ជីវិតកុមារក្នុងរបបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មិនមានសាលារៀនផ្លូវការសម្រាប់កុមារឡើយ។ កុមារត្រូវបានបញ្ជូនឲ្យរៀនសូត្រនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជនក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកគ្រូបង្រៀនកុមារ គឺជាកសិករដែលអាចចេះអាន និងសរសេរបន្តិចបន្តួចប៉ុណ្ណោះ។ កុមារភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងធ្វើការងារពលកម្មផ្សេងៗដូចជាកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំលាយជាមួយលាមកសម្រាប់ធ្វើជីដាក់ស្រែ កើបអាចម៍គោ ជួយធ្វើការងារពលកម្មផ្សេងៗតាមវាលស្រែ និងជញ្ជូនអាវុធទៅសមរភូមិជាដើម[1]។ លោកគ្រូ ខួច ធី[2] អាយុ៥៩ឆ្នាំ បង្រៀននៅអនុវិទ្យល័យ ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់អំពីកុមារភាពរបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ដូចខាងក្រោម៖
ខ្ញុំមានស្រុកកំណើតនៅភូមិពុទ្ធិសាំ ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានបងប្អូន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់។ ឪពុករបស់ខ្ញុំឈ្មោះ មាស ធង (ស្លាប់នៅឆ្នាំ១៩៨៤) និងម្តាយឈ្មោះ ផង់ សាន់(នៅរស់ដល់សព្វថ្ងៃ)។ ប្រពន្ធឈ្មោះ ហេង សុថុន និងមានកូន៥នាក់ ស្រី៤នាក់ ប្រុស១នាក់។
កាលពីតូចៗ ខ្ញុំមិនបានរៀនសូត្រទេ ពីព្រោះខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិនៅឆ្នាំ១៩៧០។ ភូមិខ្ញុំ គឺជាតំបន់សមរភូមិ ជាខ្សែត្រៀមរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ នៅខណៈពេលនោះ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីភូមិ ពីព្រោះពេលមានការប្រយុទ្ធគ្នាម្តងៗទាល់តែប្រជាជនចេញផុតពីភូមិប្រមាណ១០គីឡូម៉ែត្រ ទៅ១៥គីឡូម៉ែត្រ ទើបមានសុវត្ថិភាព។ នៅពេលមានការប្រយុទ្ធគ្នាម្តងៗ ក្រុមគ្រួសាខ្ញុំអត់បាននៅជុំគ្នាទេ ជួនកាលឪពុកនៅស្រែ កូននិងម្តាយនៅផ្ទះ ពេលខ្មែរក្រហមជម្លៀសម្តងៗ ម្តាយនិងកូនទៅមុន។ ចំណែកឪពុកទៅតាមក្រោយ ពេលធ្វើដំណើរទៅតាមផ្លូវ ទើបសួររកសមាជិកក្រុមគ្រួសារ។ ប្រជាជននៅភូមិពុទ្ធិសាំទាំងអស់ត្រូវជម្លៀសទៅរស់នៅឃុំសំឡាញ ស្រុកអង្គរជ័យ (ក្នុងសម័យកាលនោះស្រុកអង្គរជ័យក៏ស្ថិតនៅក្នុងខេត្តតាកែវដែរ)។ ពេលទៅដល់ឃុំសំឡាញ ទើបប្រជាជននាំគ្នាសង់ខ្ទមរស់នៅ និងធ្វើស្រែលើដីណាដែលទំនេរ។ ចំណែកនៅស្រុកកំណើតវិញ គឺមានការទម្លាក់គ្រាប់បែកបេ-៥២ ត្រូវចំផ្ទះរបស់ជីតាខ្ញុំ និងត្រូវចំទម្លាក់របស់របរ និងសម្ភារផ្សេងៗទៀត ឮសម្លេងគ្រឹមៗចេញក្នុងភូមិ។ ពេលគ្រួសារខ្ញុំរស់នៅក្នុងឃុំសំឡាញ ខ្ញុំបានជួយឃ្វាលគោឪពុក គឺនៅពេលព្រឹកព្រលឹមឡើងដឹកគោយកទៅចងឱ្យស៊ីស្មៅនៅក្នុងព្រៃក្បែរភូមិ។ នៅក្នុងភូមិកាលនោះក៏មានចងជាក្រុមដើម្បីបង្រៀនកុមារដែរ តែខ្ញុំរៀនមិនសូវចេះទេ។
ក្រោយមកនៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំឲ្យត្រឡប់មកខេត្តតាកែវវិញ តែមិនបានមកដល់ភូមិកំណើតវិញទេ គឺត្រូវរស់នៅភូមិរូង ឃុំអង្គខ្នុរ ស្រុកទ្រាំង រយៈពេល២ឆ្នាំ។ នៅទីនោះគឺធ្វើស្រែមិនសូវបានផលទេ ព្រោះតែជាតំបន់សង្រ្គាម ពេលខ្លះរត់ចោលស្រូវនៅក្នុងស្រែ ហើយមានអ្នកភូមិខ្លះបានធ្វើដំណើរទៅខាងទន្លេបាសាក់ក្នុងស្រុកកោះធំទៅរកពោត ព្រោះនៅខាងស្រុកកោះធំ គឺជាតំបន់សន្តិភាព។
ឆ្នាំ១៩៧៥ ពេលដែលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះ ក៏មានការជម្លៀសម្តងទៀត គឺជម្លៀសពីឃុំអង្គខ្នុរ ទៅស្រុកកំណើតខ្ញុំវិញ គឺនៅភូមិពុទ្ធិសាំ ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។ ពេលទៅដល់ភូមិដំបូងមិនទាន់មានការបែងចែកវណ្ណៈទេ គឺនៅឆ្នាំ១៩៧៦ ទើបមានការបែងចែកវណ្ណៈ។ គ្រួសារខ្ញុំ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនបញ្ញើ។ នៅក្នុងជំនាន់ខ្មែរក្រហមមានការបែងចែកប្រជាជនជា៣ថ្នាក់ គឺ ប្រជាជនពេញសិទ្ធិ, ប្រជាជនត្រៀម និងប្រជាជនបញ្ញើ។ ខ្មែរក្រហមចាត់ទុកក្រុមគ្រួសារខ្ញុំជាប្រជាជនបញ្ញើ ពីព្រោះនៅមុនរបបខ្មែរក្រហមក្រុមគ្រួសារខ្ញុំធ្វើស្រែផង លក់អីវ៉ាន់ចាប់ហួយផង ត្រូវបានខ្មែរក្រហមចាត់ទុកជាក្រុមគ្រួសារនាយទុន។ ពេលនោះប្រធានឃុំឈ្មោះ ក្រិល និងប្រធានភូមិឈ្មោះ ផុន ជាអ្នកបែងចែកប្រជាជនទៅតាមវណ្ណៈ។
នៅក្នុងជំនាន់ខ្មែរក្រហម ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យនៅក្នុងកងកុមារ និងផ្លាស់ទៅនៅឃុំបារាយណ៍ បែកចេញពីឪពុកម្តាយ ដើម្បីកាប់ដើមទន្រ្ទានខែត្រ និងកាប់ដីដំបូក ។ នៅពេលនោះខ្មែរក្រហមក៍បានបង្រៀនកុមារដែរ គឺរយៈពេល១ទៅ២ម៉ោងក្នុងមួយថ្ងៃ តែខ្ញុំរៀនមិនសូវចេះទេ។
នៅក្នុងកងកុមារខ្ញុំមានសមាជិកប្រមាណ២០ទៅ៣០នាក់។ ចំណែកការហូបចុកអត់គ្រប់គ្រាន់ទេ និងធ្វើការងារពលកម្មលំបាក ប៉ុន្តែខ្ញុំហាក់មានសំណាងបន្តិចដែរ ដោយប្រធានភូមិនៅទីនោះធ្លាប់រស់នៅក្បែរផ្ទះខ្ញុំ និងមានការរាប់អានជាមួយឪពុកម្តាយខ្ញុំ គាត់តែងតែប្រាប់ប្រធានកងកុមារឲ្យជួយមើលខ្ញុំ ព្រោះធ្លាប់រាប់អានជាមួយគ្រួសារខ្ញុំ។ ចំពោះការហូបចុកមិនគ្រប់គ្រាន់ ខ្ញុំក៏លួចរត់ទៅរកជីតាដែលមើលពពែនៅភូមិព្រៃផ្តៅ។ នៅពេលបាត់ខ្ញុំ ប្រធានកងកុមារបានតាមរក និងជួបខ្ញុំនៅជាមួយជីតា ក៏យកខ្ញុំមកវិញ។ ប្រធានកងកុមារបានដាក់ពិន័យឱ្យទៅនៅលើកោះមួយ បើចង់រត់មកវិញគឺត្រូវហែលឆ្លងទឹក។ នៅខណៈពេលនោះខ្មែរក្រហមបានដាក់ពិន័យខ្ញុំ ដោយឲ្យកងឈ្លប២នាក់ ជិះកង់ ហើយឱ្យខ្ញុំរត់ពីមុខកង់ចម្ងាយប្រហែល១៧ ទៅ១៨គីឡូម៉ែត្រ។ នៅលើកោះហ្នឹងការងារដែលត្រូវធ្វើ គឺនៅរដូវទឹកសម្រក គឺត្រូវកាប់ស្មៅប្រមូលដាក់ម្តុំ។ នៅលើកោះមានកងយុវជន កងនារី និងកងកុមារ។ បន្ទាប់មកខ្មែរក្រហមយកខ្ញុំមកនៅកងកុមារវិញ។ ខ្ញុំបានលួចរត់ម្តងទៀត គឺរត់ទៅនៅជាមួយឪពុកខ្ញុំដែលខ្មែរក្រហមចាត់តាំងឲ្យនៅក្នុងកងភ្ជួរ។ ឪពុកខ្ញុំបានទៅសុំអង្វរប្រធានភូមិដែលរាប់អានជាមួយឪពុកខ្ញុំ ទើបខ្ញុំអាចរស់នៅជាមួយគាត់ និងជួយឃ្វាលគោ ទើបមេកងកុមារឈប់មកតាមរកខ្ញុំទៀត។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំ បានរត់មកជាមួយខ្មែរក្រហម ពីព្រោះនៅក្នុងភូមិខ្ញុំ មានយន្តហោះហោះមកក្រវែល អ្នកភូមិមានការភ័យខ្លាចក៏នាំគ្នារត់តាមខ្មែរក្រហមមកដល់ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានជួបកងទ័ពវៀតណាម។ កងទ័ពវៀតណាមបានប្រាប់អ្នកភូមិឱ្យត្រឡប់មកស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើតទើបខ្ញុំបានចូលរៀនសូត្រ។ នៅឆ្នាំ១៩៩៧ ខ្ញុំបានរៀនចប់ និងចេញធ្វើគ្រូឯកទេសភូមិ-ប្រវត្តិនៅអនុវិទ្យាល័យបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅឆ្នាំ២០០៨ ខ្ញុំបានផ្លាស់មកបង្រៀននៅអនុវិទ្យាល័យហ៊ុនសែន ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់វិញ៕
ឡុង ដានី៖ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង
[1] ផេង ពង្សរ៉ាស៊ី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩) បោះពុម្ពលើកទី២នៅភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា២០២០ ទីព័រ ៤៤-៤៥។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ឈ្មោះ ខួច ធី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ (PTI0195)។