កើត សុរចនា អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តស្វាយរៀង
កើត សុរចនា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង
ខ្ញុំឈ្មោះ កើត សុរចនា គឺជាអ្នកស្ម័គ្រចិត្តជំនាន់ទី១ មកពីខេត្តស្វាយរៀង។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាទាំង៨ជំនាន់តាមរថភ្លើងពីភ្នំពេញឆ្ពោះទៅកាន់ស្ថានីយរថភ្លើង ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ កំទ្បុងពេលធ្វើដំណើរខ្ញុំបានអាននូវប្រវត្តិក៏ដូចជាសាច់រឿងខ្លះៗរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់បានឆ្លងកាត់ ការជម្លៀសតាមរថភ្លើងជាមួយក្រុមគ្រួសាររបស់គាត់ ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលខ្ញុំធ្លាប់បានធ្វើការសម្ភាសន៍សាច់រឿងនៅក្នុងភូមិរបស់ខ្ញុំ។ ប្រជាជនកម្ពុជាត្រូវបានខ្មែរក្រហមជម្លៀសពីតំបន់មួយទៅតំបន់មួយតាមរថភ្លើង។
រឿងរ៉ាវដែលប្រជាជនកម្ពុជាបានឆ្លងកាត់ពិតជាលំបាក គ្រួសារខ្លះត្រូវបែកបាក់គ្នា ទៅធ្វើការកន្លែងផ្សេងៗ តាមការចាត់តាំងរបស់ខ្មែរក្រហម ហើយគ្រួសារខ្លះទៀតត្រូវបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ដោយមិនបានរស់នៅជុំគ្នា ក៏មានគ្រួសារខ្លះទៀតត្រូវវង្វេងសមាជិកគ្រួសារអំទ្បុងពេលជម្លៀសតាមរថភ្លើងផងដែរ។ រឿងរ៉ាវទាំងអស់នេះតាមរយៈការអានសាច់រឿងក៏ដូចជាធ្លាប់បានសម្ភាសន៍អ្នករស់រានមានជីវិតដែលគាត់ធ្លាប់បានឆ្លងកាត់ពិតជាពិបាកទទួលយកណាស់ និងបានបង្ហាញអំពីក្តីឈឺចាប់នៃការព្រាត់ប្រាស់ បាត់បង់សមាជិកគ្រួសារ។ បើនិយាយអំពីដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យនេះសម្រាប់ខ្ញុំផ្ទាល់យល់ថាការធ្វើដំណើរមានការសម្របសម្រួល រៀបចំ និងគាំទ្រយ៉ាងច្រើនពីមជ្ឈមណ្ឌលឯកសារកម្ពុជា ទាំងការធ្វើដំណើរ ស្នាក់នៅ ការហូបចុក និងការគិតគូរពីសុខភាព ថ្វីត្បិតតែការធ្វើដំណើរនេះមានការនឿយហត់តិចតួច ប៉ុន្តែខ្ញុំគិតថាមិនអាចប្រៀបបាននឹងការជម្លៀសប្រជាជនក្នុងរបបខ្មែរក្រហមទេ អ្នកខ្លះត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែងភូមិកំណើតទៅតំបន់ផ្សេងដែលមិនស្គាល់ទាំងភ័យខ្លាចចេះតែទៅតាមខ្មែរក្រហមបញ្ជា។
ពេលធ្វើដំណើរនឿយហត់ស្រែកឃ្លានមិនមានការផ្គត់ផ្គង់អាហារគ្រប់គ្រាន់ មានបញ្ហាសុខភាពក៏ចេះតែទ្រាំ ទៅតំបន់ផ្សេងមិនដឹងថាត្រូវធ្វើការងារអ្វីឲ្យប្រាកដ រស់នៅក៏មិនបានជួបជុំក្រុមគ្រួសារ ការរស់នៅរបស់ប្រជាជនក្នុងរបបនោះរស់នៅក្រោមការគាប់សង្កត់ និងពុំមានសិទ្ធិសេរីភាពគ្រប់គ្រាន់។
អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ