គីម រី៖ ប្តីខ្ញុំស្លាប់ដោយសារការផ្ទុះគ្រាប់មីន

គីម រី[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ បច្ចុប្បន្ន គីម រី រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រី បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រហ្នឹងគេនោះទេ។ ក្រុមគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំរស់នៅជាមួយម្ដាយដែលជាស្ដ្រីមេម៉ាយ ព្រោះឪពុកបានស្លាប់ចោលតាំងពីខ្ញុំនៅតូច។ ខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ខ្ញុំត្រូវរ៉ាប់រងការងារជាច្រើនដូចជា ការងារផ្ទះ និងមើលប្អូនៗជំនួសម្ដាយ។ ម្ដាយខ្ញុំត្រូវក្រោកពីព្រឹកស្រាងៗដើម្បីភ្ជួរស្រែ និងស្ទូងស្រូវ។ នៅក្នុងគ្រួសារ យើងមិនមានមនុស្សប្រុសជាបង្គោលទេ។ ម្ដាយខ្ញុំត្រូវនឿយហត់លំបាក និងធ្វើស្រែតែម្នាក់ឯង ដើម្បីចិញ្ចឹមជីវិតកូនៗ។ ប៉ុន្តែ ការរស់នៅសម័យនោះ ប្រជាជនចេះជួយទុក្ខធុរៈគ្នាណាស់ ស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូន។ បើគ្រួសារខ្ញុំជួបការលំបាក អ្នកភូមិជួយយកអាសារ ដោយមិនមើលរំលងឡើយ។
រហូតដល់ឆ្នាំ១៩៧០ ខ្ញុំក៏បានឮដំណឹងថា លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីព្រះតំណែង។ ក្រោយពីធ្វើរដ្ឋប្រហាររួចមក នៅក្នុងស្រុកភូមិខ្ញុំក៏ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកពីលើយន្តហោះអាមេរិក។ ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងភូមិក៏ចាប់ផ្ដើមទទួលរងនូវអំពើអសន្តិសុខមិនឈប់ឈរ ប្រជាជននាំគ្នាជីករណ្ដៅ ត្រង់សេនៅជិតៗផ្ទះគ្រប់ៗគ្នាដើម្បីទុកការពារខ្លួនពីការទម្លាក់គ្រាប់បែក។ បន្ទាប់មកទៀត យៀកកុង ក៏ចាប់ផ្ដើមចូលមក ឈរជើងនៅក្នុងភូមិរបស់ខ្ញុំ កាលនោះខ្ញុំចាំបានថានៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកបានហោះមកចូលក្នុងភូមិខ្ញុំយៀកកុងបានបាញ់ទម្លាក់យន្តហោះនោះឲ្យឆេះធ្លាក់ចុះមកក្រោមយ៉ាងសន្ធោសន្ធៅ។ មួយជំនាន់នោះបើនិយាយទៅបានពួក យៀកកុង ចូលមកនៅក្នុងភូមិហ្នឹងក៏បានជួយដល់ប្រជាជនមួយរយៈពេលដែលក្នុងការបាញ់ប្រហារទៅលើយន្តហោះដែលមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ លើសពីនេះទៅទៀត នៅពេលដែលប្រជាជនត្រូវជម្លៀសចេញមួយរយៈ យៀកកុង ក៏បាននៅជួយមើលផ្ទះរបស់របប សត្វចិញ្ចឹមជាដើម។ ខ្ញុំរស់នៅជាមួយម្ដាយ និងប្អូនៗរហូតដល់ឆ្នាំ១៩៧៧ ទើបខាងឃុំជ្រើសរើសខ្ញុំឲ្យទៅចូលខាងសិល្បៈ។ កាលនោះគេជ្រើសរើសមួយឃុំ ២នាក់ដើម្បីទៅហ្វឹកហាត់រៀនសិល្បៈ ឯប្រុសៗរៀនពីភ្លេង សម្រាប់លេងនៅពេលមានកម្មវិធីនៅក្នុងជំនាន់នោះ។
កាលនោះគេឲ្យខ្ញុំហាត់រៀនពីរបៀបរាំ និងសម្ដែងសាច់រឿងកើតមាននៅក្នុងជំនាន់សង្គ្រាម ទុកសម្រាប់សម្ដែងនៅពេលមានកម្មវិធី ឬពេលប្រជាជនធ្វើការច្រូតកាត់ហើយ ក្នុងការកម្សាន្តអារម្មណ៍ឲ្យសប្បាយពីការហត់នឿយ។ ចំណែកឯការហូបចុកនៅកងសិល្បៈ ខ្ញុំទទួល ការហូបចុកបានគ្រប់គ្រាន់មិនមានការខ្វះខាតនោះទេ។ ការរស់នៅទីនោះក៏ ខ្ញុំសុខសប្បាយ ទៅដល់គេបង្រៀនខ្ញុំឲ្យចេះអានអក្សរ ដើម្បីងាយស្រួលអានតួអក្សរតាមបទចម្រៀង។ នៅពេលដែលមានការសម្ដែងម្ដងៗខ្ញុំពិតជាមានអារម្មណ៍ថាភ័យខ្លាំងណាស់ពីព្រោះមានមនុស្សនៅចាំមើលពីខាងក្រោមឆាកច្រើន ប៉ុន្តែយើងសម្ដែងតែពេលយប់ៗនោះទេពេលខ្ញុំឡើងទៅលើឆាកខ្ញុំសម្លឹងមើលមកក្រោម មិនឃើញមនុស្សនោះទេ ដោយសារតែភ្លើងភ្លឺតែខាងលើឆាកខាងក្រោមឆាកងងឹត ប៉ុន្តែខ្ញុំបានឮសំឡេងប្រជាជនស្រែកហ៊ោ និងទះដៃពីខាងក្រោមឆាកដែរ។ ខ្ញុំរស់នៅក្នុងកងសិល្បៈបានរយៈពេល២ឆ្នាំ ខ្ញុំត្រូវ បានបញ្ជូនឲ្យទៅធ្វើការនៅក្នុងរោងចក្រអំបោះ និងតម្បាញ នៅក្នុងខេត្តកំពង់ចាម។ ខ្ញុំកាន់ខាងអំបោះធំៗ ខាងរៀបចំខ្សែអំបោះឲ្យត្រូវតាមរបៀបរៀបរយ ឯអ្នកផ្សេងទៀតខាងត្បាញ និង ខាងអំបោះតូច។ ការងារនៅទីនោះខ្ញុំមិនសូវជានឿយហត់ប៉ុន្មាននោះទេ ដេកស្រួល ការហូបចុកក៏បានគ្រប់គ្រាន់មិនលំបាកអ្វីទេ។ នៅពេលទំនេរ ខ្ញុំរួមទាំងអ្នកធ្វើការជាមួយគ្នាបាននាំគ្នាទៅចាប់ចង្រិតយកឲ្យមេចុងភៅលីងឲ្យហូបពេលសម្រាកបាយថ្ងៃត្រង់។
លុះដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកទើបខ្ញុំចាប់ផ្ដើមជួបការលំបាក ដោយសារតែខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញ ហើយត្រូវរត់ចូលព្រៃរស់នៅជាមួយកងទ័ពនៅក្នុងព្រៃជួបការអត់ឃ្លាន និងការលំបាកជាច្រើន។ កាលនោះកងទ័ពធ្វើដំណើរឆ្ពោះទៅលើភ្នំដងរែក ដើម្បីស្វែងរកអ្នកគ្រប់គ្រង់កម្លាំង និងផ្គត់ផ្គង់ស្បៀងអាហារ។ ការធ្វើដំណើរត្រូវចំណាយអស់រយៈពេលជាច្រើនខែទើបធ្វើដំណើរទៅដល់លើភ្នំដងរែក។ ខ្ញុំរស់នៅទីនោះបានមួយរយៈខ្ញុំក៏បានគ្រួសារ កាលនោះប្ដីខ្ញុំគាត់ជានីរសារ តាអើង ។ ខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នាចិត្តដោយចិត្តមិនមានអ្នកណាចាប់បង្ខំឡើយ។ ជំនាន់ខ្ញុំរៀបការមានចំនួន៣គូ ប៉ុន្តែពីរគូផ្សេងទៀតបានបែកគ្នាអស់ហើយនៅតែគូខ្ញុំមួយទេដែលបានរស់នៅថែរក្សាគ្នាមកដល់បច្ចុប្បន្ន។
នៅក្នុងឆ្នាំ១៩៩៦ ប្ដីរបស់ខ្ញុំ បានស្លាប់ ដោយសារជីនគ្រាប់មីនអំឡុងពេលធ្វើដំណើរទៅធ្វើការ។ ក្រោយពីប្ដីខ្ញុំបាត់បង់ជីវិត បានបន្សល់ទុកកូនចំនួន៥នាក់ឲ្យខ្ញុំមើលថែ។ ជីវិតជាស្រ្តីមេម៉ាយ រស់នៅក្នុងតំបន់មានសង្គ្រាមគឺពិតជាលំបាកណាស់សម្រាប់ខ្ញុំពេលនោះ។ ប៉ុន្តែខ្ញុំមិនដែរគិតថានឹងបោះបង់កូនៗនោះទេ បើទោះបីជាខ្ញុំមានការលំបាក និងខ្វះខាតយ៉ាងណាក៏ដោយ។ កូនខ្ញុំទាំងប្រាំនាក់នៅតូចៗណាស់ពេលហ្នឹង យើងបានបន្តរត់គេចពីកម្លាំងរដ្ឋាភិបាលកម្ពុជាវាយមកលើកម្លាំងខ្មែរក្រហមរហូតចូលទៅរស់នៅជំរំដីថៃបានរយៈពេលមួយឆ្នាំទើបមានការប្រកាសឲ្យប្រជាជនមករស់នៅក្នុងស្រុកអន្លង់វែងវិញ។ មកដល់ទឹកដីអន្លង់វែង ក្នុងឆ្នាំ១៩៩៨ ខ្ញុំបានខិតខំកាប់ឆ្ការព្រៃដើម្បីធ្វើលំនៅឋាន និងធ្វើចម្ការ ដើម្បីចិញ្ចឹមកូន។ បច្ចុប្បន្ននេះខ្ញុំមានជំងឺប្រចាំកាយមួយចំនួនដូចជា៖ ជំងឺពកក និងជំងឺក្រពះពោះវៀន»៕
អត្ថបទដោយ សួត វិចិត្រ
[1] មេក វិន សម្ភាសន៍ជាមួយ គីម រី នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០២៣។