សុំបាយដើម្បីឲ្យប្អូនហូប

ឃឹម ម៉ារ៉ុង រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឃឹម ម៉ារ៉ុង មានអាយុ ៦១ឆ្នាំ ជាកសិករដែលមានស្រុកកំណើតនិងរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឪពុករបស់ម៉ារ៉ុង គឺជាអតីតមេស្រុក ដែលចេះនិយាយភាសាបារាំង និងវៀតណាម។ នៅសម័យខ្មែរក្រហម ឪពុករបស់គាត់បានលាក់បាំងប្រវតិ្តរូបរហូតដល់គាត់​បានបាត់បង់ជីវិតដោយសារជំងឺ។

នៅសម័យនោះ ឃឹម ម៉ារ៉ុង ត្រូវបានចាត់តាំងជាប្រធានក្រុមកុមារ ដែលជួនកាលគ្រូរបស់គាត់បានអនុ​ញ្ញាត​ឲ្យគាត់បង្រៀនជំនួស​ទៅដល់សមាជិកក្រុម។ សៀវ​ភៅ​មួយក្បាលត្រូវបានកាត់ផ្តាច់ជាពីរសម្រាប់ប្រើប្រាស់ដោយមនុស្សពីរនាក់។

ក្រៅពីការរៀនសូត្រនៅតាមព្រៃ ក្រុមកុមារត្រូវបានខ្មែរក្រហមបញ្ជាឲ្យលីសែង កាប់គាស់ និងរែកដីសម្រាប់លើកទំនប់ជាដើម។ ជួនកាលត្រូវច្រូតស្រូវ ក្រងស្បូវ ស្ទូងស្រូវនិងធ្វើការងារតាមវាលស្រែទាំងយប់ទាំងថ្ងៃ នៅភូមិត្រពាំងក្រហម។ ដោយសារគាត់ជាប្រធានក្រុម គាត់តែងតែនិយាយពន្លើសពីគុណសម្បត្តិរបស់សមាជិកក្រុមរបស់គាត់នៅពេលប្រជុំ និងច្រៀងបទចំរៀងរបស់ខ្មែរក្រហមដើម្បីការអបអរ។ ពេលខ្លះគាត់បានទៅសុំបាយមានលាយជាមួយមើមក្តួច មើមប្រង់ ស្លឹកដំឡូងមី និងគល់ចេក សម្រាប់ឲ្យប្អូនរបស់គាត់បានបរិភោគ។

ក្រោយមកទៀត គាត់ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយកងយោធានៅឯជើងភ្នំជិតស្រះត្រពាំងច្រេស។ នៅទីនោះគាត់ទទួលបានបាយសុទ្ធសម្រាប់បរិភោគ។ ចំពោះការងារ គាត់ត្រូវកាប់ឆ្ការព្រៃទាំងយប់ទាំងថ្ងៃដើម្បីបង្កើតសហករណ៍ថ្មីនៅទីនោះ ក្រៅពីនេះខ្មែរក្រហមក៏កំពុងរៀបចំគម្រោងបញ្ជូនគាត់ឲ្យទៅកាត់ដេរ។

ចំណែកម្តាយរបស់គាត់ត្រូវបន្តរស់នៅភូមិត្រពាំងក្រហម ដោយមើលថែក្មេងតូចៗ និងលាយចំណីសម្រាប់ចិញ្ចឹម​ជ្រូក។ ម្តាយរបស់ ម៉ារ៉ុង បានលួចដំឡូងទុកសម្រាប់​​​កូនៗហូបនៅពេលលាយចំណីម្តងៗ។ បន្ទាប់ពីសហករណ៍ថ្មីត្រូវបានបង្កើត ខ្មែរក្រហមបានរៀបចំលើកផ្ទះសម្រាប់ឪពុកម្តាយរបស់កងកុមារមករស់នៅ។

នៅទីនោះអស់រយៈពេលប៉ុន្មានខែ របបខ្មែរក្រហមបានដួលរលំ ដោយសារឮខ្មែរក្រហមថា កងទ័ពវៀតណាមនឹងវះពោះមនុស្សនិងញាត់ស្មៅចូល ទើបគាត់និងក្រុមគ្រួសារដែលនៅរស់រានមានជីវិត បានរត់គេចខ្លួនទៅភូមិត្រពាំងក្រហម និងបន្តឆ្ពោះទៅភូមិកំណើតវិញ។

គាត់នៅចងចាំថាសម័យនោះ ខ្មែរក្រហមបានចាប់បង្ខំមនុស្សឲ្យរៀបការដោយគ្មានការស្ម័គ្រចិត្តឬស្រលាញ់នោះទេ និងរៀបការម្តងបីទៅបួនគូ។ អ្នកដែលបដិសេធអាចនឹងត្រូវយកទៅកសាងឬសម្លាប់។ ចំណែកអ្នកដែលលួចស្រលាញ់គ្នា នឹងត្រូវបានខ្មែរក្រហមលើកឡើងមកនិយាយនៅពេលប្រជុំ ដោយឲ្យអ្នកទាំងពីរទៅកាប់ស្មៅជាមួយគ្នា។ ម៉ារ៉ុង បានបញ្ជាក់ពីការខ្មាស់អៀនរបស់អ្នកទាំងពីរនៅខណៈពេលនោះ។

ដោយឡែកការព្យាបាលនៅសម័យនោះមានតែថ្នាំអាចម៍ទន្សាយ ឬ ហៅថា ថ្នាំកម្លាំងសម្រាប់ឲ្យហូបពេលមានជំងឺ។​ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេច គឺបងរបស់គាត់ម្នាក់ត្រូវបានកងឈ្លបខ្មែរក្រហមតាមចាប់ខ្លួន និងយក​​​ទៅសម្លាប់ដោយសារលួចហូបដំឡូង៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin