នីរសារ កងពលតំបន់២៣ ភូមិភាគបូព៌ា

ឃួន សុន ហៅ កឹម ផាន[1] គឺជានីរសារកងពលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួន អំឡុងឆ្នាំ១៩៧៨ ពេលធ្វើកម្មភាពបោកគ្រាប់បែកសម្លាប់ឈ្មោះពីន និងណាត ដែលជាកម្មាភិបាលតំបន់២៣។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ផាន ដែលមានឈ្មោះផូ ជាអ្នកសួរចម្លើយ៖

ខ្ញុំឈ្មោះ ឃួន សុន ហៅកឹម ផាន កើតនៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុកសំរោង តំបន់២៣។ ខ្ញុំមានអាយុ២៣ឆ្នាំ(ឆ្នំា១៩៧៨)។ ខ្ញុំចូលរៀននៅអាយុ៦ឆ្នាំ នៅសាលាបឋមសិក្សាព្រៃស្រះ។ នៅឆ្នាំ១៩៦៩ ខ្ញុំឈប់រៀន និងបានរស់នៅជាមួយឪពុកម្តាយ ប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៣ ខ្ញុំស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ តាមរយៈឈ្មោះសាផុន នាទីជាអនុនយោបាយក៣ តំបន់២៣ បច្ចុប្បន្ន (ឆ្នាំ១៩៧៨) ត្រូវអង្គការហៅមករៀននៅតាខ្មៅ ក៏បាត់ខ្លួនរហូតមក។ មុនពេលអង្គការហៅបងសាផុន ទៅរៀនសូត្រ គាត់បានយកខ្ញុំទៅផ្ញើបងយ៉ា នាទីជាអនុលេខាឃ២៣ រស់នៅភូមិក្រសាំង ឃុំធា ស្រុកសំរោង។ នៅខែកក្កដា ឆ្នាំ១៩៧៣ បងយ៉ា អប់រំខ្ញុំថាត្រូវមើលឲ្យច្បាស់ការធ្វើបដិវត្តន៍គឺតឹងតែង, មានវិន័យតឹងរឹង, ដើរហើរមិនសេរី និងគ្មានបុណ្យសក្តិ ហើយជីវភាពមិនធូរធា​។ បងយ៉ា បានណែនាំខ្ញុំឲ្យស្គាល់ជាមួយឈ្មោះបងសូ និង បងធុច ដែលជាខ្សែរយៈ។ បងយ៉ា បានចាត់តាំងឲ្យខ្ញុំធ្វើជានីរសារ​។ បងយ៉ា ប្រើខ្ញុំរត់សំបុត្រផ្ញើទៅបងសួន, បងសាម៉ន, បងសាត និងបងសែន ដើម្បីហៅមកប្រជុំ​ ដែលការប្រជុំធ្វើឡើងនៅភូមិក្រសាំង វេលាម៉ោង២រសៀល ពេលប្រជុំមានវត្តមានមនុស្ស១០នាក់ ឈ្មោះ យ៉ាង, ឆែម, ស៊ែល, ឈិត, សត្យា, ឆៀន, សួន, សែន, សាត និងសាម៉ន។ ខ្លឹមសារប្រជុំគឺទទួលផែនការដើម្បីឲ្យ​ទាហានរបស់ ឈ្មោះ យ៉ុង នាទីជាសក្តិបួន ឲ្យចូលមកតាមផ្លូវជាតិលេខ១០ និងកុំឲ្យ បាញ់។

ក្រោយប្រជុំចប់ នៅពេលយប់ ខ្ញុំ, បងសួន និងបងយ៉ា បាននាំកងទ័ពឃ២៣ ដើម្បីទៅកម្មវិធីបុណ្យនៅដូនសរ ហើយខ្ញុំបានធ្វើសកម្មភាពអុកឡុកទំនាស់ជាមួយសន្តិសុខ នៅស្រុកមានជ័យថ្មី ពេលនោះសន្តិសុខភ័យនាំគ្នារត់អស់។ បងយ៉ាឲ្យខ្ញុំ និងបងសួន ប្រមូលកាំភ្លើងគ្រប់ធុនយកទៅទុកនៅវត្តចារ។ អំឡុពេលនោះទាហានរបស់យ៉ុង បានចូលមកដល់តំបន់ធ្លក។ ថ្ងៃបន្ទាប់បងយ៉ា ឲ្យខ្ញុំទាក់ទងទៅបងថាំង (វៀតណាម) នៅខាងកើតវត្តចន្រ្តី ក្នុងគោលបំណងសហការស្នើសុំអាវុធ និង គ្រាប់បែកមួយចំនួន។ បងថាំង បានឲ្យគ្រាប់បែកធុនផ្លែក្រសាំង៣កេះ, គ្រាប់អឹម៧៩ ចំនួន១០០គ្រាប់ និងកាំភ្លើងអាការ ចំនួន៣កេះ។ ពេលនោះខ្ញុំ បានផ្ញើអាវុធទាំងនោះទុកនៅបងថាំង សិនរង់ចាំពេលវេលាសមស្រប។ ខ្ញុំត្រលប់មកកន្លែងវិញ ហើយរាយការណ៍ឲ្យបងយ៉ាពីចំនួនគ្រាប់បែក និងកាំភ្លើងដែលបងថាំងឧបត្ថម្ភ។ បងយ៉ា ឲ្យខ្ញុំទៅហៅបងប៊ុនណាវិត នាទីជាប្រធានសន្តិសុខ ស្រុករមាសហែក។ នៅម៉ោង២រសៀល បងប៊ុនណាវិត បានមកជួបបងយ៉ា និងទទួលផែនការត្រូវធ្វើសកម្មភាពរៀបចំកម្លាំង ដើម្បីអនុវត្តផែនការ។ បងយ៉ា បានប្រគល់កាំភ្លើងអាការ, គ្រាប់៣កេះ និងគ្រាប់អឹម៧៩ ចំនួន១០០គ្រាប់ ទៅឲ្យបងប៊ុនណាវិត ហើយបងប៊ុនណាវិត បានយកទៅទុកនៅខាងកើតវត្តចន្រ្តី។ បងយ៉ា បានប្រាប់​ថាអាវុធទាំងនេះទុកធ្វើសកម្មភាពនៅផ្សារបោះព្រីង ដើម្បីកម្ទេចឃ្លាំងពាណិជ្ជកម្ម និងនៅផ្សារកំពង់​ត្រាច ដើម្បីកម្ទេចរោងចក្រ, ម៉ាស៊ីនអារឈើ, ម៉ាស៊ីនធ្វើក្រដាស និងម៉ាស៊ីនក្រឡឹងដែក​ របស់ភូមិ​ភាគ។

នៅខែកញ្ញា ឆ្នាំ១៩៧៣ នៅខាងជើងវត្តចន្រ្តី ខ្ញុំ, បងយ៉ា, បងសត្យា និងបងសារឹម បានទាក់ទងជាមួយបងថាំង និងបងទីងា នាទីជាលេខាកងពលលេខ៧ (វៀតណាម) ដើម្បីណែនាំខ្ញុំឲ្យស្គាល់ងាយស្រួលក្នុងការអនុវត្តន៍ការងារកម្ទេចកម្លាំងបដិវត្តន៍ និងបន្តអប់រំអ្នកផ្សេង​ទៀតឲ្យដើរហើរសេរីបំផ្លាញបដិវត្តន៍។ បងយ៉ា ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងសួន, បងស៊ែល, បងសាម៉ន, បងជា, បងសាត និងបងពិន ដើម្បីប្រជុំនៅភូមិក្រសាំង។ ពេលប្រជុំមានគ្នាសរុប១០នាក់ រួមមាន៖ បងយ៉ា, បងស៊ែល នាទីជាគណៈអប់រំទទួលប្រធាននយោបាយ, បងសារឹម នាទីជាគណៈអប់រំទទួលប្រធានយោធា, បងសត្យា នាទីជាគណៈអប់រំទទួលអនុយោធា, បងសួន នាទីជាលេខវរសេនាតូចលេខ២៣, បងសែន នាទីជាអនុយោធាវរសេនាតូចលេខ២៣, បងពិន នាទីជាអនុនយោបាយ, បងសាត នាទីជាប្រធាននយោបាយឃ៦៨, បងសាម៉ន នាទីជាប្រធានយោធាឃ៣៥ និងបងជា នាទីជាប្រធានយោធាឃ៩០។ ខ្លឹមសារប្រជុំគឺទទួលផែនការសហការជាមួយកម្លាំងបងយ៉ុង នាទីជាទាហានសក្តិ៤ ប្រចាំខេត្តស្វាយរៀង ដើម្បីធ្វើសកម្មភាពជាមួយគ្នា និងត្រៀមកម្លាំងនៅមូលដ្ឋានដើម្បីកម្ទេចបដិវត្តន៍។

នៅខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ១៩៧៣ បងយ៉ា ឲ្យខ្ញុំទៅរស់នៅជាមួយបងស៊ែល ហើយគាត់បានអប់រំថា ខ្ញុំជានីរសារត្រូវអនុវត្តឲ្យបានម៉ត់ចត់លើភារកិច្ចរបស់ខ្លួនក្នុងការទាក់ទងសំបុត្រពីកន្លែងមួយទៅកន្លែងមួយ ដែលជាខ្សែរយៈរបស់បងស៊ែល និងគាត់(បងយ៉ា)។ ខ្ញុំយកសំបុត្ររបស់បងស៊ែលឲ្យ បងសូ នៅភូមិសូតាសេក ស្រុកសំរោង តំបន់២៣ ហើយបងសូ ឲ្យខ្ញុំទៅយកគ្រាប់បែកចំនួន៥០គ្រាប់ ពីកន្លែងនីរសាររបស់គាត់។ ខ្ញុំបានដឹកគ្រាប់បែកនោះមកទុក ហើយរាយការណ៍ឲ្យបងស៊ែល​។ ក្រោយមកឈ្មោះ ឆន នាទីជាអនុឃុំញ បានធ្វើសកម្មភាពបោកគ្រាប់បែកនោះដើម្បីសម្លាប់អនុឃុំត្នោត​ម្នាក់​។ នៅឆ្នាំ១៩៧៤ បងស៊ែល ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងសាម៉ន, បងសាត និងបងជា ដើម្បីមកប្រជុំនៅភូមិក្រសាំង។ ខ្លឹមសារប្រជុំគឺរៀបផែនការដើម្បីកម្ទេចកម្លាំងបដិវត្តន៍គ្រប់ផ្នែកក្នុងតំបន់២៣ ដោយអនុវត្តការបោកគ្រាប់បែក។ នៅខែឧសភា ឆ្នាំ១៩៧៥ បងសូ នាទីជាលេខាតំបន់២៣ បានហៅបងយ៉ា, បងឆែម, បងស៊ែល និងបងឈិត ទៅប្រជុំនៅក្រុងស្វាយរៀង ហើយខ្លឹមសារប្រជុំគឺត្រៀមអនុញ្ញាតឲ្យកងទ័ពវៀតណាមចូលមកក្នុងដីខ្មែរ និងរួមគ្នា​ប្រឆាំងនឹងផែនការ៣តោន របស់អង្គការ ហើយត្រូវរៀបចំកម្លាំងដើម្បីបន្តធ្វើសកម្មភាពប្រឆាំង។ រហូតដល់ខែមិថុនា និងកក្កដា ឆ្នាំ១៩៧៥ ខ្ញុំ, បងស៊ែល និងបងផន បានទាក់ទងជាមួយបងតឿង នាទីជាលេខាកងពលលេខ៥ (វៀតណាម) ដើម្បីឲ្យកម្លាំង​វៀត​​ណាមចូលមកធ្វើសកម្មភាពនៅស្រុកកំពង់រោទិ៍។

នៅខែសីហា ឆ្នាំ១៩៧៥ បងស៊ែល និងបងយ៉ា ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងថាំង នាទីជាលេខាកងពលលេខ៧ (វៀតណាម) នៅបាតត្រាល់។ បងថាំង បានផ្តាំខ្ញុំឲ្យប្រាប់បងយ៉ា និងបងស៊ែល ថាកម្លាំងវៀតណាមត្រៀមចូលតាមស្រុករមាសហែក និងធ្វើសកម្មភាពបាញ់ផ្លោង។ ពេលនោះខ្ញុំវិលមកកន្លែងវិញ ប្រាប់បងយ៉ា និងបងស៊ែល ដើម្បីងាយស្រួលក្នុងការអនុវត្តផែនការ។ នៅខែតុលា ឆ្នាំ១៩៧៥ បងស៊ែល, បងយ៉ា, បងឈិត និងបងឆែម ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងសួន, បងសែន, បងសាត, បងកាវន, បងសាម៉ន, បងសារ៉ាត់, បងពិត និងបងសាគុន ដើម្បីមកប្រជុំ ដែលខ្លឹមសារប្រជុំគឺដើម្បីតៀមអនុវត្តផែនការនៅស្រុកប្រសូត្រ និងប្រឆាំងលើដំណើរការកសាងប្រទេសរបស់អង្គការ។ បងយ៉ា បានឲ្យខ្ញុំ សហការជាមួយមិត្តស៊ាន, មិត្តស៊ុន, មិត្តម៉ាន, បងគឹមហ៊ាង និងបងពឿន ទៅបោកគ្រាប់បែកនៅស្រុកសំរោង។ យើងទាំងអស់គ្នា បានបោកគ្រាប់បែកនៅព្រៃព្រែក និងតំបន់ផ្សេងៗទៀត នៅស្រុកសំរោងព្រមទាំងបើកដៃឲ្យកម្លាំងវៀតណាមបាញ់ផ្លោងគ្រាប់ចូលទឹកដីខ្មែរដែលបណ្តាលឲ្យប្រជាជនស្លាប់យ៉ាងច្រើន។ ក្រោយមកបងស៊ែល ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងសូ នាទីជាលេខាតំបន់, បងគួន នាទីជាអនុលេខាតំបន់, បងឆែម នាទីជាលេខាសេនាធិការ, បងស៊ែល នាទីជាអនុលេខាសេនាធិការ, បងឈិត នាទីជាសមាជិក, បងសួន នាទីជាលេខាកងវរសេនាតូចកាំភ្លើងធំ និងមនុស្សផ្សេងៗទៀតសរុប២៣នាក់ ឲ្យមកប្រជុំ។ ពេលប្រជុំបងសូ បាននិយាយពីផែនការនៅខែធ្នូ ឆ្នាំ១៩៧៧ ខាងមុខកម្លាំងវៀត​ណាមចូលមកខេត្តស្វាយរៀង ឲ្យមិត្តទាំងអស់គ្នាត្រូវចាំរៀបចំកម្លាំង និងបើកផ្លូវឲ្យកម្លាំងវៀតណាម​ចូល​។ កម្លាំងវៀតណាម គ្រោងចូលពីទិសខាងកើតតាមផ្លូវជាតិ។ បងស៊ែល ឲ្យខ្ញុំយកសំបុត្រទៅឲ្យបងថាំង នាទីជាលេខាកងពលលេខ៧  (វៀតណាម) ប្រាប់ពីផែនការដែលបានប្រជុំ។

នៅខែធ្នូ ឆ្នាំ១៩៧៧ វេលាម៉ោង៥ទៀបភ្លឺ ខាងភាគីវៀតណាម ចាប់ផ្តើមផ្ទុះអាវុធគ្រប់មុខសញ្ញា ហើយវៀតណាមបានរុលចូលដល់តំបន់គគីរសោម។ ពេលនោះបងស៊ែល បញ្ជាឲ្យកងទ័ពរបស់គាត់ដកថយ។ ចំណែកបងស៊ែល បានផ្តល់ទៅឲ្យកម្លាំងវៀតណាមនូវឡានដឹកគ្រាប់គ្រប់ធុន និងកាំភ្លើងធុន១២០លី ១ដើម។ ក្រោយពីកម្លាំងវៀតណាមទទួលបានអាវុធ និងឡាន បងស៊ែលឲ្យធ្វើសកម្មភាពនៅស្រុករមាសហែក។ នៅខែមករា ឆ្នាំ១៩៧៨ បងស៊ែល ឲ្យខ្ញុំ និងមិត្តសេង ហៅបង សាម៉ន​, បងពីន, បងកាវន, បងសួន និងបងសាត មកប្រជុំក្នុងវត្តក្តីចាស់។ បងស៊ែល បានប្រកាសពីផែនការថា ត្រូវអនុញ្ញាតឲ្យកម្លាំងវៀតណាមចូលមកតាមផ្លូវបាកត្រាស់ ឡើងមកត្បូងត្រង់តាមទួលប្រសាត ចូលតាមវត្តតាឯកមកខាងលិច និងស្នាក់នៅតំបន់ចេកមាស។ កម្លំាងវៀតណាម បានធ្វើសកម្មភាពតាមផែនការដែលបងស៊ែល កំណត់។ បងស៊ែល បានឲ្យខ្ញុំយកសំបុត្រទៅឲ្យបងគឿន នាទីជាលេខាកងពល (វៀតណាម) ដើម្បីធ្វើសកម្មភាពរុលចូលទឹកដីខ្មែរពីចំណុចខាងត្បូងក្រុងស្វាយរៀង​។

នៅខែកុ​ម្ភៈ ឆ្នាំ១៩៧៨ បងស៊ែល បានណែនាំខ្ញុំ, មិត្តស៊ាន, មិត្តសេង, មិត្តម៉ាន និងមិត្ត​សាមិត ដើម្បីទៅបោកគ្រាប់បែក នៅតាមផ្លូវដាក់ឡានតូចៗ និងនៅតាមមន្ទីរ-ក្រសួងនានា។ មិត្តម៉ាន និងមិត្តស៊ាន បានបោកគ្រាប់បែកដាក់ឡានបងពីន និងឡានបងណាត ចំនួនពីរគ្រាប់ នៅទួលក្រូច។ ក្រោយមកបងស៊ែល ឲ្យខ្ញុំធ្វើសកម្មភាពក្នុងស្រុកប្រសូត ពេលនោះកម្លាំងវៀតណាម បានមកដល់ទួលប្រសាត។ នៅខែមីនា ឆ្នាំ១៩៧៨ បងស៊ែល ឲ្យខ្ញុំទៅបោកគ្រាប់បែកដាក់បងពីន និងបងណាត ម្តងទៀត។ ខ្ញុំធ្វើដំណើរទៅមានគ្នា២នាក់ គឺខ្ញុំ និងមិត្តសាត ពេលមកដល់ផ្ទះកងទ័ពស្ថិតនៅស្រុកសំរោង ខ្ញុំបានផ្ញើកាំភ្លើងអាការ១ដើម និងខោអាវ១កំផ្លេ ហើយខ្ញុំ និងមិត្តសាត ដើរទៅកន្លែងបងពីន និងបងណាត ដើម្បីធ្វើសកម្មភាព ប៉ុន្តែនៅម៉ោង១២យប់ ស្រាប់តែកងទ័ពរបស់បងពីន និងបងណាត បានមកចាប់ខ្លួនខ្ញុំ និងមិត្តសាត។ ផែនការសម្លាប់បងពីន និងបងណាត ត្រូវបរាជ័យទាំងស្រុង។ ខ្ញុំត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយចប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៨៕

[1] ឯកសារ I00754 ចម្លើយសារភាពរបស់ ឃួន សុន ហៅ កឹម ផាន នាទីជានីរសារកងពលតំបន់២៣ នៃភូមិភាគបូព៌ា។ ក្នុងចម្លើយសារភាពក៏មានហត្ថលេខារបស់ឌុចដែលជាប្រធានស-២១ «បងជាទីគោរព, អានេះ [ឃួន សុន ហៅ កឹម ផាន]  វាចូលទៅប្រុងបោកគ្រាប់បែក កន្លែងបងពីនវេលាម៉ោង១២យប់។ មានរាយការណ៍ជូនអង្គការម្តងហើយជាកំណត់ហេតុ។ ចម្លើយលម្អិតលើកនេះក៏មិនជាស៊ីជម្រៅប៉ុន្មាន។ វានិយាយត្រឹមតែវាជានីរសាររត់សំបុត្រ និងរត់ពាក្យរបស់មេៗ និងទាំងយួនទាំងទៅខាងខ្មែរ»​ និងចុះកាលបរិច្ឆេទនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៨។ ឯកសារនេះជូនបង៨៩ ពីរច្បាប់ហើយ។ ក្នុងចម្លើយសាររភាពរបស់ផាន មានចំនួន២៨ទំព័រ បានទម្លាក់កំហុសលើកម្មាភិបាលតំបន់២៣ ប្រមាណ៤៦នាក់​។ អង្គការបានចាប់ខ្លួន និងសួរចម្លើយ ផាន ចប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៨ ដោយឆ្មាំគុក ឈ្មោះផូ​។

***ចំណាំចម្លើយសារភាពក្នុងរបបខ្មែរក្រហមមិនអាចចាត់ទុកថាត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះធ្វើឡើងដោយការបង្ខិតបង្ខំ និងការធ្វើទារុណកម្ម ដើម្បីបង្ខំយកចម្លើយ។


អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin