ជីកស្រះដើម្បីសម្លាប់មនុស្ស
(រតនគិរី)៖ ឃុត ស្រៃ មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរស់រានមានជីវិតពីរបបខ្មែរក្រហម និងម្តងទៀតនៅពេលដែលគាត់កាប់ឆ្ការព្រៃនៅតំបន់ភ្នំដងរែក ក្រោមការបញ្ជារបស់កងទ័ពវៀតណាម។ ឃុត ស្រៃ ស្ទើរតែបាត់បង់ជីវិតដោយមីនមិនទាន់ផ្ទុះនៅភ្នំដងរែក។
នៅមុនឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិស្រែអង្គ្រង ដែលជាភូមិកំណើតរបស់គាត់។ នៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើជាកងកុមារ បន្ទាប់មកជាកងចល័ត ដែលត្រូវធ្វើការងារតាមស្រែចម្ការ ដូចជាស្ទូងស្រូវ ដឹកជញ្ជូនស្រូវដាក់តាមឃ្លាំងជាដើមនៅសហករណ៍ភូមិត្រពាំងក្រហម។ ក្រៅពីការងារ គាត់និងកុមារដទៃទៀតបានរៀនសូត្រប្រហែលជាមួយម៉ោងទៅពីរម៉ោងជាមួយ តាកន នៅតាមវាលស្រែឬនៅឯលើភ្នំមួយក្នុងភូមិត្រពាំងក្រហម។
នៅទីនោះមានមន្ទីរមួយសម្រាប់រស់នៅរួម ជាមួយយាយ សែម និង យាយហា ដែលជាអ្នកមើលការខុសត្រូវក្នុងមន្ទីរ។ អ្នកដែលទៅរៀនឬទៅធ្វើការមិនទាន់ត្រូវបានវាយដំដោយ តាកន នៅឡើយទេ។
នៅសម័យខ្មែរក្រហម ឃុត ស្រៃ មានអាយុប្រហែលជាង១០ឆ្នាំ គាត់ចងចាំថា របបអាហារនៅសម័យនោះមានតែបបរលាយជាមួយដើមចេក មើមប្រង់ ស្លឹកដំឡូង និងដំឡូងមីបន្តិចបន្តួចប៉ុណ្ណោះសម្រាប់បរិភោគ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវច្រូតកាត់ស្រូវនៅពេលថ្ងៃ និងដឹកជញ្ជូនស្រូវយកទៅដាក់ឃ្លាំងនៅពេលយប់ ដោយមិនបានហូបចុក និងសម្រាកបានគ្រប់គ្រាន់នោះទេ។
នៅចុងឆ្នាំ១៩៧៨ គាត់ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅចម្ការអំពៅរបស់ តាកន នៅឯភូមិត្រពាំងច្រេសមុនមួយសប្តាហ៍បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ។
ខ្មែរក្រហមបានជម្លៀសគាត់ចេញពីឪពុកម្តាយពីភូមិត្រពាំងក្រហមទៅភូមិត្រពាំងច្រេស ក្នុងគោលបំណងរៀបចំគម្រោងសម្លាប់ឪពុកម្តាយរបស់គាត់។
នៅក្នុងភូមិត្រពាំងក្រហម ខ្មែរក្រហមបានបញ្ជាឲ្យឪពុកម្តាយរបស់គាត់ជីកស្រះ និងអណ្តូង។ ឪពុកម្តាយរបស់គាត់ត្រូវបានចាត់ទុកជាខែ្សខ្មាំង ក៏ប៉ុន្តែមួយសប្តាហ៍ក្រោយមករបបខ្មែរក្រហមបានដួលរលំ ទើបឪពុកម្តាយរបស់គាត់បានរួចផុតពីការកាប់សម្លាប់។
នៅពេលកងទ័ពខ្មែរក្រហមនាំប្រជាជនរត់គេចខ្លួនទៅតំបន់អន្លង់វែង គាត់ត្រូវបានបងប្រុសម្នាក់ឃាត់មិនឲ្យទៅតាមខ្មែរក្រហមទើបគាត់រស់រានជីវិតមកទល់សព្វថ្ងៃ។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ត្រូវបានកងទ័ពវៀតណាមបញ្ជូនឲ្យទៅកាប់ឆ្ការព្រៃនៅតំបន់ភ្នំដងរែក ដែលនៅទីនោះមានប្រជាជនខ្មែរជាច្រើននាក់ត្រូវបានបាត់បង់ជីវិតដោយសារជាន់មីន។ ប្រជាជនខ្មែរត្រូវបានរងទុក្ខលំបាកជាច្រើនឆ្នាំមុនពេលនិងក្រោយពេលសម័យខ្មែរក្រហមដោយសារសង្គ្រាមរវាងខ្មែរនឹងខ្មែររហូតដល់ចុងឆ្នាំ១៩៩៨។
នៅឆ្នាំ១៩៨៧ គាត់បានរៀបការជាមួយប្តីរបស់គាត់និងត្រឡប់មករស់នៅស្រុកកំណើតមកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤