ឃុច ហេច៖ កាប់ទន្រ្ទានខេត្តនៅសមរភូមិស

ឃុត ហេច រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ឃុត ហេច ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ហេច មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ ញឹម និងមានបងប្អូនប្រាំនាក់។ បច្ចុប្បន្ន ហេច រស់នៅជាមួយបងស្រី។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហេច និយាយថា នៅភូមិចុងស្រង់មានការទម្លាក់គ្រាប់បែក និងមានការប្រយុទ្ធបណ្ដាលឲ្យផ្ទុះឆេះរទេះសេះដឹកប្រេង និងខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។ នៅពេលប្រជាពលរដ្ឋរត់ចូលលេណដ្ឋាន កងទ័ពវៀតណាម បានចូលមកប្រមូលសម្ភារ និងសត្វចិញ្ចឹម។ ហេច បន្តថា នៅពេលនោះមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។

នៅឆ្នាំ១៩៧៥ នៅរបបខ្មែរក្រហម ហេច ត្រូវចាត់ទុកជាប្រជាជនចាស់ និងធ្វើការក្នុងកងកុមារ។ ហេច ត្រូវរែកដីដំបូក, កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី និងមើលថែប្អូននៅភូមិទង់លាង ដែលខ្មែរក្រហមហៅថា សមរភូមិស។ ហេច ចងចាំថា គាត់ត្រូវធ្វើការពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក ទើបបានសម្រាកហូបបបរមួយវែកត្រឡោកដូង លាយជាមួយសម្លព្រលិត ឬត្រកួនក្នុងមួយពេល។ ហេច បន្តថា នៅពេលគាត់មានរបួស និងដំបៅជើង ខ្មែរក្រហមអនុញ្ញាតឲ្យគាត់សម្រាកបានតែពីរថ្ងៃប៉ុណ្ណោះ និងបន្តធ្វើការទាំងឈឺ។ ចំណែក ម្ដាយរបស់ហេច ត្រូវទៅដកស្ទូង និងយប់ឡើង ទើបត្រលប់មកផ្ទះជួបជុំជាមួយហេច និងប្អូនដែលរស់នៅជាមួយ។ ដោយឡែក បងស្រីរបស់ហេច ត្រូវធ្វើការនៅកងនារី។

នៅរបបខ្មែរក្រហម ហេច បានព្រាត់ប្រាសពីបងស្រី និងមិនដែលបានជួបគ្នានោះទេ។ ហេច ថាប្រជាជនថ្មី, អ្នកដែលចេះដឺង ឬជាមន្ត្រីរាជការនៃរបបមុនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅវត្តអង្គ រួមទាំងគ្រួសារបងប្អូនជីដូនមួយរបស់គាត់៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin