វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ

ដោយ៖ ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥

ការប្រើសំឡេងរំខានដោយយោធាថៃ គឺជាការបំភិតបំភ័យផ្លូវចិត្ត និងយាយីលើជនស៊ីវិលកម្ពុជា កំពុងរស់នៅតាមព្រំដែន ដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់ និងដំណើរការសន្តិភាព។

លក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំ គឺការប្រកាន់ខ្ជាប់នូវវិន័យ តម្លៃជាយោធា និងការគោរពនីតិរដ្ឋ។ រចនាសម្ព័ន្ធយោធាណា ដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនបានអនុវត្តទៅតាមស្ដង់ដាយោធាលំដាប់ពិភពលោកនោះទេ។ ពោលគឺយោធាទាំងនោះ កំពុងទទួលយកអត្តចរិត និងស្តង់ដាក្រុមមិនស្របច្បាប់ដែលស្ថិតនៅក្រៅព្រំដែនស្ថាប័នវិជ្ជាជីវៈ ដូចជា អ្នកលេង ជនពាល ចោរប្លន់ ឬជនល្មើសច្បាប់ ជាដើម។

យើងគួរតែថ្កោលទោសចំពោះអត្តចរិតក្មេងខ្ចីដែលមិនសមរម្យរបស់អ្នកជិតខាងយើង ហើយយើងគួរតែឆ្លើយតបដោយការតាំងចិត្តដ៏ឱឡារិក និងសេចក្តីថ្លៃថ្នូរថាប្រជាជាតិកម្ពុជា មិនប្រព្រឹត្តទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះទេ ហើយយើងក៏មិនរាថយដោយសារទង្វើក្មេងខ្ចីរបស់យោធាថៃបែបនេះដែរ។

——
ឯកសារយោង៖ យោធាថៃបន្តយុទ្ធនាការ «បំភិតបំភ័យផ្លូវចិត្ត» របស់ខ្លួននៅយប់ទី២ ដោយបានបន្លឺសំឡេងរំខាននៅតាមព្រំដែន ចំណុចភូមិសាស្ត្រប្រទេសកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ចំណងជើងរូបភាព៖ ឆាំង យុ នៅបណ្ណាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ និងរូបទីពីរ គឺជារូបភាពរថយន្តថៃ (ឬរថយន្តដឹកទំនិញថៃ) ដែលមានលក្ខណៈពិសេសបង្ហាញអំពីវប្បធម៌របស់រថយន្តដឹកទំនិញនៅក្នុងប្រទេសថៃ ដោយមានបំពាក់ឧបករណ៍បំពងសំឡេង ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កការរំខានដល់អ្នកភូមិព្រៃចាន់ និងអ្នកភូមិជោគជ័យ ក្នុងទម្រង់ជាសង្គ្រាមចិត្តសាស្ត្រយោធា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin