ប្រពន្ធ និងកូនរបស់ខ្ញុំ៣នាក់ត្រូវខ្មែរក្រហមសម្លាប់ ដោយចោទថាក្បត់ ព្រោះមានប្តីរត់ចូលវៀតណាម

នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខណៈនោះខ្ញុំបានរត់គេចខ្លួនទៅទិសខាងកើត ក៏ត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅប្រទេសវៀតណាម ចំណែកប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង៣នាក់ ត្រូវបានខ្មែរក្រហមកៀរចេញពីភូមិរួចសម្លាប់ចោលទាំងអស់ដោយចោទថា ក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។
ខ្ញុំឈ្មោះ ឃួន យុន[1] មានអាយុ៨០ឆ្នាំ កើតនៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំគឺជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់នៅសាលាបឋមសិក្សានៅភូមិពោធិ៍តារស់។ ក្រោយមក ខ្ញុំបានឈប់រៀន និងចូលបួសនៅវត្តមុនីសិលា ហៅ វត្តឡ ស្ថិតនៅភូមិស្វាយតឿ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំបួសជាព្រះសង្ឃបានរយៈពេល៣ព្រះវស្សាក៏សឹកវិញ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ គង់ រី រស់នៅជិតវត្តទួលអំពិល ស្ថិតនៅក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាប់នឹងទឹកដីវៀតណាមខាងត្បូង។ បន្ទាប់ពីរៀបការរួច ខ្ញុំបានទៅរស់នៅស្រុកខាងប្រពន្ធរបស់ខ្ញុំ ប៉ុន្តែដោយសារអំឡុងពេលនោះ កងទ័ពធីវគី (វៀតណាមខាងត្បូង) បានផ្លោងគ្រាប់ចូលមកទឹកដីខ្មែរជាញឹកញាប់ ដោយចោទថាមានកងទ័ពវៀតកុង (វៀតណាមខាងជើង) ចូលមកលាក់ខ្លួន ទើបខ្ញុំនាំប្រពន្ធមកនៅរស់នៅផ្ទះឪពុកម្តាយរបស់ខ្ញុំនៅភូមិពោធិ៍តារស់វិញ ព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចំ។ ចាប់តាំងពីពេលនោះមក សង្រ្គាមរវាងកងទ័ពធីវគី និង វៀតកុងកាន់តែខ្លាំងក្លា និងរាលដាលចូលក្នុងទឹកដីខ្មែរ។
ខ្ញុំនិងប្រពន្ធរស់នៅក្នុងភូមិពោធិ៍តារស់រហូតដល់កងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំដែលខ្ញុំរស់នៅក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រធានសហករណ៍ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យវេញខ្សែគោជាមួយកងតាៗ ប្រពន្ធរបស់ខ្ញុំត្បាញកន្ទេលនៅកងយាយៗ ចំណែកកូនស្រីតូចៗ៣នាក់ឱ្យទៅធ្វើការនៅកងកុមារ។ នៅពេលដល់ម៉ោងឈប់សម្រាកពីការងារ ខ្ញុំត្រូវដើរទៅហូបបាយនៅរោងបាយរួមនៅសហករណ៍ស្ថិតនៅខាងជើងស្រះធំមួយក្នុងភូមិពោធិ៍តារស់។ ទោះបីយ៉ាងណាខ្មែរក្រហមអនុញ្ញាតឱ្យខ្ញុំរស់នៅជុំប្រពន្ធកូននៅឡើយ។ ក្រៅពីការងារវេញខ្សែប្រធានកងបានចាត់តាំងខ្ញុំឱ្យទៅភ្ជួរស្រែនៅវាលស្រែបារាំង ស្ថិតនៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ជាប់ព្រំដែនវៀតណាមរយៈពេលបួនថ្ងៃ។ ខ្ញុំនិងសមាជិកម្នាក់ទៀតភ្ជួរស្រែរហូតដល់ម៉ោង៩យប់ទើបប្រធានកងអនុញ្ញាតឱ្យឈប់សម្រាកហូបបាយ ចំណែកអ្នកផ្សេងបានហូបមុនអស់ហើយ។ ខ្ញុំបានហូបឆ្អែត ហើយសល់បាយមួយចំនួនក៏វេចថ្នក់ក្រមាយកមកកន្លែងដេកនៅវត្តទួលតាព្រហ្មដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីការដ្ឋានភ្ជួរស្រែ។ ស្រាប់តែមានអ្នកនៅក្នុងកងភ្ជួរជាមួយគ្នារាយការណ៍ទៅប្រធានកងថា ខ្ញុំលួចលាក់បាយសមូហភាព។ ភ្លាមៗនោះប្រធានកងបានដើរមកសួរនាំខ្ញុំ ហើយខ្ញុំក៏បានប្រាប់ការពិតថាបាយនៅសេសសល់ពីកងចល័តដូច្នេះខ្ញុំក៏ខ្ចប់ទុកហូប ទើបប្រធានកងមិនចាប់កំហុសខ្ញុំ។ នៅរដូវច្រូតកាត់ ខ្ញុំត្រូវរែកកណ្តាប់មកដាក់នៅលានដើម្បីបោកបែនស្រូវ និងប្រមូលដាក់ជម្រុកនៅសហករណ៍។
រហូតមករដូវស្រូវទុំ ក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីផ្ទះក្នុងភូមិពោធិ៍តារស់ទៅទិសខាងលិច ប៉ុន្តែខ្ញុំមិនបានចេញទៅជាមួយប្រជាជនក្នុងភូមិទេ គឺខ្ញុំនិងសមាជិកកងប្រុសៗ៣នាក់ទៀតគេចដើរទៅទិសខាងកើតដល់ត្រពាំងតាកុតក្នុងភូមិដដែល ស្រាប់តែឈ្លបខ្មែរក្រហមក្រឡេកឃើញខ្ញុំ។ ខ្ញុំបានដើរគេចចូលទៅស្ទឹងបាសាក់ដើម្បីលាក់ខ្លួន ហើយពេលល្ងាចខ្ញុំនិងសមាជិកកងក៏ឆ្លងស្ទឹងដើរសំដៅទៅឃុំព្រះពន្លា ក្នុងស្រុកកំពង់រោទិ៍។ ខ្ញុំបានដើររហូតទៅដល់ព្រែកកំពង់រទេះស្ថិតនៅក្នុងភូមិថ្មី ឃុំជប់ព្រីង ក្នុងស្រុកកំពង់រោទិ៍ និងបានដេកនៅទីនោះមួយយប់។ នៅពេលព្រឹកព្រលឹមស្រាងៗ ខ្ញុំនិងសមាជិកកងបាននាំគ្នាដាំបាយហូប ស្រាប់តែកងទ័ពវៀតណាមមកចាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ កងទ័ពវៀតណាមនោះភាគច្រើនគឺជាខ្មែរកម្ពុជាក្រោមបានសុំទោសខ្ញុំមុននឹងចងដៃខ្ញុំ និងក្រុមរបស់ខ្ញុំទៅក្រោយ រួចបញ្ជូនទៅទីស្នាក់ការកងទ័ពវៀតណាមប្រចាំការនៅម្តុំស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកប្រសូត្រ[2] ខេត្តស្វាយរៀង ដើម្បីសួរចម្លើយ បន្ទាប់មកទើបបញ្ជូនខ្ញុំទៅដេកនៅវត្តពោធិ៍បន្ទាយ ស្ថិតនៅក្នុងឃុំកណ្តៀងរាយ ស្រុកប្រសូត្រ មួយយប់ទៀត ព្រោះអំឡុងពេលនោះខ្មែរក្រហមមានជម្លោះព្រំដែនជាមួយវៀតណាម ហើយកងទ័ពវៀតណាមវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ និងបានឈរជើងបណ្តោះអាសន្ន។ នៅអំឡុងមានជម្លោះនោះ ប្រសិនបើប្រជាជនណាដែលរត់ភៀសខ្លួនទៅទិសខាងកើតចូលទៅប្រទេសវៀតណាម ហើយខ្មែរក្រហមចាប់បាន ខ្មែរក្រហមនឹងបាញ់សម្លាប់ចោលនៅហ្នឹងកន្លែងតែម្តង។ ក្រោយមក ខ្ញុំទទួលដំណឹងពីជនភៀសខ្មែរដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាមក្រោយខ្ញុំបានប្រាប់ខ្ញុំថា ប្រពន្ធ និងកូនស្រី៣នាក់ទៀតរបស់ខ្ញុំ ត្រូវខ្មែរក្រហមជម្លៀសទៅនៅភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ[3] ខេត្តស្វាយរៀង ហើយបានសម្លាប់ចោលទៅទីនោះនៅឆ្នាំ១៩៧៨ ដោយចោទថាក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។
នៅព្រឹកថ្ងៃបន្ទាប់ វៀតណាមបញ្ជូនខ្ញុំតាមផ្លូវជាតិលេខ១ និងច្រកព្រំដែនបាវិតក្នុងទឹកដីខ្មែរ ទៅដេកនៅក្រាចក្នុងទឹកដីប្រទេសប្រទេសវៀតណាម។ រយៈពេល២ថ្ងៃក្រោយមក ទើបវៀតណាមបញ្ជូនខ្ញុំតាមរថយន្តបន្តទៅនៅខាងកើតភ្នំនួយបាដែង (ភ្នំយាយម៉ៅ) ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ខ្ញុំជិះរថយន្តតាំងពីព្រឹករហូតដល់រសៀលទើបទៅដល់ទីនោះ។ វៀតណាមបានបញ្ចូលឈ្មោះរបស់ខ្ញុំទៅក្នុងអង្គភាពទ័ព និងឱ្យហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តកងទ័ព។ គ្រូវៀតណាមឱ្យខ្ញុំហ្វឹកហាត់ស្ពាយដីដើរឡើងភ្នំ។ ខ្ញុំហាត់មួយរយៈក៏ធ្លាក់ខ្លួនឈឺធ្ងន់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅទីនោះ ខ្ញុំទទួលបានរបបបាយលាយជាមួយពោតហូបគ្រប់គ្រាន់។ ក្រោយពីខ្ញុំបានជាសះស្បើយ វៀតណាមបានចាត់តាំងខ្ញុំឱ្យមកដាំបាយឱ្យអង្គភាពទ័ពហូប។
មួយរយៈក្រោយមក វៀតណាមបានបញ្ជូនកងទ័ពដែលហ្វឹកហាត់នៅអង្គភាពទ័ពរបស់ខ្ញុំទៅសមរភូមិមុខទាំងអស់ រួចហើយក៏រំសាយខ្ញុំពីអង្គភាពទ័ពឱ្យមករស់នៅជាប្រជាជននៅក្រាចជាប់ព្រំដែនកម្ពុជាវិញ និងបានឧបត្ថម្ភប្រាក់៣០ដុង ព្រមទាំងអង្ករមួយចំនួនទៀតផង។ នៅទីនោះ ខ្ញុំបានដើរកាប់ឫស្សីយកទៅលក់ឱ្យប្រជាជនវៀតណាមដើម្បីយកប្រាក់ និងដូរយកអង្ករពោតបន្ថែមដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ។
បន្ទាប់ពីកងទ័ពវៀតណាមរំដោះក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩[4] ខ្ញុំរស់នៅក្នុងទឹកដីវៀតណាមដដែល ព្រោះវៀតណាមមិនទាន់អនុញ្ញាតឱ្យខ្ញុំ និងប្រជាជនភៀសខ្លួនខ្មែរត្រឡប់មកស្រុកកំណើតភ្លាមៗទេ។ ខ្ញុំ និងប្រជាជនភៀសខ្លួនខ្មែរ ជាច្រើនគ្រួសារទៀតមិនចង់បន្តរស់នៅប្រទេសវៀតណាមទេ ដូច្នេះយើងក៏បានជួបប្រជុំគ្នា និងសម្រេចថាត្រូវតែត្រឡប់មកភូមិកំណើតនៅប្រទេសកម្ពុជាវិញនៅពេលយប់នោះ ទោះបីអាជ្ញាធរវៀតណាមហាមឃាត់ក៏ដោយ។ ដោយសារមិនអាចហាមឃាត់ជនភៀសខ្លួនខ្មែរបាន និងមានអន្តរជាតិនៅអង្កេតការណ៍ ទើបអាជ្ញាធរវៀតណាម យករថយន្តមកដឹកខ្ញុំនិងជនភៀសខ្លួនខ្មែរពីច្រកព្រំដែនបាវិតមកដាក់នៅទីប្រជុំជនជីភូ ក្នុងស្រុកចន្រ្ទា។ ខ្ញុំដេកនៅជីភូមួយយប់ ហើយនៅព្រឹកបន្ទាប់ ខ្ញុំក៏ដើរត្រឡប់មកភូមិកំណើតវិញ។ ពេលមកដល់ភូមិពោធិ៍តារស់ដំបូង ខ្ញុំមិនឃើញប្រជាជនរស់នៅឡើយ គឺឃើញតែផ្ទះសម្បែងដែលមានសភាពស្ងាត់ជ្រងំ ព្រោះប្រជាជននៅក្នុងភូមិនេះត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង និងមិនទាន់ត្រឡប់មកវិញ។ ក្រោយមកដោយសារមិនមានស្បៀងអាហារហូប ខ្ញុំបានចេញពីភូមិទៅរកស្រូវនៅឃុំចន្រ្ដី ស្រុករមាសហែក បានកន្លះបាវយកមកកិនដាំបាយហូប។ មិនយូរប៉ុន្មាន ខ្ញុំធ្វើស្រែដោយកាប់ដីនឹងចប់តែម្នាក់ឯងដើម្បីផ្គត់ផ្គង់ជីវភាពព្រោះខ្ញុំមិនមានគោក្របី ហើយម្យ៉ាងទៀតប្រពន្ធកូនខ្ញុំត្រូវខ្មែរក្រហមសម្លាប់អស់ហើយ៕
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ កុយ កញ្ញា ជាមួយ ឃួន យុន រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
[2] សព្វថ្ងៃស្រុកស្វាយទាប ខេត្តស្វាយរៀង
[3] ស្រុកមានជ័យថ្មី នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
[4] កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។
ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។