ឃុន សាមឿន៖ អតីតកងទ័ពការពារ នៅតាមឆ្នេរសមុទ្រខេត្តកំពត

កសិករកំពង់កៀរប្រមូលអំបិលក្នុងស្រែអំបិលនៅខេត្តកំពត ក្នុងរបបខ្មែរក្រហម(រវាងឆ្នាំ១៩៧៥-១៩៧៩) បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
កសិករកំពង់កៀរប្រមូលអំបិលក្នុងស្រែអំបិលនៅខេត្តកំពត ក្នុងរបបខ្មែរក្រហម(រវាងឆ្នាំ១៩៧៥-១៩៧៩) បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្ញុំឈ្មោះ ឃុន សាមឿន[1] ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិ ប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ឃៀម។ ​ ខ្ញុំមានប្ដីឈ្មោះ មឹង សុផល ​និង​មានកូនចំនួន៣នាក់។​ បច្ចុប្បន្ន ខ្ញុំមានមុខរបរជាគ្រូពេទ្យ។

នៅដើមឆ្នាំ១៩៧៤ ខ្ញុំបានចាកចេញពីផ្ទះ ទៅហាត់រៀនចូលបម្រើកងទ័ព នៅភូមិអង្គត្នោត ក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំបានចូលបម្រើជួរកងទ័ពកម្លាំងទី១។ ​ ក្រោយមក កម្មាភិបាលខ្មែរក្រហម ​បានប្រមូលយក​ទ្រព្យសម្បត្តិដាក់ជារបស់រួម ​មានដូចជា ផ្ទះសម្បែង ស្រូវ អង្ករជាដើម។ ​ពេលនោះ​ ឈ្មោះ កុច ​ធ្វើជាប្រធានភូមិ​។ គ្រប់សកម្មភាពទាំងអស់ ស្ថិតក្រោមការគ្រប់គ្រងរបស់គាត់។​ ម្ដាយ និងយាយរបស់ខ្ញុំ ​សុខចិត្តលះបង់ទ្រព្យសម្បត្តិ​​ដូចជា ស្រូវ, អង្ករ, គោ-ក្របី និងមាន់-ទា ​ដាក់ជារបស់រួមទាំងអស់។​ ខ្ញុំនិងឪពុកម្ដាយ រស់នៅភូមិអង្គត្នោតនេះ រយៈពេល៣ខែ។ ​​ ពេលនោះ ពូរបស់ខ្ញុំឈ្មោះ នាម បានបង្កជម្លោះជាមួយប្រធានភូមិនោះ។  ខ្ញុំ និងពូក៏នាំគ្នារត់ចេញពីភូមិអង្គត្នោត​​។ ខ្ញុំបានរត់ចេញពីភូមិចោលឪពុកម្ដាយ និងជីដូនចាស់ជរា​។ កាលនោះ ​ឪពុកខ្ញុំមានវ័យ​ចំណាស់ហើយ ទើបកម្មាភិបាលខ្មែរក្រហមបញ្ជូនខ្ញុំទៅធ្វើទ័ព ​ឲ្យទៅប្រយុទ្ធគ្នានៅតាមសរមភូមិដូចគ្នានឹងមនុស្សប្រុសដទៃទៀតដែរ។

នៅចុងឆ្នាំ១៩៧៤ កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំឲ្យទៅរស់នៅភ្នំដិន ខេត្តតាកែវ។ នៅពេលដំបូង​ ខ្ញុំបានធ្វើជាអ្នករែកបាយ។​ បន្ទាប់មក ខ្ញុំក៏ត្រូវ​ទៅនៅចាំការពារនៅភ្នំចាក់ចំរូង​។ ​ពេលនោះ កងទ័ព​មានចំនួន២៤នាក់ រួមមាន ស្រី១២នាក់និងប្រុស១២នាក់។ កម្មាភិបាលខ្មែរក្រហម បានចាត់តាំងឲ្យស្រីៗ ដើរយាមនៅខាងកើតភ្នំ។ ឯប្រុសៗ ឲ្យទៅយាមនៅខាងលិចភ្នំ។ ប៉ុន្តែ អង្គការ​ ប្រមូលក្រុមជុំគ្នាទាំងអស់នៅខាងត្បូងភ្នំ។ ការរស់នៅ ការហូបចុក ត្រូវលាក់ការណ៍សម្ងាត់ ដើម្បីការពារមិនឲ្យយួន​បានដឹងពី​កន្លែងកងទ័ពរស់នៅឡើយ។ ប្រធានកងទ័ព សុទ្ធតែមនុស្សស្រី ដែលគាត់មាន ឈ្មោះខុន ជាប្រធានក្រុម និងឈ្មោះ ណាន ជាអនុធានក្រុម។ បើប្រធានកងរយ និងកងវរៈវិញ មានឈ្មោះ នៀន។ ​ បន្ទាប់មកទៀត ខ្ញុំបានចេញពីសរមភូមិ  ទៅកាន់ផ្នែកសេដ្ឋកិច្ចកងពល​ នៅស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី នៅភូមិស្រែរនោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។[2] កម្មាភិបាលខ្មែរក្រហម​ ​បញ្ជា​ឲ្យខ្ញុំសម្លាប់សត្វ​គោ ចំនួន២៥ក្បាល និងក្របីចំនួន២៥ក្បាល។ ​​នៅពេលសម្លាប់សត្វម្ដងៗ ខ្ញុំមានអារម្មណ៍ថា ភ័យខ្លាចណាស់។ ប្រធានកងពល មានឈ្មោះ សោម និងសារុន ជាអនុប្រធានកងពល។ ​

នៅឆ្នាំ១៩៧៥ បន្ទាប់ពីវាយបែកខេត្តតាកែវ កម្មាភិបាលខ្មែរក្រហម ចាត់តាំង​ឲ្យខ្ញុំ​ធ្វើគ្រូបង្ហាត់ទ័ពនៅ​ផ្សារតាកែវ។ ខ្ញុំ​ធ្វើជាគ្រូជំនួសឈ្មោះ ខុន បានរយៈពេលមួយខែ។ ក្រោយមក កម្មាភិបាលខ្មែរក្រហម ក៏ដកកម្លាំង ​ឲ្យទៅនៅស្រែអំបិល ​ជាកម្មករធម្មតា នៅភូមិភាគនិរតី(ភូមិភាគ៤០៥) នៅកំពង់កណ្ដាល ខេត្តកំពត។[3] លុះពេលទៅដល់ ខ្ញុំបានធ្វើជាអ្នករែកអំបិល និងបុកអង្គប់។ ការងារនេះ ខ្ញុំ​ធ្វើមិនសូវបានឈប់សម្រាកទេ។ ខ្ញុំធ្វើបានរយៈពេលមួយឆ្នាំ ក៏ឈប់។

នៅចុងឆ្នាំ១៩៧៥ ខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហម បញ្ជូនឲ្យទៅធ្វើទ័ព ចេញទៅការពារ​យួនពីការចេញចូលយកអំបិលនៅតាមឆ្នេរសមុទ្រ ​និងដើរយាមនៅជុំវិញកំពង់កណ្ដាល​។  បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់ ខ្ញុំក៏ទៅរែកអំបិលដូចដើមវិញ។ លុះពេលបន្ទាប់ ខ្ញុំក៏ត្រូវផ្លាស់​ឲ្យទៅធ្វើការនៅឃ្លាំងដាក់អំបិលវិញ។ ​​​​​​​​ការងារនេះ បានបណ្តាលឲ្យមេជាងម្នាក់ស្លាប់ ដោយសារធ្លាក់ពីលើដំបូល​ឃ្លាំងនោះ។ ខ្ញុំក៏ត្រូវកម្មាភិបាលខ្មែរក្រហម ​ចាត់តាំងឲ្យទៅកាប់ស្លឹកត្នោតយកមកប្រក់ដំបូង។ ​អំឡុងពេលនោះ ខ្ញុំក៏ធ្លាក់ពីលើដើមត្នោត រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅកន្លែងពេទ្យកងការពារនៅតាមឆ្នេរសមុទ្រ។ តាំងពីពេលនោះមក ស្រីៗ​ក៏ឈប់ពីការកាប់ស្លឹកត្នោតទាំងអស់គ្នា។ ក្រោយមក ខ្ញុំបានទៅរស់នៅជាមួយឈ្មោះ នៀន ដែលមានតួនាទីជាប្រធានកងវរៈនៅកំពង់កណ្ដាល។ ខ្ញុំ​ធ្វើជាអ្នកបើកឡានឲ្យឈ្មោះ នៀន ពីភ្នំពេញទៅកំពង់សោម។​ ការងារនេះ ខ្ញុំធ្វើបានរយៈពេល៤ទៅ៥ខែ ខ្ញុំ​ក៏ឈប់។  បន្ទាប់មក ​ខ្ញុំទៅធ្វើការនៅផ្នែកអំបិល ជឿនលឿន លើស​តាមផែនការកំណត់ ដោយមួយកងវរៈ ត្រូវធ្វើឲ្យបានចំនួន៧តោន ប៉ុន្តែជាក់ស្ដែងឆ្នាំដំបូង យើងធ្វើបានរហូតដល់១សែន១ម៉ឺនតោន។ នៅឆ្នាំបន្ទាប់ យើងធ្វើបានរហូតដល់ ២សែន២ម៉ឺនតោន និងក្លាយជាកងពិសេស​។ ​ ​​ពេលនោះមានការប្រណាំងប្រជែងគ្នារវាងកងវរៈ និងកងរយ។ ​ចំពោះសកម្មភាពនេះ ​កងវរៈទទួលបានជ័យជំ​នះ។

ពីឆ្នាំ១៩៧៦ ដល់១៩៧៧ ​ កម្មាភិបាលខ្មែរក្រហម បានជ្រើសរើស សមាជិកចំនួន២០០នាក់រួមទាំងខ្ញុំ ដែលឈ្នះពីការប្រកួតប្រជែង ឲ្យទៅរស់នៅភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ខេត្តពោធិ៍សាត់។[4] ​មុនដំបូង ខ្ញុំបានទៅធ្វើស្រែ នៅភូមិបាកាន និងភូមិសែនជ័យ ជាមួយប្រធានភូមិឈ្មោះ ជា។ ខ្ញុំមានតួនាទីជាជំនួយការ​កងពិសេស ក្នុងកងចល័តតំបន់ អេ។ ប្រធានកងចល័តតំបន់ អេ មានឈ្មោះ យឹម។ ខ្ញុំបានដើរមើលទឹកស្រែ និងលើកទំនប់នៅសោមសាន្ដ ជាមួយឈ្មោះ យាយណាន, យាយរុន និងយាយរឹម។

នៅឆ្នាំ១៩៧៨ ដល់ថ្ងៃដែលខ្ញុំត្រូវរៀបការ។ បើតាមខ្ញុំចាំ អង្គការ​រៀបចំឲ្យខ្ញុំ​ចំនួន៧ដង ​ជាមួយ ឈ្មោះ ឃី, ​ ខន, ​វ៉ាន់, ឈៀវ​, ហួន, ​គេហៅអាខ្មៅៗ ​និងចុងក្រោយ ឈ្មោះ ប្រុញ។ ​ ខ្ញុំមិនបានរៀបការទេ គឺរត់ទាំង៧លើក។ ចុងក្រោយ ក្នុងចិត្តគិតថា បើមិនព្រមរៀបការ ខ្លួននឹងត្រូវជាប់ខ្នោះជាមិនខាន។ ​ ខ្ញុំក៏ឡើងជិះសេះ ត្រលប់ទៅកន្លែង សោមសាន្ដ វិញ ដោយទៅដល់​ម៉ោង១២យប់។ ​នៅវេលាថ្ងៃមួយ អំឡុងពេលធ្វើការ ប្រហែលម៉ោង១២ថ្ងៃត្រង់ ខ្ញុំបានឃើញម៉ូតូនីរសារមកដល់ ខ្ញុំភ័យខ្លាំងណាស់។ នីរសារ​ថែមទាំង ​ប្រាប់ឲ្យខ្ញុំរៀបចំ​សម្លៀកបំពាក់ផ្លាស់ទៅកាន់ទីកន្លែងផ្សេងទៀត។ ​ខ្ញុំគិតថា ខ្លួនពិតជាមានទោស ក៏មិនយកសម្លៀកបំពាក់​ដាក់តាមខ្លួន​ គឺទុកឲ្យឈ្មោះ ប៊ុត ជាអ្នកដាំបាយនៅ សោមសាន្ដនោះ។ កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំមកនៅជាមួយយាយ ណាន និងបានហូបបាយយ៉ាងឆ្អែត។​ ​ខ្ញុំនៅតែគិតក្នុងចិត្ត​ថា ខ្លួនមិនរស់​ទេ ព្រោះ​ត្រូវ​​ចោទថា ក្បត់នឹងអង្គការ។ ​កម្មាភិបាលខ្មែរក្រហម បានដាក់ទណ្ឌកម្មឲ្យខ្ញុំទៅដាំឪឡឹករយៈពេលមួយថ្ងៃ។ ការដាំឪឡឹក​របស់ខ្ញុំ​មិនបានលទ្ធផល​ ទើបកម្មាភិបាលខ្មែរក្រហមចោទថាក្បត់ ​ ក៏បញ្ជូន​ឲ្យខ្ញុំទៅចិញ្ចឹមមាន់។ មិនបានប៉ុន្មានផង ខ្ញុំក៏ត្រូវផ្លាស់ឲ្យទៅកាត់ដេរសម្លៀកបំពាក់ រយៈពេលមួយយប់មួយថ្ងៃ។ ​ ​ខ្ញុំបានធ្វើឲ្យបាក់ម្ជុលអស់ចំនួន២ដើម ហើយត្រូវខ្មែរក្រហម ចោទថាក្បត់នឹងអង្គការជាលើកទី២។ ខ្ញុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ត្រូវកម្មាភិបាលខ្មែរក្រហមចាប់ដាក់គុក​នៅទួលគង នៅស្រុកបាកាន ខេត្តពោធិ៍សាត់។   នៅក្នុងគុករយៈពេល៧ថ្ងៃ ខ្ញុំហូបតែទឹក និងអំបិល​តែប៉ុណ្ណោះ​។ បាយចំណែករបស់ខ្ញុំ ត្រូវបានប្រគល់​ឲ្យអ្នកទោសដូចគ្នា។ ការជាប់ទោសនេះ គឺដោយសារខ្ញុំមិនព្រមរៀបការ។ ​នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបាត់បង់ប្អូនចំនួន២នាក់ ឈ្មោះ ខន និងទ្រី។

នៅឆ្នាំ១៩៧៩ បន្ទាប់ពី ខ្ញុំជាប់គុកអស់រយៈពេល៧ថ្ងៃ កងទ័ពវៀតណាមក៏ចូលមកដល់។ ខ្ញុំបានឮសូរសន្ធឹករថក្រោះ និងសម្លេងយន្ដហោះ។ ពួកទ័ពក៏រត់ចេញពីកន្លែងអស់។ ខ្ញុំក៏ឲ្យកូនយាយ ប៊ុត យកកាំបិតមកកាត់ខ្នោះចេញពីដៃ។ ​​​ បន្ទាប់មក ​ខ្ញុំក៏រត់ចូលព្រៃជាមួយមនុស្ស៣នាក់​។ ការរស់នៅ​ក្នុងព្រៃវេទនាណាស់​​ ​អង្ករក៏អស់ យើងក៏នាំគ្នាហូបតែគល់​ក្ដួច គល់ល្ហុង និងគល់ចេកប៉ុណ្ណោះ។ ​ក្រោយមក អ្នក​ទាំង៣ បានស្លាប់អស់ គឺស្លាប់ដោយសារដាច់បាយ នៅសល់តែខ្ញុំ។ ខ្ញុំចេះតែបន្តដំណើររហូតមកដល់ អូររថក្រោះ។ សំណាង​ល្អ ខ្ញុំ​មាន​បាយហូបទើបអាចបន្តជីវិតមកដល់ពេលសព្វថ្ងៃនេះ។ រហូតដល់​ឆ្នាំ១៩៩២ ​ទើបខ្ញុំវិលត្រលប់មកស្រុកកំណើត និងបានជួបជុំជាមួយក្រុមគ្រួសារវិញ។ ​ ​

អត្ថបទដោយ ជីម សុខគា


[1]ឯកសារ TKI០០៥៦, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ   ​ឃុន សាមឿន  ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​​,  ចំណងជើងអត្ថបទ« ​​» ។ សម្ភាសន៍ ដោយ ​អ៊ីសា ឧស្មាន នៅថ្ងៃទី១៨ខែកុម្ភៈ  ឆ្នាំ២០០៣។ ចំនួន៣០ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3] ឯកសារដូចគ្នា

[4]ឯកសារដូចគ្នា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin