ពិការភ្នែកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ “គ្រាប់មីនក្នុងរបបខ្មែរក្រហមបានបណ្តាលឲ្យខ្ញុំពិការភ្នែកទាំងសងខាង និងបានធ្លាក់ខ្លួនសុំលុយប្រជាជនតាមផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ” អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម​មួយរូប ឈ្មោះ ឃុត សារិត បានលើកឡើង​។

ឃុត សារិត អាយុ៥៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាអ្នកជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួចក្នុងភូមិ ​ដើម្បីសុំលុយពីអ្នកដំណើរតាមផ្លូវសម្រាប់ដោះស្រាយជីវ​ភាពប្រចាំថ្ងៃ។ សារិត មានឪពុកឈ្មោះ ណាវ ឃិត និងម្តាយឈ្មោះ ពៅ ណូយ​។ គាត់ជា​កូនទោលក្នុងគ្រួសារ។ កាលពីកុមារភាព សារិត រៀន​​បានត្រឹមថ្នាក់ទី៣(សង្គមចាស់)​។ នៅក្នុងឆ្នាំ១​៩៧២ ឪពុករបស់ សារិត បានស្លាប់ដោយសារជំងឺ​។ សារិត បានរៀបរាប់រឿងរ៉ាវកាលពីសម័យខ្មែរក្រហមប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជា​កាលពីខែកញ្ញា ឆ្នាំ២០២៤ថា ក្នុងរបប លន់ នល់ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងភូមិមានយុវជន យុវ​នារីជាច្រើនបានរត់ចូលព្រៃម៉ាកគីដើម្បី​ធ្វើចលនាតស៊ូរំដោះប្រទេសជាតិតាមការអំពាវនាវរបស់​ សម្តេច​ព្រះ នរោត្តម សីហនុ។ សារិត គាត់​មិន​បានទៅតា​ម​យុវជន យុវនារីទាំងនោះទេ ព្រោះគាត់​ជាកូនទោលក្នុងគ្រួសារត្រូវនៅផ្ទះជួយធ្វើស្រែចម្ការម្តាយ​។

នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច សារិត មានអាយុប្រហែល៦ឆ្នាំ គាត់ស្ថិតនៅក្នុងកងកុមាររបស់សហករណ៍ស្វាយអង្គ ត្រូវមើលគោក្របីនៅតាមវាលស្រែឆ្ងាយៗពីភូមិ។ ប្រសិនបើគាត់ធ្វើឲ្យបាត់គោក្របី អង្គការខ្មែរក្រហមនឹងដាក់ទោសបង្អត់អាហារ គាត់។ នៅអំឡុងពេលមើលគោក្របីនោះ សារិត បានរងរបួសដោយ​សារ​តែគ្រាប់មីនដែលបានបណ្តាលឲ្យគាត់ដាច់ម្រាមដៃចំនួន៤ម្រាម និងខ្វាក់ភ្នែកម្ខាង (ខាងស្តាំ)។ ពេលក្រោយមកភ្នែកខាងស្តាំបានឆ្លងទៅខាងឆ្វេងរហូតដល់គាត់ត្រូវពិការភ្នែក​ទាំងស្រុងក្រោយរបបខ្មែរក្រហម។

ក្នុងរបបខ្មែរក្រហមក្រោយពីព្យាបាលរបួសបានជាសះស្បើយហើយ សារិត ត្រូវទៅធ្វើការបន្តឲ្យអង្គការនៅក្នុង​កងកុមារដដែរ។ របបអាហារ សារិត ទទួលបាន រួមមានបាយពីរពេលក្នុងមួយថ្ងៃ ជាមួយសម្លត្រកួន ព្រលិត និងធាងត្រាវ ដែលមានបរិមាណមិនគ្រប់គ្រាន់ទេ។ ពេល សារិត ឃ្លានខ្លាំងគាត់បានចាប់ក្តាមហូបទាំងរស់​។

ពេលទៅមើលគោ ក្របី សារិត ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមចាប់រំលោភក្មេងស្រី និងបានគំរាម​សម្លាប់ប្រសិនបើក្មេងស្រីនោះប្រាប់អ្នកដទៃ។ សារិត ក៏បានដឹងថាកងឈ្លបខ្មែរក្រហមបញ្ជាឲ្យប្រជាជនបំផ្លាញវត្តអារាម, រូបព្រះពុទ្ធបដិមាករ, សាលាឆាន់ និងព្រះវិហារ​ រីឯព្រះសង្ឃត្រូវបានចាប់ផ្សឹកព្រមទាំងបានបង្ខំឲ្យទៅធ្វើការងារស្រែចម្ការដូចប្រជាជនផ្សេងទៀតក្នុងភូមិ​។ គាត់ធ្លាប់ដឹងថាខ្មែរក្រហមបង្ខំឲ្យយុវជន យុវនារី រៀបការជាក្រុម​ៗដោយពិធីរៀបការម្តង​ៗ​មានចំនួនពី១០គូទៅ៦០គូ។ ប្តី ប្រពន្ធដែលត្រូវរៀបការគ្មានសិទ្ធិប្រកែក និងជ្រើសរើសបុរស ស្រ្តី ដែលខ្លួនស្រឡាញ់នោះទេ។

នៅដើមឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហម​បានផ្តួលរំលំ សារិត បានត្រលប់មករស់នៅស្រុកកំណើតវិញ​។ សព្វថ្ងៃ សារិត ជាជនពិការភ្នែក, ដាច់ម្រាមដៃ និងមានជំងឺប្រចាំកាយដូចជាជំងឺលើសសម្ពាធ​ឈា​ម, ជំងឺក្រពះ, ជំងឺពោះវៀន និងជំងឺឫសដូងបាត​។

សម្ភាសន៍ដោយ ម៉ន ម៉ារីណា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin