កុំស្មោះត្រង់ពេក នៅរបបខ្មែរក្រហម

(កំពត)៖ ខ្វៃ ឆុន អាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ឆុន មានឪពុកឈ្មោះ ខ្វៃ រួញ និងម្ដាយឈ្មោះ ឃុន ហិន។
នៅមុនឆ្នាំ១៩៧០ ឆុន បានឈប់រៀនត្រឹមថ្នាក់ទី៣ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ឆុន បានធ្វើស្រែចម្ការជាមួយឪពុកម្ដាយ និងបានរៀបការជាមួយប្តីឈ្មោះ គុណ ញីម។ ឆុន មានកូនបួននាក់ រួមមាន ឈ្មោះ ឆាយ ត៉េ, ឆាយ យ៉េត, ឆាយ ដេង និងឆាយ ឌី។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារឆុន និងប្រជាជនក្នុងភូមិ បានរងគ្រោះ ដោយសារការទម្លាក់គ្រាប់បែក។ គ្រួសារឆុន បានចាកចេញពីភូមិកំណើត ទៅរស់នៅស្រុកត្រាំខ្នារ និងឃុំដំបូកខ្ពស់អស់រយៈពេលមួយឆ្នាំ។ ក្រោយមក គ្រួសារឆុន បានរើមករស់នៅភូមិទង់លាង។ អំឡុងពេលនោះ មានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ ធ្វើឲ្យ ឆុន បាត់កូនស្រីម្នាក់នៅភូមិទង់លាង។ ឆុន ចងចាំថា នៅពេលនោះ គាត់មានតែរទេះដឹកសម្ភារ និងអង្ករបន្តិចបន្តួចប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៥ ឆុន បានជួបកូនស្រីវិញ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ ឆុន ត្រូវបានចាត់ទុកជាប្រជាជនចាស់។ ឆុន ត្រូវបានខ្មែរក្រហមចាត់តាំងជាមេកង ដឹកនាំសមាជិក១៥នាក់ ទៅជីកប្រឡាយ, រែកលាមកគោ និងរែកដីឲ្យបានមួយម៉ែត្រគូបក្នុងមួយថ្ងៃ នៅភូមិព្រែកត្នោត។ ចំណែក ប្តីរបស់គាត់ត្រូវចិញ្ចឹមទា និងភ្ជួររាស់នៅភូមិទង់លាង ហើយកូនគាត់ត្រូវបានយកទៅផ្ញើនៅរោងកុមារ។ ឆុន និងប្តីតែងតែទុកបបរ និងពងទាខ្លះឲ្យកូនហូបជារៀងរាល់ព្រឹក។ ឆុន និយាយថា ប្រជាជនទាំងអស់ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ចំណែក អ្នកដែលមានជំងឺ ត្រូវខ្មែរក្រហមចោទថាខ្ជិល ដូច្នេះមិនផ្តល់អាហារឲ្យហូបនោះទេ។ ឆុន ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលមើលថែកូនប្រុសម្នាក់ ដែលស្លាប់ក្នុងរបបនោះ។
នៅភូមិឫស្សីជុំ ឬសមរភូមិស ឆុន និងហួន (សមាជិករួមក្រុម) តែងតែដកសំណាបគ្រប់ចំនួន៣ផ្លូនក្នុងមួយថ្ងៃ ដោយគ្រាន់តែដកសំណាប និងចងជាកណ្ដាប់តូចៗប៉ុណ្ណោះ។ ឆុន មិនដែលរាយការណ៍អំពីសមាជិកណាម្នាក់ទៅកាត់ថ្នាក់លើនោះទេ។ ឆុន ប្រាប់ ឈ្មោះ ហួន ថា កុំស្មោះត្រង់ពេក ដោយសារគ្មានខ្មែរក្រហមណាមកពិនិត្យចំនួនការងារនោះទេ។
នៅពេលធ្វើការក្នុងកងចល័តពិសេសនៅសមរភូមិមុខ ឆុន និងប្រជាជនបីរយនាក់ទៀត ត្រូវជីកអន្លង់ និងកាប់ព្រៃនៅភូមិតាអាង អស់រយៈពេលមួយខែពេញ។ នៅទីនោះ ឆុង និយាយថា ខ្មែរក្រហមអនុញ្ញាតឲ្យជីកដំឡូងហូប តែគាត់មិនដឹងថាខ្មែរក្រហមមានបំណងសម្លាប់គាត់នៅទីនោះទេ។
នៅឆ្នាំ១៩៧៩ ជាសំណាងល្អ របបខ្មែរក្រហមបានដួលរលំ ទើប ឆុន នៅរស់រានមានជីវិត។ នៅឆ្នាំ១៩៨០ ប្តីរបស់គាត់ បានធ្វើជាគ្រូបង្រៀន និងទទួលបានពោត និងស្ករសជាប្រចាំខែ ប៉ុន្តែគ្មានប្រាក់បៀវត្សរ៍នោះទេ។ ជាចុងក្រោយ ឆុន សង្ឃឹមថា អ្នកជំនាន់ក្រោយបានសិក្សាពីប្រវត្តិសាស្ត្រ និងទប់ស្កាត់របបខ្មែរក្រហម៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥