វត្តបភាវត្យារាម ហៅវត្តគគរ នៅសម័យកម្ពុជាប្រជាធិបតេយ្យ

វត្តបភាវត្យារាម ហៅវត្តគគរ ស្ថិតនៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  មានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រសិនធ្វើដំណើរពីទីរួមខេត្តកំពង់ចាមតាមបណ្ដោយផ្លូវ៤០ម៉ែត្រ​ស្របតាមដងទន្លេមេគង្គ យើងនឹងឃើញចេតិយចំណាស់មួយដែល​មានរូប​ព្រះកាល ឬរាហ៊ូ​​នៅខាងឆ្វេងដៃ​ ដែលអាចនិយាយបានថាជានិមិត្តរូបនៃវត្តគគរ​។ នៅក្រោយវត្តមានអូរធម្មជាតិ និងភូមិរបស់អ្នក​ស្រុក  ដោយមានប្រជាជនចំណុះជើងវត្តចំនួន៤ រួមមាន ភូមិគគរ១ គគរ២ ចំការសាមសិប និង កំពង់ក្របី ហើយប្រជាជនមានការរស់នៅលាយឡំគ្នារវាងខ្មែរនិងខ្មែរ-អ៊ិស្លាម។

នៅថ្ងៃ ១៧ មេសា ១៩៧៥ ប្រទេសកម្ពុជាត្រូវបានរំដោះ ហើយការជ្រៀតជ្រែកពីបរទេស ការទម្លាក់គ្រាប់បែក និងសង្គ្រាមស៊ីវិល រវាងខែ្មរ និងខ្មែរ រយៈពេលជាងប្រាំឆ្នាំក៏ត្រូវបានបញ្ជាប់។[1]  ក្រោយពីការរំដោះនេះ ប្រជាជនជាច្រើននៅក្នុងទីក្រុង និងនៅតាមទីប្រជុំជននានា បានជឿជាក់ និងមានការរំពឹងទុកថា ខ្លួននឹងរួចផុតពីសង្គ្រាម ដែលបានរស់នៅដោយលំបាកនៅរយៈពេលជាងប្រាំឆ្នាំរួចមក។ ផ្ទុយពីការគិតរបស់ប្រជាជន រយៈពេលប្រមាណពីរ ទៅបីម៉ោងក្រោយខ្មែរក្រហមចូលទីកាន់កាប់ទីក្រុងភ្នំពេញ ក៏មានសេចក្តីប្រកាសមួយបានកើតឡើង។ ខ្មែរក្រហមបានប្រកាស ឲ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញ ចេញពីទីក្រុងទាំងអស់ ដើម្បីឲ្យក្រុមខ្មែរក្រហម ធ្វើការសម្អាតទីក្រុង និងដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ អាមេរិក។[2] ខ្មែរក្រហមបានឲ្យប្រជាជន ចេញពីទីក្រុងភ្នំពេញ និងចេញពីទីរួមខេត្តទាំងអស់ទៅរស់នៅតាមតំបន់ជនបទ ដើម្បីធ្វើការងារកសិកម្ម។

ព្រឹត្តិការណ៍នៃការជម្លៀសប្រជាជននេះ ធ្វើឲ្យភូមិស្រុក នៅតាមខេត្តក្នុងប្រទេសកម្ពុជា ពោរពេញទៅដោយប្រជាជន ដែលត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសឲ្យមករស់នៅ។ លំហូរប្រជាជនច្រើន ធ្វើឲ្យមានការងារច្រើនស្របទៅនឹងគោលនយោបាយរបស់ខ្លួន។ ខ្មែរក្រហមបានផ្លាស់ប្តូរសាលារៀន វិហារសាសនា និងវត្តអារាមនៅក្នុងប្រទេស ឲ្យក្លាយជារោងបាយ ជម្រុកស្រូវ ទីកន្លែងធ្វើការរបស់កម្មាភិបាលរបស់ខ្លួន និងពេលខ្លះជាទីកន្លែងឃុំខ្លួន និង សម្លាប់មនុស្ស។

ជាក់ស្ដែង វត្តគគរ ដែលមានទីតាំងនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខ្មែរក្រហមក៏បានប្រើប្រាស់ព្រះវិហារ និងសាលាឆាន់ នៅក្នុងវត្ត ឲ្យទៅជាជម្រុកស្រូវ និងជាកន្លែងកិនស្រូវ ដែលពីមុនមកគឺសម្រាប់កិច្ចការសាសនា។អគារសាលាបាលីមួយដែលកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយម បានក្លាយជាការងារស្នាក់នៅ និងកន្លែងធ្វើការរបស់កម្មាភិបាលខ្មែរក្រហម ឯកុដិមួយនៅខាងមុខសាលាបាលីនេះត្រូវបានខ្មែរក្រហម ដាក់កងកាត់ដេរនៅទីនោះ។ កងកាត់ដេរនៅក្នុងវត្តគគរនេះភាគច្រើនត្រូវបានជ្រើសរើសចេញពីប្រជាជនមូលដ្ឋានផ្ទាល់ ហើយការងាររបស់កងមួយនេះត្រូវកាត់ដេរសម្លៀកបំពាក់ ឲ្យគ្រប់តាមផែនការដែលគេដាក់ឲ្យ។[3]សាលាបាលីនេះក៏ប្រើប្រាស់ជាឃ្លំាងធំមួយសម្រាប់ដាក់សម្ភារៈ ដែលកងកាត់ដេរបាន កាត់ដេរហើយ និងជាកន្លែងសម្រាប់ដាក់គ្រឿងទេស ដូចជាផ្អក ប្រហុក ស្ករ អំបិល ប៊ីចេង និងសម្ភារៈផ្ទះបាយមួយចំនួនទៀតផងដែរ។ នៅក្នុងទីតាំងវត្តគគរនេះក៏មានរោងបាយមួយផងដែរ សម្រាប់កម្មាភិបាលខ្មែរក្រហម ទាហានខ្មែរក្រហម កងកាត់ដេរ និងប្រជាជនមួយចំនួនទៀតដែលធ្វើការនៅក្នុងវត្តនេះ។ យូរៗម្តងមានការប្រជុំ របស់កម្មាភិបាលខ្មែរក្រហមថ្នាក់សង្កាត់ ដែលធ្វើឡើងនៅក្នុងបរិវេណវត្តគគរនេះផងដែរ។

ចេតិយធំមួយដែលមានទីតាំងនៅខាងកើតព្រះវិហារ ដែលកសាងឡើងតាំងពីសម័យអាណានិគមបារាំង ប្រើសម្រាប់ជាទីតម្កល់អដ្ឋិធាតុនោះ ត្រូវបានខ្មែរក្រហម ប្រើប្រាស់ជាទីកន្លែង ឃុំឃាំង និងធ្វើទារុណកម្មប្រជាជនស្លូតត្រង់ ដែលមិនមែនតែប្រជាជននៅមូលដ្ឋាននេះនោះទេ គឺមានទាំងប្រជាជន ដែលខ្មែរក្រហមបានជម្លៀសពីតំបន់ផ្សេងៗមក ជាពិសេសពីទីរួមខេត្តកំពង់ចាម។ ប្រជាជនជាច្រើននាក់ត្រូវបានដឹកយកទៅដាក់ នៅទីតាំងចេតិយធំវត្តគគរ តាមរយៈរទេះសេះ នៅពេលយប់ ហើយប្រជាជនទាំងអស់នោះត្រូវបាន ទាហានខ្មែរក្រហមចាប់ដាក់ច្រវាក់ដៃ ច្រវាក់ជើង និងធ្វើទារុណកម្មយ៉ាងខ្លាំង រួមទាំងការបង្អត់អាហារ ដែលធ្វើឲ្យប្រជាជនមានភាពស្គមរីងរៃយ៉ាងខ្លាំង។[4] ប្រជាជនដែលត្រូវបានកងទ័ពខ្មែរក្រហម យកទៅធ្វើទារុណកម្ម និងសម្លាប់នោះភាពច្រើនជាប្រជាជនខ្មែរ-ឥស្លាម ដែលរស់នៅឃុំគគរ។ ទីតាំងនៅក្នុងឃុំគគរ មានកន្លែងសម្លាប់មនុស្សនៅក្នុងសម័យខ្មែរក្រហមមួយចំនួនទៀត ដូចជាទីតាំងបឹងស្រែ និងនៅឡថ្នាំ ខាងក្រោយភូមិចំការសាមសិប។ នៅក្នុងឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានកសាងស្តូបនៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីគោរពវិញ្ញាណក្ខន្ធសម្រាប់អ្នកបាត់បង់ជីវិតពីរបបខ្មែរក្រហម។។

អត្ថបទដោយ៖ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន

[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១៣-១៩

[2] ដូចឯកសារយោងខាងលើ

[3]  គង់ ហុន «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[4] ម៉ម សឿង «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin