ឃួន ណន៖ យោធាការពារដែនសមុទ្រ ខេត្តកោះកុង

នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ណន គឺជាកងទ័ពខ្មែរក្រហម ដែលត្រូវបានបញ្ជូនទៅខេត្តកោះកុង។ ណន មានតួនាទីដើរល្បាតតាមដែនកោះមួយចំនួនក្នុងខេត្តកោះកុង និងដែនសមុទ្រកោះកុង ដោយមិនអនុញ្ញាតឲ្យមានការនេសាទខុសច្បាប់នោះទេ។ ណន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
ឃួន ណន[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ណន មានស្រុកកំណើតនៅភូមិក្រាំងប្រស្រុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ណន រស់នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ណន មានប្រពន្ធឈ្មោះ ជា ណា អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ណន មានកូនចំនួន៦នាក់ (ប្រុស២នាក់ និងស្រី៤នាក់)។ ណន មានឪពុកឈ្មោះ ឈុន (ស្លាប់) និងម្ដាយឈ្មោះ សាត់ (ស្លាប់)។ ណន មានបងប្អូនបង្កើតចំនួន២នាក់(ប្រុស១នាក់ និងស្រី១នាក់)។ ណន ជាកូនច្បងនៅក្នុងគ្រួសារ។
កាលពីក្មេង ណន រៀនបានថ្នាក់ទី១០ សង្គមចាស់។ ណន បានចូលរៀននៅសាលានៅក្នុងវត្តថ្មី ដែលស្ថិតនៅក្នុងភូមិក្រាំងប្រស្រុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ណន បានឈប់រៀន ព្រោះ ប្រទេសជាតិធ្លាក់ចូលសង្រ្គាមស៊ីវិល។ បន្ទាប់ពីឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ចេញពីមុខតំណែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីឈប់រៀន ណន បានជួយឪពុកម្ដាយធ្វើស្រែចម្ការ។ ក្រោយរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ បានរយៈពេលប្រហែលកន្លះខែ ណន ត្រូវបានឪពុកម្ដាយជម្លៀសចេញពីស្រុកកំណើតឲ្យទៅរស់នៅភូមិព្រៃក្មេង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ ដោយសារនៅក្នុងភូមិក្រាំងប្រស្រុក គឺជាកន្លែងសមរភូមិប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពលន់ នល់។
នៅឆ្នាំ១៩៧៣ ណន បានស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហមនៅកងតំបន់៣៣ ក្នុងវរសេនាតូច១០៥ ដែលគ្រប់គ្រងដោយឈ្មោះ ផាត ដែលមានទីតាំងនៅស្រុកភ្នំស្រួច។ ក្នុងពេលជាមួយគ្នា មានប្រជាជនចូលរួមជាមួយកងកម្លាំងខ្មែរក្រហមយ៉ាងច្រើន ទើប ផាត បានបញ្ជាឲ្យកងទ័ពទាំងអស់ រៀបចំកម្លាំង ដើម្បីទៅវាយជាមួយទាហាន លន់ នល់ ដែលបោះទីតាំង ឈរជើងនៅតាមឃុំមហាសាំង ឃុំទំពាំងក្រឡឹង ផ្លូវជាតិលេខ៤ ហើយបានបន្តវាយចេញពីផ្លូវជាតិលេខ៤ រហូតរំដោះបានស្រុកកំពង់សិលា (បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះសីហនុ) ទើបធ្វើដំណើរត្រលប់មកភ្នំស្រួចវិញ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ ហើយបានគ្រប់គ្រងទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើទាហានលន់ នល់ ណន ត្រូវបាន ផាត ផ្លាស់ចេញភ្នំស្រួចឲ្យទៅចូលរួមជាមួយមន្ទីរវរសេនាធំលេខ១២ ដែលគ្រប់គ្រងដោយ តា នៅ ដែលមានទីតាំងនៅឃុំដងទង់ សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង ដើម្បីឲ្យជួយយាមល្បាតតាមដែនកោះ ដែនសមុទ្រ និងមិនឲ្យប្រជាជនថៃចូលមកនេសាទខុសច្បាប់ជាដាច់ខាត។ ក្រៅពីការងារដើរល្បាត ណន បានជួយធ្វើស្រែចម្ការជាមួយប្រជាជន និងជាកងការពារថ្នាក់ដឹកនាំខ្មែរក្រហម នៅពេលចុះទៅត្រួតពិនិត្យការងាររបស់ប្រជាជននៅតាមសហករណ៍។
នៅឆ្នាំ១៩៧៦ ណន និងកងទ័ពក្នុងមន្ទីរវរសេនាធំលេខ១២ ប្រហែល១០០នាក់ មានដូចជា កងពិសេស, កងកាំភ្លើងធំ, ពេទ្យ, អង្គរក្ស និងនីរសារ ត្រូវបាន តា នៅ ផ្លាស់ចេញពីឃុំដងទង់ដោយធ្វើដំណើរតាមកាណូតបញ្ជូនឲ្យទៅការពារនៅកោះស្រឡៅ ខេត្តកោះកុង។ នៅពេលទៅដល់កោះស្រឡៅ ណន និងកងទ័ពទាំងអស់មានតួនាទីល្បាតជុំវិញកោះមិនឲ្យមានការនេសាទខុសច្បាប់ និងការពារដំណាំនៅលើកោះ។ នៅពាក់ណ្ដាលឆ្នាំ១៩៧៧ តា នៅ ត្រូវបានថ្នាក់លើចោទប្រកាន់ថាក្បត់រួចចាប់យកទៅសម្លាប់។ បន្ទាប់ពី តា នៅ បានស្លាប់ ណន និងកងទ័ការពារនៅកោះស្រឡៅ ត្រូវបានថ្នាក់លើបញ្ជាឲ្យធ្វើដំណើរតាមកាណូតចេញពីកោះស្រឡៅ ទៅកាន់ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង់(ប្រធានមន្ទីរវរសេនាធំលេខ១២ថ្មី) ។ នៅពេលទៅដល់ភូមិជ្រោយប្រស់ ណន ត្រូវបាន អ៊ួន យ៉ង់ ចាត់តាំងឲ្យនៅយាមឃ្លាំងគ្រាប់ និងផ្លាស់ប្ដូរឲ្យជួយធ្វើស្រែចម្ការជាមួយប្រជាជន។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានសហការជាមួយកងទ័ពវៀតណាមដឹកនាំកម្លាំងវាយចូលមកដល់ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់មក អ៊ួន យ៉ង់ ប្រធានមន្ទីរវរសេនាធំលេខ១២ថ្មី បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីទប់ទល់ជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម។ ដោយកងទ័ពទាំងពីរមានកម្លាំងច្រើនមិនអាចទប់ទល់ឈ្នះ ណន និងកងទ័ពទាំងអស់បានទម្លាក់អាវុធ រួចរត់រប៉ាត់រប៉ាយទៅសំងំលាក់ខ្លួននៅក្នុងព្រៃនៅក្នុងខេត្តកោះកុងអស់រយៈពេល១ឆ្នាំ។ បន្ទាប់ពីលាក់ខ្លួនក្នុងព្រៃអស់រយៈពេល១ឆ្នាំ កងកម្លាំងក្នុងព្រៃទាំងអស់ ត្រូវបាន អ៊ួន យ៉ង់ ប្រមូលផ្ដុំសាឡើងវិញ ហើយបានធ្វើដំណើរចេញពីក្នុងព្រៃសំដៅមកព្រំដែនថ្មដា ដើម្បីចូលរួមជាមួយកងពលលេខ៣ ដែលគ្រប់គ្រងដោយ តា សេង។ បន្ទាប់ពីមានកម្លាំងចូលរួមច្រើន តា សេង បានដឹកនាំកម្លាំងចុះទៅវាយជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម ដែលបានបោះទីតាំងឈរជើងនៅស្ទឹងដាច់។ ការប្រយុទ្ធមិនឈ្នះ មិនចាញ់ ទើប តា សេង បានដឹកនាំកម្លាំងទាំងអស់ត្រលប់ទៅព្រំដែនថ្មដាវិញ។ សម្រាប់យុទ្ធសាស្រ្តរបស់កងទ័ពខ្មែរក្រហមមានដូចជា « នៅពេលឃើញទីតាំងសត្រូវនៅកន្លែងណា និងហៅក្រុមកាំភ្លើងធំផ្លោងចូលទីតាំងកន្លែងហ្នឹង លួចបង្កប់មីនព័ន្ធជុំវិញបន្ទាយសត្រូវ ដាក់មីនតាមផ្លូវរថយន្ត ដាក់មីនផ្ដាច់ស្ពានដើម្បីបង្អាក់ការធ្វើដំណើររបស់សត្រូវ និងបំបែកកងទ័ពទៅជាកងឈ្លប ដើម្បីចាំលបបាញ់សត្រូវ »។
នៅក្នុងខែ១០ ឆ្នាំ១៩៨០ ណន និងកងទ័ពប្រហែល១០០០នាក់ ត្រូវបាន តា សេង ជ្រើសរើសចេញពីកងពលទី១ កងពលទី២ និងកងពលទី៣ ដើម្បីបង្កើតជាកងពលថ្មីលេខ១២១(អង្គភាពពិសេសអន្តរាគមន៍) ដែលដឹកនាំដោយ អៀង ផាន ដើម្បីដឹកនាំកម្លាំងទៅវាយជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមនៅស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់ពីវាយបណ្ដេញកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមចេញពីស្រុកសំឡូត ណន និងកងទ័ពនៅក្នុងកងពលលេខ១២១ទាំងអស់ ត្រូវបាន អៀង ផាន បញ្ជាឲ្យបោះទីតាំងប្រចាំការនៅស្រុកសំឡូត ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៨៥ ណន ត្រូវបាន អៀង ផាន បញ្ជូនឲ្យទៅចូលរួមជាមួយកងវរសេនាធំឯករាជ្យលេខ៥ ដែលមានកងទ័ពប្រហែល១០០នាក់ និងមានទីតាំងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង គ្រប់គ្រងដោយ តា មន្ត, តា សៀក និងតា ចន ដើម្បីរៀបចំកម្លាំងទៅវាយជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅភ្នំក្បាលឡាន ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់ពីវាយបណ្ដេញកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចេញពីស្រុកសំឡូត កងទ័ពវរសេនាធំឯករាជ្យលេខ៥ បានធ្វើដំណើរត្រលប់មកប្រចាំការណ៍នៅស្រុកមោងឬស្សីវិញ។
នៅឆ្នាំ១៩៨៨ ណន ត្រូវបាន តា សៀក ផ្លាស់ចេញពីកងវរសេនាធំឯករាជ្យលេខ៥ បញ្ជូនឲ្យទៅនៅ កងពលចាស់វិញ(កងពលលេខ១២១)។ នៅពេលទៅដល់ស្រុកសំឡូត ណន និងកងទ័ព១៥នាក់ ត្រូវបាន អៀន ផាន ចាត់តាំងឲ្យទៅស៊ើបការណ៍នៅបន្ទាយកងទ័ពវៀតណាម។ ពេលធ្វើដំណើរចូលដល់ទីតាំងបន្ទាយរបស់កងទ័ពវៀតណាម ណន បានដើរជាន់មីន ដែលកងទ័ពវៀតណាមបានបង្កប់នៅក្រៅបន្ទាយបណ្ដាលឲ្យរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីត្រូវរបួស ណន ត្រូវបានកងទ័ពរួមដំណើរជាមួយបញ្ជូនយកទៅសម្រាកព្យាបាលអង្គភាពពេទ្យនៅស្រុកសំឡូត ដោយឃើញស្ថានភាពជើងខាងឆ្វេងរបស់ ណន មានរបួសធ្ងន់ធ្ងរពេទ្យបានសម្រេចចិត្តកាត់ជើងខាងឆ្វេងម្ខាងរបស់គាត់។ បន្ទាប់ពីសម្រាកព្យាបាលនៅអង្គភាពពេទ្យស្រុកសំឡូតបានរយៈពេល១សប្ដាហ៍ ណន ត្រូវបាន អៀង ផាន បញ្ជូនបន្តឲ្យទៅសម្រាកព្យាបាលនៅពេទ្យ វ៤ វិញ។ បន្ទាប់ពីជាសះស្បើយ ណន បានស្ម័គ្រចូលបម្រើអង្គភាពពេទ្យនៅ វ៤ ដែលគ្រប់គ្រងដោយ តា ម៉ឹង។ បន្ទាប់ពីធ្វើជាពេទ្យនៅវ៤ បានប្រហែលមួយខែ ណន ត្រូវបាន តា ម៉ឹង បញ្ជូនឲ្យទៅរៀនពេទ្យបន្តនៅខេត្តកោះកុង។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកពេទ្យនៅខេត្តកោះកុន ណន បានត្រលប់មកចូលរួមជាមួយអង្គភាពពេទ្យនៅស្រុកសំឡូតវិញ។
នៅឆ្នាំ១៩៩១ ណន បានរៀបការ។ លុះដល់ពាក់កណ្ដាលឆ្នាំ១៩៩១ អង្គភាពពេទ្យនៅស្រុកសំឡូតត្រូវបានបំបែកជា២ ដែលមួយក្រុមនៅសំឡូត និងមួយក្រុមទៀតត្រូវផ្លាស់ឲ្យមករស់នៅស្រុកវាលវែងជាមួយកងទ័ព។ ណន បានផ្លាស់មកកាន់ស្រុកវាលវែង។ បន្ទាប់មក ណន និងប្រពន្ធបានចាប់ដីនៅភូមិទំព័រ ដើម្បីសាងសង់ផ្ទះរស់នៅ ហើយបានកាប់ឆ្ការព្រៃយកដីបន្ថែម ដើម្បីធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1]ឃួន ណន, បទសម្ភាសន៍ដោយ ចាន់ ណារិទ្ធ, នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។