ឃឹម អយ៖ អតីតពេទ្យកងទ័ពខ្មែរក្រហម

ឃឹម អយ [1]ភេទស្រី អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ អយ មានឪពុកឈ្មោះ ឃី និងម្ដាយឈ្មោះ ភឹម។ អយ​ រៀបការប្ដីឈ្មោះ ដាំ និងមានកូនប្រុសតែម្នាក់។ អយ គឺកូនច្បង និងមានប្អូនប្រុសម្នាក់។ នៅវ័យកុមារ អយ រៀននៅសាលាបឋមសិក្សាព្រែកកុយ រហូតដល់ថ្នាក់ទី៩ (សង្គមចាស់) ទើបឈប់រៀន។ អយ ឈប់រៀន និងជួយការងារស្រែចម្ការឪពុកម្ដាយ ដូចជាដាំសណ្ដែក, ថ្នាំជក់ និងបន្លែ។ កន្លះខែក្រោយ រដ្ឋប្រហារលន់ នល់ បានកើតឡើង។ នៅអាយុ១៧ឆ្នាំ អយ រៀបការប្ដីឈ្មោះ ឆ័ន។ បន្ទាប់រៀបការមិនបានប៉ុន្មានផង​ ប្ដីរបស់ អយ ចង់ទៅរស់នៅបាត់ដំបង និងលួចលុយ ទើប អយ លែងលះ និងសម្រេចចិត្តចូលបម្រើបដិវត្តន៍ នៅភូមិអន្លង់គគីនេះតែម្ដង។ នៅពេលនោះ អយ ត្រូវបានដាក់ឲ្យធ្វើការងារដាំបាយឲ្យគេហូប។  អយ ត្រូវបានផ្លាស់ទីពីភូមិមួយទៅភូមិមួយទៀត រហូតដល់ខ្មែរក្រហមចាត់ចែងឲ្យគាត់ទៅរៀនពេទ្យ នៅទីតាំងថ្លុកជ្រៅ។ បន្ទាប់​ពី​រៀនពេទ្យ មួយរយៈពេល អយ ត្រូវបានបញ្ជូនមកព្យាបាលប្រជាជននៅតំបន់រំដោះ មានដូចជា ភូមិកាហេ និងភូមិគងជ័យ។ អយ បានរំឭកអំពីការព្យាបាលនៅពេលនោះថា៖ «ពេលមើលអ្នកជំងឺហើយ ជួនទៅឲ្យថ្នាំបូរាណលេប ដែលមានប្រធានប្រាប់ថាថ្នាំនេះសម្រាប់គុននេះ គ្រុននោះ។ ថ្នាំប្រើប្រាស់នៅពេលនោះ គឺជាថ្នាំរំងាស់ តែក៏មានថ្នាំសម្រាប់ចាក់ផងដែរ។» អយ នៅព្យាបាលអ្នកជំងឺនៅភូមិទាំង២ខាងលើ អស់រយៈពេល១ខែ ទើបគាត់សម្រេចចិត្តរត់មកផ្ទះវិញ។ នៅពេលនោះ មេឃុំ បានមកតាមរកឃើញ អយ នៅផ្ទះ។ អយ ត្រូវបានបញ្ជូនទៅនៅខាងបឹងតាមុំ ស្ថិតនៅពាមជីកង ហើយត្រូវបានចាត់តាំងឲ្យច្រូតស្រូវ ជំនួសការព្យាបាលអ្នកជំងឺ។

បន្ទាប់មកទៀត អយ ត្រូវបានជ្រើសរើសចូលធ្វើការងារនៅកងដឹកជញ្ជូន (សែងកងទ័ពរងរបួសពីសមរភូមិ)។ អយ ត្រូវបានបញ្ជូនទៅឈរជើងនៅក្បែរសមរភូមិនៅព្រែកក្ដាម ដែលមានទីតាំងនៅភ្នំឧត្តរិ ហៅថា «ព២»។ នៅពេលនោះ អយ ត្រូវបានដាក់ចំណុះកងពលកងទ័ពខ្មែរក្រហម ដែលមានប្រធានឈ្មោះ ផាន។ កងដឹកជញ្ជូនរបស់អយ គឺមានតែមិត្តនារី និងស្នាក់នៅឆ្ងាយពីកងដឹកជញ្ជូនបុរស។ អយ ត្រូវធ្វើការងារដឹកជញ្ជូនកងទ័ពខ្មែរក្រហម ដែលត្រូវបានរបួសនៅសមរភូមិ រហូតដល់កងទ័ពខ្មែរក្រហមបានវាយចូល និងកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ អយ ត្រូវបានបញ្ជូនទៅស្នាក់នៅទីក្រុងភ្នំពេញ រយៈពេល២-៣ថ្ងៃ។ នៅពេលនោះ អយ ចូលទៅដល់ទីក្រុងភ្នំពេញ ក្រោយពីការជម្លៀសប្រជាជនដោយបង្ខំ ហើយឃើញមានតែឡានអត់មានសាំង និងម៉ូតូទុកចោលពេញផ្លូវ ក្នុងទីក្រុងដ៏ស្ងាត់ជ្រងំ។ អយ និងអង្គភាពត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងផ្ទះមួយម្ដុំអង់តែនទូរទស្សន៍នៅទួលគោក។​ បន្ទាប់មកទៀត អយ និងអង្គភាពត្រូវបានផ្លាស់ទៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីធ្វើស្រែចម្ការ។ បន្ទាប់ពីធ្វើចម្ការនៅខេត្តកំពង់ធំ អស់រយៈពេល២ខែ អយ ត្រូវបានផ្លាស់មកភ្នំពេញ ដើម្បីរៀបចំខ្លួនចូលបម្រើ ជាពេទ្យវិញម្ដង។ អយ ត្រូវបានបញ្ជូនទៅធ្វើការងារជាពេទ្យកងទ័ពខ្មែរក្រហម ដែលមានគ្នា៧នាក់ក្នុងមួយកង ឈរជើងនៅភ្នំបាសិត និងធ្វើការងារចុះបើកថ្នាំ ឲ្យប្រជាជន។

ក្រោយមកទៀត អយ ត្រូវបានផ្លាស់ទៅធ្វើការងារ មានដូចជា រែកអំបិលនៅស្រែអំបិល និងធ្វើស្រែនៅទួលកី នៅក្បែរពោធិ៍ចិនតុង រហូតដល់របបខ្មែរក្រហមដួលរំលំនៅឆ្នាំ១៩៧៩។ អយ ដឹងថា របបខ្មែរក្រហមបង្អត់អាហារ និងសម្លាប់ប្រជាជន បន្ទាប់ពីគាត់រត់ភៀសខ្លួន នៅខេត្តពោធិ៍សាត់។​ អយ នៅតែចងចាំ និងប្រាប់ក្មេងៗអំពីបទពិសោធន៍លំបាករបស់ខ្លួនជាពេទ្យកងទ័ពខ្មែរក្រហម និងបានបាត់បង់សាច់ញាតិមួយចំនួនក្នុងរបបខ្មែរក្រហម។

អត្ថបទដោយ ទូច វណ្ណេត


[1]​ ឯកសារបទសម្ភាសន៍លេខKCI0277, សម្ភាសន៍ជាមួយ ឃឹម អយ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅឆ្នាំ២០០៣។ ឯកសារបទសម្ភាសន៍នេះ មានតម្កល់រក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនៃមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin