កម្មករនៅការដ្ឋានក្រសួងកសិកម្ម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់)​ និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន សំអាត,  ឃិន យ៉ាន, ឃិន ភាគ, ឃិន ភឿន, ឃិន សារិន​) និងប្រុស​២នាក់ឈ្មោះ(ឃិន ជា, ឃិន ចាន់)។ សាវ៉ន បានរៀបការជាមួយ ធូ ឆាន នៅឆ្នាំ១៩៨៧។ សព្វថ្ងៃ គាត់មានកូនចំនួន៣នាក់។នៅឆ្នាំ១៩៧០ សាវ៉ន បានឈប់រៀនត្រឹមថ្នាក់ទី១២(សង្គមចាស់)។ បន្ទាប់ពីឈប់រៀនគាត់បានជួយធ្វើស្រែចម្ការឪពុកម្តាយ និងឃ្វាលគោក្របី។ ក្នុងរបប លន់ នល់ សាវ៉ន បានឃើញនៅក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកជាញឹកញាប់។ ប្រជាជនត្រូវរត់ចេញពីផ្ទះទៅពួនសំងំ​នៅក្នុងលេណដ្ឋានត្រង់សេ និងបានគេចខ្លួនទៅរស់នៅក្នុងព្រៃ។ អំឡុងពេលនោះ សាវ៉ន ក៏ឃើញមានប្រជាជនរងរបួស និងស្លាប់ ហើយទ្រព្យសម្ប​ត្តិត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងគ្មានពេលវេលារកស៊ីចិញ្ចឹមជីវិត។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច អង្គការបាន​បង្ខំប្រជាជនឲ្យធ្វើការងាររួម រស់នៅរួម និងហូបអាហាររួមគ្នានៅក្នុងរោងបាយសហករណ៍ព្រែកត្នោត។ សាវ៉ន ត្រូវបានចាត់តាំងឲ្យទៅធ្វើការក្នុងកងចល័តនារីឃុំសំបួរ។ គាត់ត្រូវជីកដី និង រែកដី ហើយត្រូវរស់នៅបែកគ្នាពីឪពុកម្តាយ និងបងប្អូន​។ ដោយសារមូលហេតុគាត់ចង់ចូលរួមចំណែករំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាម និងការជិះជាន់វណ្ណៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៧៥ សាវ៉ន បាន​ចូលធ្វើបដិវត្តន៍ខ្មែរក្រហមតាមរយៈ ឈ្មោះ តូច រិន ប្រធានវប្បធម៌មន្ទីរឃុំសំបួរ​។​​[3]

នៅចុងឆ្នាំ១៩៧៥ សាវ៉ន និងយុវជន៣នាក់ទៀតត្រូវ  ផាន ជ្រើសរើសឲ្យទៅធ្វើការនៅក្រសួង មន្ទីរ និងរោងចក្រនៅទីក្រុងភ្នំពេញ។ សាវ៉ន បានធ្វើដំណើរចេញពីស្រុកកំណើតតាមរថយន្តមករស់នៅ និងហ្វឹកហាត់នៅមន្ទីរកងទ័ព ស្ថិតនៅជិតវត្តមេបុណ្យ ខេត្តព្រៃវែង។ នៅមន្ទីរកងទ័ព សាវ៉ន ត្រូវងើបម៉ោង៤ទៀបភ្លឺដើម្បីហាត់ពីយុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប, រត់, វិធីដោះមីន, និងរៀនពីរបៀបរស់ក្នុងព្រៃ។ នៅទីនោះមានយុវជន យុវនារីប្រហែល១០០នាក់ដែលរៀន និងគ្រប់គ្រងដោយឈ្មោះ លឿ។ ក្រៅពីការហ្វឹកហាត់យុទ្ធសាស្រ្តកងទ័ព សាវ៉ន និងអ្នកហាត់ទ័ពដទៃទៀត ​ក៏មានភារកិច្ចជួយធ្វើស្រែប្រជាជនផងដែរ។ សាវ៉ន និងអ្នកហាត់ទ័ព​ទាំងអស់ត្រូវចម្អិនម្ហូបអាហារដោយខ្លួនឯងដោយទទួលរបបអង្ករម្នាក់មួយកំប៉ុង សម្រាប់មួយថ្ងៃ។

នៅឆ្នាំ១៩៧៦ លឿ បានដឹកនាំ សាវ៉ន និងយុវជន យុវនារីទាំងអស់មកធ្វើការនៅភ្នំពេញ ដោយធ្វើដំណើរតាមកប៉ាល់ពីអ្នក​លឿង ខេត្តព្រៃវែង ឆ្ពោះមកទីក្រុងភ្នំពេញអ្នកទាំងនោះបានឈប់សម្រាកនៅមុខព្រះបរមរាជវំាង។ សាវ៉ន បានឃើញ​ស្ថានភាពនៅទីក្រុងមានសភាពស្ងាត់ជ្រងំ។ សាវ៉ន និយាយប្រាប់ថា​ “ទីក្រុងភ្នំពេញនៅពេលនោះហាក់ដូចជាទីក្រុងខ្មោចដែលគេបោះបង់ចោលអញ្ចឹង”។ “អំឡុងពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាមចំនួនជាងមួយលាននាក់ផងឲ្យចាកចេញដើម្បីធើ្វដំណើរទៅកាន់ទីជនបទដើម្បីធ្វើស្រែចម្ការ។”[4]

ពេលមកដល់ភ្នំពេញ សាវ៉ន បានឃើញ យុវជន យុវនារី ជាច្រើនមកពីបណ្តាលខេត្តនានាដើម្បី​ត្រៀមខ្លួនចូលធ្វើការឲ្យខ្មែរក្រហម តាមកន្លែងផ្សេងៗ។ គាត់ត្រូវបានជ្រើសរើសក្នុងចំណោមយុវជន​ យុវនារី ប្រហែល១០០នាក់ “ក្រុមគ១២” ឲ្យទៅធ្វើ​ការនៅការដ្ឋានទី២ ដែលជាការដ្ឋានស្ថិតក្រោមក្រសួងកសិកម្ម នៅក្នុងវត្តអង្គរជ័យ ស្រុកលើកដែក ខេត្ត​កណ្តាល​។ ក្រុមគ១២ គ្រប់គ្រងដោយឈ្មោះហៀង និងឈ្មោះជ័យ។ ក្រុមនេះត្រូវរុករានដីព្រៃទំហំប្រមាណជាង១០០ហិចតា ដើម្បីឲ្យប្រជាជនធ្វើស្រែចម្កា​រ។ សាវ៉ន និយាយថា “ការងារនៅទីនោះជាការងារធ្ងន់ ព្រោះត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធដើម្បីកាប់គាស់គល់ឈើតូចធំ។ កម្មករត្រូវសម្រាកនៅក្នុងព្រៃដោយគ្មានកន្លែងត្រឹមត្រូវ”។ សាវ៉ន បន្តថា “កម្មករធ្វើការងារនៅទីនេះធ្វើគ្មានពេលសម្រាកឡើយ ទោះបីឈឺក៏ប្រធានឈ្មោះជ័យ និងឈ្មោះហៀង មិនឲ្យសម្រាកដែរ”។ ចំណែករបបអាហារវិញទទួលបានមិនគ្រប់គ្រាន់ទេ។ នៅទីនោះសម្បូរផ្លែដូង សាវ៉ន និងក្រុមគ១២ តែងតែលួចផ្លែដូងរបស់អង្គការហូប។

បន្ទាប់ពីក្រុមគ១២ រុករានដីព្រៃបានរួចរាល់ នៅចុងឆ្នាំ១៩៧៧ សាវ៉ន ត្រូវបានផ្លាស់ប្តូរកន្លែងធ្វើការពីការដ្ឋានវត្តអង្គរជ័យ ទៅការដ្ឋានបឹងបាយ៉ាបស្ថិតនៅជាយក្រុងភ្នំពេញ ស្ថិតក្រោមក្រសួង​កសិកម្ម។ នៅបឹងបាយ៉ាប សាវ៉ន និងកម្មករដទៃទៀតត្រូវបាន​អង្គការខ្មែរក្រហមប្រើឲ្យសាងសង់រោង​ចក្រ។ នៅការដ្ឋានមានប្រធានគ្រប់គ្រងឈ្មោះលី និងឈ្មោះ អាត។ ការងាររបស់ សាវ៉ន មានដូចជាលាយស៊ីម៉ងត៍ ចងដែក និងជញ្ជូនឥដ្ឋដើម្បីរៀបធ្វើជារោងចក្រ។ នៅការដ្ឋាននេះ សាវ៉ន បានសង្កេតឃើញ​មានជនជាតិកូរ៉េខាងជើង៣នាក់មកដំឡើងម៉ាស៊ីន និងគ្រឿងចក្រធំៗសម្រាប់ប្រើប្រាស់ក្នុងរោងចក្រ។ បន្ទាប់ពីដំឡើងម៉ាស៊ីនរួច ជនជាតិកូរ៉េខាងជើងនោះបានត្រលប់ទៅប្រទេសខ្លួនវិញ។

នៅឆ្នាំ១៩៧៨ កន្លែងការដ្ឋានបឹងបាយ៉ាប ជារឿយៗ សាវ៉ន បានសង្កេតឃើញមាកការបាត់ខ្លួន និងចាប់ខ្លួនកម្មក​រមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងស្វាយរៀង។ សាវ៉ន និយាយថា “ការចាប់ និងបាត់ខ្លួនកម្មករនេះគឺពាក់ព័ន្ធនឹងកម្មាភិបាលខ្មែរក្រហមនៅភូមិភាគបូព៌ាដែលត្រូវបានអង្គការចោទប្រកាន់ថាបានក្បត់ និងចង់ផ្តួល​រំលំរបបខ្មែរក្រហម”។ ឃើញដូច្នេះគាត់បានរត់គេចពីការដា្ឋនបឹងប៉ាយ៉ាប ដើម្បីធ្វើដំណើរជាមួយបងធម៌ទៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ សាវ៉ន និង បងធម៌ត្រូវខ្មែរក្រហមចាប់បាន និងឃុំខ្លួនក្នុងទូររថភ្លើងរយៈពេលមួយយប់ មួយ​ថ្ងៃ។ ប្រធានឈ្មោះលី និងឈ្មោះ អាត បានដាក់ទណ្ឌកម្មឲ្យ សាវ៉ន ធ្វើការងារធ្ងន់ និងបង្អត់អាហារ ព្រមទាំងឲ្យធ្វើកិច្ចសន្យាឈប់រត់គេចពីការដ្ឋានបន្តទៀត។

នៅពាក់កណ្តាលឆ្នាំ ១៩៧៨ សាវ៉ន ត្រូវផ្លាស់ប្តូរកន្លែងធ្វើការម្ដងទៀតពីការដ្ឋានបឹងបាយ៉ាប ទៅការដ្ឋានអូរដឹម ស្ថិតនៅជិតពោធិ៍ចិនតុងផ្លូវជាតិលេខ៤។ នៅការដ្ឋាននេះ សាវ៉ន ត្រូវប្រធានឈ្មោះ ភឿន ប្រើឲ្យក្រឡឹងដែកដើម្បីយកទៅជួសជុលគ្រឿងចក្រកសិកម្ម។ ការងារនៅការដ្ឋានអូរដឹមមិនសូវលំបាកទេ។ ចំណែកការហូបចុកវិញក៏ទទួលបានគ្រប់គ្រាន់ និងមានបង្អែមហូប​មួយសប្តាហ៍​​ម្តងទៀតផង។ ប៉ុន្តែ សាវ៉ន និងកម្មករទាំងអស់ត្រូវបង្ខំឲ្យផ្តល់ឈាមក្នុងមួយខែចំនួនពីរដង ទៅឲ្យមន្ទីរពេទ្យ១៧មេសា “បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” ដើម្បីសង្គ្រោះអាយុជីវិតយោធា​ដែលរងរបួសពីសមរភូមិ។ សាវ៉ន បាននិយាយថា “ការផ្តល់ឈាមនៅពេលនោះមិនមែនជាការស្ម័គ្រចិត្តដូចបច្ចុប្បន្នទេ កម្មករត្រូវបានគំរាមសម្លាប់ចោលប្រសិនបើមិនព្រមផ្តល់ឈាម។ ឈាមដែលត្រូវផ្តល់គឺប្រភេទអូ និងប្រភេទអាបេ ចំណែកឈាមប្រភេទអា និងប្រភេទបេ អង្គការមិនត្រូវការទេ”។

អំឡុងពេលធ្វើការនៅការដ្ឋានអូរដឹម សាវ៉ន ធ្លាប់ត្រូវបានប្រធានឈ្មោះ ភឿន បញ្ជូនឲ្យទៅរៀនសូត្រពី “ការងារកសិកម្ម និងមាគ៌ាបក្ស” ចំនួន៣ដង នៅបុរីកីឡា ជាកន្លែងដែលគាត់បានឃើញ នួន ជា និងខៀវ សំផន មកធ្វើបទឧទ្ទេសនាមពីវគ្គអប់រំនយោបាយដោយប្រាប់ដល់អ្នកចូលរួមប្រហែល​២០០នាក់ ឲ្យត្រូវខិតខំធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខៀវ សំផន បាននិយាយប្រាប់​អ្នកចូលរួមថា “អ្នកដែលសម្លាប់ឪពុកម្តាយយើងនៅតាមមូលដ្ឋាន និងឲ្យយើងហូបមិនគ្រប់គ្រាន់ហ្នឹងគឺជាជនក្បត់ ជាយួន។ អ្នកសម្លាប់ខ្មែរគឺមានតែយួនទេ”។ រីឯ នួន ជា វិញបានឆ្លើយតបនឹងសំណួរដែលសួរអំពីការបាត់ខ្លួនរបស់កម្មករភូមិភាគបូព៌ានៅការដ្ឋានអូរដឹម​ថា “កម្មករទាំងនោះត្រូវបានអង្គការនាំយកទៅរៀនសូត្រ”។

សាវ៉ន ធ្វើការផ្នែកក្រឡឹងដែកនៅការដ្ឋានរោងចក្រអូរដឹមនេះរយៈពេលប្រហែល៦ខែ ទើបរបបខ្មែរក្រហមដួលរលំ។ នៅឆ្នាំ១៩៧៩ ពេលដែលកងទ័ពវៀតណាមចូលដល់ទីក្រុងភ្នំពេញ កម្មករ និងសាវ៉ន បានរត់ឆ្ពោះទៅខេត្តភាគខាងលិចប្រទេសកម្ពុជា។ សាវ៉ន បានទៅរស់នៅខេត្តឧត្តរ​មានជ័យព្រំដែនប្រទេសថៃបានមួយរយៈក៏ត្រលប់មករស់នៅស្រុកកំណើតវិញ។

ការរស់នៅឆ្លងកាត់របបខ្មែរក្រហម សាវ៉ន យល់ថាប្រជាជន និងកម្មាភិបាលថ្នាក់មូលដ្ឋានទាំងអស់គ្មានសិទិ្ធសេរីភាពក្នុងការសម្រេចចិត្តទេ។ រាល់ផែនការទាំងអស់ដែលថ្នាក់ដឹកនាំកំណត់ត្រូវតែ​អនុវត្ត​តាមមិនអាចប្រកែកបានឡើយ។ សាវ៉ន មិនពេញចិត្តចំពោះការដឹកនាំក្នុងរបបខ្មែរក្រហមទេ បើទោះបីជាគាត់បានចូលរួមជាជនបដិវត្តន៍ម្នាក់កាលពីអតីតកាលក៏ដោយ ព្រោះរបប​នេះស្ទើរតែសម្លាប់​គាត់​ដោយ​គ្រាន់តែសង្ស័យថាគាត់ជាប់ពាក់ព័ន្ធនឹងកម្មាភិបាលរស់នៅភូមិភាគបូព៌ា។ សាវ៉ន ធ្លាប់ប្រាប់រឿងរ៉ាវដែលគាត់​បានរស់នៅឆ្លងកាត់ក្នុងរបបខ្មែរក្រហមដល់កូនចៅ និងក្មេងជំនាន់ក្រោយក្នុងគោលបំណងចូលរួមទប់ស្កាត់កុំឲ្យរបបនេះត្រលប់មកលើទឹកដីកម្ពុជាសាជាថ្មី៕

អត្ថបទដោយ អេង សុខម៉េង

[1]ឯកសារលេខ KDI0024 (២០០២). សម្ភាសន៍ជាមួយឈ្មោះ ប៉ុន វិន, ២៩ទំព័រ, នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០២, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារ K07945, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៧

[3] ស្ទួន, ទំព័រទី៤

[4] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារ កម្ពុជា. ទំព័រទី១៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin