ដំណើរជីវិតប្រជាជនភូមិភាគបូព៌ាក្នុងសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ឃួន សុន មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
នៅរបប លន់ នល់ សុន ឲ្យដឹងថា ប្រជាជនរស់នៅចាប់ផ្តើមលំបាក ដោយសារតែរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជនមានការភិតភ័យ នៅពេលយប់ ហើយតែងតែលាក់ខ្លួននៅក្នុងរណ្តៅត្រង់សេដែលជីកនៅជិតផ្ទះដើម្បីសុវត្ថិភាព។ នៅក្នុងភូមិមានប្រជាជនគ្រោះថ្នាក់ រងរបួស និងស្លាប់ ព្រមទាំងបានបំផ្លាញទ្រព្យសម្បតិ្តជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក។
សុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ មានអាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅសម័យខ្មែរក្រហម សុន មានអាយុ១៨ឆ្នាំ ពេញកម្លាំងពលកម្ម។ សុន ត្រូវបានចាត់តែងឲ្យធ្វើជាកង ចល័តឆ្ងាយៗពីផ្ទះដើម្បីជីកស្រះ និងប្រឡាយ ជាមួយយុវជនផ្សេងទៀត។ ឪពុកម្តាយរបស់គាត់ត្រូវបានប្រើឲ្យភ្ជួរស្រែ ដក និងស្ទូងស្រូវ។ ចំណែកប្អូនៗត្រូវដើររើសអាចម៍គោនៅតាមវាលស្រែ។ ពេលយប់ សុន ត្រូវសម្រាកនៅកន្លែងធ្វើការជាមួយក្រុមកងចល័ត។ សុន និយាយថា នៅសម័យខ្មែរក្រហម ប្រជាជនមិនអាចរស់នៅជុំគ្នាបានទេ។ ប្រជាជនត្រូវរស់នៅ ធ្វើការ និងហូបរួមគ្នា គ្មានទ្រព្យសម្បត្តិជាកម្មសិទ្ធឯកជនទេ។ សុន ធ្វើការហួសកម្លាំង គ្មានពេលសម្រាក ហើយរបបអាហារត្រូវបានអង្គការវាល់ចែកមិនគ្រប់គ្រាន់ គឺមានតែបបរលាយជាមួយត្រកួន គ្មានរស់ជាតិ ដោយការហូបគឺដើម្បីតែរស់។
«សុន និយាយថា បើតាមតែរបបអាហារ មិនអាចឲ្យគាត់ធ្វើការងារធ្ងន់ៗបែបនេះបានទេ ប៉ុន្តែដោយសារខ្លាចខ្មែរក្រហមសម្លាប់ចេះតែខំធ្វើទៅ។»
ក្រោយមក សុន និងគ្រួសារត្រូវបានជម្លៀសឲ្យទៅរស់នៅឯខេត្តកណ្ដាល។ គ្រួសារ សុន ត្រូវធ្វើដំណើរទាំងថ្ងៃ ទាំងយប់តាមការបញ្ជារបស់ខ្មែរក្រហម។ សុន និងប្រជាជនដទៃទៀត ត្រូវរែកអាហារ និងសម្ភារៈចាំបាច់នានាដោយខ្លួនឯង និងខ្លះបានរែកសមាជិកគ្រួសារចាស់ៗដែលមានជំងឺព្រមទាំងក្មេងតូចៗ។ សុន ធ្វើដំណើរដោយថ្មើរជើងកន្លះខែទើបទៅដល់អ្នកលឿង ដោយសារពេលនោះ ឪពុករបស់ សុន មានជំងឺមិនអាចដើរយូរបាន។ ពេលឆ្លងផុតអ្នកលឿង មានរថយន្តចាំដឹកប្រជាជនដែលជម្លៀសយកទៅភូមិតាដោល ឃុំអំពៅព្រៃ ខេត្តកណ្តាល។ ទៅដល់ទីនោះ អង្គការបានបំបែក សុន និងសមាជិក គ្រួសារដទៃទៀតឲ្យរស់នៅផ្សេងៗគ្នា។ ការរស់នៅគឺបែង ចែកទៅតាមអាយុ និងកម្លាំងប្រជាជនគឺ ចាស់ ក្មេង និងយុវជន។ សុន ត្រូវរែកដី ជីកព្រែក បឹង និងប្រឡាយ។ នៅទីនេះរបបអាហារគ្រាន់បើជាងនៅស្វាយរៀង គឺមានបាយលាយជាមួយពោតក្រហម ហូបជាមួយសម្លម្ជួរព្រលិត ឬរំចង់ ពីរដងក្នុងមួយថ្ងៃ។
ដោយសារនៅពេលនោះ សុន ដល់វ័យត្រូវរៀបការខ្មែរក្រហមបានសួរគាត់ថាមានស្រឡាញ់នារីណាទេ? ពេលនោះ សុន ក៏បានស្នើរៀបការជាមួយនារីឈ្មោះ ពោន សុខុន មានអាយុ១៧ឆ្នាំ ជានារីកងចល័តនៅជិតកន្លែងគាត់ធ្វើការ។ សុន បានរៀបរាប់ព្រឹត្តិការណ៍ពេលរៀបការនោះថា អង្គការបានឲ្យប្រុសឈរមួយជួរ និងស្រីឈរមួយជួរ រួចចាប់ដៃគ្នាឡើងប្តេជា្ញចិត្ត។ ពិធីរៀបការនៅពេលនោះមានចំនួន១២គូ និងគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ។ ប្តីប្រពន្ធ ដែលរៀបការមួយចំនួនត្រូវបានរៀបចំដោយអង្គការ និងពិធីបានធ្វើឡើងនៅរោងបាយ។
ក្រោយរបបខ្មែរក្រហម សុន បានធ្វើដំណើររយៈពេល២ខែ ត្រឡប់ពីខេត្តកណ្តាល ឆ្លងកាត់ភ្នំពេញ មករស់នៅស្រុកកំណើតខេត្តស្វាយរៀងវិញ។
សុន បានស្នើឲ្យយុវជនជំនាន់ក្រោយចងចាំការឈឺចាប់ និងរងទុក្ខវេទនា របស់ប្រជាជនខ្មែរសម័យខ្មែរក្រហម ព្រមទាំងចូលរួមទប់ស្កាត់កុំឲ្យរបបនេះ ត្រឡប់មកទឹកដីកម្ពុជាម្តងទៀត។ បច្ចុប្បន្ន សុន មានជំងឺលើសជាតិអាស៊ី ជំងឺក្រពះពោះវៀន និងជំងឺឈឺសន្លាក់។
សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង