនៅកន្លែងនឹងរយៈពេលយូរ។

ក្នុងអំឡុងពេលធ្វើការងារបើធ្វើការមិនគ្រប់ផែនការរបស់ខ្មែរក្រហមដាក់ឲ្យ និងត្រូវស្ដីបន្ទោស។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវនៅវិហារធំ មានប្រជាជនជាច្រើនខ្មែរក្រហមបានឲ្យទៅច្រូតស្រូវរួមគ្នា។ ពេលធ្វើការងារចប់យប់ឡើងខ្មែរក្រហមបានឲ្យទៅដេកនៅក្នុងរោងការដ្ឋានរួមគ្នាមានស្រីមានប្រុស ដោយប្រុសៗដេកមួយចំហៀង និងស្រីៗដេកមួយចំហៀងដេកទល់ក្បាលគ្នា។ ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺឈុតខ្មៅ។  ពេលព្រឹកឡើងទៅធ្វើការងារដល់ម៉ោងហូបបាយត្រូវហូបបាយជុំគ្នា ដោយមានសំឡេង ជួងជាសញ្ញា ពេលឮសំឡេងជួងប្រជានជនដែលធ្វើការត្រូវឈប់សម្រាកហូបបបរ ត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗ សម្រាប់ដាក់បបរហូបរាងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹក ប្រៀបដូចជាបបររាវ។

ក្រោយពេលធ្វើការងារលើកដីរួចស្រីៗ ត្រូវបានខ្មែរក្រហមឲ្យលើកអាចម៌គោយកមកធ្វើជីយកទៅបាច់ស្រូវមួយហិកតាឬពីរហិកតា, ស្ទូងស្រូវ, ច្រូតស្រូវ, លើកភ្លឺស្រែ, ទប់ទឹក ចំណែកប្រុស​ៗ​ធ្វើការធ្ងន់ៗដូចមុនទៅ និយាយរួមទៅអត់ដែលមានពេលទំនេរទេ។ នៅឆ្នាំ១៩៧៩ ចំពោះខ្ញុំបានឃើញខ្មែរក្រហមនាំមនុស្សទៅសម្លាប់ចោល ចំណែកខ្ញុំវិញនៅពីរថ្ងៃទៀតខ្មែរក្រហមត្រូវយកទៅសម្លាប់នៅអង្គួញដី ប៉ុន្តែ​ប្រទេសត្រូវបានរំដោះ។

ខ្ញុំនិងប្ដីបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយ​សារ​តែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[2] ខ្ញុំ និងប្ដីបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ ទូច វណ្ណេត


[1] បទសម្ភាសន៍ ជាមួយ ខឹន ហ៊ាន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin