ជីវិតកុមារក្នុងកងប្រមូលផ្ដុំខ្មែរក្រហម

នៅឆ្នាំ១៩៧៥ ផល ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារក្នុងកងប្រមូលផ្ដុំ នៅស្រុកអង្គជ័យ ខេត្តកំពត។ ជីវិតជាកុមារក្នុងកងប្រមូលផ្ដុំ គាត់បានជួបប្រទះទុក្ខលំបាកជាច្រើនដូចជា កង្វះអាហារហូបចុក, ធ្វើការងារលើសកម្លាំង, សម្រាកមិនគ្រប់គ្រាន់, គ្មានសម្ភារប្រើប្រាស់ និងត្រូវរស់នៅឆ្ងាយពីឪពុកម្ដាយ។ ខឹម ផល[1] អាយុ៣៩ឆ្នាំ ភេទស្រី រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ការងារ និងជីវភាពក្នុងរបបខ្មែរក្រហម

នៅឆ្នាំ១៩៧៥ ប្រធានភូមិឈ្មោះ អន បានប្រមូលកុមារក្នុងភូមិឱ្យទៅធ្វើការនៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គជ័យ ខេត្តកំពត។ ប្រធានភូមិ អន បានចាត់តាំង ផល ឱ្យចូលធ្វើការក្នុងកងកុមារ ហៅថាកងប្រមូលផ្ដុំ ដែលគ្រប់គ្រងដោយប្រធានកងចំនួន៣នាក់ គឺឈ្មោះ រើន, ហេង និង វ៉ាន់។ កងនេះមានសមាជិកសរុប៣០នាក់ ហើយបែងចែកជា៣ក្រុមតូច ដោយប្រធានក្រុមម្នាក់ៗមានតួនាទីមើលកុមារចំនួន១០នាក់។ ការងាររបស់ ផល រួមមាន៖ រើសអាចម៍គោ, រែកដីដំបូក, ដាំដំឡូង និងដាំអំពៅ។

នៅពេលនោះ កុមារក្នុងកងប្រមូលផ្ដុំអាចសុំច្បាប់ទៅលេងឪពុកម្ដាយបានតែមួយដងប៉ុណ្ណោះក្នុងមួយខែ។ ពេលសម្រាកនេះក៏មិនបានយូរដែរ គឺអនុញ្ញាតឱ្យនៅបានត្រឹមមួយយប់ ត្រូវវិលត្រឡប់ទៅធ្វើពលកម្មវិញជាបន្ទាន់។ ក្នុងករណីមានកុមារណាម្នាក់ អវត្តមាន ឬនៅលើសចំនួនកំណត់ នឹងត្រូវដាក់ទោសដោយ បញ្ជាឱ្យធ្វើការច្រើនជាងមុន ឬបង្អត់អាហារ។

ផល បានបញ្ជាក់ថា កងប្រមូលផ្ដុំកុមារមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ។ គាត់បានបន្ថែមថា ចំពោះកុមារណាដែលមានមាឌធំ ខ្មែរក្រហមបានបញ្ជូនចូលទៅក្នុងកងនារី ដោយមិនគិតពីអាយុឡើយ ទោះបីជាមានអាយុតិចក៏ដោយ ឱ្យតែមាឌធំ គឺត្រូវបានចាត់តាំងចូលកងនារី។ ផល បានរៀបរាប់ថា នៅពេលធ្វើការនៅភូមិទន្លេនាម ខ្មែរក្រហមបានអនុញ្ញាតឱ្យកុមារឈប់សម្រាកពីការងារមួយម៉ោង ដើម្បីរៀនអក្សរជាមួយគ្រូបង្រៀនឈ្មោះ ម៉ៃ។ ផល បានរៀនអក្សរត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ បន្ទាប់មកគាត់ត្រូវធ្វើការងារជាប់ជានិច្ច។

របបអាហារ និងកម្មសិទ្ធិ

ក្នុងរបបខ្មែរក្រហម របបអាហារប្រចាំថ្ងៃរបស់ប្រជាជន គឺបបរដែលលាយជាមួយសម្លម្ជូរត្រកួន និងសម្លម្ជូរព្រលឹត។ ក្នុងមួយថ្ងៃ ផល ទទួលបានរបបចំនួន២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ផល បានរៀបរាប់ថា បបរមួយខ្ទះត្រូវចម្អិនដោយអង្ករត្រឹមតែ ៥ កំប៉ុង។ គាត់បន្តថា គាត់មិនដែលបានហូបឆ្អែតម្ដងណាឡើយ ព្រោះអង្ករចំនួនមួយកំប៉ុងត្រូវបបរ ហើយបែងចែកគ្នាហូបដល់ទៅ ៣ នាក់។ នៅពេលនោះ ប្រជាជនបានជួបប្រទះបញ្ហាកង្វះអាហារ ហើយដោយសារតែមានបញ្ហាកង្វះអាហារ ប្រជាជនមួយចំនួនបានសម្រេចចិត្តលួចដកដំឡូង និងបេះបន្លែផ្លែឈើ ហូបបន្ថែមដើម្បីចម្អែតក្រពះ។

ផល បាននិយាយថា ក្នុងរបបខ្មែរក្រហម ពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់នោះទេ ព្រោះទ្រព្យសម្បត្តិទាំងអស់ត្រូវបានប្រមូលយកទៅដាក់ក្នុងសមូហភាព (សហករណ៍)។ បន្ទាប់ពីប្រជាជនយកសម្ភារ និងទ្រព្យសម្បត្តិទាំងអស់ដាក់ក្នុងសមូហភាពហើយ សម្ភារទាំងអស់នោះបានក្លាយជាកម្មសិទ្ធិរបស់ខ្មែរក្រហម។

ការដាក់ទោស និងការស្អប់ខ្ពើម

ផល ធ្លាប់ត្រូវបានខ្មែរក្រហមដាក់ទោសបង្អត់អាហារមួយថ្ងៃ ដោយសារតែគាត់បានដោះលែងកុមារម្នាក់ឈ្មោះ អិត ដែលលួចថ្លើមមាន់ពីរោងបាយហូប។ ខ្មែរក្រហមបានចាប់ឃុំខ្លួន និងបង្អត់អាហារកុមារឈ្មោះ អិត ហើយបានចាត់តាំងឱ្យ ផល នៅយាម។ ដោយសារតែខ្លាចអត់អាហារដូចកុមារនោះ ព្រោះគាត់គិតថា បើនៅយាមបន្តទៀត គាត់អាចនឹងអត់អាហារហូបដូចគ្នាដែរ ផល ក៏សម្រេចចិត្តដោះលែង។ ជាលទ្ធផល ខ្មែរក្រហមបានស្ដីបន្ទោស និងបង្អត់អាហារ ផល មួយថ្ងៃ។

នៅក្នុងរបបខ្មែរក្រហម មានទំនោរមួយដែលតែងតែស្អប់ខ្ពើម ប្រជាជន១៧មេសា ដោយចាត់ទុកជាក្រុមមនុស្សមូលធន ដែលមានអំណាច ធ្វើបាប និងកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ប្រជាជនក្រីក្រ។ ផល បាននិយាយថា នៅអំឡុងពេលនោះ ទោះបីជាប្រជាជន១៧មេសា មិនបានប្រព្រឹត្តកំហុសអ្វីក៏ដោយ ក៏ប្រជាជនមូលដ្ឋាន ឬខ្មែរក្រហមនៅតែមានចិត្តស្អប់, ខឹង, គុំកួន និងធ្វើបាបជានិច្ច។

និយាយជារួម កុមារដែលស្ថិតនៅក្នុងកងប្រមូលផ្តុំ ក្នុងរបបខ្មែរក្រហម បានទទួលបន្ទុកការងារស្មើនឹងប្រជាជនដទៃ។ ខ្មែរក្រហម បានចាត់បញ្ជូនកុមារទាំងនោះទៅធ្វើការងារទាំងអស់ ដោយមិនបានគិតពីអាយុ ឬឋានៈជាកុមារឡើយ៕

[1] ឯកសារលេខ D25131, ខឹម ផល (កុមារកង), សម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។


អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin