មិត្តសុង៖ លេខាផ្នែកភាពយន្ត នៅក្រសួងឃោសនាការ និងសកម្មភាពក្បត់ក្នុងរបបបដិវត្តន៍

កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ៍ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ឈ្មោះពិត៖ ខឹម យូវ (ហៅ ខ្លន)[1]
ឈ្មោះបដិវត្តន៍៖ សុង
ទីកន្លែងកំណើត៖ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម

 ១. ជីវប្រវត្តិសង្ខេប

ពេល ខ្ញុំមានអាយុបាន ៧ឆ្នាំ ម្តាយខ្ញុំបានបញ្ជូនខ្ញុំទៅនៅវត្តដើម្បីបម្រើព្រះសង្ឃ រហូតដល់ឆ្នាំ១៩៥០។ ខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់ទី១២ (សង្គមចាស់)។ ខ្ញុំរៀនចប់បឋមសិក្សានៅឆ្នាំ១៩៥៨ នៅសាលាមហាលាភ ពេលនោះខ្ញុំមានអាយុ១៨ឆ្នាំគត់ តែខ្ញុំមិនអាចបន្តការសិក្សាទៅអនុវិទ្យាល័យបានទេ។ ម្តាយខ្ញុំ ពិបាកចិត្តជាខ្លាំង ព្រោះត្រូវប្រមែប្រមូលលុយខ្លះដែលបានសន្សំទុក និងបានខ្ចីគេបន្ថែមដើម្បីជាសោហ៊ុយឲ្យខ្ញុំបានទៅរស់នៅភ្នំពេញបន្តការសិក្សា។ ខ្ញុំទៅដល់ភ្នំពេញនៅឆ្នាំ១៩៥៩ រស់នៅជាមួយបងធ្វើទាហានអាកាសចរនៅពោធិចិនតុង ជានាយទាហានកម្រិតទាប (កូនទាហាន) និងបានជួយឲ្យខ្ញុំរៀនបន្តនៅអនុវិទ្យាល័យកម្ពុជបុត្រ តែខ្ញុំរៀនបានតែ៦ខែ ក៏ឈប់រៀន ព្រោះបងខ្ញុំពុំមានលទ្ធភាពឲ្យខ្ញុំរៀនបន្តទៀតទេ។ ខ្ញុំបានដាក់ពាក្យប្រលងទាហានអាកាសចរ ប៉ុន្តែ ប្រលងមិនជាប់ ដោយសារបញ្ហាសុខភាព។ ឆ្នាំ១៩៦០ ខ្ញុំបានជាប់ធ្វើការជាកម្មករបង្ខិតបង្គោលខ្សែលួស នៅប្រៃសណីយ៍ ពីពោធិ៍ចិនតុងទៅខេត្តកំពត។ ធ្វើការនៅប្រៃសណីយ៍ អស់រយៈពេល៣ឆ្នាំ នៅឆ្នាំ១៩៦២ ពុយ ស៊ីនូ (ពាក់សក្តិ៤ ជាគិញមកពីប៉ូលីសណាស្យូណាល់ ដែលមកប្រចាំការនៅប្រៃសណីយ៍ភ្នំពេញ) ដែលបងខ្ញុំបានទាក់ទងឲ្យជួយខ្ញុំចូលធ្វើការ មើលឃើញខ្ញុំធ្វើការងារល្អទើបណែនាំខ្ញុំឲ្យធ្វើជាគិញ ដែលមានប្រាក់ខែ ២០០០រៀល ដោយបានចាត់តាំងខ្ញុំឲ្យរាយការណ៍ពីសកម្មភាពខ្មែរក្រហមនៅខេត្តផ្សេង។ ក្នុងសម្មភាពនេះ មិនមែនមានតែខ្ញុំទេ ក្នុងនោះមាន ឡូត, គាន, ផល, ឡុង, ស្រុន, អឿ និង អូ។ ចំណែកខ្ញុំទៅស៊ើបការណ៍នៅស្រុកបារាយណ៍ ឡូត ទទួលភារកិច្ចនៅប្រៃសណីយ៍តាំងគោក រីឯ អូ ប្រចាំការនៅប្រៃសណីយ៍កំពង់ធំ។ ដោយឡែកបក្ខពួកមួយចំនួនទៀតទៅខាងពាយ័ព្យមានដូចជា ស្រុន, អឿ, ផល និង ឡុង។​

២. ចូលរួមបដិវត្តន៍ និងសកម្មភាពបំផ្លាញ

ពីឆ្នាំ១៩៦៤ ដល់ ឆ្នាំ១៩៧០ ខ្ញុំបានកសាងកម្លាំងបន្ថែមបាន បីនាក់ មានឈ្មោះ វ៉ន ទូច និង ផង ដើម្បីឲ្យជួយយកព័ត៌មានពីខ្មែរក្រហមបញ្ជូនឲ្យខ្ញុំ។ ព័ត៌មានដែលបានរាយការណ៍តាមទូរស័ព្ទទៅ ស៊ីនូ មាន៖ ប្រជាជននៅភូមិបាល្ល័ង រំជើបរំជួលរត់ចូលខ្មែរក្រហម ការធ្វើសកម្មភាពរបស់ខ្មែរក្រហមដើម្បីវាយយកអាវុធពីប៉ូលីសនៅតាមផ្លូវពីកំពង់ថ្មទៅតាំងក្រសាំង សកម្មភាពរត់ចូលព្រៃជាបន្តបន្ទាប់របស់ប្រជាជនៅភូមិតាប្រុក ការផ្តល់ស្បៀងឲ្យខ្មែរក្រហមតាមរយៈគ្រូបង្រៀនតាំងក្រសាំង និងកម្មករនៅចំការអណ្តូង។ល។ ក្រៅពីនេះ ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប៉ូលិសនៅសាលាស្រុកបារាយណ៍ ដើម្បីស៊ើបពីសកម្មភាពខ្លាំង និងខ្សោយរបស់ខ្មែរក្រហមនៅកំពង់ថ្ម តាប្រុក និងកន្លែងផ្សេងទៀត។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ ដោយសារខ្ញុំមិនមានថវិកា ត្រលប់ទៅភ្នំពេញវិញ ខ្ញុំបានចូលបដិវត្តន៍តាមរយៈកម្មាភិបាលយោធាស្រុកបារាយណ៍ឈ្មោះ សារុន។ រស់នៅបានមួយរយៈវែង អង្គការបានបញ្ជូនខ្ញុំទៅកន្លែងរបស់ បងប៉ង នៅមន្ទីរ ល៧ ដែលស្ថិតនៅក្បែរស្ទឹងជីនិត ធ្វើការយាមកុំឲ្យប្រជាជនចូលមកដល់ ព្រោះជាកន្លែងអង្គការ។ ឆ្នាំ១៩៧១ បងប៉ង បានចាត់តាំងឲ្យខ្ញុំទៅនៅមន្ទីរ ល៨ ហើយធ្វើការជាមួយ បងភាស់ រួចបានអូសទាញមនោសញ្ចេតនាខ្ញុំបានទាំងស្រុក។ ចាប់ពីឆ្នាំ ១៩៧២ ខ្ញុំត្រូវបញ្ជូលជាសមាជិកសេ.អ៊ី.អា ដែលបានទទួលប្រាក់ខែ ៥០០០រៀល។ ខ្ញុំចាប់ផ្តើមធ្វើការបំផ្លាញបដិវត្តន៍ រហូត បងភាស់ រៀបចំចាត់តាំងបញ្ចូលបក្សដើម្បីឲ្យខ្ញុំមានតួនាទីជាប្រធានសេដ្ឋកិច្ច និងងាយស្រួលធ្វើសកម្មភាពបំផ្លាញបដិវត្តន៍សកម្មជាងមុន។

សកម្មភាពក្បត់នៅតែបន្តតាមការចាត់តាំងរៀងៗខ្លួននៃសមាជិក សេ.អ៊ី.អា រហូតដល់ចុងឆ្នាំ១៩៧៣ ដែលបក្សស្នើ សមាជិកម្នាក់ទៅកន្លែងផ្សេង ទើបបងភាស់ មានការប្រជុំម្តងទៀត ដើម្បីជៀសវាងការបែកការណ៍ និងឧបសគ្គ។ ក្រោយពីប្រជុំ ពិភាក្សាយ៉ាងស្វិតស្វាញមក បងភាស់ បានសម្រេចចាត់តាំងឲ្យខ្ញុំចេញទៅបម្រើការងារខាងក្រៅ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។​ កន្លែងដែលខ្ញុំទៅធ្វើការថ្មីនេះ នៅមន្ទីរ ឈ៣៤ ដែលជាកន្លែងតម្លើងវិទ្យុ ពេលទៅដល់ភ្លាមបាន ៣-៤ខែដំបូង ខ្ញុំរវល់ជាខ្លាំងមិនមានពេលធ្វើសកម្មភាពអ្វី និងមិនបានទាក់ទាក់ទៅបងភាស់ ដូចគ្នា។ បន្ទាប់មកទើបខ្ញុំចាប់ផ្តើមផ្ញើ សំបុត្រទៅតាមនីរសារ ទៅបងភាស់ ២ដង តែមិនមានការឆ្លើយតបឡើយ ប៉ុន្តែខ្ញុំមិនបានផ្ញើ សំបុត្របន្ថែមទេព្រោះខ្លាចបែកការណ៍។ ខ្ញុំចាប់ផ្តើមធ្វើសកម្មភាពបំផ្លាញនៅ ឈ៣៤ ដោយបានឆ្លៀតពេលវិទ្យុកំពុងតែរៀបចំតម្លើង និងមិនទាន់ផ្សាយនៅឡើយ ខ្ញុំបានធ្វើឲ្យបាត់ខ្ចៅ ដែលបានដោះចោល រតាត់រតាយ និងធ្វើឲ្យខ្សែមិនជាប់បានល្អ។ ក្រៅពីនោះ ឧបករណ៍ និងសម្ភារប្រើប្រាស់ត្រូវបានបាត់ និងបាក់បែកម្តងមួយៗរហូតមិនមានអ្វីប្រើប្រាស់ឡើយ។

រហូតដល់ឆ្នាំ១៩៧៤ បងនួន រក្សា ចេញចូលមកពិនិត្យញឹកញាប់ និងបង្កើនការប្រុងប្រយ័ត្ន ជាពេលដែលខ្ញុំពិបាកធ្វើសកម្មភាពបំផ្លាញផ្សេងៗ ទើបវិទ្យុអាចចាប់ផ្តើមផ្សាយបាននៅចុងឆ្នាំ១៩៧៤។ ការផ្សាយនេះ មានចែកចេញជាបីក្រុម៖ ក្រុមថត ក្រុមភ្លើង និងក្រុមផ្សាយ ដែលមានខ្ញុំម្នាក់ក្នុងក្រុមផ្សាយមានយុវជនចំនួន ៣នាក់។ ខ្ញុំបានបន្តធ្វើសកម្មភាពបានខ្លះ ដូចជាការធ្វើឲ្យរអាក់រអួល សំឡេងដាច់ៗ សំឡេងលាន់រ៉ែ។ មិនយូរប៉ុន្មានមានការត្រៀមឡាន ដើម្បីរើទីតាំងវិទ្យុទៅជិតទីក្រុងភ្នំពេញ រួចបន្តការផ្សាយរហូតដល់ថ្ងៃរំដោះទីក្រុងភ្នំពេញបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

៣. សកម្មភាពបំផ្លាញនៅក្រសួងឃោសនាការ (១៩៧៥-១៩៧៧)

ក្នុងឆ្នាំ ១៩៧៥ អង្គការបានសម្រេចបោះទីតាំងថ្មីនៃមន្ទីរឈ៣៤ នៅទីក្រុងភ្នំពេញ រួមទាំងអ្នកធ្វើការទាំងអស់ត្រូវធ្វើដំណើរ ៦ថ្ងៃ ឆ្លងកាត់ និងសម្រាកនៅបាធាយ នៅភ្នំឧត្តុង្គ។ ពេលមកដល់ភ្នំពេញ អង្គការបានរៀបចំឲ្យយើងរស់នៅស្តាតប្រហែលកន្លះខែ ហើយខ្ញុំបានបំផ្លាញ ជ័យភណ្ឌ អាហារហូបចុក សម្ភារប្រើប្រាស់ ថ្នាំពេទ្យ និងចានឆ្នាំង។ ក្រោយមកអង្គការបានចាត់តាំងខ្ញុំឲ្យធ្វើការនៅក្រុមថតវិញ និងធ្វើប្រធានក្រុម ហើយខ្ញុំត្រូវប្តូរកន្លែងស្នាក់នៅម្តុំផ្សារថ្មីជាបណ្តោះអាសន្ន។ ខ្ញុំបានដឹងថា បងភាស់ មករស់នៅភ្នំពេញហើយ ទើបខ្ញុំទៅជួបនៅផ្ទះគាត់លើកទីមួយនៅភ្នំពេញ និងបានរៀបរាប់រាយការណ៍ជូនតាមអ្វីដែលបងភាស់ បានសួរ។ នៅខែកក្កដា មានភ្ញៀវចិនមកជួយបង្រៀនថតរូប និងថតកុន ដល់កម្លាំងដែលអង្គការបញ្ចូនឲ្យមករៀនចំនួន ៣០នាក់ រយៈពេល ៤ខែ។ ក្រោមការណែនាំរបស់ បងភាស់ ខ្ញុំបានចាប់ផ្តើមធ្វើសកម្មភាពបន្តដើម្បីធ្វើឲ្យភ្ញៀវចិន មានទំនាស់ថ្នាំងថ្នាក់ជាមួយបក្សកុម្មុយនីស្តកម្ពុជា និងធ្វើឲ្យមិត្តដទៃទៀតស្អប់ភ្ញៀវចិនវិញ។ ក្រោយពីភ្ញៀវចិនត្រលប់ទៅវិញ ខ្ញុំមានពេលវេលាច្រើនដើម្បីធ្វើសកម្មភាពកសាងកម្លាំងបន្ថែមបានចំនួន ៧នាក់ទៀតអំឡុងពេលតែមួយខែប៉ុណ្ណោះ។ ឆ្នាំ១៩៧៦ អង្គការបានប្រគល់ក្រុមភាពយន្តឲ្យនៅក្រោមការគ្រប់គ្រងនៃក្រសួងឃោសនា។ ពេលដែល បងភាស់ មកដល់កន្លែងភាពយន្ត ខ្ញុំកំពុងតែកាត់តហ្វីលនៅបន្ទប់ខាងលើ រួចបានជូនបងភាស់ ដើរមើលកន្លែងផ្សេងៗ មានម៉ាស៊ីនលាង ម៉ាស៊ីនផ្តិត មើលកន្លែងកាត់ត និងចង្ក្រានបាយ។ ការធ្វើសកម្មភាពកាន់តែមានភាពងាយស្រួល និងស្របតាមផែនការដែលខ្ញុំ និងបងភាស់ បានរៀបចំ ដូចជា ការកសាងកម្លាំងបន្ថែម ការចាត់តាំងកម្លាំងពីក្រុមមួយទៅក្រុមមួយទៀតដោយជោគជ័យ។ បន្ថែមពីលើនេះ ខ្ញុំបានឧទ្ទេសនាម សំ ដើម្បីឲ្យទៅធ្វើការនៅក្រុមថត ក្នុងគោលបំណងសម្លាប់អង្គការនៅពេលកម្មវិធីបុណ្យរំលឹកខួបបក្សក្នុងខែតុលា ឆ្នាំ១៩៧៦ ដោយការបង្កប់កាំភ្លើងខ្លីក្នុងម៉ាស៊ីនថតកុន។ ផែនការនេះត្រូវបរាជ័យដោយសារតែមានការយាម និងការពារយ៉ាងតឹងរឹងពីកងកម្លាំងយោធានៅច្រកចេញចូល។ ក្នុងឆ្នាំ១៩៧៦នេះ មានភ្ញៀវបរទេសមកលេងនៅប្រទេសខ្មែរជាច្រើន ជាពិសេស ភ្ញៀវចិន ដែលធ្វើដំណើរទស្សនានៅតាមតំបន់ផ្សេងជាច្រើន។ ខ្ញុំឆ្លៀតឱកាសនេះធ្វើកម្មភាពបំផ្លាញហ្វីល ផ្តិតរូបថតមិនបានល្អជាច្រើន និងបំផ្លាញម៉ូតូដែលបានយកទៅលាក់ទុកយូរមកហើយ។ ផែនការធ្វើរដ្ឋប្រហារនៅដើមឆ្នាំ១៩៧៧ ត្រូវបានរៀបចំដោយ កំណត់យកខែមករា បើមិនជោគជ័យលើកទៅធ្វើនៅខែកុម្ភៈ និងខែមីនា បន្តទៀតរហូតបានជោគជ័យ។ បងភាស់ ចាត់តាំងភារកិច្ចថ្មីដល់កម្លាំងនៃបក្សពលករកម្ពុជា ដែលធ្វើការនៅក្រសួងឃោសនាការដើម្បីត្រៀមផ្សព្វផ្សយពេលដែលធ្វើរដ្ឋប្រហារជោគជ័យ៖

១)   ផ្សព្វផ្សាយប្រកាសដល់អន្តរជាតិអំពីខ្លឹមសារដែលធ្វើរដ្ឋប្រហារដោយយោធាផ្តួលរំលំបក្សកុម្មុយនីស្តកម្ពុជា រួចចាត់តាំងបក្សពលករកម្ពុជាឲ្យឡើងកាន់អំណាច និង

២)  ប្រកាសផ្សាយក្នុងប្រទេស ដើម្បីឲ្យប្រជាជន មហាជន កសិករ សហករណ៍ ដឹងពីជ័យជម្នះនេះ កុំឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចនៃរបបថ្មីនេះ។

ខ្លឹមសារត្រៀមសម្រាប់ការផ្សព្វផ្សាយមានដូចខាងក្រោម៖

បក្សពលករកម្ពុជាយើង នឹងបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន មហាជន ដោយប្រគល់សិទ្ធិសេរីភាពក្នុងការរស់នៅ ធ្វើការងារ ស៊ីចុក ដើរហើរ ជាឯកជន ការដោះដូរខាងផ្នែកសេដ្ឋកិច្ច គឺទាក់ទងដោយលុយ ផ្សា និងបង្កើតឡើងវិញ។ ដូច្នេះសហករណ៍ត្រូវរំសាយទាំងអស់នៅក្នុងប្រទេស អាចរស់នៅក្នុងគ្រួសារបានដោយសុខដុម ឥតមានការកៀបសង្កត់អ្វីទាំងអស់។ ដូច្នេះនឹងបើកសិទ្ធិសេរីភាពគ្រប់ផ្នែក សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សិក្សាធិការ។ មានវិស័យពេទ្យ និងពង្រីកគ្រប់ផ្នែកនៅតាមភូមិឃុំ បម្រើសុខភាពប្រជាជន ប្រជាជនទាំងចាស់ទាំងក្មេងមិនចេះអក្សរត្រូវអប់រំឲ្យចេះទាំងអស់ និងបើកឲ្យមានសាលារៀនតាំងពីថ្នាក់ទាបរហូតដល់ខ្ពស់ ដោយមានគ្រូបង្ហាត់បង្រៀនត្រឹមត្រូវ។

ខែមករា ឆ្នាំ១៩៧៧ ខ្ញុំ និងកម្លាំងទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើរដ្ឋប្រហារ​ ដោយនៅប្រចាំការកន្លែងទីតាំងដែលបានកំណត់រៀងៗខ្លួន។ ខ្ញុំចាប់ផ្តើមសកម្មភាពដឹកម៉ាស៊ីនលាងហ្វីលចេញពីផ្ទះចាស់ដាក់នៅផ្ទះថ្មីខ្ញុំ ទម្រាំតែដឹកបានអស់គឺចំណាយពេល ៤ថ្ងៃ និងមានការខូចខាតជាច្រើនព្រោះម៉ាស៊ីនធំ។ ក្រៅពីនោះខ្សែភ្លើង ខ្ចៅ ដែលដោះចេញពីម៉ាស៊ីនមិនមានការកត់ត្រាចំណាំអ្វីឡើយ ធ្វើឲ្យការរៀបចំតម្លើងពន្យារពេលបានយូរតាមផែនការនៃការធ្វើរដ្ឋប្រហារ។

៤. ចាប់ខ្លួន និងចុងក្រោយ

ពីមួយខែទៅមួយខែ សភាពការនៅតែដដែលគ្មានអ្វីប្រែប្រួលទាំងនៅក្នុងក្រុង និងតាមខេត្ត។ ផ្ទុយទៅវិញ កម្លាំងទាំងអស់មានការភ័យចលាចល ព្រោះអង្គការបានចាប់ខ្លួនកម្លាំងដែលជិតស្និតរបស់ បងភាស់ ជាបន្តបន្ទាប់ ដែលធ្វើឲ្យផែនការនេះបរាជ័យ។ ក្រោយពេលចាប់ខ្លួន បងភាស់ និង តូច ភឿន អង្គការបានប្រមូលមហាជនទាំងអស់ទៅរៀនសូត្រនៅស្តាត ដើម្បីបកអាក្រាតជនក្បត់ដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញបដិវត្តន៍។ ខ្ញុំត្រូវបានចាប់ខ្លួននៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៧៧៕

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ចម្លើយលោកទី១៖ អំពីប្រវត្តិសកម្មភាពក្បត់របស់ ខឹម យូរ ហៅ សុង លេខាភាពយន្តឃោសនាការ» ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខ J០០០៩៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin