របបខ្មែរក្រហមជារបបដ៏ឃោរឃៅ

(រតនគិរី) ៖ ខឺរ ស្ដាំង មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នមានទីលំនៅ នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ខឺរ ស្ដាំង បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់បានឆ្លងកាត់ដោយលំបាកវេទនា ដោយសារតែអង្គការបានប្រើឲ្យគាត់ធ្វើការហួសកម្លាំង លុបបំបាត់សិទ្ធិសេរីភាព លុបបំបាត់ជំនឿ សាសនា ជាដើម។ របបខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា អង្គការបានឲ្យ ស្ដាំង ធ្វើការនៅក្នុងក្រុមថែសួន ជាមួយមនុស្សចាស់ ក្រោយមកអង្គការបានបញ្ជូនឲ្យគាត់ទៅខាងក្រុមដឹកជញ្ជូនបន្លែ ផ្លែឈើវិញ។

ដោយសារតែនៅក្នុងក្រុមដឹកជញ្ជូន ស្ដាំង មានការហត់នឿយពេក ទើបគាត់សុំអង្គការទៅធ្វើការនៅក្នុងក្រុមកសិកម្មវិញ។ នៅក្នុងក្រុមកសិកម្ម អង្គការបានឲ្យគាត់ដាំដំណាំ និងធ្វើស្រែ។ គាត់បានបន្ថែមទៀតថា អង្គការបានប្រើគាត់ឲ្យធ្វើការទាំងយប់ ទាំងថ្ងៃ។ គាត់បាននិយាយបន្ថែមថា នៅពេលព្រឹកឡើង អង្គការបានវាយជួងដើម្បីដាស់ប្រជាជនឲ្យក្រោកទៅធ្វើការ សម្រាប់ម៉ោងធ្វើការព្រឹកឡើងត្រូវចេញទៅធ្វើការនៅម៉ោងប្រាំព្រឹក ចប់នៅម៉ោង១២។ សម្រាកបានមួយម៉ោង ចូលធ្វើការវិញនៅម៉ោងមួយរសៀល ហើយបន្តធ្វើការដល់ម៉ោងប្រាំមួយល្ងាចទើបបានឈប់សម្រាក។

ចំពោះរបបអាហារអង្គការបានចែកជាចំណែក ឲ្យហូបម្នាក់តែមួយកូនចានតូចប៉ុណ្ណោះ បើទោះជាហូបមិនឆ្អែតក៏មិនថែមឲ្យដែរ។ ស្ដាំង បាននិយាយបន្ថែមទៀតថា នៅក្នុងតំបន់ដែលគាត់រស់នៅមានបាយសម្រាប់ឲ្យបរិភោគ តែមិនបានយូរប៉ុន្មាន ក៏ប្ដូរមកជាបបរវិញ។

ចំពោះសាច់ញាតិ បងប្អូន ឬឪពុកម្ដាយ ត្រូវរស់នៅបែកពីគ្នា។ បើទោះជាមានបងប្អូន ឪពុកម្ដាយឈឺ ក៏អង្គការមិនអនុញ្ញាតឲ្យទៅមើលឡើយ។ គាត់បានប្រាប់ថា របបខ្មែរក្រហមជារបបមួយដ៏សែនឃោរឃៅ ដែលបានធ្វើទារុណកម្ម ឬសម្លាប់ប្រជាជនស្លូតត្រង់ ដោយមិនមានកំហុសអ្វីសោះ៕

សម្ភាសន៍ដោយ បេង ហង្ស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin