ចម្លើយសារភាព ខឹម យូរ ហៅ ខ្លួន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង មានតួនាទី ធ្វើការនៅក្នុងក្រសួងឃោសនាការ

ឯកសារចម្លើយសារភាព សរសេរដោយដៃផ្ទាល់ របស់ ខឹម យូរ ហៅ សុង ចំនួន៦៥ ទំព័រ និយាយពីប្រវត្តិរបស់ សុង បានចូលរួមសកម្មភាពធ្វើបដិវត្តជាមួយ ហ៊ួ នឹម ហៅ ភាស់ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា តាមរយៈការផ្សាយ ការឃោសនាតាមវិទ្យុ និង ការធ្វើរដ្ឋប្រហារអង្គការ នៅថ្ងៃបុណ្យរឭកខួបបក្ស នៅខែតុលា ឆ្នាំ១៩៧៦ តាមរយៈការយកកាំភ្លើងខ្លី មកបង្កប់នៅក្នុងម៉ាស៊ីនថតកុន។ ប៉ុន្តែគម្រោងការនេះ ត្រូវទទួលបរាជ័យ ដោយសារយោធាខ្មែរក្រហម ត្រួតពិនិត្យ បានដិតដល់។ នៅក្នុងចម្លើយសារភាពនេះ សុង បានរាយឈ្មោះ អ្នកដែលជាប់ពាក់ព័ន្ធជាមួយខ្លួន មានចំនួន៤៤ រូបទៀត ដែលធ្វើការនៅក្នុងក្រសួងឃោសនាការ។ យុវជនមួយចំនួន ត្រូវបានអង្គការ ចាប់ខ្លួនមកមន្ទីស-២១។ ខឹម យូរ ហៅ សុង ត្រូវបានចាប់ខ្លួនមកមន្ទីរឃុំឃាំងស-២១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ១៩៧៧។ ចំណែក ហ៊ួ នឹម ហៅ ភាស់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៧។
ខាងក្រោម ជាចម្លើយសារភាព របស់ ខឹម យូរ ហៅ សុង
[1]ខឹម យូរ ហៅ ខ្លន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង ភេទប្រុស មានស្រុកកំណើតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សុង មានឪពុក ឈ្មោះ ខឹម ងិន (ស្លាប់) និង ម្តាយឈ្មោះ នួន ឈួន។ សុង មានបងប្អូនចំនួន២នាក់ ប្រុសទាំង២។ សុង មានភរិយា ឈ្មោះ មុំ គីមលាត និងមានកូនចំនួន៣នាក់ ប្រុសទាំង៣។
កម្រិតវប្បធម៌របស់ សុង គឺគាត់បានរៀនចប់ នៅសាលាបឋមសិក្សាមហាលាភ ក្នុងឆ្នាំ១៩៥៨។ នៅឆ្នាំ១៩៥៩ សុង បានមកបន្តការសិក្សានៅ រាជធានីភ្នំពេញ។ សុង បានមកស្នាក់នៅជាមួយបងប្រុស ដែលជាទាហានអាកាសចរ នៅពោធិ៍ចិនតុង។ សុង រៀននៅសាលាឯកជនមួយកន្លែង ដែលមានឈ្មោះថា «អនុវិទ្យាល័យ កម្ពុជបុត្រ« នៅទួលគោក។ សុង បានបន្តការសិក្សារបស់ខ្លួន ត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ ក៏បានឈប់រៀន ដោយមូលហេតុ បងប្រុសរបស់ សុង មិនមានលទ្ធភាពជួយឧបត្ថម្ភ សុង រៀនសូត្រតទៅទៀត។ បងរបស់ សុង ក៏បានណែនាំការងារឲ្យ សុង ធ្វើ។ គាត់បានទាក់ទងទៅ ពុយ ស៊ីណូ(គិញស័ក្តិ៤) ដើម្បីឲ្យ សុង ចូលធ្វើការ នៅប្រៃសនីយ៍ ដែលជាកន្លែង តខ្សែលួសពីពោធិ៍ចិនតុង ទៅខេត្តកំពត។ នៅឆ្នាំ១៩៦០មក សុង បានមកធ្វើប្រៃសណីយ៍ នៅទីក្រុងភ្នំពេញ «ខាងខ្សែលួស»។ ពុយ ស៊ីណូ ឃើញ សុង ធ្វើការងារល្អ ក៏បានអប់រំ សុង ឲ្យចូលធ្វើគិញ និងឲ្យប្រាក់ខែចំនួន ២ពាន់រៀល ក្នុងមួយខែ។ នៅឆ្នាំ១៩៦៣ សុង ត្រូវបានចាត់តាំងទៅខាងខ្សែលួស នៅខាងស្រុកបារាយណ៍ ដើម្បីយកការណ៍ពីសកម្មភាពខ្មែរក្រហម។ សុង បានធ្វើសកម្មភាពក្បត់ជាបន្តបន្ទាប់ ហើយនៅពេលនោះ សុង មានភារកិច្ច មើលខ្សែលួស តាមថ្នល់ជាតិ ពីបារាយណ៍ ទៅតាំងក្រសាំង និង ពីបារាយណ៍ ទៅរំលង។ នៅកន្លែង ស្នាក់នៅនីមួយៗ សុង បានទាក់ទងជាមួយ យុទ្ធជនមួយចំនួន ដើម្បីឲ្យយុទ្ធជនទាំងនោះ ជួយយកការណ៍ ពីខ្មែរក្រហម។
នៅថ្ងៃធ្វើរដ្ឋប្រហារ ខែមីនា ឆ្នាំ១៩៧០ សុង បានដាច់ខ្សែគិញ រួចគាត់បានទៅស្នាក់នៅផ្ទះប្រជាជន ក្បែរវត្ត ណោង អម ដែលជាផ្ទះរបស់ ជីតា ម្នាក់ ឈ្មោះ លាង មកពីភូមិជាមួយគ្នា ហើយគាត់មករកស៊ីនៅឈូកខ្សាច់នេះយូរមកហើយ។ សុង រស់នៅផ្ទះ តាលាង និង ជួយធ្វើស្រែស្ទូងដក តាលាង ចំនួន៤ខែ។ នៅខែសីហា ឆ្នាំ១៩៧០ សុង និង យុទ្ធជននៅភូមិឈូកខ្សាច់មួយចំនួន បានទៅសុំ សារុន (កម្មាភិបាលយោធាស្រុកបារាយណ៍) ចូលធ្វើបដិវត្ត។ បន្ទាប់មក ក៏មានសំបុត្រយោធា ចេញពីសាលាស្រុកមក ឲ្យបញ្ចូនសុង ចូលទៅក្នុងព្រៃ ដើម្បីហាត់ពត់ លត់ដំ និងរៀនសូត្រជាមួយ យុទ្ធជនឯទៀត។ នៅខែតុលា ឆ្នាំ១៩៧០ សុង ក៏បានចាកចេញពីព្រៃនោះ មកនៅ ល៧ ក្បែរស្ទឹងជីនិត ដើម្បីយាមកាមមិនឲ្យប្រជាជនចូលមកតំបន់នេះ ព្រោះជាកន្លែងរបស់អង្គការ។
នៅដើមឆ្នាំ១៩៧១ ប៉ង់ បានឧទ្ទេសនាមឈ្មោះ សុង ឲ្យមកនៅជាមួយ ហ៊ូ នឹម ហៅ ភាស់។ ភាស់ បានយក សុង មកនៅជាមួយ។ ដំបូង ភាស់ បានអូសទាញ សុង ខាងមនោសញ្ចេតនា ដោយហុចនេះ ហុចនោះ មកឲ្យ សុង ខុសប្លែកពីមហាជនដទៃ។ សុង ធ្វើអ្វីបន្តិច ក៏សរសើរ ថា សុង ធ្វើការបានល្អណាស់ យកចិត្តទុកដាក់ណាស់។ ចំណែកឯ សុង វិញ រីករាយក្រៃលែង នៅពេលដែលឃើញអ្នកទទួលខុសត្រូវ ត្រូវការខ្លួនបែបនេះ រហូត ធ្វើឲ្យ សុង បាក់ចិត្ត ជឿលើការអូសទាញ របស់ ភាស់ ទាំងស្រុង។ បន្ទាប់មក ភាស់ ក៏ចាប់ផ្តើមអប់រំ សុង ឲ្យមើលឃើញពីការលំបាក និងមើលឃើញពីភាពខ្មៅងងិត របស់បដិវត្តន៍កម្ពុជា ជាបន្តបន្ទាប់។
នៅឆ្នាំ១៩៧៣ សុង បានផ្លាស់ទៅកន្លែង តម្លើងវិទ្យុ (ឈ៣៤)។ សុង បានធ្វើសកម្មភាពបំផ្លាញសព្វគ្រប់បែបយ៉ាង ពេលខ្លះ បានធ្វើឲ្យវិទ្យុរអាក់រអួល សម្លេងដាច់ៗ និងពេលខ្លះធ្វើឲ្យខូច ម៉ាស៊ីនភ្លើង ព្រមទាំងពន្យារពេលការជួសជុល ពីមួយថ្ងៃទៅមួយថ្ងៃ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហម ទទួលបានជ័យជម្នះទាំងស្រុង [2]ខ្មែរក្រហម បានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញ ប្រហែល២លាននាក់ ដែលក្នុងនោះ រួមបញ្ចូលទាំងអ្នកភៀសខ្លួនចូលទីក្រុង ក្នុងអំឡុងពេលសង្គ្រាមជាង១លាននាក់ផង ឲ្យចាកចេញទៅកាន់ទីជនបទ។ ត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ប្រជាជនក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត ត្រូវបានបណ្តេញចេញឲ្យទៅធ្វើការងារកសិកម្មនៅតាមទីជនបទ។ ទោះបីជាយ៉ាងនេះក្តី ក៏មានមនុស្សជាច្រើនទៀត បានសំងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយបារម្ភថាខ្លួនអាចនឹងត្រូវចាប់ខ្លួនបាញ់សម្លាប់ ព្រោះភ្លាមៗនោះ ខ្មែរក្រហម បានប្រកាសតាមវិទ្យុជាតិថា ខ្លួនមិនមែនមកចចារដើម្បីនរណាទាំងអស់ ហើយនឹងធ្វើការប្រហារជីវិតមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលចាស់។
រយៈពេលប្រហែលជា ១ខែក្រោយមក នៅខែឧសភា ឆ្នាំ១៩៧៥ អង្គការបានសម្រេចឲ្យខាងមន្ទីរ(វិទ្យុ) ឡើងមកភ្នំពេញទាំងអស់គ្នា ដើម្បីមកបោសសម្អាតខ្មាំងឲ្យស្អាត នៅទីក្រុងភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ សុង បានបំផ្លាញជ័យភ័ណ្ឌ របស់របរហូបចុក ត្រីខ ថ្នាំពេទ្យ និងបោកចានឆ្នាំងអស់គ្មានសល់។ នៅថ្ងៃបន្ទាប់ទៀត អង្គការបានចាត់តាំង សុង ឲ្យមកនៅខាងថតភាពយន្ត ដោយមាន វ៉ាន់ ជាអ្នកឧទ្ទេសនាម ឲ្យទទួលខុសត្រូវរួម(ប្រធាន)។ ចាន់ ទទួលខុសត្រូវបន្ទាប់(អនុប្រធាន) និង តឹម ជាសមាជិក។
នៅខែកក្តដា ឆ្នាំ១៩៧៥ ភ្ញៀវចិន បានមកបង្រៀនថតរូបដល់យុទ្ធជននៅក្នុងក្រុមភាពយន្ត។ សុង បានរៀបចំបន្ទប់នៅជាន់ទី២ ចំនួន៣ ទៅ៤ បន្ទប់ សម្រាប់ ទុកជូនភ្ញៀវចិន។ សុង បានមកកន្លែង ភាស់ និង វ៉ាន់ ដើម្បីប្រមូលកម្លាំងយកទៅរៀនថត។ បូកសរុបកម្លាំង ដែលអង្គការបានបញ្ចូនមករៀន មានចំនួន៣០នាក់។ បន្ទាប់មក សុង បានទទួលការណែនាំពី ភាស់ បន្ថែមទៀត ឲ្យធ្វើសកម្មភាព អុកឡុកភ្ញៀវចិន ដើម្បីឲ្យភ្ញៀវចិន មានទំនាស់ជាមួយ បក្សកុម្មុយនីស្តកម្ពុជា ដូចជា៖ នៅពេល ចិន កំពុងបង្រៀនថត ឲ្យ សុង សួរដេញដោលឲ្យបានច្រើន ធ្វើយ៉ាងណា ឲ្យ ចិនទាល់ច្រក។ នៅពេលចិនលើកពីគោលការណ៍អ្វីមួយ ដូចជាការរៀនថតរូប ជាក់ស្តែងនៅខាងមុខផ្ទះ សុង បានប្រាប់ថា មិនបាច់ទេ មិត្តបង្រៀនទ្រឹស្តីឲ្យតែចប់ទៅបានហើយ។ ភ្ញៀវចិន មិនសប្បាយចិត្តនឹង សុង ទេ។ មហាជនមួយចំនួន ក៏មិនពេញចិត្តនឹងភ្ញៀវចិនដូចគ្នា ព្រោះ សុង និង ចាន់ តែងតែ ចាក់រុក និយាយមិនល្អពីភ្ញៀវចិនជាប្រចាំ ថាភ្ញៀវចិនបង្រៀនមួយឆ្នាំក៏មិនចេះដែរ រហូតបានធ្វើឲ្យលេចឮដល់ភ្ញៀវចិន ធ្វើឲ្យចិន ប្រតិកម្មមិនចង់បង្រៀនតទៅទៀត។ នៅ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ភ្ញៀវចិន ក៏បានត្រឡប់ទៅប្រទេសគេវិញ។ សុង បានជួនដំណើរ ភ្ញៀវចិន រហូតដល់ពោធិ៍ចិនតុន។
នៅខែធ្នូ ឆ្នាំ១៩៧៥ សុង ចាន់ សំ សៅ និង យី ត្រូវបាន ភាស់ ហៅឲ្យមកប្រជុំអំពីគម្រោងផែនការ ធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា ដែលនឹងត្រូវធ្វើឡើងចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ១៩៧៧ ខាងមុខនេះ។ នៅពេលមានរដ្ឋប្រហារភ្លាម អ្នកទាំងអស់ត្រូវទទួលខុសត្រូវទៅតាមមុខសញ្ញារៀងខ្លួន។ សុង ទទួលខុសត្រូវ ការពារកន្លែងភាពយន្ត ដោយរើសកម្លាំងស្នូលមួយចំនួន ឲ្យមកប្រចាំការនៅកន្លែងភាពយន្តឲ្យជាប់ ដោយធ្វើយ៉ាងណាកុំឲ្យខូចខាតម៉ាស៊ីនលាងហ្វីល និងម៉ាស៊ីនផ្តិតហ្វីលឲ្យសោះ។ សំ មានភារកិច្ចមើលការខុសត្រូវរួម និងចាត់តាំងកម្លាំងយាមកាម កន្លែងភាពយន្ត ឲ្យបានហ្មត់ចត់ល្អ និង ក្តាប់អ្នកនិពន្ធ ព្រមទាំង តាមដានរហូតថតចេញជាខ្សែអាត់សម្លេង។ យី ជាអ្នករៀបចំខាងផ្នែកបច្ចេកទេសវិទ្យុ ទាំងអ្នកនិយាយ អ្នកថត និង អ្នកផ្សាយ។ សៅ ពេលផ្ទុះរដ្ឋប្រហារភ្លាម កម្លាំងទាំងអស់ត្រូវបុកចូលទៅក្នុងក្រុងសួង។ កម្លាំងរបស់ សៅ ចែកចេញជា២ទៀត គឺកម្លាំងសម្រាប់ច្រៀង និងកម្លាំងសម្រាប់យាមការពារវិទ្យុ។ ចាន់ ពេលផ្ទុះរដ្ឋប្រហារភ្លាម ត្រូវបញ្ជួនកម្លាំងមកឃោសនាការភ្លាម ដើម្បីជួយការពារវិទ្យុ។ បើ ចាន់ មិននៅ ហើយមានភារកិច្ចទាក់ទងខាងក្រៅ ចេង ត្រូវទទួលខុសត្រូវក្រុមនេះ។ ដូច្នេះម្នាក់ៗត្រូវក្តាប់ភារកិច្ចឲ្យបានច្បាស់ និងទទួលខុសត្រូវខ្ពស់ឲ្យមែនទែន។ បន្ទាប់មក ភាស់ បានប្រាប់អំពីខ្លឹមសារដែលត្រូវផ្សាយតាមវិទ្យុនៅពេលមានរដ្ឋប្រហារ ដូចតទៅ៖ ទី១) ប្រកាសផ្សាយដល់សកលលោក អំពីការធ្វើរដ្ឋប្រហារ ផ្តួលរំលំបក្សកុម្មុយនីស្តកម្ពុជា ដើម្បីឲ្យប្រជាជនក្នុងសកលលោក ទទួលស្គាល់បក្សថ្មី និង អបអរជ័យជម្នះរបស់បក្សថ្មី ព្រមទាំងជួយឧបត្ថម្ភ បក្សថ្មីទាំងផ្លូវកាយក្តី ឬជាសម្ភារក្តី។ បន្ទាប់មកទើប ប្រកាសទាក់ទងគ្រប់ប្រទេស ដោយឥតរើសមុខ។ ទី២) ប្រកាសដល់មហាជននៅក្នុងប្រទេស ទាំងកសិករ សហករណ៍ ដើម្បីកុំឲ្យប្រជាជន មានការភ្ញាក់ផ្អើល និងភ័យខ្លាចនឹងរបបថ្មីនេះ។ ខ្លឹមសារប្រកាសនៅក្នុងប្រទេសនេះមានដូចតទៅ៖ បក្សពលករកម្ពុជា យើងនឹងបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន ដោយ ផ្តល់នូវសិទ្ធិសេរីភាពជូនប្រជាជន ក្នុងការរស់នៅ, ការហូបចុក, ការដើរហើរជាលក្ខណៈឯកជន និងបើកសិទ្ធិសេរីភាពគ្រប់ផ្នែក លើ សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, សិក្សាធិការ, និង វិស័យពេទ្យ។ មុននឹងបញ្ចប់ការប្រជុំ ភាស់ បានបញ្ជាក់ម្តងទៀតថា នៅពេលរដ្ឋប្រហារផ្ទុះភ្លាម គឺត្រូវតែចាក់ផ្សាយរដ្ឋប្រហារតាមវិទ្យុភ្លាម ហើយត្រូវផ្សាយផ្ទួនៗ ដោយកន្លះម៉ោងផ្សាយម្តង រហូតទាល់តែបញ្ជ្រាប សព្វសាយគ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
នៅខែមិថុនា និងខែកក្កដា ឆ្នាំ១៩៧៦ ភាស់ មានវិធានការ ធ្វើរដ្ឋប្រហារ អង្គការ ក្នុងពិធីបុណ្យខួបរបស់បក្ស។ ភាស់ បានបំពាក់បំប៉ន ក្រុមភាពយន្តឲ្យកាន់តែរឹងប៉ឹងថែមទៀត។ ពេលនោះ ភាស់ មានវិធានការចាត់តាំង សំ ឲ្យសម្លាប់អង្គការ តាមរយៈយកកាំភ្លើងខ្លី ដាក់បង្កប់ក្នុងម៉ាស៊ីនថតកុន។ នៅខែតុលា ឆ្នាំ១៩៧៦ ថ្ងៃរឭកខួបបក្ស ក៏បានមកដល់។ សុង, សំ, និង សាន ត្រូវបាន ភាស់ ចាត់តាំងឲ្យធ្វើជាអ្នកថតវីដេអូរ(កុន) នៅក្នុងស្តាត។ ចំណែកឯ អ៊ី ជាអ្នកថតរូប។ បន្ទាប់មក ម្នាក់ៗក៏បានរៀបចំស្បោងរបស់ខ្លួនរៀងខ្លួន ហើយយកទៅដាក់ក្នុងឡាន រួចចេញដំណើរទៅ ដោយមាន អុល ជាអ្នកបើកឡាន។ មកដល់កន្លែង ស្តាត យោធាខ្មែរក្រហម ក៏បានរាំងផ្លូវ និងស្នើសុំត្រួតពិនិត្យអីវ៉ាន់។ សុង និង អ្នកឯទៀត បានយកអីវ៉ាន់ របស់ខ្លួនទៅឲ្យ យោធាពិនិត្យ ជាបន្តបន្ទាប់។ ចំណែកឯ សំ ខ្លាច បែកការដែលខ្លួនបានទុកកាំភ្លើងនៅក្នុងស្បោង គាត់ក៏បានដាក់ស្បោងទៅក្នុងឡានវិញ ហើយប្រាប់យោធាថា អស់សម្ភារហើយ។ បន្ទាប់មក សំ ក៏បានប្រាប់ អុល ឲ្យបើកឡាន ត្រឡប់ទៅក្រសួងឃោសនាការវិញ។ ភាស់ ដឹងថាការងារ មិនបានសម្រេច ក៏និយាយលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ខំប្រឹងបន្តសកម្មភាពទៀត។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៧ ភាស់ បានចាត់តាំងកម្លាំងទាំងអស់ ឲ្យមកនៅឃោសនាការ។ ក្នុងរយៈពេល១ខែ ក្រុមផ្សាយវិទ្យុ បានធ្វើឲ្យប៉ះពាល់ដល់ មាគ៌ានរយោបាយរបស់បក្ស ដូចជា នៅពេលអង្គការ ចង់ឲ្យផ្សព្វផ្សាយពីគោលនរយោបាយរបស់ បក្ស ទៅក្នុងសហករណ៍ ក្រុមផ្សាយវិទ្យុ បានធ្វើឲ្យមានសម្លេងមិនច្បាស់ រអាក់រអួល និងដាច់ដុំៗ។ ពេលខ្លះបានធ្វើឲ្យប្រជាជនមានការភាន់ច្រឡំជាដើម។ ទន្ទឹមនឹងនេះ ធ្វើឲ្យប្រជាជនក្នុងសកលលោកមានការ រំជើបរំជួល ហាក់ដូចជា ឃើញការជ្រួលច្របល់ នៅពេញទូទាំងប្រទេសកម្ពុជា។
ពេលនោះ ភាស់ អន្ទះសារជាប់ ហាក់ដូចជាកាន់ការងារលែងជាប់នឹងដៃ។ ដាច់ ខែ មករា ចូលដល់ខែ កុម្ភៈ ឆ្នាំ ១៩៧៧ សភាពការណ៍ នៅក្នុងក្រុង និងក្រៅក្រុង មិនមានអ្វីប្រែប្រួល។ ប៉ុន្តែផ្ទុយទៅវិញ បានធ្វើឲ្យក្រុមភាពយន្តចលាចល ។ ភាស់ កាន់តែភ័យខ្លាំងឡើង ព្រោះកូនចៅរបស់គាត់ត្រូវបានអង្គការចាប់ខ្លួនជាបន្តបន្ទាប់ ហើយបន្តិចទៀត នឹងដល់វេនខ្លួន។ ស្រាប់តែចូលមកដល់ខែ មេសា ឆ្នាំ១៩៧៧ អង្គការក៏បានចាប់ខ្លួន ភាស់ យកទៅ។ [3]តាមរយៈចម្លើយសារភាព ហ៊ូ នឹម ហៅ ភាស់ ត្រូវបានសមមិត្ត ប៉ង់ បញ្ឆោតតាមទូរសព្ទ ហៅមកធ្វើការជាមួយអង្គការ ហើយក៏ត្រូវចាប់ខ្លួន បញ្ជួនមកមន្ទីរស-២១។ នៅក្នុងចម្លើយសារភាពជូនអង្គការ ហ៊ូ នឹម (ភាស់) បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលត្រូវបានបញ្ឆោតចាប់ខ្លួន មកដាក់នៅមន្ទីរឃុំឃាំងបែបនេះ។
សុង និង ចាន់ គិតរកវិធីដោះស្រាយ តែដោះស្រាយមិនរួច។ សុង ទន់ដៃទន់ជើង កាន់ការងារអ្វីលែងជាប់។ អង្គការឃើញសភាពការណ៍នៅក្នុងក្រសួងឃោសនាការដូច្នេះ ក៏[4]ប្រមូលមហាជនទាំងអស់ ឲ្យមករៀនសូត្រពីគោលនរយោបាយរបស់បក្សនៅស្តាត ដើម្បីបកអាក្រាតជនក្បត់ដែលធ្វើសកម្មភាព បំផ្លិចបំផ្លាញបដិវត្តន៍ និងប្រកាសថ្កោលទោសអ្នកដែលបានក្បត់។
បន្ទាប់ពីរៀនរួច សុង មានអារម្មណ៍កាន់តែភ័យខ្លាំងឡើង។ ប៉ុន្មានថ្ងៃក្រោយមក ចាន់ ក៏ត្រូវបានអង្គការចាប់ខ្លួន។ នៅថ្ងៃបន្តមកទៀត គឺ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ១៩៧៧ សុងក៏ត្រូវបានចាប់ខ្លួនទៅ ដោយអង្គការប្រាប់ថា ឲ្យឲ្យមិត្តទៅថតកុន និងមកដល់កន្លែងសន្តិសុខ អង្គការក៏ចាប់ខ្លួន សុង តែម្តង។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ចម្លើយសារភាពលេខ D០០៤៣៩ ជារបស់ឈ្មោះ ខឹម យូរ ហៅ សុង មានចំនួន៦៥ទំព័រ
[2] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩).មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០.ទំព័រទី១៤-១៥
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា.ទស្សនាវដ្តីស្វែងរកការពិត-ផ្នែកឯកសារ.លេខ២៤ ខែធ្នូ ឆ្នាំ២០០១ ទំព័រទី២. ចំណងជើង ហ៊ូ នឹម អ្នកទោសអង្គការ.
[4] អង្គការចាត់តាំងឲ្យមករៀនសូត្រគោលនរយោបាយរបស់បក្ស រួចក៏ត្រូវបានបញ្ជួនទៅមន្ទីរឃុំឃាំង និងសម្លាប់ចោល