ប្រើមនុស្សឲ្យធ្វើការដូចសត្វធាតុ

(ស្វាយរៀង) ៖ គឹម ហឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៥៧ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម ហឿន និងសមាជិកគ្រួសាររួមមាន៖ ឪពុក ឈ្មោះ គឹម ជា និងម្ដាយ ឈ្មោះសាមុត ព្រមទាំងបងប្អូនប្រាំនាក់ ត្រូវបានជម្លៀសពីខេត្តស្វាយរៀងជាស្រុកកំណើតឲ្យទៅនៅខេត្តបាត់ដំបង។ នៅពេលដល់អ្នកលឿង ខេត្តព្រៃវែង ហឿន និងគ្រួសារ បានសម្រាកនៅទីនោះមួយរយៈដើម្បីរង់ចាំឆ្លងទៅត្រើយម្ខាង។ ហឿន បានធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ និងបន្ទាប់មកទៅដល់ខេត្តបាត់ដំបង។ ហឿន បានរៀបរាប់ថានៅតាមផ្លូវពេលជម្លៀសមានស្ថានភាពលំបាកខ្លាំង ព្រោះគ្មានមធ្យោបាយធ្វើដំណើរ ទីជម្រក និងអាហារហូបគ្រប់គ្រាន់។ ខ្មែរក្រហមមិនបានយកចិត្តទុកដាក់លើការជម្លៀសប្រជាជននោះទេ គេចេះតែបញ្ជាឲ្យប្រជាជនធ្វើដំណើរទៅមុខ បើទោះបីជាមានសមាជិកគ្រួសារឈឺ និងស្លាប់ក៏មិនអនុញ្ញាតឲ្យឈប់ដើម្បីមើលថែ និងផ្តល់ការព្យាបាលត្រឹមត្រូវដែរ។

ពេលទៅដល់ខេត្តបាត់ដំបងដំបូង ហឿន និងគ្រួសារទទួលបានរបបអាហារគ្រប់គ្រាន់ ប៉ុន្តែបន្ទាប់មកគេបានបំបែក ហឿន និងគ្រួសារឲ្យរស់នៅផ្សេងពីគ្នា។ នៅទីនេះ ហឿន បានកើតជំងឺគ្រុនចាញ់ និងជំងឺកញ្ជ្រឹល។ ហឿន មិនទទួលបានការព្យាលបាលត្រឹមត្រូវ និងរបបអាហារគ្រប់គ្រាន់ដែលបណ្តាលឲ្យគាត់ធ្លាក់ខ្លួនឈឺកាន់តែខ្លាំងជិតនឹងបាត់បង់ជីវិត។ សមាជិកគ្រួសារទាំងអស់របស់ ហឿន ត្រូវបានគេប្រើដោយគ្មានពេលសម្រាក។ ម្តាយ និងឪពុក របស់ហឿន ត្រូវបានគេប្រើឲ្យជីកប្រឡាយ និងលើកទំនប់។ ចំណែកប្អូនៗ ស្ថិតក្នុងកងកុមារដើររើសគួរស្រូវ និងកាប់ទន្រ្ទានខេត្ត។ ចំណែក ហឿន ធ្វើការនៅកងចល័តត្រូវជីកទំនប់ លើកប្រឡាយ និងប្រមូលលាមក មនុស្ស សត្វ និងស្លឹកឈើដើម្បីយកទៅធ្វើជីសម្រាប់ដាក់ស្រូវ។ នៅសម័យខ្មែរក្រហម ហឿន និយាយថាការងារប្រចាំថ្ងៃរបស់គាត់ និងសមាជិកគ្រួសារត្រូវធ្វើមិនដឹងថ្ងៃ យប់ទេ។

«ប្រើមនុស្សឲ្យធ្វើការដូចសត្វដូចធាតុ គ្មានពេលសម្រាក ប៉ុន្តែប្តូរជាមួយរបបអាហារដែលមិនគ្រប់គ្រាន់ហើយពេលឈឺគ្មានការព្យាបាលត្រឹមត្រូវ»។

ក្រោយពីរបបខ្មែរក្រហមដួលរលំ ហឿន បានត្រឡប់មករស់នៅស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងប្រកបរបរធ្វើស្រែចំការរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន ហឿន មានជំងឺក្រពេះ និងពោះវៀន។ ហឿន ក៏មានជំងឺប្រចាំកាយមួយចំនួនទៀតនាំឲ្យគាត់ ឧស្សហ៍វិលមុខ និងអស់កម្លាំង។

ហឿន បាន សំណូមពរឲ្យក្មេងៗជំនាន់ក្រោយរៀនពីប្រវត្តិសាស្រ្តដើម្បីជៀសវៀងការជាន់ដានដែលនាំឲ្យប្រជាជនស្លូតត្រង់រងគ្រោះសារជាថ្មី។

សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin