ខៀវ ឡូត៖ ភៀសខ្លួនទៅប្រទេសវៀតណាម អំឡុងខ្មែរក្រហមចូលភូមិ
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលមកគ្រប់គ្រងឃុំជាំ ស្រុកមេមត់។ នៅពេលនោះឪពុកខ្ញុំបាននាំគ្រួសាររត់ចេញពីភូមិកំណើតទៅនៅតំបន់ស៊ូដា នៅខាងត្បូងភ្នំជើងអណ្តែង ឬភ្នំជើងបាដែងប្រទេសវៀតណាម។ កាលនោះ ខ្មែរក្រហម និងវៀតណាមបាញ់គ្នាខ្លាំងណាស់ ខ្ញុំចាកចេញពីតំបន់ស៊ូដា មកនៅតំបន់ម៉កុង ខ្មែរហៅថាថ្មកង់ ខេត្តតៃនិញ ប្រជាជនរស់នៅកន្លែងនោះមានខ្មែរ និងជនជាតិភាគតិចថ្មូនរស់នៅលាយឡំគ្នា។
ខ្ញុំឈ្មោះ ខៀវ ឡូត[1] ភេទប្រុស អាយុ ៧៣ឆ្នាំ ហើយមានស្រុកកំណើតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះខៀវ (ស្លាប់មុនឆ្នាំ១៩៧០ ដោយសារជំងឺ) ម្តាយឈ្មោះស៊ុំ (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រី៣នាក់) ហើយខ្ញុំជាកូនទី៣។ ប្រពន្ធទី១របស់ខ្ញុំ ឈ្មោះណេត សុគុម្ព បានចែកផ្លូវគ្នា។ ខ្ញុំយកប្រពន្ធទី២ ឈ្មោះ អ៊ុច សារ៉ាំ មានកូនចំនួន១២នាក់ (ស្រី៣នាក់)។
កាលពីសម័យមុនអត់មានសាលារៀនទេ ហើយខ្ញុំក៏មិនសូវចេះអក្សរដែរ។ ខ្ញុំរៀនសូត្របានបន្តិចបន្តួចនៅក្រោមដើមឈើ ហើយក្រោយពីឈប់រៀនខ្ញុំជួយធ្វើការងារស្រែចម្ការម្តាយឪពុក។ ទោះបីខ្ញុំនៅក្មេងមិនអាចជួយការងារធ្ងន់ៗបានប៉ុន្តែខ្ញុំអាចជួយឃ្វាលក្របី។
ខ្ញុំនៅចាំថា ក្នុងឆ្នាំ១៩៦៥ ដំបូងមានយន្តហោះមកទម្លាក់គ្រាប់បែកនៅព្រំដែន។ ខ្ញុំរស់នៅព្រំដែន បានឃើញយន្តហោះធ្លាក់នៅទឹកដីវៀតណាម។ នៅឆ្នាំ១៩៦៨-១៩៦៩ គ្រួសារខ្ញុំ និងប្រជាជនក្នុងភូមិបានរត់ភៀសខ្លួនចេញពីភូមិលាជក្រោម ឃុំជាំ ទៅរស់នៅស្រុកឆ្លូង ខេត្តក្រចេះ ហើយរយៈពេលបីខែក្រោយ បានត្រឡប់មករស់នៅភូមិកំណើតវិញ។ មកដល់ផ្ទះបានប្រហែលមួយសប្តាហ៍ខ្ញុំឮយន្តហោះមួយគ្រឿងបានធ្លាក់នៅតំបន់ត្រពាំងកោះថ្ម ភូមិខ្ទុម ប្រទេសវៀតណាម។ យន្តហោះធ្លាក់ដោយសារតែកងទ័ពវៀតកុងបាញ់។ កងទ័ពវៀតកុង បាញ់ត្រូវស្លាបយន្តហោះម្ខាងបណ្តាលឲ្យធ្លាក់លើកដីវៀតណាម និងមានមនុស្សចំនួនពីរនាក់បានស្លាប់។
នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើង ប្រជាជននាំគ្នាទៅធ្វើបាតុកម្ម ដើម្បីទាមទារអំណាចថ្វាយសម្តេចព្រះនរោត្តម សីហនុ វិញ។ ខ្ញុំបានចូលរួមធ្វើបាតុកម្ម ជាមួយប្រជាជនក្នុងភូមិបឹងជ្រោង, ភូមិលាជក្រោម និងភូមិលាជលើ ឃុំជាំ។ ឡាន មួយគ្រឿងបានដឹកខ្ញុំ និងប្រជាជនក្នុងភូមិប្រមាណ៣០នាក់ ទៅចូលរួមធ្វើបាតុកម្មនៅស្រុកមេមត់ (ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បន្ទាប់ពីបាតុកម្មចប់ ប្រជាជននាំគ្នាត្រឡប់មកភូមិ ធ្វើស្រែចម្ការវិញ។ ខ្ញុំនៅភូមិលាជក្រោម បានប្រហែលរយៈពេលមួយខែក៏មានយន្តហោះមកទម្លាក់គ្រាប់បែកតាមព្រំដែន រហូតដល់ភូមិប្រជាជនកំពុងរស់នៅ។ យន្តហោះ បានហោះពីព្រំដែន មកទម្លាក់គ្រាប់បេ-៥២ នៅភូមិលាជក្រោម ភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ហើយអំឡុងពេលទម្លាក់គ្រាប់បានស្លាប់ប្រជាជនម្នាក់ឈ្មោះ អ៊ឹម ដោយសារអំបែងគ្រាប់។
បន្ទាប់មកយន្តហោះអាមេរិកមួយគ្រឿងទៀតបានធ្លាក់នៅតំបន់វាលស្ងួត ស្ថិតក្នុងភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់។ ក្រោយមកមានយន្តហោះមួយគ្រឿងទៀត ហោះមកភូមិលាជក្រោម ហើយ ទាហានអាមេរិកចំនួន៦នាក់ បានលោតចុះពីយន្តហោះមកដី ចំណែកយន្តហោះក៏ត្រឡប់ទៅវិញបាត់។ ទាហានអាមេរិកទាំងនោះ និងកងទ័ពវៀតកុង បានប្រយុទ្ធគ្នាបណ្តាលឲ្យឆេះផ្ទះប្រជាជន។
នៅឆ្នាំ១៩៧២ មានយន្តហោះមកទម្លាក់គ្រាប់បែកកាន់តែខ្លាំង។ គ្រួសារខ្ញុំបានភៀសខ្លួនទៅរស់នៅភូមិជាម្អោរ ឃុំមេមត់ ស្រុកមេមត់ និងប្រកបរបរធ្វើស្រែ និងដាំបន្លែសម្រាប់ផ្គត់ផ្គងគ្រួសារ។ នៅឆ្នាំ១៩៧៣ ខ្ញុំរស់នៅឃុំមេមត់ អស់រយៈពេល១ឆ្នាំ ទើបត្រឡប់មកភូមិកំណើតវិញ។ ខ្ញុំមកដល់ភូមិលាជក្រោម ឃើញផ្ទះត្រូវបានភ្លើងឆេះអស់។ នៅឆ្នាំដដែលនោះកងកម្លាំងខ្មែរក្រហមបានចូលមកដល់ភូមិលាជក្រោម។
នៅឆ្នាំ១៩៧៥ ខ្ញុំរត់ចេញពីភូមិកំណើតទៅរស់នៅភូមិខ្ទុម ឃុំទឹងដុង ស្រុកទឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ នៅទីនោះបានមួយឆ្នាំកន្លះ ខ្មែរក្រហមបើកការវាយប្រហារ និងបាញ់ផ្លោងមកតំបន់ស៊ូដា នៅខាងត្បូងភ្នំជើងអណ្តែង ឬភ្នំជើងបាដែង នៃប្រទេសវៀតណាម។ ក្រោយមកខ្ញុំចាកចេញពីតំបន់ស៊ូដា មករស់នៅតំបន់ម៉កុង (ខ្មែរហៅថាថ្មកង់) វិញ។ មួយឆ្នាំក្រោយមកទើបមានប្រជាជនខ្មែរ និងជនជាតិភាគតិចថ្មូន ចូលមករស់នៅជាមួយគ្នា ហើយសព្វថ្ងៃជនជាតិភាគតិចថ្មូន រស់នៅប្រទេសវៀតណាម។ ខ្ញុំជាមួយជនជាតិភាគតិចថ្មូន នៅថ្មកង់ ស្ថិតនៅភូមិដុងបាន ឃុំថាញ់ដុង ស្រុកទឹងបៀង ខេត្តតៃនិញ រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ក្រោយមកខ្ញុំបានធ្វើដំណើរពីភូមិដុងបាន មករស់នៅស្រុកកំណើតវិញ។ ប្រជាជននៅក្នុងភូមិ ចាប់ផ្តើមកាប់ឆ្ការព្រៃ យកដីដាំដំណាំ។ ខ្ញុំមានរទេះ និងគោមួយនឹម សម្រាប់ដឹកឈើ និងឫស្សី យកមកសាងសង់ផ្ទះសម្រាប់រស់នៅ។
ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៣ សង្គ្រាមបានស្ងប់ស្ងាត់ មានជនជាតិវៀតណាមចូលមករកទិញអេតចាយ ដូចជាដែកដែលជាសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាម។ ខ្ញុំចេញទៅរកអំបែងគ្រាប់សេសសល់ពីសង្គ្រាមយកទៅលក់ឲ្យប្រទេសវៀតណាម។ នៅជំនាន់នោះដែកលក់បានតម្លៃសមរម្យ។ ថ្ងៃមួយឈ្មោះស្លូត ដែលទៅរកដែកជាមួយខ្ញុំ បានប្រទះឃើញឆ្អឹងនៅតំបន់វាលស្ងួត ស្ថិតនៅភូមិលាជក្រោម ឃុំជាំ។ ស្លូត បានហៅខ្ញុំទៅមើលឆ្អឹងទាំងនោះ ហើយឆ្អឹងទាំងនោះមានប្រវែងវែងៗ ខ្ញុំគិតថាជាឆ្អឹងសាកសពរបស់ទាហានជនជាតិអាមេរិក។ ឈ្មោះ ស្លូត, ថន និងខ្ញុំ បានរើសឆ្អឹងភ្លៅមួយគូយកមកទុកនៅផ្ទះ។ ក្រោយមកឈ្មោះ ឃុក បានលួចឆ្អឹងនោះពីខ្ញុំយកទៅលក់ឲ្យអ្នកផ្សេង។ បន្ទាប់មកឈ្មោះវែក និងសឺម យកឆ្អឹងនោះទៅលក់នៅប្រទេសវៀតណាម ចំណែកឈ្មោះ ថន, សារឿន និងប៉ាក យកឆ្អឹងទៅលក់ក្នុងប្រទេសកម្ពុជា។ រហូតមកដល់សព្វថ្ងៃឈ្មោះ ថន, សារឿន និងប៉ាក បានបាត់ដំណឹង៕
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស លោក ឡុង ដានី ជាមួយ ខៀវ ឡូត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
អត្ថបទដោយ ឈុំ រ៉ា