កងនារីជញ្ជូនគ្រាប់ទៅសមរភូមិ

នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ យុវជនយុវនារីជាច្រើននាក់បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែចាប់ពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៥ មានតែយុវជននិងយុវនារីមួយចំនួននៅតែបន្តស្ម័គ្រចិត្តចូលបដិវត្តន៍ និងមួយចំនួនទៀតត្រូវបានកម្មាភិបាលខ្មែរក្រហមភូមិឃុំ កេណ្ឌបញ្ជូលក្នុងកងទ័ព។[1]
គឹម ណៃ[2] ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ គឹម ណៃ បានរៀបរាប់បទពិសោធន៍ជាកងនារីជញ្ជូនគ្រាប់យកទៅសមរភូមិថា៖ កាលនោះខ្មែររំដោះកេណ្ឌខ្ញុំឬស្ម័គ្រចិត្តដូចតែគ្នាបើមិនទៅនឹងលំបាក។ ឆ្នាំ១៩៧៣ ខ្មែរក្រហមកេណ្ឌខ្ញុំចូលជញ្ជូនគ្រាប់។ នៅចុងឆ្នាំ១៩៧៤ ជិតរំដោះភ្នំពេញខ្ញុំបានជញ្ជូនគ្រាប់នៅខាងជើងភ្នំពេញ ក្បែរព្រែកព្នៅដែលទៅមកពីសមរភូមិមានចម្ងាយ៤ទៅ៥គីឡូម៉ែត្រ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ក្រោយរំដោះខ្ញុំចូលផ្នែកនារីកាត់ដេរ បានរយៈពេលខ្លីអង្គភាព ចាត់តាំងខ្ញុំខាងភស្តុភារវិញហើយបន្តរហូតឆ្នាំ១៩៧៩។ ខ្ញុំធ្វើបញ្ជីកត់ត្រាចំនួនគ្រាប់កាំភ្លើង គ្រាប់បែក ដែលដឹកពីចិនមកចូលក្នុងឃ្លាំង និងកត់បញ្ជីដាក់ចូលឃ្លាំងសម្រាប់ប្រើនៅសមរភូមិ។ ឧទាហរណ៍ ចំណាយគ្រាប់កាំភ្លើងទៅខាងភូមិភាគបូព៌ាមានចំនួនប៉ុន្មានយកទៅ។ ដល់ពេលកងទ័ពវៀតណាមចូលមក ទាហានខ្មែរក្រហមទប់លែងឈ្នះរត់ទៅព្រំដែនកម្ពុជា-ថៃ។ ចំណែកគ្រាប់ដែលយើងត្រៀមយកទៅវាយនៅសមរភូមិមុខហើយនៅសល់នឹងត្រូវដុតចោល ជាពិសេសឃ្លាំងផ្ទុកគ្រាប់ដែលទំហំធំ នៅលង្វែក មានគ្រាប់បែកគ្រប់ប្រភេទ គ្រាប់កាំភ្លើងធន់ តូច ធំ នៅសល់មួយចំនួន។ រីឯរបបអាហារកាលនោះខ្ញុំហូបចុកគ្រប់គ្រាន់មានទាំងបង្កង ដល់បែករបបខ្មែរក្រហមហើយបានខ្ញុំដឹងថាមានប្រជាជនអត់ឃ្លាន។ ឆ្នាំ១៩៧៩ ខ្ញុំចូលព្រៃនៅតាមព្រំដែនកម្ពុជា-ថៃដោយជិះឡានមកមានក្បួនមកតាមអង្គភាព។
គេង ចាន់ធី[3] ភេទស្រី កើតនៅឆ្នាំ១៩៧០ បច្ចុប្បន្នរស់នៅ ខេត្តប៉ៃលិន។ គេង ចាន់ធី ធ្លាប់ធ្វើជាកងជញ្ជូនគ្រាប់ទៅសមរភូមិ។ គេង ចាន់ធី លើកឡើងថា៖ រឿងខ្ញុំចងចាំជាងគេកាលនោះ ឆ្នាំ១៩៨១ ខ្មែរក្រហមកៀរខ្ញុំពីបាត់ដំបងមកប៉ៃលិន។ ខ្ញុំអាយុ១២ឬ ១៣ឆ្នាំ ខ្មែរក្រហមឱ្យខ្ញុំទូលគ្រាប់ឡើងលើភ្នំ។ ខ្ញុំនៅកុមារទីមួយដឹកជញ្ជូនគ្រាប់តូចៗ។ ចំណែកអ្នកមានអាយុ១៨ឬ១៩ឆ្នាំ ខ្មែរក្រហមចាត់តាំងដឹកជញ្ជូនគ្រាប់ធំៗឡើងភ្នំ។ ខ្ញុំមិនដែលបានរស់នៅជាមួយឪពុកម្ដាយទេ។ ការងារនេះមិនទៀងទាត់ឡើយ ប្រសិនបើយោធាត្រូវការប្រញាប់គ្រាប់ធ្វើសង្គ្រាម កងជញ្ជូនគ្រាប់មួយថ្ងៃត្រូវជញ្ជូនគ្រាប់ពីរជើងប៉ុន្តែប្រសិនជាមិនប្រញាប់ទេអង្គភាពអាចលើកលែងមួយថ្ងៃជញ្ជូនតែមួយជើងទេ។ កាលនោះខ្ញុំជញ្ជូនពីព្រំដែនកម្ពុជា-ថៃមកប៉ៃលិន បន្តទៅភ្នំប៉ោត។ កងនារីដឹកជញ្ជូនមានគ្នាច្រើនរួមទាំងកងទ័ពរាប់រយនាក់ធ្វើដំណើររួមគ្នា។ ពួកខ្ញុំប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់អាចប៉ះចំគ្រាប់មីន ព្រោះផ្លូវលំបាក យើងដើរតាមតែស្នាមដានចាស់ប៉ែលដែលគេចូក បើខុសបន្តិចអាចចំគ្រាប់គ្រោះថ្នាក់។ ជួនពេលដល់កន្លែងទម្លាក់គ្រាប់កងទ័ពវៀតណាមដឹងបែកការណ៍បាញ់មករកកងដឹកជញ្ជូនមិនអាចរកកន្លែងពួនបាន មានតែឈរត្រង់ណាក្រាបត្រង់ហ្នឹង បើរត់ចូលព្រៃក៏មិនកើត។ ពួកយើងមានកងទ័ពជាអ្នកនាំផ្លូវ ដើរមុខនារីដឹកជញ្ជូន។ នៅម៉ោង៧នាំគ្នាចេញដំណើរទៅហើយម៉ោង១១ឈប់សម្រាកហូបបាយបាត់ហត់បន្តិចបន្តដំណើរតទៅមុខទៀត។ របបអាហារហូបមាន៣ពេល ព្រឹក ថ្ងៃ និងល្ងាច ព្រោះទាហានមាន ចាន ឆ្នាំង ដាក់តាមខ្លួន អាហារមានមី និងត្រីខ។ ពេលឈឺនៅតាមផ្លូវមានពេទ្យទាហានព្យាបាល ហើយនៅផ្ទះមានពេទ្យភូមិ។ ការងារដឹកជញ្ជូនពិបាកត្រង់ពេលចុះមកយកគ្រាប់។
សែម ម៉ាច[4] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត ស្រុកចិត្របុរី ខេត្តក្រចេះ។ សែម ម៉ាច បានចូលរួមជាមួយខ្មែរក្រហមវិញបន្ទាប់ពីភៀសខ្លួនឆ្នាំ១៩៧៩ មកនៅជំរំជនភៀសខ្លួនខាវឡាន រយៈពេលខ្លីរួចចូលរួមជាមួយខ្មែរក្រហមវិញទៅខាងកោះកុង ថ្មដា ធ្វើជានារីជញ្ជូនគ្រាប់។ សែម ម៉ាច រំឭកថា«ខ្ញុំជញ្ជូនគ្រាប់ពីព្រំដែនកម្ពុជា-ថៃទៅភូមិភាគនិរតីទៅភ្នំវ័រ មានទីតាំងនៅក្នុងខេត្តកំពត[5] ដោយធ្វើដំណើររយៈពេល១ខែបានដល់កន្លែងកងទ័ពទទួល។ កាលនោះស្ពាយមានអង្ករ៦០កំប៉ុងសម្រាប់ទុកហូបតាមផ្លូវ គ្រាប់បេ២គ្រាប់ មីន២ឬ៣គ្រាប់។ កងទ័ពខ្មែរក្រហមនាំមុខ ហើយនារីៗដើរកណ្ដាលនិងមានកងទ័ពមួយក្រុមទៀតដើរខាងក្រោយ។ ពួកយើងមានអង្រឹងម្នាក់១ ជួនកាលមានកងទ័ពយួនស្កាត់ដាក់មីន ហើយមាននារីខ្លះដើរជាន់មីនត្រូវដាច់ជើង។ ពេលទៅដល់គោដៅទុកគ្រាប់រួចហើយមានកងទ័ពការពារចាំទទួលត្រឡប់មកវិញនិងមានពេទ្យចាំព្យាបាលពេលមានគ្រោះថ្នាក់តាមផ្លូវ។ ឆ្នាំ១៩៩២ ខ្ញុំសុំអង្គភាពឈប់ធ្វើជានារីជញ្ជូនគ្រាប់បានមករស់នៅ ប៉ៃលិន ដោយចូលមកទឹកដីខ្មែរតាមព្រំដែនថៃមានឡានដឹកមក»។
ឡាច ថៃ ដែលជាអតីតកងនារីដឹកជញ្ជូនគ្រាប់បានរំឭកថា៖ កម្លាំងរបស់យើងរស់នៅមូលដ្ឋានជាំស្លា ក្នុងទឹកដីថៃ។ រៀងរាល់ពេលដែលកងទ័ពត្រូវការយើង យើងនឹងធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន៥០ទៅ១០០នាក់ដើម្បីដឹកជញ្ជូនគ្រឿងសព្វាវុធទៅឱ្យកងទ័ពនៅសមរភូមិមុខ។ នៅអំឡុងពេលដឹកសព្វាវុធយើងតែងតែជួបប្រទះនឹងកងទ័ពវៀតណាមដែលដើរយាមល្បាតតាមព្រំដែន។ ពេលជួបទ័ពវៀតណាមយើងបានរត់គេចកុំឱ្យកងទ័ពវៀតណាមឃើញ។ នេះគឺជាការលំបាកមួយ។ ពេលមួយនោះកងទ័ពវៀតណាមបានបំផ្ទុះមីនខ្សែដែលបានស្លាប់នារីដឹកជញ្ជូនអស់១២នាក់។ នារីមួយចំនួនស្លាប់ដោយសាររបួសនិងមួយចំនួនទៀតស្លាប់ដោយសារតែមិនអាចរកអាហារហូបបានក្នុងពេលនោះ។ ជីវិតពោលពេញដោយភាពលំបាកវេទនា៕[6]
សរសេរដោយ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
[1] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ៧០៣:ជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៣, ទំព័រ១៦-១៧។
[2] SHH39123(DC-Cam) សម្ភាសដោយ ឈួន ចាន់ណា, ២០២១។
[3] SHH19316(DC-Cam) សម្ភាសដោយ ឈួន ចាន់ណា, ២០២១។
[4] SHH19737(DC-Cam), សម្ភាសដោយ ម៉េង មេច, ២០២១។
[5] សូមអានបន្ថែម ផេង ពង្សរ៉ាស៊ី, «តើគួរសាងសង់ស្ដូបអដ្ឋិធាតុនៅជើងភ្នំវល្លិ៍ដែរទេ?» , ទស្សនាវដ្ដីស្វែងរកការពិត, លេខ៨៧, ខែមីនា ឆ្នាំ២០០៧, ទំព័រ៣៣។
[6] ឌី ខាំបូលី, គ្រីស្តូហ្វ័រ ឌៀរីង ប្រែសម្រួលដោយ ម៉ែន ពិចិត្រ ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ ក្រសួងទេសចរណ៍, ២០១៤, ទំព័រ៩១-៩២។