ខៀវ យ៉េន៖ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

ខៀវ យ៉េន[1] ហៅ ទូច ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតភូមិក្រាំងឈើនីវ ឃុំក្រាំងឈើ នីវ ស្រុកទ្រាំង ខេត្ដតាកែវ។ បច្ចុប្បន្ន យ៉េន រស់នៅក្នុងភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
យ៉េន បាននិយាយថា៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្លាប់១នាក់ ដោយសារធ្លាក់ពីលើចុង ត្នោត)។ ម្ដាយរបស់ខ្ញុំបានស្លាប់ នៅពេលខ្ញុំមានអាយុ១០ឆ្នាំ។ គាត់គឺជាអ្នកតម្បាញសូត្រ និងចិញ្ចឹមដង្កូវនាង។ ឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតនៅឆ្នាំ១៩៨៣។
នៅជំនាន់សង្គមរាស្ដ្រនិយម ខ្ញុំបានសិក្សាត្រឹមថ្នាក់ទី៩ នៅក្នុងវត្ដឆ្លូង ខេត្ដតាកែវ។ បន្ទាប់មក ខ្ញុំបានឈប់រៀន ដោយសារក្រុមគ្រួសារមានការលំបាកពេក។ ជាពិសេស ខ្ញុំបានខឹងនឹងមីងរបស់ខ្ញុំ ដែលមិនបានចម្អិនបាយឲ្យខ្ញុំហូប មុនពេលចេញទៅរៀនផ្លូវឆ្ងាយ។
នៅជំនាន់យួនធីវគី ខ្ញុំរស់នៅក្នុងភូមិកំណើតជាមួយឪពុកម្ដាយ។ ខ្ញុំបានឃើញកងទ័ពទាំងនោះ ដើរប្រមូលមាន់ ពងមាន់ និងរបស់របរផ្សេងៗ នៅក្នុងភូមិ។ ចំណែកឯខ្ញុំបានយកសម្លៀកបំពាក់ទៅលាក់ទុកក្នុងកណ្ដាប់ស្រូវនៅវាលស្រែ ដោយសារខ្លាចកងទ័ពទាំងនោះប្រមូលយក។ នារីនៅក្នុងភូមិបាននាំគ្នាគេចពីកងទ័ពធីវគី និងបានក្លែងសម្រស់របស់ខ្លួន ដោយលាបធ្យូង ដីភក់ និងជួនកាលកោរសក់ទៀតផង។ អ៊ំរបស់ខ្ញុំខ្លាចកងទ័ពធីវគីណាស់ គាត់បានបររទេះគោគេចចេញពីកងទ័ពទាំងនោះរហូតដល់របូតកង់រទេះកណ្ដាលផ្លូវ។
កាលជំនាន់នោះ ខ្ញុំបានស្នាក់នៅក្នុងវត្ដអារាម។ ក្រោយមក ខ្ញុំបានធ្វើដំណើរទៅកាន់ភ្នំលះបង់ ជាមួយនឹងអ៊ំ និងតារបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរជាមួយអ៊ំប្រុសរបស់ខ្ញុំដោយជិះរទេះគោ ខណៈដែលជីតារបស់ខ្ញុំដើររែកមាន់ទៅជាមួយតាមផ្លូវ។ ពេលយើងកំពុងធ្វើដំណើរ គ្រាប់ផ្លោងបានធ្លាក់ ហើយផ្ទុះក្បែរគោរបស់យើង ប៉ុន្ដែមិនបង្កឲ្យអ្នកដំណើររងរបួស ឬស្លាប់បាត់បង់ជីវិតទេ។ យើងបានធ្វើដំណើរជាច្រើនថ្ងៃ រហូតដល់សត្វមាន់នៅលើអង្រែករបស់ជីតាខ្ញុំបានងាប់អស់ស្ទើរគ្មានសល់។
ក្រោយមក យើងបានត្រឡប់ទៅរស់នៅក្នុងភូមិកំណើតរបស់ខ្លួនវិញ។ ចាស់ៗនៅក្នុងភូមិរបស់ខ្ញុំបាននាំគ្នាមកស្នាក់នៅឯផ្ទះរបស់ខ្ញុំ ហើយយើងប្រុងប្រយ័ត្នណាស់ សូម្បីតែដាំបាយ ឬជក់បារីក៏យើងមិនហ៊ានឲ្យឃើញភ្លើង ឬផ្សែងចេញពីលេណដ្ឋានដែរ។ ជួនកាល ខ្ញុំបានបីប្អូនរត់ចូលព្រៃ ដើម្បីគេចពីគ្រាប់បែក។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានបញ្ជូនខ្ញុំទៅរស់នៅ និងធ្វើការក្នុងកងចល័ត។ ការងារប្រចាំថ្ងៃរបស់យើងគឺរែកដី ទប់ភ្លឺស្រែ និងទំនប់នៅក្នុងស្រុកអង្គបូរី ខេត្ដតាកែវ។ ខ្មែរក្រហមបានរៀបចំកម្លាំងមនុស្សរាប់សិបនាក់ទាំងចាស់ទាំងក្មេងដើម្បីធ្វើការងារនេះ។ ក្រុមរបស់ខ្ញុំមានគ្នា១០នាក់។ ម្នាក់ត្រូវលើកទំនប់ឲ្យបានមួយម៉ែត្រគូប ក្នុងមួយថ្ងៃ។ ប្រជាជនមួយចំនួនធ្វើមិនបានរួចរាល់តាមផែនការទេ ដោយសារទំនប់ពេលនោះមានកម្ពស់ខ្ពស់ពេក។ ទំនប់ទឹកនោះ មានប្រវែងវែងណាស់ ដោយគិតចាប់ពីស្រុកអង្គរបូរី រហូតដល់តំបន់ថ្មបីដុំ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
នារដូវវស្សា ភូមិទាំងមូលគ្របដណ្ដប់ទៅដោយផ្ទៃទឹកល្ហរល្ហាច លើកលែងតែដំបូក និងទីទួលខ្ពស់ៗប៉ុណ្ណោះ។ នៅសម័យខ្មែរក្រហម ខ្ញុំធ្លាប់ឃើញតាម៉ុកទៅពិនិត្យមើលការដ្ឋានលើកទំនប់នោះដែរ។
ការងារប្រចាំថ្ងៃរបស់យើង បានចាប់ផ្ដើមពីម៉ោង៤ទៀបភ្លឺ រហូតដល់ថ្ងៃត្រង់ ដើម្បីសម្រាកហូបអាហារ។ បន្ទាប់មក យើងនឹងបន្ដការងារ រហូតដល់ល្ងាច។ ប្រជាជនម្នាក់ៗមានសភាពស្គមស្គាំងស្បែកដណ្ដប់ឆ្អឹង ហើយដួលស្លាប់នៅកន្លែងធ្វើការងារដោយសារភាពនឿយហត់ក្នុងការងារពេក។ យើងទទួលបានរបបបបរពីរពេលក្នុងមួយថ្ងៃ គឺថ្ងៃត្រង់ និងល្ងាច។ យើងហូបមិនឆ្អែតទេ។
ក្រោយមក ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការងារនៅឯរោងម៉ាស៊ីនកិនស្រូវ។ ប្រជាជនមួយចំនួនបានសុំកន្ទក់ពីយើង ដើម្បីលីងហូប។ ប្រជាជនទាំងនោះមិនមានកម្លាំងកំហែងទេ។ អ្នកមួយចំនួនបានដួលស្លាប់នៅតាមផ្លូវ។ ស្ថានភាពអត់ឃ្លានទាំងនោះបានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។ ខ្ញុំបានឃើញសាកសពស្អុយរលួយដែលត្រូវបានកប់មិនជិតទេ។ សាកសពខ្លះត្រូវជីកកប់តែមួយកំណាត់ខ្លួនប៉ុណ្ណោះ។
បន្ទាប់មកទៀត ខ្ញុំបានចូលក្នុងសហករណ៍ ដោយធ្វើការងារផ្នែកតម្បាញកន្ទេល និងកន្សែងជាមួយចាស់ៗ។ ក្នុងមួយថ្ងៃ ខ្ញុំត្បាញកន្ទេលបានចំនួន៥ (ពីរនាក់) កន្សែងពីរ និងមុងប្រវែង១០ម៉ែត្រ។ ថ្ងៃមួយ ខ្ញុំបានធ្វើឲ្យកន្សែងមួយដាច់រហែកដោយសារខ្ញុំប្រឹងរឹតពេក។ ខ្ញុំបានយំ ដោយសារភ័យខ្លាច។ ចាស់ៗដែលធ្វើការនៅទីនោះបានត្បាញកន្សែងថ្មីមួយឲ្យខ្ញុំ ដើម្បីកុំឲ្យអង្គការស្ដីបន្ទោស។
ក្រោយមកទៀត ខ្ញុំចង់ចូលបម្រើកងទ័ព ដោយសារខ្ញុំបានឃើញពីភាពលំបាកវេទនារបស់សាច់ញាតិរបស់ខ្ញុំ។ ខ្មែរក្រហមបដិសេធបំណងរបស់ខ្ញុំនេះ ដោយសារតែខ្ញុំនៅក្មេងពេក។ បន្ទាប់មក ខ្មែរក្រហមបានផ្លាស់ខ្ញុំឲ្យទៅច្រូតស្រូវ នៅបឹងខាងត្បូង នៃខេត្ដតាកែវ ទាំងកណ្ដាលយប់អាធ្រាត្រ (ខែភ្លឺ) ជាមួយនឹងកម្លាំងប្រជាជនជាច្រើននាក់។ ខ្ញុំបានដេកលក់នៅលើកញ្ជ្រាំងតាមវាលស្រែជាមួយនឹងមិត្ដរបស់ខ្ញុំម្នាក់ទៀត រហូតដល់យប់ជ្រៅ។ បន្ទាប់ពីយើងភ្ញាក់ដឹងខ្លួនពីដំណេកនេះ យើងក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ខ្ញុំនិងប្រជាជនក្នុងភូមិត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់អង្គរលាយ (ផ្លូវលោក) ដោយខ្មែរក្រហមបានលើកឡើងថា៖ «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។ នៅក្រោយរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំបានដើរធ្វើបុណ្យសន្សំកុសល និងបរិច្ចាគទ្រព្យបន្ដិចបន្ដួចដែលខ្លួនមានដើម្បីឲ្យជួបតែរឿងល្អៗក្នុងពេលបច្ចុប្បន្ន និងជាតិខាងមុខ»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ មេក វិន និង ហ៊ាន ពិសី សម្ភាសន៍ជាមួយ ខៀវ យ៉េន នៅក្នុងភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។