កូនស្លាប់ដោយសារតែជាអតីតទាហាន លន់ នល់
(ស្វាយរៀង) ៖ ឃ្លាំង កន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៩០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មុនរបបខ្មែរក្រហម កន រស់នៅស្រុកកំណើតភូមិស្វាយក្អែរ ជាមួយនឹងគ្រួសារដែលមានប្រពន្ធ និងកូនៗចំនួនប្រាំនាក់។
ចូលដល់របបខ្មែរក្រហម កន និងគ្រួសារមិនទាន់ត្រូវបានជម្លៀសទេ ប៉ុន្តែ កន និងប្រជាជនទាំងអស់តម្រូវឲ្យយកទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរផ្សេងៗ យកមកទុកក្នុងសហករណ៍ដើម្បីប្រើប្រាស់រួម។ អង្គការតម្រូវឲ្យប្រជាជនរស់នៅ និងធ្វើការងាររួមក្នុងសហករណ៍ ដោយធ្វើការបែងចែកការងារទៅតាមក្រុមប្រភេទអាយុ មានកងចាស់ កងយុវជន និងកងកុមារជាដើម។
ក្នុងរបបខ្មែរក្រហម កន មានអាយុប្រមាណ៤០ឆ្នាំ ត្រូវធ្វើការក្នុងកងចល័តយុវជន។ គាត់តម្រូវឲ្យចល័តពីមួយកន្លែងទៅមួយកន្លែងដើម្បីជីកទំនប់ ព្រែក និងលើកភ្លឺស្រែ គ្មានពេលសម្រាកគ្រប់គ្រាន់ដោយត្រូវធ្វើការតាំងពីព្រឹក រហូតដល់យប់ ដើម្បីគ្រប់តាមផែនការដែលបានកំណត់។ កន បានរៀបរាប់ថាខ្មែរក្រហមបានធ្វើទារុណកម្មចំពោះប្រជាជនណា ដែលធ្វើការមិនគ្រប់តាមផែនការ មានពេលខ្លះប្រជាជនមិនទទួលបានរបបអាហារសោះតែម្តង។ ក្នុងរបបខ្មែរក្រហម កន បានបាត់បង់កូនចំនួនបីនាក់ ម្នាក់ស្លាប់ដោយសារខ្មែរក្រហមសម្លាប់ ជាអតីតទាហាន លន់ នល់ ម្នាក់ស្លាប់ដោយសារតែជំងឺ និងធ្វើការហួសកម្លាំង និងម្នាក់ទៀតស្លាប់ដោយសារតែលង់ទឹក។ បន្ទាប់ពីការស្លាប់របស់កូនដែលធ្លាប់ជាអតីតទាហាន លន់ នល់ កន និងគ្រួសារត្រូវបានគេតាមដាន។ គ្រួសាររបស់ កន ត្រូវរស់នៅ និងធ្វើការជាមួយគ្រួសារដែលមានសមាជិកជាអតីតមន្រ្តីរាជការ។
កន បញ្ជាក់ថា គ្រួសារដែលជាប់និន្នាការត្រូវគេតាមដាន និងជារឿយៗតំរូវឲ្យធ្វើប្រវត្តិរូបដើម្បីដឹងពីសាវតាបន្ថែម។ ក្នុងរបបខ្មែរក្រហម កន តែងឃើញគេបណ្តើរមនុស្សយកទៅសម្លាប់ជារឿយៗ។ ប្រជាជនដែលត្រូវគេ យកទៅសម្លាប់ជាប្រជាជនស្លូតត្រង់ ត្រូវចោទប្រកាន់ថាក្បត់នឹងអង្គការ។ កន និយាយថា ប្រជាជនរស់នៅត្រូវគេតាមដាន និងស៊ើបអង្អេត។ នាពេលយប់តែងមានឈ្លបដើរយកការណ៍តាមផ្ទះ បើសិនតែផ្ទះណាហ៊ាននិយាយមិនល្អពីការដឹកនាំ ធ្វើការងារច្រើន គ្មានពេលសម្រាក ហូបមិនគ្រប់គ្រាន់ដឹងតែសមាជិកគ្រួសារនោះត្រូវយកទៅកសាងឬរៀនសូត្រនាថ្ងៃបន្ទាប់ជាក់ជាមិនខាន។
បន្ទាប់មក កន និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតទៅតំបន់បឹងអណ្តែង ស្ថិតនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅទីនោះបានមួយរយៈក៏របបខ្មែរក្រហមដួលរលំ គាត់ និងគ្រួសារនាំគ្នាត្រឡប់មករស់នៅឯស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
កន បានគាំទ្រចំពោះការផ្ដន្ទាទោសដាក់គុកមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហម។ កន សប្បាយរីករាយណាស់ដែលបានចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងគោលបំណងចូលរួមទប់ស្កាត់កុំឲ្យរបបខ្មៅងងឹតនេះត្រឡប់មកលើទឹកដីប្រទេសកម្ពុជាម្តងទៀត។ បច្ចុប្បន្ន គាត់មានជំងឺពិការជើង ដែលធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ និងត្រូវប្រើប្រាស់ឈើច្រត់ជាប្រចាំ។
សម្ភាសន៍ដោយៈ អ៊ុក សារ៉ែន ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយៈ អេង សុខម៉េង