សកម្មភាពបំផ្លាញ បដិវត្តន៍ របស់ គឹម ថាំ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៦ទំព័រ ជារបស់ គឹម ថាំ មុនអង្គការចាប់ខ្លួន ជា សមាជិកក្នុងអង្គភាពយោធា វរតូច៣៣២ វរធំ៣៣ កងពលលេខ៧០៣ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៣០)[1] បង្ហាញអំពីសកម្មភាព ឈ្មោះ ថាំ ចូលបម្រើក្នុងជួរបដិវត្តន៍ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព ។ ក្នុងការធ្វើបដិវត្តន៍នេះ ថាំ បានជាប់ពាក់ព័ន្ធជាមួយមនុស្សចំនួន៦៦នាក់ ដោយធ្វើផែនការបំផ្លាញកម្លាំងបដិវត្តន៍ និងបំផុសឲ្យយុវជន រត់ចោលខ្សែត្រៀម ។ រហូតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧៧ ថាំ ត្រូវបានអង្គការចាប់ខ្លួន ។ នៅក្នុងអត្ថបទនេះ យើងឃើញមានការចុះហត្ថលេខា និងឈ្មោះ អ្នកសួរចម្លើយជាកម្មាភិបាលខ្មែរក្រហម រួមជាមួយសាម៉ីខ្លួនផង និងបានកត់ត្រា កាលបរិច្ឆេទនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៧ ។ ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ គឹម ថាំ ៖
គឹម ថាំ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុក១៦ តំបន់២៥ ។ នៅអាយុ១២ ឆ្នាំ ថាំ បានចូលរៀននៅសាលាវត្តពោធិ៍ រហូតដល់ថ្នាក់ទី១0 ក៏ឈប់រៀនត្រឡប់មកជួយរកស៊ីជាមួយឪពុកម្ដាយវិញ ។
នៅឆ្នាំ ១៩៦៦ ថាំ ធ្វើជាអ្នកស៊ីឈ្នួលចាំចម្ការ ឲ្យឈ្មោះ ទឹម កឺន អតីតកុង្សី ខាងច្បាប់ នៅភូមិថ្នាប់ ឃុំទឹកឈូ ស្រុកឈូក ខេត្តកំពត ។ ពេលនោះ ឈ្មោះ កឺន ចាត់តាំងឲ្យ ថាំ ធ្វើជាប៉ូលិសយាមផ្ទះ ។ ធ្វើបានរយៈពេល៤ខែ ថាំ ក៏ត្រឡប់មកផ្ទះវិញ ។ ក្រោយមក តាមរយៈ សាត អប់រំ ថាំ ផ្ដោតលើខ្លឹមសារ ចូលទៅបន្លំខ្លួនធ្វើបដិវត្តន៍ ជាមួយឈ្មោះ វ៉ន (ស្លាប់ឆ្នាំ១៩៧០) មានតួនាទី មេទ័ពរំដោះប្រចាំនៅភូមិនិរតី (ភូមិភាគ៤០៥) ស្ថិតក្នុងស្រុកលើកដែក តំបន់២៥ នៃខេត្តកណ្ដាល [2] ។ នៅខែមេសា ឆ្នាំ១៩៧០ តាមរយៈឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព បានឲ្យ ថាំ ចូលធ្វើបដិវត្តន៍ នៅកង លេខ០៤០ និងចាំទទួលទាហាននៅបន្ទាយកំពង់ភ្នំ ។ មិនយូរប៉ុន្មាន ថាំ បានចេញពីអង្គភាពវៀតណាម មកនៅក្នុងអង្គភាពខ្មែរវិញ ប៉ុន្តែស្ថិតក្រោមការដឹកនាំរបស់វៀតណាមដដែល។ រស់នៅបានរយៈពេល២ខែ ថាំ ក៏ស្គាល់មនុស្ស៤នាក់ ទទួលការអប់រំពី ឈ្មោះ សិទ្ធិ នៅភូមិប្រាសាទ ស្រុក១៦ តំបន់២៥ មានខ្លឹមសារថា ការធ្វើបដិវត្តន៍យើងត្រូវចេះសហការណ៍ជាមួយវៀតណាម និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់។ ថាំ មានជំនឿកាន់តែខ្លាំងឡើងៗ មកលើកងទ័ពវៀតណាម និងបំផុសឲ្យយុវជនចូលក្នុងអង្គភាពវៀតណាម ជាពិសេសយុវជននៅខាងប្រាសាទ ស្រុក១៦ តំបន់២៥។ លើសពីនេះ ថាំ ក៏ជួបជាមួយ សិទ្ធិ និងតាល់ នៅភូមិកៀនក្ដុល ឃុំប្រាសាទ ស្រុក១៦ តំបន់២៥ ជាសមាជិកពលករវៀតណាម។ ចំពេលនៅទីនោះ មានការរៀបចំកម្មវិធី ទាក់ទងការគោរពទង់វិញ្ញាណក្ខន្ធ មានតម្កល់រូបហូជីមិញ ដែលបង្ហាញអំពីភាពស្មោះត្រង់ជាមួយប្រទេសជាតិរបស់ខ្លួន។ ពួកគេ បានធ្វើសកម្មភាព ឃោសនាឲ្យប្រជាជន មានជំនឿ និងគាំទ្រអង្គការវៀតណាម ដែលជួយរំដោះទឹកដី និងឃោសនា ដល់ប្រជាជនក្នុងស្រុក១៦ តំបន់២៥ គាំទ្រ និងជួយឧបត្ថម្ភដល់វៀតណាមទៀតផង។
នៅដើមឆ្នាំ ១៩៧១ ថាំ បានជួបជាមួយ សិទ្ធិ ជាគណៈបញ្ជាការ វរតូចលេខ១២១ និងស្គាល់ជាមួយអ្នកដឹកនាំចំនួន៥នាក់ ដែលមកពីហាណូយ។ ក្រោយមក តាមការចាត់តាំងពី ជិន វ៉ា ឲ្យ ថាំ និងមនុស្ស៤នាក់ទៀត ទៅយាមការពារនៅតាមព្រំប្រទល់ តំបន់២៥ និងតំបន់៣៣ ស្រុក២០ តំបន់២៥។ អំឡុងពេលនោះ ពួកគេ បានធ្វើសកម្មភាព ចាប់កងឈ្លបដែលមកពីតំបន់៣៣ ចំនួន៦នាក់ បញ្ជូនមកឲ្យឈ្មោះ ជិន វ៉ាន់ និងបញ្ជូនមកឃុំឃាំងនៅភូមិរាលត្រែង។ ថែមទាំងប្រមូលយក ផ្អក ចំនួន៩ពាង ត្រីប្រហែលជា៥០០គីឡូក្រាម, ថ្នាំជក់ប្រហែល២០០ក្រាម និងពោតអស់ចំនួន៨បាវ រួមទាំងសម្ភារជាច្រើនទៀតពីប្រជាជនដែលរស់នៅទីនោះ លក់ទៅឲ្យប្រជាជននៅតំបន់២៥ ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ។
នៅខែធ្នូ ឆ្នាំ១៩៧២ តាមការចាត់តាំងពី សិទ្ធិ ឲ្យថាំ ជាមួយ សៅ សុវ៉ាន់ ចូលបន្លំខ្លួន ទារពន្ធពីប្រជាជនដែលប្រកបមុខរបររកត្រី នៅឃុំប្រាសាទ ស្រុក១៦។ សកម្មភាពនេះធ្វើបានរយៈពេលកន្លះខែ ពួកគេប្រមូលប្រាក់ពីប្រជាជនបានចំនួន៦ម៉ឺនរៀល ប្រគល់ទៅឲ្យឈ្មោះ សិទ្ធិ ជាអ្នកកាន់កាប់។ ក្រោយមក សិទ្ធិ បានហៅ ថាំ ជាមួយមនុស្ស៤នាក់ទៀត មកប្រជុំនៅព្រែកតាឯក ដាក់ខ្លឹមសារ វ៉ៃ សមរភូមិ នៅស្រែអំបិល ក្នុងការបំផ្លាញកម្លាំងបដិវត្តន៍ និងបំផុសឲ្យយុវជន រត់ចោលខ្សែត្រៀម។ លើសពីនេះត្រូវបំផុសឲ្យកើតមានជាទំនាស់ រវាងកងទ័ពភូមិភាគបូព៌ា (ភូមិភាគ ២០៣) ដែលស្ថិតក្នុងខេត្តព្រៃវែង[3] និងតំបន់២៥ ហើយដាក់ងារ យុវជនមកពីបូព៌ា ថា “ពួកចម្ប៉ា” និងយុវជនមកពីតំបន់២៥ ហៅថា “ពួកក្អែកទឹក” ។ នៅពេលកើតមានសង្រ្គាមរយៈពេល៦ថ្ងៃ បណ្ដាលឲ្យកងទ័ពខាងបូព៌ាត្រូវរបួសចំនួន២នាក់។ បន្ទាប់មក ថាំ និងបក្ខពួកក៏ចាប់យុវជននៅវរតូចលេខ១១២ និងលេខ១១៦ បានចំនួន៨នាក់ បញ្ជូនមកឲ្យ សិទ្ធិ ទៀតផង។ នៅខែកុម្ភៈ ឆ្នាំ១៩៧៤ ថាំ និងមនុស្ស១០នាក់ បានចូលរួមក្នុងពិធីជប់លៀងមួយនៅព្រែករុន ហើយដាក់ផែនការពង្រីកកម្លាំង ដែលជាខ្សែ ឲ្យចូលធ្វើជាបក្សកុម្មុយនីស្តកម្ពុជា ដឹកនាំក្នុងវរតូចលេខ២៦៥។ រយៈពេលមួយខែក្រោយ អង្គការបានដកកង២៦៥ ទៅកាន់សមរភូមិទន្លេមេកុងវិញ ថាំ កសាងកម្លាំងចំនួន២នាក់ និងបំផុសឲ្យយុវជនរត់ទៅផ្ទះ និងឲ្យរត់ចូលខ្មាំងពាមរាំងក្រោម នៃទន្លេមេកុង។ ក្រោយមក ក៏បំផ្លាញគ្រាប់៦០ មីលីម៉ែត្រ អស់ចំនួន៤០០គ្រាប់ និងB ៤០ និង៤១ អស់ចំនួន៦០គ្រាប់ និងបំផុសឲ្យយុវជនរត់ចោលខ្សែត្រៀមថែមទាំងបំផុសឲ្យយុវជនរត់ទៅនៅផ្ទះវិញអស់ចំនួន៨នាក់ទៀត។
នៅខែកុម្ភៈ ឆ្នាំ១៩៧៥ អង្គការចាត់តាំងឲ្យ ថាំ ចូលក្នុងកង១៤៣ ជាមួយឈ្មោះ ស្រ៊ីវ និងលាង ហើយជួបជាមួយមនុស្ស៥នាក់ នៅព្រែកទន្លាប់។ ពួកគេ ធ្វើសកម្មភាពប្រលែងសត្វ ធ្វើឲ្យបែកការ និងមានបង្កប់គ្រាប់បែកមួយគ្រាប់ទៀតផង។ សកម្មភាពនេះធ្វើបានមួយរយៈ អង្គការបានដក ថាំ ឲ្យទៅធ្វើស្រែនៅបាគូ បានជួបជាមួយ ខាត់ ហើយពិភាក្សាគ្នាអំពីការធ្វើសកម្មភាពបំផ្លាញបដិវត្តន៍ ទាក់ទងនឹងធ្វើស្រែ ត្រូវប្រជុំជាមួយមនុស្ស១០នាក់ ដាក់ផែនការបំផ្លាញម៉ាស៊ីនបូមទឹក។ ពួកគេ ក៏ធ្វើសកម្មភាពបូមទឹកពន្លិចស្រូវ ធ្វើឲ្យរលួយអស់ និងធ្វើឲ្យម៉ាស៊ីនបូមទឹកផ្ទុះអស់ចំនួន២គ្រឿង ដោយប្រើមិនបានចាក់ប្រេង។ ក្នុងពេលនោះ ថាំ ក្ដោបក្ដាប់បានមនុស្ស២នាក់ ចាត់តាំងឲ្យទៅមើលគោជាង១០០ក្បាល។ ពួកគេ ធ្វើសកម្មភាពប្រលែងគោ ឲ្យស៊ីស្រូវអស់ជាង៤០០០កណ្ដាប់ និងបំផុសឲ្យយុវជនរត់ទៅផ្ទះអស់ចំនួន៦នាក់ទៀត ។ នៅខែមីនា ឆ្នាំ១៩៧៦ ខាត់ បានឲ្យ ថាំ និងមនុស្សទាំង១៦នាក់ ទៅប្រជុំនៅព្រែកជ្រៅ នៅតាខ្មៅ បំផុសឲ្យកើតមានទំនាស់រវាងអង្គភាពមួយទៅអង្គភាពមួយទៀត ពីបញ្ហាលួចបេះផលដំណាំដោយសេរី។ បន្ទាប់មក តាមផែនការ ថាំ បានបន្លំរាយការណ៍ ជូនគណៈអង្គភាពយោធា និងបានរៀបចំជ្រើសរើសកម្លាំង ចំនួន៤នាក់ដែលមានបំពាក់អាវុធ ឲ្យចាំការពារអង្គការ រហូតដល់ទល់ដែន។ ក្រោយមក អង្គការដក ថាំ មកនៅភ្នំពេញ ឲ្យត្រឡប់ចូលមកបក្សវិញ តាមការឧទ្ទេសនាមពីឈ្មោះ សន និង ចាត់តាំងឲ្យយុវជន យកសំណាបដាក់លាយឡំគ្នា ធ្វើស្រូវទុំមុនក្រោយគ្នារយៈពេលកន្លះខែ បណ្ដាលឲ្យស្រូវខូច ហើយទទួលផលតិច។ សកម្មភាពបន្ទាប់ទៀត ពួកគេពុំបានបញ្ចូលទឹកដាក់ស្រែ ធ្វើឲ្យស្រូវខូចអស់ចំនួន៨ហិចតា។
នៅខែមករា ឆ្នាំ១៩៧៧ អង្គការបានដក ថាំ ឲ្យមកកាន់នៅអង្គភាពយោធា នៅវរតូច លេខ៣១៣ វរធំលេខ ៣១ ក៏ជួបជាមួយ ផល និងខ្សែចាស់ចំនួន២នាក់ ទទួលភារកិច្ចដើរមើលស្រូវ និងសម្ភារក្នុងកង៧០៣ ទាំងមូល។ ពួកគេបានដឹកជញ្ជូនស្រូវពីវរធំ លេខ៣៣ ចំនួន៦០០បាវ ទៅទុកនៅផ្ទះមួយកន្លែងនៅចាក់អង្រែ ទាំងដែលស្រូវនៅសើម ធ្វើឲ្យស្រូវនោះដុះខូចខាតអស់មួយចំនួនធំ។ ក្រោយមក ថាំ ក៏ត្រឡប់មកកាន់កាប់នៅកង០៨ ដែលមានយុវជនជាច្រើននាក់ ងាយស្រួលក្នុងការប្រមូលមកធ្វើជាកម្លាំងបានច្រើនទៀត។ ក្រោយមក ស្ថានភាពមានការប្រែប្រួលធ្វើឲ្យមានភាពច្របូកច្របល់នៅក្នុងអង្គភាព ដែលនាំឲ្យរាំងស្ទះដល់ការធ្វើសកម្មភាព។ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ថាំ និងសួរចម្លើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៧៕
អត្ថបទដោយ៖ ជីម សុខគា
[1] ឯកសារ J 00៤៣០ តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពបំផ្លាញ បដិវត្តន៍របស់ គឹម ថាំ » ។ បានបង្ហាញអំពីសកម្មភាព ធ្វើផែនការដោយធ្វើផែនការបំផ្លាញកម្លាំងបដិវត្តន៍ និងបំផុសឲ្យយុវជន រត់ចោលខ្សែត្រៀម ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម។
[2] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ នៅស្រុកលើកដែក ខេត្តកំពង់ស្ពឺ, ៣៣-៣៤។
[3] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ នៅភូមិភាគបូព៌ា (ភូមិភាគ២០៣) , ៣៣។