គឹម ប៉ាវ៖ អតីតយោធាខ្មែរក្រហម

គឹម ប៉ាវ[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឃ្លោង សង្កាត់ជីនៀង ស្រុកបារ៉ាយ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន គឹម ប៉ាវ រស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។
ប៉ាវ បានរៀបរាប់ថា៖ “ឪពុកម្ដាយរបស់ខ្ញុំជាកសិករ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់កុមារដ្ឋាន កាលពីជំនាន់សង្គមរាស្ដ្រនិយម ហើយក្រោយមកក៏បានឈប់រៀនវិញ ដោយសារជីវភាពខ្វះខាត និងត្រូវឃ្វាលគោក្របី ជាពិសេស គឺនៅពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែងព្រះមុខរដ្ឋ។ នៅពេលនោះ យើងបាននាំគ្នារត់ចូលព្រៃតាមការអំពាវនាវរបស់សម្ដេចព្រះ នរោត្ដម សីហនុ ឲ្យចូលរួមជាមួយកងទ័ពរំដោះជាតិ ដែលក្រោយមកទើបយើងដឹងថាជាខ្មែរក្រហម។ ខ្ញុំបានចូលជាយោធាស្រុក ក្រោមការគ្រប់គ្រងរបស់តាជិន បន្ទាប់មក ខ្មែរក្រហមក៏បញ្ជូនខ្ញុំទៅកាន់ភ្នំប្រុសភ្នំស្រីក្នុងខេត្ដកំពង់ចាម ដើម្បីហ្វឹកហាត់អំពីយុទ្ធសាស្រ្ដកងទ័ព និងស្មារតីតស៊ូប្រឆាំងនឹងរបបសក្ដិភូមិ ចន្លោះពីមួយទៅពីរសប្ដាហ៍។ ក្នុងនាមជាអ្នកជនបទស្រែចម្ការមួយរូប យើងមានការឈឺចាប់ នៅពេលខ្មែរក្រហមបំផុសអំពីការឈ្លានរបស់បរទេសមកលើទឹកដីរបស់យើង។ យុវជនក្នុងស្រុករបស់យើង ចាប់ផ្ដើមភ្ញាក់រឮក និងចូលរួមចលនារំដោះជាតិយ៉ាងស្រុះដៃគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនបានហាត់រៀនយូរនោះទេ ដោយសារខ្មែរក្រហមត្រូវការកម្លាំងប្រើប្រាស់។ ខ្មែរក្រហមបានបណ្ដុះគំនិត ឲ្យយើងផ្ដួលរំលំរបបសក្ដិភូមិ និងអ្នកជិះជាន់កេងប្រវ័ញ្ចទៅលើអ្នកក្រ ដែលជាគោលដៅទាក់ទាញដល់អ្នកមានកំហឹងឈឺចាប់ទាំងឡាយ ឲ្យចូលរួមចលនានេះកាន់តែច្រើនឡើងថែមទៀត។
នៅឆ្នាំ១៩៧៤ ខ្មែរក្រហមចាប់ផ្ដើមរៀបចំអង្គភាពចល័ត ដែលមានការបង្កើនចំនួនទ័ពប្រមាណជាង៤០០នាក់នៅក្នុងមួយកងវរៈសេនាតូច។ យើងដើរធ្វើការចល័តរវាងខេត្ដបាត់ដំបង និងកំពង់ឆ្នាំង ហើយចំណែកឯក្រុមជាច្រើនផ្សេងទៀត មានការទទួលខុសត្រូវខេត្ដផ្សេងៗគ្នា។ យើងបានកំណត់គោលដៅប្រយុទ្ធជាមួយទាហាន លន់ នល់ ទៅតាមមុខសញ្ញា ដើម្បីឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ យើងបានទទួលដំណឹងថាខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់។ ខ្មែរក្រហមប្រកាសមិនឲ្យទាហានទាំងឡាយជ្រួលជ្រើមទៅលើការចង់មានចង់បានលើជ័យភណ្ឌដែលទទួលបាននោះទេ។ ប្រធានអង្គភាពនីមួយៗ មើលការខុសត្រូវសមាជិករបស់ខ្លួន។ នៅពេលនោះ ខ្ញុំមានការត្រេកអរណាស់ ដោយយល់ថា យើងឈប់ច្បាំងគ្នា យើងលែងភិតភ័យនឹងរបួសស្នាម ឬស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាមទៀតហើយ។ ខ្ញុំបានត្រលប់មកលេងក្រុមគ្រួសារបានម្ដង។ អំឡុងពេលនោះ ខ្ញុំបានឈរជើងនៅទួលគោក ហើយភ្លាមៗនៃជ័យជម្នះ ខ្ញុំបានឃើញប្រជាជនដែលត្រូវបានកងទ័ពជម្លៀសចេញពីទីក្រុងភ្នំពេញ។ នៅពេលនោះខ្ញុំយល់ថា ខ្មែរក្រហមជម្លៀសប្រជាជន គឺគ្រាន់តែដើម្បីការពារអាយុជីវិតប្រជាជនពីការទម្លាក់គ្រាប់បែករបស់ លន់ នល់ តែប៉ុណ្ណោះ។ មួយវិញទៀត បទបញ្ជាពីថ្នាក់លើខ្មែរក្រហម មិនឲ្យយើងប៉ះពាល់លើប្រជាជនឡើយ។ ប្រធានអង្គភាពរបស់ខ្ញុំ បានហាមដាច់ខាត មិនឲ្យយើងយកទ្រព្យសម្បត្ដិ ឬគំរាមកំហែងទៅលើប្រជាជននោះទេ។ បន្ទាប់មក ថ្នាក់លើក៏បានបញ្ជូនយើងទៅឈរជើងនៅគល់ស្ពានជ្រោយចង្វារ ដែលនៅទីនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាប៉ូល។ កងទ័ពរបស់យើងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្ដ បន្ទាប់ពីនៅទីនោះអស់រយៈពេលជាច្រើនសប្ដាហ៍ និងចាប់ផ្ដើមមានផែនការលើកទំនប់ ជីកប្រឡាយ។ យើងមានអារម្មណ៍អន់ចិត្ដត្រង់ចំណុចនេះ ប៉ុន្ដែមិនដែលហ៊ានប្រកែកតវ៉ាម្ដងណាឡើយ ដោយសារខ្លាចគេចាប់ខ្លួនយកទៅសម្លាប់ចោល។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបញ្ជូនអង្គភាពរបស់ខ្ញុំទៅកាន់ភ្នំដិន នៃខេត្ដតាកែវ ដើម្បីការពារព្រំដែន។ រយៈពេល១ឆ្នាំក្រោយមក យើងក៏ត្រូវបានថ្នាក់លើបញ្ជូនទៅកាន់ខេត្ដកំពង់ចាម ខាងកើតទន្លេមេគង្គ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម[2]ចាប់ផ្ដើមដណ្ដើមបានទីក្រុងភ្នំពេញ ហើយកងកម្លាំងរបស់យើងចាប់ផ្ដើមធ្វើដំណើរទៅកាន់ភ្នំដងរែក ដើម្បីតភ្ជាប់ខ្សែរយៈ និងរៀបចំកម្លាំងឡើងវិញ។ នៅតាមផ្លូវយើងបានចូលទៅក្នុងភូមិស្វែងរកស្បៀងអាហារពីប្រជាជន ហើយនៅពេលនោះ ខ្ញុំមិនធ្លាប់ដឹងរឿងរ៉ាវពីសមរភូមិក្រោយទាល់តែសោះ ដែលប្រជាជនត្រូវជួបគ្រោះអត់ឃ្លាន។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនធ្លាប់ទទួលការប៉ុនប៉ងធ្វើបាបពីប្រជាជនឡើយ។ រហូតដល់ឆ្នាំ១៩៨០ ខ្ញុំបានធ្វើដំណើរមកដល់ភ្នំដងរែក នៅត្រង់ចំណុចភូមិដូនអាវ ខាងលិចតំបន់មុំបី។ នៅទីនោះ យើងទទួលបានការបំពាក់បំប៉នកម្លាំង និងស្បៀងអាហារឡើងវិញ។ ក្រោយមក យើងក៏បានធ្វើដំណើរទៅសមរភូមិខាងក្នុងប្រទេសជាញឹកញាប់ ដើម្បីបន្ដទំនាក់ទំនងឡើងវិញ និងដណ្ដើមតំបន់ដែលធ្លាប់បាត់បង់មកវិញ។ ប្រជាជនខាងក្នុងប្រទេស ចាប់ផ្ដើមមានខ្សែរយៈចូលរួមជាមួយចលនារបស់យើងជាបន្ដបន្ទាប់ រហូតដល់តំបន់ព្រំដែនភាគខាងជើងជាប់ជួរភ្នំដងរែក បានក្លាយទៅទីតាំងនៃការតស៊ូសង្គ្រាមចុងក្រោយរបស់ចលនាខ្មែរក្រហម៕”
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ គឹម ប៉ាវ នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ នៅក្នុងឆ្នាំ២០២១។
[2] ការរំដោះ និងការបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា៖ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។ ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។