ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់

(ខេត្តព្រៃវែង) ឃុន សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។
សន បានរៀបរាប់ពីដំណើរជីវិតអតីតកាលប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា ការរស់នៅរបស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យប្រទេសជាតិមានសង្គ្រាមស៊ីវិល និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសាររបស់សន បានរស់នៅជួបជុំគ្នា។
នៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យប្រមូលទ្រព្យសម្បត្តិ, សម្ភារប្រើប្រាស់ និងសត្វពាហនៈដាក់ក្នុងសហករណ៍។ អង្គការតម្រូវឲ្យគ្រួសាររបស់សន រស់នៅរួម, ធ្វើការរួម និងហូបអាហាររួមក្នុងរោងបាយសហករណ៍។ សន មានអាយុប្រហែល២០ឆ្នាំ ត្រូវកងឈ្លបប្រើឲ្យធ្វើការងារក្នុងកងចល័តនារីឃុំ។ ការងាររបស់សន រួមមាន ធ្វើស្រែ, ជីក និងរែកដី ធ្វើប្រព័ន្ធភ្លឺស្រែ, ទំនប់ ប្រឡាយជាដើម។ សន ត្រូវចល័តពីតំបន់មួយទៅតំបន់មួយ ក្នុងស្រុកព្រះស្តេច ក៏ដូចជានៅតាមទំនប់ក្នុងតំបន់កំពង់ថ្នល់ និងដើមពោធិ៍ សុទ្ធតែគាត់ធ្លាប់លើក។
សន ទទួលបានបបរ ចំនួនពីរវែកក្នុងមួយថ្ងៃសម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងរបបនោះដែរ សន ត្រូវបានកងឈ្លបសម្លុតគំរាមនៅពេលសួរនាំរឿងរបបអាហារ និងធ្វើការមិនគ្រប់តាមផែនការដែលអង្គការបានកំណត់។
នៅសម័យខ្មែរក្រហមរឿងរ៉ាវដែល សន ចងចាំមិនអាចបំភ្លេចបាន គឺអង្គការមានគម្រោងចង់សម្លាប់គាត់ ប៉ុន្តែសំណាងល្អ សន បានដឹងដំណឹងមុន ក៏រត់គេចទៅតំបន់ដីក្រហម ក្បែរអ្នកលឿង ខេត្តព្រៃវែង។ សន រស់នៅទីនោះបានមួយរយៈ របបខ្មែរក្រហមបានដួលរលំ។ សន ក៏ធ្លាប់ឃើញកងឈ្លបបោកសម្លាប់កូនអ្នកភូមិនឹងគល់ត្នោតយ៉ាងសាហាវ។
នៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំ សន បានធ្វើដំណើរដោយថ្មើរជើងត្រលប់ពីតំបន់ដីក្រហម មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សន មានសុខភាពល្អ គ្មានជំងឺអ្វីធ្ងន់ធ្ងរទេ ហើយគាត់ក៏មិនធ្លាប់ទៅពិគ្រោះ និងពិនិត្យសុខភាពនៅមណ្ឌលសុខភាពនោះដែរ៕
សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង