គ្រាដែលខ្មែរក្រហមមកចាប់ខ្លួនបងប្រុសខ្ញុំទៅ

រំឭករឿងរ៉ាវពីអតីតកាលដែលចងចាំមិនអាចបំភ្លេចបាន នៅពេលដែលខ្មែរក្រហមប្រាំមួយនាក់ ជិះឡានកាម៉ង់កា មកដឹកយកបងប្រុសទៅ ដោយមិនបានបន្សល់ទុកបណ្តាំអ្វីទាំងអស់។ គឹម មី[1] ភេទប្រុស មានអាយុ ៥១ឆ្នាំ (២០០៦) ជាកសិករមានស្រុកកំណើត និងរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ មី មានប្រពន្ធឈ្មោះ ភួង ផន មានអាយុ ៥៤ឆ្នាំ (២០០៦) និងមានកូនប្រាំនាក់។ មី មានឪពុកឈ្មោះ អ៊ុក គឹម និងម្ដាយឈ្មោះ ភួង ស៊ឹម។ មី មានបងប្អូនប្រុសប្រាំមួយនាក់ ទី១) ឈ្មោះ ឃួន ចើ, ទី២) គឹម ជន, ទី៣) គឹម ចុន, ទី៤) គឹម មី, ទី៥ គឹម ប៉ូ និងទី៦) គឹម ពេញ។ ខាងក្រោមនេះជារឿងរ៉ាវដែលប្អូនចើ ឈ្មោះ មី បានរៀបរាប់អំពីជីវិតផ្ទាល់ខ្លួន និងរឿងរ៉ាវជាប់ទាក់ទងជាមួយបងប្រុសរបស់ខ្លួនឈ្មោះ ឃួន ចើ ដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន៖
គឹម មី រៀបរាប់ថា ឃួន ចើ កើតឆ្នាំកុរ (១៩៤៧) ជាកុមារចូលចិត្តសិក្សា និងតស៊ូ ដោយទៅរៀនសូត្រមិនដែលអាក់ខាននោះទេ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចើ ឈប់រៀនសូត្រត្រឹមថ្នាក់ទី៧ (សង្គមចាស់) នៅសាលាវត្តបឹងទឹម។ នៅឆ្នាំ១៩៧២ នៅពេល ចើ កំពុងធ្វើស្រែនៅអាងពង្រ ខាងកើតភូមិតាប៉ុន កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិបឹងទឹម និងកៀរប្រជាជន រួមទាំង ចើ ឲ្យចូលបដិវត្តន៍ ដោយទៅធ្វើស្រែនៅព្រៃរនាម (ព្រៃមួយដ៏ធំជិតមាត់ទន្លេសាប)។ ក្រោយមក ចើ បានផ្តល់ដំណឹងឲ្យប្រពន្ធនៅឯផ្ទះក្នុងភូមិបឹងទឹម ឲ្យចូលបដិវត្តន៍ជាមួយខ្លួន។ ចំណែក ប្អូនចើ បានរត់គេចពីខ្មែរក្រហម និងពួនតាមគុម្ពព្រៃនៅជិតវត្តបឹងទឹម។ នៅព្រឹកឡើង ប្អូនចើ ឃើញទាហាន លន់ នល់ ប្រយុទ្ធជាកងទ័ពខ្មែរក្រហមនៅក្នុងភូមិបឹងទឹម។ ប្អូនចើ បានរត់ចេញពីភូមិបឹងទឹម ទៅភូមិតាប៉ុន។ នៅចុងឆ្នាំ១៩៧២ ប្រពន្ធចើ បានចេញពីភូមិទៅតាមប្តីនៅព្រៃរនាម។
ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ការប្រយុទ្ធបានបន្តដល់ភូមិតាប៉ុន ទាហាន លន់ នល់ បានចូលមកប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម និងមានយន្តហោះទម្លាក់គ្រាប់បែក។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមដណ្តើមកាន់កាប់បានទីក្រុងភ្នំពេញ ប្អូនចើ បានឃើញ ចើ កាន់កាំភ្លើងចូលមកក្នុងភូមិតាប៉ុន។ បន្ទាប់ពីជួបជុំប្អូនៗបានមួយភ្លែត ចើ បន្តទៅធ្វើការ ដោយធ្វើការផ្នែកជំនួយការនៅភូមិរកា ឃុំតាប៉ុន។ ចំណែក ប្អូនចើ រស់នៅត្រើយម្ខាងស្ពានតាសែត មិនបានត្រលប់ទៅភូមិបឹងទឹមវិញទេ ដោយសារខ្មែរក្រហមមិនឆ្លងស្ពាន។ ប្អូនចើ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ឬប្រជាជន១៧មេសា និងរស់នៅជាមួយប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ។ ដោយឡែក ចើ ជាអ្នកតស៊ូក្នុងព្រៃ ដែលខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។
ប្អូនចើ និយាយថា គាត់បានឃើញខ្មែរក្រហមដឹកប្រជាជនថ្មី ប្រហែលជាបួនឡានយកមករស់នៅក្នុងសហករណ៍ និងត្រូវធ្វើពលកម្មហួសកម្លាំងនៅតាមការដ្ឋាន។ ប្អូនចើ បន្តថា ប្រជាជនថ្មី និងប្រជាជនចាស់ ត្រូវរស់នៅ, ធ្វើការ និងហូបចុកផ្សេងគ្នា។ ប្រជាជនថ្មីណា ដែលជាប់និន្នាការពីរបប លន់ នល់ នឹងត្រូវខ្មែរក្រហមយកទៅរៀនសូត្រ ឬទៅកាប់ឫស្សី ដោយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ នៅពេលនោះ គាត់ឮខ្មែរក្រហមពោលថា៖ «ជីកស្មៅជីកទាំងឫស»។
ចំណែក ចើ ធ្វើការ និងប្រជុំជាមួយប្រធានសហករណ៍, គណៈឃុំតាប៉ុន តាឈូក, គណៈស្រុកសង្កែ តារ៉ៃ និងកម្មាភិបាលនៅតំបន់៤។ ចើ តែងតែទៅសុំស្បៀងពីខាងគណៈស្រុក និងប្រធានសហករណ៍យកមកចែកឲ្យសមាជិកកងតូចសហករណ៍ដូនប៉ែន។ ក្រោយមក ប្អូនចើ បានធ្វើការជាមួយ ចើ ក្នុងនាមជាអ្នកឃ្វាលសេះ សម្រាប់ឲ្យបងប្រុសប្រើប្រាស់។ ប្អូនចើ និយាយថាបងប្រុសខ្លួន មានកង់ និងសេះ សម្រាប់ធ្វើដំណើរ ដូចកម្មាភិបាលខ្មែរក្រហមផ្សេងទៀតដែរ។
នៅឆ្នាំ១៩៧៦ ប្រជាជនក្នុងសហករណ៍ ត្រូវធ្វើការហួសកម្លាំងគ្មានពេលសម្រាក និងចាប់ផ្តើមហូបរួមតាមរោងបាយ។ នៅចុងឆ្នាំ១៩៧៦ ប្អូនចើ ត្រូវបានកម្មាភិបាលខ្មែរក្រហមរៀបចំឲ្យរៀបការ ក្នុងពេលតែមួយ ចំនួន១២គូ ដោយបេ្ដជ្ញាចិត្តចំពោះមុខអង្គការ និងហូបអាហាររួមគ្នាមួយពេល។ បន្ទាប់ពីរៀបការរួច ប្អូនចើនិងប្រពន្ធបានរស់នៅតាមផ្ទះក្នុងភូមិវិញ ប៉ុន្តែនៅបន្តធ្វើការតាមការដ្ឋាន។
នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីខេត្តតាកែវ ភូមិភាគនិរតី បានចូលមកគ្រប់គ្រងក្នុងតំបន់៤ និងដកហូតសម្ភារទាំងអស់របស់ប្រជាជន។ កម្មាភិបាលភូមិភាគនិរតី បានយកចិត្តប្រជាជនមួយខែដំបូង ដោយឲ្យប្រជាជនហូបបានគ្រប់គ្រាន់ជាងមុន និងចោទកម្មាភិបាលភូមិភាគពាយ័ព្យថាក្បត់ ដោយសារឲ្យប្រជាជនហូបចុកមិនគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៨ ចើ ត្រូវបានខ្មែរក្រហមចាប់ខ្លួន រួមទាំងកម្មាភិបាលភូមិភាគពាយ័ព្យផ្សេងទៀត។ នៅថ្ងៃនោះ ប្អូនចើ បានឃើញដោយផ្ទាល់ នៅពេលខ្មែរក្រហមមួយក្រុម មានគ្នាប្រាំមួយនាក់ជិះឡានកាម៉ង់កា មកដឹកយកបងប្រុសគាត់ទៅ ក្រោយបញ្ជារបស់ប្រធានសហករណ៍ថ្មីដែលមកពីភូមិភាគនិរតី។ ប្អូនចើ ថាបងប្រុសគាត់មិនដឹងថាខ្មែរក្រហមមកចាប់ខ្លួនដោយមូលហេតុអ្វីនោះទេ។ ប្អូនចើ បន្តថា បងប្រុសខ្លួនជាមនុស្សស្លូតត្រង់, ម៉ឺងម៉ាត់ និងធ្វើការតាមបទបញ្ជាអង្គការជានិច្ច។
បន្ទាប់ពីខ្មែរក្រហមចាប់ខ្លួន ចើ កម្មាភិបាលភូមិភាគនិរតីឈ្មោះ សឿន ជាអ្នកគ្រប់គ្រងបន្ត និងចាត់តាំងឲ្យប្រជាជន និង ប្អូនចើ ធ្វើការក្នុងកងយុវជន។ ប្រជាជនត្រូវធ្វើពលកម្មហាលភ្លៀងហាលថ្ងៃ ទាំងថ្ងៃទាំងយប់ ដូចជាលើកភ្លឺស្រែ, លើកទំនប់, និងកាប់ដី។ ការហូបចុកមានការខ្វះខាតជាខ្លាំង នៅពេលកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រង ដោយមានតែបបរលាយជាមួយត្រកួន ក្នុងម្នាក់ទទួលបានបបរមួយវែក។ ដំណាំ ឬផ្លែឈើផ្សេងៗ ត្រូវទុកជារបស់សមូហភាពទាំងអស់ ដោយមិនឲ្យប្រជាជនហូបនោះទេ ទោះបីជាទិន្នផលស្រូវធ្លាក់ចុះ ដោយសារតំបន់៤ ជាភូមិសាស្ត្រមិនអំណោយផល។ អ្នកណាដែលលួចហូប ត្រូវមានទោស និងយកទៅកសាង។
កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានធ្វើឲ្យប្រជាជនត្រូវរងទុក្ខវេទនាកាន់តែខ្លាំង ដោយភាពអត់ឃ្លាន, ការព្រាត់ប្រាសគ្រួសារ, ជំងឺគ្មានថ្នាំព្យាបាលក្រៅពីថ្នាំរាងដូចអាចម៍ទន្សាយ, និងការកាប់សម្លាប់ប្រជាជនកាន់តែច្រើន។ ប្អូនចើ និយាយថា ប្រជាជនត្រូវធ្វើការងារធ្ងន់ជាងមុន ទោះបីការហូបចុកធ្លាក់ចុះក៏ដោយ។ អ្នកណាដែលតវ៉ា ខ្មែរក្រហមនឹងចោទថា៖ «មិនខំប្រឹងធ្វើការ និងយកតែរួចខ្លួន» ឬខ្មែរក្រហមចោទថាធ្វើឲ្យប៉ះពាល់នយោបាយអង្គការបដិវត្តន៍ និងយកទៅសម្លាប់នៅវត្តសម្តេច ក្នុងឃុំតាប៉ុន។ ប្អូនចើ ថាខ្លួនបានឃើញខ្មែរក្រហមបណ្តើរមនុស្សយកទៅឃុំនៅវត្តសម្តេច ដោយដាក់ខ្នោះឈើ និងចងជើងជាមួយនឹងដែកមួយដើម ជាមួយមនុស្ស២០នាក់ផ្សេងទៀត។ នៅចុងឆ្នាំ១៩៧៨ ប្អូនចើ បានធ្លាក់ខ្លួនឈឺ ដោយសារអត់ឃ្លាន និងដើរក៏មិនចង់រួច។ ទោះបីជាដូច្នេះ ក៏គ្មានបងប្អូនណាម្នាក់មកជួយបាននោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្អូនចើ បានដឹងថា មនុស្សជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់នៅវត្តសម្តេច ដោយឃើញឆ្អឹងមនុស្សជាច្រើន។ នៅរបបនោះ ខ្មែរក្រហមបានវាយកម្ទេចបដិមា និងមិនឲ្យប្រជាជនកាន់សាសនានោះទេ។ វិហារ ត្រូវបានប្រែក្លាយជាមន្ទីរឃុំឃាំង។ នៅតាមផ្លូវ ប្អូនចើ ឃើញមនុស្សជាច្រើនបានស្លាប់ និងព្រាត់ប្រាសសាច់ញាតិ។ ជាច្រើនឆ្នាំក្រោយមក ប្រជាជនថ្មី ដែលនៅរស់រានមានជីវិត បានត្រលប់មករកអដ្ឋិធាតុសាច់ញាតិ និងធ្វើបុណ្យនៅតាមវត្តអារាម ក្នុងឃុំតាប៉ុន។ បងប្អូនរបស់ ចើ ទាំងអស់រស់នៅមានជីវិត លើកលែងតែ ឃួន ចើ ដែលខ្មែរក្រហមនាំយកទៅបាត់ដំណឹងរហូតដល់សព្វថ្ងៃ។
យោងតាមឯកសារលេខ ឃួន ចើ[2] ភេទប្រុស មានអាយុ ៣១ឆ្នាំ (នៅថ្ងៃចាប់ខ្លួន) មានកម្ពស់ ១,៧០ ម៉ែត្រ ប្រវែងដងខ្លួន ០,៧៩ ម៉ែត្រ។ ចើ មានឪពុកឈ្មោះ អ៊ុក គឹម និងម្ដាយឈ្មោះ ឃួន ស៊ុក ជាកសិករ។ ចើ មានទីកន្លែងកំណើតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅមុនរបបខ្មែរក្រហម ចើ មានតួនាទីជាប្រជាជននៅសហករណ៍ដូនប៉ែន តំបន់៤។ នៅរបបខ្មែរក្រហម ចើ មានតួនាទីជាប្រធានកងតូចសហករណ៍ដូនប៉ែន ខាងអង្គភាពផ្នែករដ្ឋបាល ក្នុងសហករណ៍ដូនប៉ែន តំបន់៤។ ចើ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៧៨ ភូមិភាគពាយ័ព្យ។ ចើ មានប្រពន្ធឈ្មោះ ឆែម ស៊ឹង៕
ដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ BBI០០២៦. (២០០៦). សម្ភាសជាមួយ គឹម មី ដោយ សុខ វណ្ណៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ K០៧៩០៩. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ឃួន ចើ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទាញយកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥.