ការជក់បារីក្នុងរបបខ្មែរក្រហម គឺជាពេលវេលាសម្រាកបន្ថែម

សារធាតុ នីកូទីន ដែលមានវត្តមាននៅក្នុងផលិតផលនៃថ្នាំជក់ (បារី) គឺជាសាធាតុដែលអាចជ្រៀតចូលទៅរាងកាយមនុស្សតាមរយៈការស្រូបចូលដោយផ្លូវដង្ហើម និងស្បែក ដែលអាចបង្កឲ្យមានបញ្ហាដូចជា៖ ចង្វាក់បេះដូងលោតញ៉ាប់ លើសម្ពាធឈាម ហើយការប្រើប្រាស់រយៈពេលយូរអាចបង្កទៅជាជំងឺមហារីក។ បន្ថែមលើនេះទៅទៀត ការប្រើប្រាស់សារធាតុ នីកូទីនច្រើន ក៏ឈានទៅរកការញៀន គឺអ្នកជក់បារីពិបាកក្នុងការឈប់ដោយសារមានអាការៈ ពិបាកក្នុងខ្លួន ពិបាកគ្រប់គ្រងអារម្មណ៍ និងមានការតានតឹងអារម្មណ៍។[1]
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អ្នកជក់បារីនៅប្រទេសកម្ពុជា គឺដើម្បីភ្ជាប់ទំនាក់ទំនងក្នុងវិស័យជំនួញ បង្កើតជំនឿចិត្ត និងទទួលភ្ញៀវក្នុងកម្មវិធីផ្សេងៗ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសព។ល។ មិនតែប៉ុណ្ណោះ ការជក់បារី ក៏បានបង្ហាញពីឋានៈ តួនាទី តាមរយៈផា្លកសញ្ញា ឬម៉ាកយីហោ ដែលបង្ហាញឲ្យដឹងថា អ្នកជក់បារីជាអ្នកមានមុខមាត់ ជាអភិជន និងជាអ្នកតួនាទីសំខាន់ជាដើម។[2]
ក្នុងរបបខ្មែរក្រហម អង្ករ និង មាស ត្រូវបានប្រើប្រាស់ជំនួសឲ្យក្រដាស់ប្រាក់ក្នុងទីផ្សារងងឹតនៃរបបខ្មែរក្រហម (ការទិញដូរដោយលួចលាក់ពីអង្គការ)។ តាមរយៈបទសម្ភាសន៍ជាច្រើន ក៏ដូចជាការនិយាយប្រាប់កូនចៅតៗគ្នាពីការលួចដោះដូរ អាហារពីអ្នកមូលដ្ឋាន ឬហៅថា ប្រជាជនចាស់ ដោយយក មាស គ្រឿងលម្អខ្លួន (នាឡិកា ខ្សែដៃ ខ្សែក។ល។) កង់ ដូរយក អំបិល ថ្នាំពេទ្យ អាហារ និងសម្លៀកបំពាក់។ ដោយឡែក ថ្នាំជក់ ២០០ក្រាម អាចដូរបានអង្ករ ៥កំប៉ុង ដោយសារកម្មាភិបាលខ្មែរក្រហម និងប្រជាជនចាស់ ភាគច្រើនជាអ្នកជក់បារី និងថែមទាំងជក់ខ្លាំងទៀតផង។[3] មិនតែប៉ុណ្ណោះ ខ្មែរក្រហមខិតខំបង្កើនការជក់បារីក្នុងសហករណ៍ដោយការផ្តល់បារី ឬថ្នាំជក់ ដល់ស្ត្រី និងក្មេង ដែលបង្ហាញពីការស្មើរភាពគ្នាក្នុងរបបនោះ ក៏ដូចជាការជួយបង្កើនផលិតផលបានច្រើនជាងមុន ដោយឡែកប្រជាជនថ្មីដែលមិនចេះជក់បារី ខំរៀនជក់រហូតទាល់ចេះជក់ និងឈានដល់ការញៀនបារី ព្រោះ ការជក់បារី ឬការប្រើប្រាស់ថ្នាំជក់ក្នុងរបបខ្មែរក្រហម អាចជួយដល់ការដេញមូសពេលយប់។ បារីអាចយកទៅប្តូរជាអាហារ ជាពិសេសអាចសម្រាកពីការងារបន្ថែមពីពេលសម្រាកដែលបានកំណត់។[4] លោកពូ គឹម វណ្ណារ៉ា អាយុ ៦៨ឆ្នាំ ជាកូនខ្មែរកាត់ចិន មានបងប្អូន៩នាក់ ស្រី៤នាក់ មានទីកន្លែងកំណើតនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយឪពុកម្តាយ និងបងប្អូនស្រីប្រុស ៦នាក់ ក្នុងអាយុ ១៩ឆ្នាំ។ លោកពូបានឲ្យដឹងថា «ខ្ញុំចាប់ផ្តើមជក់បារីក្នុងរបបខ្មែរក្រហម ដោយមូលហេតុថា អ្នកជក់បារីអាចសម្រាកជក់បារីដោយមិនមានពេលវេលាកំណត់ជក់ឡើយ» ចាប់ពីពេលនោះមក លោកពូចាប់ផ្តើមញៀនបារីរហូតដល់ឆ្នាំ២០១៥។ លោកពូបានឲ្យដឹងថា ជក់បារី ជួយឲ្យលោកពូមិនសូវឃ្លាន មានកម្លាំងធ្វើការបានច្រើន និងមិនងងុយគេង បន្ថែមលើនេះទៀត លោកពូបានឲ្យដឹងថា ប្រជាជនមូលដ្ឋានមានទំនុកចិត្តមកលើលោកពូជាងមុន និងមានការប្រាស្រ័យទាក់ទងល្អ។
តាមរយៈការចុះធ្វើវេទិការពិភាក្សាពីបញ្ហាសុខភាព និងផ្សព្វផ្សាយពីសៀវភៅ «ព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ខ្ញុំបានសង្កេតឃើញ ប្រជាជនប្រមាណជា ៥០ភាគរយដែលជាបុរស ជក់បារីជាប្រចាំ ដែលនាំឲ្យគាត់មានជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ជំងឺភ្នែកឡើងបាយដែលអាចបណ្តាលឲ្យងងឹតភ្នែក មានបញ្ហាមាត់ ធ្មេញ និងការរំលាយអាហារ។ តាមបទសម្ភាសន៍ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជក់បារី ភាគច្រើន គឺចាប់ផ្តើមជក់បារីក្នុងរបបខ្មែរក្រហម។
[1] Clinical Methods: The History, Physical, and Laboratory Examinations. (1990). Annals of Internal Medicine, 113(7), 563. https://doi.org/10.7326/0003-4819-113-7-563_2
[2] Burgess, D.J., Mock, J., Schillo, B.A. et al. Culture, acculturation and smoking use in Hmong, Khmer, Laotians, and Vietnamese communities in Minnesota. BMC Public Health 14, 791 (2014). https://doi.org/10.1186/1471-2458-14-791
[3] Pribble, S. (2023). The Barter Economy of the Khmer Rouge Labor Camps. Taylor & Francis.
[4] Burgess, D.J., Mock, J., Schillo, B.A. et al. Culture, acculturation and smoking use in Hmong, Khmer, Laotians, and Vietnamese communities in Minnesota. BMC Public Health 14, 791 (2014). https://doi.org/10.1186/1471-2458-14-791
អត្ថបទដោយ៖ គឹម សុវណ្ណដានី
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា