អ្នកមិនចេះអក្សរធ្វើកងឈ្លប

ឃុត ឆាយ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖  ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។

គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។

ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។

ឃុត ឆាយ បានបញ្ជាក់ថា នៅសម័យនោះក៏មានថ្នាំបរទេសខ្លះដែរ ប៉ុន្តែភាគច្រើនខ្មែរក្រហមឲ្យប្រជាជនប្រើប្រាស់ថ្នាំអាចម៍ទន្សាយជំនួស។

សម្រាប់ជំងឺហើម ឬខ្វះជីវជាតិ គាត់បានយកកន្ទក់ ស្រូវលាយជាមួយផ្លែចេកមកច្របាច់ជាមួយម្សៅជ្រេ និងសូន​ជាគ្រាប់ទុកសម្រាប់ព្យាបាលឲ្យប្រជាជននៅតាមមូលដ្ឋាន។

នៅថ្ងៃដែលគាត់ប្រចាំការនៅមន្ទីរពេទ្យនាសម័យនោះ គាត់ត្រូវទៅយករបបបាយសម្រាប់ចែកឲ្យអ្នកជំងឺ និងក្រុមពេទ្យ។ គាត់តែងតែពន្លើសចំនួនអ្នកជំងឺដើម្បីទទួលបានបាយដែលលើសសម្រាប់ទុកហូបខ្លួនឯង និងទុកឲ្យប្អូន។

នៅថ្ងៃណាដែលគាត់មិនប្រចាំការនៅមន្ទីរពេទ្យ គាត់ត្រូវទៅធ្វើការពលកម្ម ដូចជាស្ទូងស្រូវ ច្រូតស្រូវ ជាមួយប្រជាជនទូទៅ និងទទួលបានរបបបាយ។ នៅសម័យនោះ ប្រជាជនទាំងអស់ត្រូវធ្វើពលកម្មដោយគ្មានពេលសម្រាកគ្រប់គ្រាន់ និង​ហូបចុកដែលមានតែបាយលាយជាមួយគល់​ចេក ស្លឹកដំឡូងមី និងមើមប្រង់ប៉ុណ្ណោះ។

ទោះបីជាប្រជាជនធ្វើស្រែបានទិន្នផលច្រើន ក៏ខ្មែរក្រហមមិនឲ្យហូបគ្រប់គ្រាន់នោះទេ។   អ្នកដែលតវ៉ាប្រឆាំង​ និងមិនពេញចិត្តរបបខ្មែរក្រហម អ្នកទាំងនោះនឹងត្រូវតាមដានដោយកងឈ្លបនៅសហករណ៍ត្រពាំងក្រហម។ ប្រជាជន​ដែលលួចហូបត្រូវបានយកទៅកសាង ដោយ​ស្តីបន្ទោសនិងបញ្ជូនឲ្យទៅគាស់ថ្ម។ អ្នកដែលខុសសីលធម៌ ឬលួចលាក់មានស្នេហាត្រូវចាប់ចងនិងបណ្តើរ​យកទៅធ្វើការដោយគ្មានពេលសម្រាកនៅចំពោះមុខប្រជា​ជនក្នុងសហករណ៍។

នៅឆ្នាំ១៩៧៩ គាត់បានរស់រានមានជីវិតដោយសារការរំដោះ។ នៅឆ្នាំ១៩៨៥ គាត់បានក្លាយជាកងជីវពលនិងត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅភ្នំដងរែក។

ជាចុងក្រោយគាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងខិត​ខំ​រៀនសូត្រ ពីព្រោះគាត់បានប្រាប់ថា គាត់មិនមានឱកាសរៀនសូត្រដូចបច្ចុប្បន្ននេះទេ។

នៅសម័យខ្មែរ គាត់បានរៀនតែបន្តិចបន្តួចក្រោមម្លប់ដើមឈើប៉ុណ្ណោះ។ សៀវភៅមួយក្បាល និងខ្មៅដៃមួយដើមត្រូវកាត់ជាពីរ។  គាត់​សង្ឃឹមថា អ្នកចេះដឹងនឹងធ្វើការដើម្បីប្រជាជន មិនឲ្យដូចសម័យខ្មែរក្រហម ដែលយកអ្នកមិនចេះអក្សរមកធ្វើកងឈ្លប និងសម្លាប់ប្រជាជនដោយគ្មានការគិតពិចារណានោះទេ៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin