បំផុសប្រជាជនឱ្យធ្វើការបះបោរប្រឆាំងបញ្ជាអង្គការ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្មែរក្រហមបានចោទប្រកាន់ ឃឹម ឡុង ថាជាអ្នកដើរបំផុស​ប្រជាជន​ក្នុង​ភូមិឱ្យបះបោ​រ​ប្រឆាំង​​ការដឹកនាំរបស់ខ្លួន។ ខ្មែរក្រហមក៏បានចោទប្រកាន់ ឡុង ថាមានឋានន្តរសក្ដិដោយ​១ជាន់​ជាយោធាស្ថិត​នៅ​ក្នុង​កង​​ពលរបស់ ចាន់ រង្សី។[1]

សិន ប៉េងឡុង ហៅ ឃឹម ឡុង មានអាយុ៥៨ឆ្នាំ បានផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០០២ ដល់​អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅលំនៅដា្ឋនរបស់គាត់​​ស្ថិត​នៅក្នុង​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ។[2] ឡុង បានផ្តល់ព័ត៌មានថា​គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​មាន​ប្រពន្ធ​ឈ្មោះ ណៃ សុខ​ខែម ហៅ​ខ្ញើត និង​មាន​កូន​ចំនួន ​៦នាក់។ ឡុង មានឪពុកឈ្មោះ សឹម ឃុត, ម្តាយឈ្មោះ អ៊ឹម ឯម និង​មាន​បង​ប្អូន​ចំនួន ​៧នាក់ (៥នាក់ បានបាត់ដំណឹង​នៅ​ពេល​ជម្លៀស​​ទៅកាន់ខេត្តបាត់ដំបង)។

ឡុង បានបញ្ចប់ការសិក្សានៅថ្នាក់ទី២ នៅវិទ្យាល័យសង្គមរាស្រ្តនិយម ហើយ​នៅ​ពេល​នោះ​គាត់បានប្រឡងជាប់ចូលបម្រើការងារជាទាហានមានឋានន្តរសក្តិព្រឹន្ទបាលទោល​និង​មាន​តួនាទី​ជាអ្នកបញ្ជូនសារ។ សា្ថប័នការងាររបស់ ឡុង ស្ថិតនៅតំបន់ដេអិន​ ក្រុងភ្នំពេញ។​ នៅ​ឆ្នាំ១៩៧១ ឡុង បានរៀបការប្រពន្ធ និងក្រោយមកប្រពន្ធគាត់សម្រាលបាន​កូន​ប្រុស​​ម្នាក់​ ហើយ ចាប់​ពីពេលនោះ រហូតដល់របបខ្មែរក្រហមគ្រប់គ្រងប្រទេសគាត់រស់នៅទីក្រុងភ្នំពេញដែលមាន​សមាជិក​សរុប ៧នាក់ រួមមាន៖ ប្អូនថ្លៃពីរនាក់, ម្តាយក្មេក, កូនប្រុស និងប្រពន្ធ។ អំឡុង​ថ្ងៃទី​១៧​មេសា ១៩៧៥ នៅពេលយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ឡុង កំពុង​តែ​ធ្វើ​ការ​ងារ​​ជា​យោធា មាននាទីជាអ្នកបញ្ជូនសារនៅដេអិន និងគ្រួសាររស់នៅតំបន់ទួលគោក ក្រុងភ្នំពេញ។ ប្រធាន​របស់ឡុង បានប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះព្រោះ​សភាពការណ៍មិនស្រួលទេ យោធាខ្មែរ​ក្រហម​បានចូលមកទីក្រុងភ្នំពេញហើយ។ ឡុង ​ទៅដល់ផ្ទះបាន​ប្រមូលឯកសណ្ឋានទាហានរបប លន់ នល់ ​ទៅលាក់ទុក ព្រមទាំង​ស្លៀក​សម្លៀក​​បំពាក់ប្រជាជនជំនួសវិញ។ ក្រោយមករំលង​បាន​មួយថ្ងៃ គឺនៅថ្ងៃទី១៨ មេសា ១៩៧៥ យោធា​ខ្មែរ​​ក្រហម​បាន​​បង្ខំឱ្យគ្រួសារឡុង និង​ប្រជាជន​ទាំង​អស់​​ចាក​​ចេញពីទីក្រុងភ្នំពេញ​ក្រោម​ហេតុ​ផល​ថា​ទាហានអាមេរិកាំង​នឹង​ទម្លាក់​គ្រាប់​បែក​ដើម្បីបំផ្លាញទីក្រុង​ភ្នំពេញ​។ នៅពេលនោះ ឡុង បាន​ឮ​យោធា​ខ្មែរក្រហមប្រកាសតាម​ឧឃោសនស័ព្ទ​ឱ្យចាកចេញពីទីក្រុង​ភ្នំពេញរយៈ​ពេល​បីថ្ងៃ​​ដើម្បី​​គេចពី​ការ​ទម្លាក់​គ្រាប់​បែក និង​ទុក​​​​ឱកាសឱ្យយោធាខ្មែរក្រហមបោស​សម្អាត​ទាហានលន់ នល់ ដែល​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ទី​ក្រុង​​ភ្នំពេញ​។ គ្រួសារ និងឡុងបានធ្វើដំណើរចេញពីភ្នំពេញតាមបញ្ជារបស់ខ្មែរក្រហម។ ឡុង បាន​​​ឃើញ​សាកសពប្រជាជន និង​ទាហានក្នុងឯកសណ្ឋាន លន់ នល់ ស្លាប់នៅតាមផ្លូវ និង​ឃើញ​​យោធា​ខ្មែរក្រហម​ស្លៀកឯក​សណ្ឋាន​​ពណ៌ខ្មៅ បង់កក្រមា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ធ្វើ​​ដំណើរ​​ជាក្រុមៗ ឈរបញ្ជាបង្ខំ​​​ប្រជាជនឱ្យចាកចេញពីទីក្រុង។ ឡុង ឃើញប្រជាជនយ៉ាង​ច្រើន​​បាន​​​​​​បង្ខំ​ចិត្ត​​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​​ទៅកាន់ទីជនបទនានា តាមបញ្ជារបស់យោធាខ្មែរក្រហម។​នៅ​​​លើ​​​ទ្រូង​​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​​ណែនណាន់តាន់តាប់ទៅដោយហ្វូងប្រជាជន និងយោធា​ដែល​​​​កំពុង​​​​តែជ្រួលច្របល់។ ឡុង និង​គ្រួសារ​ត្រូវយោធាខ្មែរក្រហមតម្រូវឱ្យធ្វើដំណើរឆ្ពោះ​ទៅ​ភាគ​ខាង​​​លិច​​ទីក្រុងភ្នំពេញ។ ដូច្នេះ ឡុង និងគ្រួសារបានសម្រេចចិត្តធ្វើ​ដំណើរតាមផ្លូវជាតិ​លេខ​៣ តំបន់​ត្រំា​ខ្នារ និងបន្តឆ្ពោះទៅ​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល។

បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងរយៈពេលប្រហែលកន្លះខែ ឡុង និងគ្រួសារ​ បានទៅ​ដល់​​​ស្រុក​កំណើត។ ឡុង បានឃើញសភាពការណ៍ក្នុងភូមិមានភាពស្ងាត់ជ្រងំ ផ្ទះសម្បែងធំៗ​ ​ត្រូវ​​​បាន​បំផ្លិច​បំផ្លាញ​ដោយ​​​សារភ្លើងឆេះ និងការ​រុះរើ ហើយ​ដើម​ឈើធំ​ៗ​ភ្លើង​ឆេះ​អស់​ឡើង​ខ្មៅ​ពេញ​ភូមិ​​។ ឪពុក​ក្មេករបស់​​ឡុង ដែល​​ជា​​​អ្នកមូលដ្ឋានបានប្រាប់ឡុងថា ផ្ទះ និង​ដើមឈើ​ត្រូវ​បាន​យោធា​ខ្មែរក្រហមដុត​បំផ្លាញ ​ដោយ​សារ​ពួកគេខ្លាចមានទាហានរបប លន់ នល់ នៅសេសសល់។ អាជ្ញា​ធរ​បានចាត់​តាំង​​​ការងារ​ឱ្យ ឡុង ទៅទប់​ទឹកនៅទំនប់ និងលើកភ្លឺស្រែ ហើយ​រយៈ​ពេល​ប្រហែល​​មួយខែ​ឈ្លប​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​​រកអ្នក​ដែល​ធ្លាប់មានប្រវត្តិការងារជាទាហាន និង​ជា​មន្រ្តី​រាជ​ការក្នុងរបបចាស់។ តាម​រយៈ​ការ​សាកសួរ​​ប្រវត្តិរូប និងស៊ើបសួរពីអ្នកមូលដ្ឋាន ឡុង ត្រូវ​ទទួល​រង​ការចោទប្រកាន់ពីខ្មែរក្រហមថា ជា​យោ​ធា​ពាក់​​ដោយ​​​១ជាន់ យោធា​នៅ​ក្នុង​កង​ពល​របស់​ចាន់​រង្សី និងបានធ្វើសកម្មភាពបំផុសឱ្យប្រជាជនបះបោរ​។ ឈ្លប ចង់​សម្លាប់ឡុង តាមរយៈការដែល​ប្រើ​​​គាត់​​ឱ្យ​​​ធ្វើការងារធ្ងន់ៗមិនអាចទ្រំាទ្របាន ហើយធ្វើការតវ៉ាដើម្បីឈ្លប​មានហេតុផល​សម្លាប់។ ឈ្លប បានប្រើឡុង និងអ្នកជាប់សង្ស័យផ្សេងទៀតឱ្យ​ទឹម​​​នង្គ័ល​ជំនួស​គោ​ម្ខាង​ពីរនាក់​ដើម្បី​ភ្ជួរ​ស្រែ ដោយសារ ឡុង ដឹង​ថា​ឈ្លប​ចង់​សម្លាប់​គាត់​តាម​រយៈការងារ​នេះទើបគាត់ខិតខំ​ធ្វើ​ការ​ងារ​ដោយ​​​​មិន​​ហ៊ាន​ប្រកែក​។ ឈ្លប បានប្រើ ឡុង ឱ្យ​ទឹម​នង្គ័ល​ជំនួសគោ​រយៈ​ពេល​ប្រហែល​កន្លះ​ខែ ហើយ​​គាត់គ្មានការ​រអ៊ូរទាំ​តវ៉ា​ប្រឆាំង​ ទើប​ឈ្លប​ផ្តល់​គោឱ្យមកគាត់ដើម្បីទឹមរទេះវិញ ហើយ​ក្នុង​កង​​​ភ្ជួរ​ខ្វះ​​​កម្លាំងមនុស្សប្រុស​ទើបឈ្លបទុកគាត់ប្រើសិនមុននឹងយកទៅ​សម្លាប់​។ ឡុង ឃើញ​អ្នក​នៅ​​ក្នុង​កងភ្ជួរ​​ហ៊ាន​តវ៉ា​ប្រឆាំង​​នឹង​​បទ​បញ្ជា​របស់អង្គការត្រូវបាត់ខ្លួនជារឿយៗ ​ដែលអ្នកទាំងនោះ​ត្រូវ​​នាំ​ទៅ​សម្លាប់​​នៅ​​គុកសង់​ទន្លេ​បាទី​។ ​ឡុង ស្ថិត​ក្នុង​កងភ្ជួរដែលមានសមា​ជិក ​១៥ នាក់ មាន​ប្រធាន​កង​ឈ្មោះ​លឹម និង​ឈ្មោះ​យន្ត ហើយក្រៅពីការងារភ្ជួរ​ដី​ស្រែ​ចម្ការគាត់ក៏ត្រូវដំាដំឡូង និង​ជីក​ព្រែក​បន្ថែមទៀត។ ក្នុង​ឆ្នាំ​១៩៧៦ អង្គការតម្រូវឱ្យ ឡុង ចេញទៅធ្វើ​ការ​​ងារ​ឆ្ងាយ​ៗ​ពី​ភូមិ ដូច​ជា​​​ទៅ​ទប់ទំនប់ទឹក និង​ជីក​ប្រឡាយ។ ចំណែកប្រពន្ធរបស់ឡុង ​រស់​នៅ​ក្នុង​​​កងចល័តនារី ត្រូវ​ដក​សំណាប ស្ទូងស្រូវ បុកស្រូវ និង​​​ធ្វើជី។ ដោយ​សារតែដឹងថាខ្លួនជាប់និន្នាការ​ដូច្នេះ ឡុង បាន​ខិត​ខំ​ធ្វើ​​​ការងារទាំងថ្ងៃ​ទាំងយប់ ​ទោះ​​​​បី​ការងារទប់ទំនប់​ទឹក​នោះ​អាចមាន​គ្រោះថ្នាក់ដល់ជីវិតក៏ដោយ​។ នៅ​​ពេលយប់ ឡុង ត្រូវ​​ចូលរួម​ប្រជុំធ្វើ​ស្វ័យ​ទិតៀន និង​ទទួល​វគ្គ​បណ្តុះ​​បណ្តាល​​នយោបាយ​​ពង្រឹង​​ជំហរ​ឡើងវិញដើម្បីបម្រើ​អង្គការ។ នៅ​ក្នុង​ឃុំ​បឹង​​ខ្យាង ឡុង បានដឹង​ថាឈ្មោះ ឡាយ ហៀន ជា​គណៈ​ឃុំ​ និង​ឈ្មោះ គឹម ជា​ប្រធាន​សហ​ករណ៍​ ហើយអ្នកទាំងពីរ​ជា​អ្នកដាក់ផែនការ​ការ​ងារ​​ឱ្យ​​យុវជន-យុវ​នារី​ក្នុង​កង​ចល័ត។ ចំណែក​​របប​​​អាហារពី​ដំបូង​​ឡើយ​មិន​សូវ​រឹត​ត្បិត​ទេ ហើយ​​ប្រ​ជា​ជន​អាច​​​បេះ​ដំណាំ​ដែល​ខ្លួន​បង្កបង្កើន​ផលអាច​​ហូបចុក​​បាន​។ ប៉ុន្តែ​ក្រោយៗ​មក​​របប​អង្ករ​​​បាន​ថយ​ចុះ ចុងភៅនៅរោងបាយបាន​ប្តូរ​​​ពី​របបអាហារជា​បបរវិញ ​ហើយ​ដំណាំ​​ក៏ប្រជាជន​លែង​​អាច​បេះហូប​ចុកបាន​ដូច​មុន។ ឡុង និងកងចល័ត​ស្ទើរ​តែ​គ្មាន​​កម្លាំងសម្រាប់​ធ្វើការងារ ហើយ​ដោយ​សារ​ភាព​ហេវ​​​ហត់ឃ្លានអាហារ ឡុង បានលួច​បេះស្លឹកដំឡូង ស្លឹក​​កន្ធំ​ថេត មកហូប​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន។

នៅឆ្នាំ១៩៧៨ ប្រពន្ធរបស់ឡុង បានសម្រាលកូនទី២។ ទោះបីទើបសម្រាលកូនក៏ប្រពន្ធ ឡុង ត្រូវអង្គការប្រើឱ្យផលិតជីដែលគេចាត់ទុកថាការងារនេះជាការងារស្រាល។ បន្ទាប់​ពី​សម្រាល​កូនបានពីរខែប្រពន្ធ​ឡុង ត្រូវអង្គការឱ្យទៅដកសំណាប បុកស្រូវ និង​ទូលជី ​ដូច​ប្រជា​ជន​ទូទៅ​វិញ ប៉ុន្តែអាចឆ្លៀតពេល​ដើម្បី​មកបំបៅទឹកដោះកូន ​នៅកងកុមារ​ដែលមាន​ចាស់​ៗជាអ្នក​​មើល​ថែ​ទាំ​​​​បាន។ នៅ​ឆ្នាំ​ដដែល ​ឡុង ត្រូវអង្គការផ្លាស់ពីកងភ្ជួរ​ទៅកងដាំ​ដុះបន្លែ​បង្ការនៅមាត់​ស្ទឹង​វិញ។ កង​​​ដំា​បន្លែ​មានសមាជិក៣នាក់ និងមានប្រធានកងឈ្មោះ ឈួន ឆោម។ បន្លែបង្ការ​ដែល ឡុង ដាំ​​ដុះ​​បានមាន​ដូច​ជា​​ស្ពៃ ខាត់ណា…ជាដើម ហើយត្រូវយកទៅ​ផ្គត់​ផ្គង់​ផ្ទះបាយរួម​របស់​សហ​ករ​ណ៍​​។ នៅ​ពេល​​នោះ​​របប​អាហារ​​មាន​​លក្ខណ​ប្រសើរឡើងបន្តិចដោយសារតែជារដូវវស្សា ហើយ​ការងារ​ថ្មី​របស់​ឡុង​ ជា​អ្នក​ដាំ​បន្លែ​បង្ការនេះ​មានភាពងាយ​ស្រួល​ជាងការងារភ្ជួរស្រែ។

ជីវិតរស់ឆ្លងកាត់របបខ្មែរក្រហម ​ឡុង យល់ថា​មានភាពឃោរឃៅ ព្រៃ​​ផ្សៃខ្លាំង​។ ឈ្លប ធ្វើទារុណកម្ម សម្លាប់​មនុស្សគ្មានត្រាប្រណីទោះបីគ្មានកំហុសឆ្គង។ ប្រជាជន​ស្ទើរ​តែ​អស់ពីក្នុង​ភូមិ​ត្រូវបានឈ្លបខ្មែរក្រហមនាំទៅសម្លាប់​ ហើយខ្មែរក្រហមបានប្រែក្លាយទីធ្លាវត្តអារាម​ទៅ​ជា​ផ្ទះ​បាយ​រួម និងយកបរិវេណវត្ត​ធ្វើជា​ទ្រុង​ជ្រូក ក្រោល​គោក្របី។ សាច់ញាតិប្រពន្ធរបស់ឡុងមួយ​គ្រួសារ ​ដែល​មាន​​ឪពុក-ម្តាយ និងកូនបីនាក់ ត្រូវនាំទៅសម្លាប់នៅ​ស្រុកបាទី ខេត្តតាកែវ ហើយ​សមាជិក​គ្រួសារ​បង​ប្រុសឡុង ​​ចំនួន​​​៥គ្រួសារ​​ រួមទាំងប្រពន្ធ ​កូន បាន​បាត់​ដំណឹង​រហូត​ដល់​សព្វ​ថ្ងៃ​នៅពេលជម្លៀស​ទៅកាន់​ខេត្ត​​​បាត់​​ដំបង ក្នុងរបបខ្មែរក្រហម៕

អត្ថបទ៖ អេង សុខម៉េង


[1] ឯកសារ K07937 «ឃឹម ឡុង មានអាយុ៣០ឆ្នាំ ភិនភាគ៖ កម្ពស់១ម៉ែត្រ ៥០សង់ទីម៉ែត្រ, មាន​​​សម្បុរ​សណ្តែក​បាយ, មុខតូច, ភ្នែកតូច, សក់ស្លូត, ថ្ងាសតូច, ច្រមុះទាល និង​មាន​សំឡេង​តូច​ដំណើរ​មួយ​ៗ។ ឃឹម ឡុង ពាក់​​ដោយ១ជាន់ កងពល​ចាន់​​រង្សី។ ប្រពន្ធឈ្មោះ ខ្ញើត, ម៉ែឈ្មោះ ឯម, ឪ​ឈ្មោះ​ឃឹម។ កំណើត​​នៅ​បឹង​ខ្យា បឹងខ្យា កណ្តាលស្ទឹង តំ២៥។ សព្វថ្ងៃនៅព្រៃមាត់ចាប តំ២៥។ សកម្ម​ភាព បំផុស​ប្រជាជន​ឱ្យ​ធ្វើ​ការ​បះ​បោរក្នុងភូមិ, បំផុសប្រជាជនពេលអង្គការដាក់​ទិស​ឱ្យ​ធ្វើអ្វី​មួយ​មិន​ឱ្យ​ធ្វើ​ពិសេស​រឿង​ប្រជុំ​កុំឱ្យទៅ»។

[2] ឯកសារ KDI 0022 បទសម្ភាសន៍របស់ ផាន់ សុជា ជាមួយឈ្មោះ សិន ប៉េងឡុង ហៅ ឃឹម ឡុង រស់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin