ក្នុងរបបខ្មែរក្រហមរស់មួយថ្ងៃគិតមួយថ្ងៃ

(ស្វាយរៀង) ៖ ឃួន សាវឿន មានអាយុ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សាវឿន មិនទទួលបានការសិក្សាអប់រំទេដោយសារតែគាត់កំព្រាឪពុកម្ដាយតាំងពីកុមារភាព ហើយត្រូវរស់នៅជាមួយពូ។

សាវឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានផ្តល់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ការរស់នៅរបស់គាត់ និងបងស្រីក្នុងរបបនោះមានការលំបាកខ្លាំង រស់មួយថ្ងៃគិតមួយថ្ងៃ ដោយសារការជម្លៀសដោយបង្ខំ និងធ្វើការហួសកម្លាំង។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជំនៈលើរបប លន់ នល់ សាវឿន បានឃើញក្នុង ភូមិ ឃុំ មានការដើរប្រមូលរបស់របរមានតម្លៃ និងរបស់ប្រើប្រាស់ផ្សេងៗទុកជាទ្រព្យសម្បត្តិរួមក្នុងសហករណ៍។

សាវឿន និងបងស្រី ត្រូវបានជម្លៀសជាញឹកញាប់ទាំងក្នុងខេត្តស្វាយរៀងរហូតដល់ទៅដល់ខេត្តបាត់ដំបង។ សាវឿន និយាយថា ការជម្លៀសទៅខេត្តបាត់ដំបងមានការលំបាកដោយសារខ្វះខាត អាហារ មធ្យោបាយធ្វើដំណើរ និងរបបប្រើប្រាស់ចាំបាច់ផ្សេងៗ។ សាវឿន និយាយបន្តថាពេលជម្លៀសដល់ខេត្តព្រៃវែង តំបន់អ្នក​លឿង គេបានឲ្យសម្រាកមួយរយៈ។ ការរស់នៅទីនោះគ្មានអនាម័យ កន្លែងហូប និងកន្លែងបន្ទោបង់គឺកន្លែងតែមួយនៅលើទឹកដែលមានមនុស្សច្រើនកុះករ, ណែនណាន់តាន់តាប់ត្រៀមឆ្លងទៅត្រើយម្ខាង។ សា​វឿន​បន្ថែមថា ការរស់នៅត្រូវពឹងផ្អែកទាំង ស្រុងលើខ្លួនឯងគ្មានការយកចិត្តទុកដាក់ពីសំណាក់ខ្មែរក្រហមដែលបង្ខំឲ្យជម្លៀសនោះទេ។ ប្រជាជនទាំងអស់ខ្វះខាតអាហារ ទីជម្រក និងថ្នាំសង្កូវផ្សេងៗ មានចាស់ៗ និងអ្នកជំងឺខ្លះបានស្លាប់ដោយគ្មានការយកចិត្តទុកដាក់ព្យាបាលត្រឹមត្រូវ។

«ម្នាក់ៗរស់នៅតាមយថាកម្ម មានអ្វីហូបនឹង មានថ្នាំអ្វីព្យាបាលនឹង គ្មានការគិតគូរពីសុខទុក្ខទេ។ ខ្មែរក្រហមចង់ទុកអ្នកជម្លៀសទាំងអស់នោះឲ្យស្លាប់ដោយខ្លួនឯង តាមរយៈគ្មានអាហារហូប និងគ្មានថ្នាំព្យាបាល»។

សាវឿន ឲ្យដឹងថាពេលទៅដល់ខេត្តបាត់ដំបង ខ្មែរក្រហមបានបំបែកប្រជាជនដែលបានជម្លៀសទៅតាមអាយុ។ ប្រជាជនចាស់ៗត្រូវបានប្រើឲ្យមើលថែទាំក្មេងៗនៅរោងបាយ ក្មេងៗស្ថិតនៅកងកុមារ យុវជនត្រូវធ្វើការតាមកងចល័ត ប្រជាជនទាំងអស់តំរូវឲ្យហូបបាយរួមគ្នាក្នុងសហករណ៍។ សាវឿន ត្រូវបានប្រើដោយគ្មានពេលសម្រាកឲ្យឃ្វាលគោ ដាំបន្លែ និងដំណាំផ្សេងៗសម្រាប់ផ្គត់ផ្គង់សហករណ៍។ ចំណែកបងស្រីធ្វើការនៅកងចល័ត ជីកទំនប់ រែកដី និងលើកប្រឡាយ។ សាវឿន ធ្លាប់បានឃើញខ្មែរ​ក្រហម​សម្លាប់មនុស្សប្រមាណ១០-២០នាក់ ដោយវាយនឹងដំបងរួចទម្លាក់ចូលរណ្តៅដែលបានជីកដោយប្រជាជនខ្លួនឯងទំហំប្រមាណ ១ហិចតា។ សាវឿនមិនបានដឹងថាប្រជាជនទាំងនោះមានកំហុសអ្វីនោះទេ។

«នៅសម័យខ្មែរក្រហមការរស់នៅគ្មានសិទ្ធិសេរីភាព ការរស់ឬស្លាប់អាស្រ័យលើការកំណត់របស់គេ ទោះបីចង់ឬមិនចង់ធ្វើអ្វីមួយក៏គ្មានសិទ្ធប្រកែកដែរ ម្នាក់ៗរស់នៅរៀងៗខ្លួន ធ្វើមិនដឹង ធ្វើមិនឮ និងធ្វើមិនឃើញទើបអាចមានជីវិត»។

ពេលរបបខ្មែរក្រហមដួលរលំ សាវឿន និងបងស្រីបានធ្វើដំណើរដោយថ្មើរជើងរយៈពេល១ខែ ទើបដល់​​ស្រុ​ក​​កំ​ណើត​នៅខេត្តស្វាយរៀង និងបានប្រកបមុខរបរធ្វើស្រែចំការរហូតដល់សព្វថ្ងៃ។

សាវឿន តែងតែយល់សប្តិអាក្រក់ឃើញព្រឹត្តការណ៍ ដែលខ្មែរក្រហមធ្វើទារុណកម្មយកម្រាមដៃលូកភែ្នករបស់គាត់ដោយសារតែគាត់ងងឹតមាន់។

បច្ចុប្បន្ន សាវឿន មានជំងឺបេះដូង ជំងឺក្រពេះ ជំងឺឈឺសន្លាក់ក្បាលជង្គង់ និងជំងឺលើសឈាម ដែលបណ្តាលឲ្យគាត់ឧស្សាហ៍ឈឺក្បាល និងវិលមុខជាញឹកញាប់។

សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin