មើលថែទាំកុមារតូចៗរបស់ប្រជាជនតាំងពីព្រឹករហូតដល់ល្ងាច

(សៀមរាប) ៖ ខន រូ មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបានរៀនត្រឹមថ្នាក់ទី១០បន្ទាប់មកក៏បានបោះបង់ចោលការសិក្សានៅពេលដែលរបបសង្គមរាស្រ្តនិយមត្រូវបានធ្វើរដ្ឋប្រហារ។ដើម្បីចិញ្ចឹមជីវភាពគ្រួសារ រូ ត្រូវមកធ្វើស្រែចម្ការ។ រូ បានជួបប្រទះដោយផ្ទាល់ការទម្លាក់គ្រាប់បែក។ផ្ទះសម្បែងភាគច្រើនត្រូវបានឆេះខ្ទេចដោយសារការទម្លាក់គ្រាប់បែកនេះ។

រូ ជាប្រជានជនចាស់នៅក្នុងសម័យខ្មែរក្រហម ហើយត្រូវធ្វើពលកម្មដូចគ្នានឹងប្រជាជនថ្មីដែរ។ប៉ុន្តែ ប្រជាជនចាស់ និងប្រជាជនថ្មីនៅក្នុងសហករណ៍ដែល រូ បានរស់នៅនោះមានភាពខុសគ្នាបន្តិចបន្តួច។   អង្គការចែកបាយទៅឲ្យប្រជាជនចាស់ ដោយឡែកប្រជាជនថ្មីទទួលបានតែបបររាវដូចទឹកសម្លរតែប៉ុណ្ណោះ។ប្រជាជនថ្មីជាអ្នកដែលជម្លៀសពីទីក្រុងមកតែងតែមានទ្រព្យសម្បត្តិជាប់នឹងខ្លួន។ រូបាននិយាយថាប្រជាជនថ្មីបានយកខ្សែកដើម្បីយកមកប្ដូរជាមួយនឹងគល់ចេកទៅស្ងោរទុកលាយជាមួយនឹងបបរ។

រូ មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗរបស់ប្រជាជនតាំងពីព្រឹករហូតដល់ល្ងាច។ភាគច្រើនក្មេងដែល រូ មើលជាក្មេងដែលចេះដើរ និងចេះនិយាយ។ នៅក្នុងសហករណ៍របស់ រូ មានមនុស្សបីនាក់ ដែលមានតួនាទីមើលថែកូនក្មេងតូចៗ។ ក្នុងចំណោមបីនាក់ រូ ជាប្រជាជនចាស់និងពីរនាក់ទៀតជាប្រជាជនថ្មី។ នៅពេលព្រឹកម៉ោង៧ ឪពុកម្ដាយបានយកកូនមកផ្ញើរ ដើម្បីចេញទៅធ្វើការងារពលកម្ម។ក្មេងៗទាំងអស់ទទួលបានបបរជារបបអាហារដូចប្រជាជនដទៃទៀតដែរ។រូ បញ្ចុកបបរក្មេងៗ ហើយដាក់ឲ្យដែករហូតដល់ពេល ដែលឪពុកម្ដាយរបស់ក្មេងៗមកទទួលយកទៅផ្ទះវិញ។

រូ ធ្លាប់មានជំងឺគ្រុនចាញ់នៅក្នុងសម័យខ្មែរក្រហម។ ពេទ្យបានផ្ដល់ថ្នាំអាចម៍ទន្សាយឲ្យ រូ សម្រាប់ការព្យាបាល។ ក្រៅពីឲ្យថ្នាំ រូ ក៏បានទទួលការចាក់សេរ៉ូមតាមដបទឹកក្រូចផងដែរ។ ក្នុងពេលដែល រូ មានជំងឺគ្រុនចាញ់ អង្គការមិនបានផ្ដល់បាយឲ្យគាត់នោះទេ។ រូ បានទទួលទានតែបបរ និងលាយជាមួយនឹងគល់ល្ហុងនិងគល់ចេកជាដើម​។

អង្គការបានយកប្រជាជនយកមកចងហើយវាយដោយសារលួចរបស់អង្គការ។ពេលដែលចាប់ចងនោះរូ បានរៀបរាប់ថា ទាហានខ្មែរក្រហមបានចងអ្នកទោសនោះជាស្លាបសេក។មិនលើសពីនេះ រូ ក៏បានឃើញទាហានខ្មែរក្រហមចាប់ប្រជាជនថ្មីមកចងស្លាបសេកប្រមាណ៣២នាក់ក្នុងមួយជួរឡើងឡាន។

សព្វថ្ងៃ រូ មានជំងឺរលាកក្រពះ និងឈឺសន្លាក់ជើង។ រូ បានទទួលការព្យបាលដោយការលេបថ្នាំពេទ្យរាល់ថ្ងៃ។ រូ មិនមានមុខរបរអ្វីនោះទេ ដោយសារតែរាងការមានការទ្រុឌទ្រោម។ប្រាក់ចំណូលសព្វថ្ងៃគឺបានមកពីកូនៗ។

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin