គង់ ប៉ោរ៖ សង់ផ្ទះចំនួន១០ខ្នងឲ្យប្រជាជនភ្នំពេញ

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនមកពីទៅក្រុងភ្នំពេញឲ្យស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ គង់ ប៉ោរ ជាជាងធ្វើផ្ទះម្នាក់ រួមទាំងសមាជិកចំនួន១៤នាក់ទៀតត្រូវបានអង្គការបង្គាប់ឲ្យធ្វើផ្ទះចំនួន១០ខ្នងឲ្យប្រជាជនមកពីភ្នំពេញស្នាក់នៅ។ អ្នកទាំងនោះស្នាក់នៅបានកន្លះខែ ខ្មែរក្រហមបន្តជម្លៀសទៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់។
ឈ្មោះ គង់ ប៉ោរ[1] ភេទប្រុស អាយុ ៨៩ឆ្នាំ មានស្រុកកំណើតនៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ពេលបច្ចុប្បន្នរស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ផឹង គង់ (ស្លាប់) និងម្តាយឈ្មោះ មាន ឥត (ស្លាប់ចាស់ជរាក្រោយឆ្នាំ១៩៧៩)។
ខ្ញុំមានបងប្អូនចំនួន៤នាក់ (ស្រីម្នាក់) ខ្ញុំជាកូនទីបួន។ ខ្ញុំមានប្រពន្ធពីរនាក់ប្រពន្ធទីមួយមានឈ្មោះ ញឹក ផន មានកូនចំនួន៩នាក់ (ស្រី៥នាក់) និងប្រពន្ធទី២ឈ្មោះ កាក់ គឹមស៊ន់ មានកូនចំនួន៩នាក់ដែរ (កូនខ្ញុំបានស្លាប់អស់ចំនួន១២នាក់ដោយសារមានជំងឺអត់មានថ្នាំព្យាបាលកាលពីនៅក្មេងៗ)។ រាល់ថ្ងៃកូនខ្ញុំនៅរស់ចំនួន៦នាក់ (ស្រី៣នាក់)។
នៅអាយុ១៣ឆ្នាំ ខ្ញុំបានចូលរៀន។ ម្តាយឪពុកបានបញ្ចូនទៅរៀននៅសាលាមេមត់ ស្រុកមេមត់។ កាលដំបូងខ្ញុំធ្វើកូនសិស្សលោក និងរៀននៅក្នុងវត្តមេមត់ ព្រះសង្ឃជាអ្នកបង្រៀនទាំងអក្សរសាស្រ្តខ្មែរ និងខាងវិស័យព្រះពុទ្ធសាសនា រួមទាំងបង្រៀនធម៌ ប៉ុន្តែខ្ញុំមិនសូវចេះធម៌ ដោយសារខ្ចិលរៀន។ វត្តមេមត់មានកូនសិស្សច្រើននាក់មកពីគ្រប់ឃុំទាំងអស់បានមករៀនសូត្រ។ កាលជំនាន់ខ្ញុំមានកូនសិស្សលោកជាង៣០នាក់មកពីភូមិ ឃុំផ្សេងគ្នា។
នៅខែមករា ឆ្នាំ១៩៧០ ឪពុកម្តាយបានផ្ញើលុយចំនួន៣០រៀលសម្រាប់ទិញសៀវភៅ និងរបស់ប្រើប្រាស់។ នៅឆ្នាំ១៩៧០មានរដ្ឋប្រហារទម្លាក់សម្តេចឪ ប្រជាជនបានធ្វើបាតុកម្មក្នុងស្រុកមេមត់នៅខ្នងក្រពើ។ ចំណែកគ្រួសារខ្ញុំ មានបងប្រុសខ្ញុំគាត់បានទៅចូលរួមបាតុកម្មនៅស្រុកមេមត់ជាមួយប្រជាជន។ ខ្ញុំបានហាមឃាត់បងប្រុសកុំឲ្យទៅធ្វើបាតុកម្ម ព្រោះអត់ដឹងថាបាតុកម្មនោះមានគោលការណ៍អ្វីទេ? ប្រជាជនអត់សូវបានដឹងអំពីព័ត៌មាននៅស្រុកមេមត់ និងសភាពការណ៍បែបណានោះទេ។ ខ្ញុំឃាត់បងប្រុសមិនឈ្នះ គាត់បានចេញទៅធ្វើការបាតុកម្មជាមួយប្រជាជនទូទាំងស្រុកមេមត់។ ការឃោសនានៅតាមផ្លូវ នាំគ្នាស្រែកថា «ជយោសម្តេចឪអ្នកណាមិនទៅកាប់ចោល»។
ប្រជាជននៅក្នុងភូមិគគីរ បានទៅចូលរួមយ៉ាងច្រើន ប៉ុន្តែប្រជាជនទាំងនោះចូលរួមធ្វើបាតុកម្មគ្មានកាំភ្លើងទេ មានតែកាំបិត ពូថៅ និងដំបង។ ចំណែកទាហាន លន់ នល់ មានកាំភ្លើងគ្រប់គ្នាទាំងអស់។ ពេលធ្វើបាតុកម្មមានប្រជាជនជាច្រើននាក់បានរងរបួសដោយសារគ្រាប់កាំភ្លើងទាហាន លន់ នល់ បានបាញ់គំរាមកុំឲ្យប្រជាជនដែលចូលរួមធ្វើបាតុកម្មបបួលគ្នាមកច្រើនជាងនេះទៀត។ ប្រជាជនខ្លះបានត្រូវរបួសដៃជើង តែអត់មានអ្នកណាម្នាក់ស្លាប់ទេ។
បន្ទាប់ពីបាតុកម្មក៏មានអាមេរិកាំងចូលមកទម្លាក់គ្រាប់បែកពេញភូមិ និងនៅក្នុងព្រៃ មានទាំងយន្តហោះ និងរថក្រោះចូលមកក្នុងភូមិគគីរ ឃុំគគីរ ស្រុកមេមត់។ អាមេរិកាំងចូលមកទម្លាក់គ្រាប់បេ-៥២ គឺស្វែងកងទ័ពវៀតកុង ជាសត្រូវរបស់អាមេរិកាំងបានចូលមកលាក់ខ្លួនក្នុងទឹកដីខ្មែរ។ ខ្ញុំបានឃើញកងទ័ពវៀតកុងចូលមកនៅក្នុងភូមិ តែកងទ័ពទាំងនោះស្នាក់នៅមិនបានយូរទេក៏ចេញទៅវិញអស់។ ពេលកងវៀតកុងចូលមកអត់មានធ្វើបានប្រជាជននៅក្នុងភូមិទេ គ្រាន់តែស្នាក់នៅមួយយប់រួចក៏ចាកចេញ។ ខ្ញុំខ្លាចជាងគេពេលយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ មុនពេលទម្លាក់គ្រាប់បែកមានយន្តហោះពីរទៅបីគ្រឿងឆ្វែលចុះឡើង២ទៅ៣ដង ទើបចាប់ផ្តើមទម្លាក់គ្រាប់បែក។
មុនពេលអាមេរិកាំងទម្លាក់បែកប្រជាជននាំគ្រួសាររត់ទៅលាក់ខ្លួននៅក្នុងរណ្តៅត្រង់សេដើម្បីកុំឲ្យមានអំបែងខ្ទាតមកត្រូវ។ ឪពុកខ្ញុំបានជីករណ្តៅត្រៀមទុកមុនជាស្រេច នៅក្នុងភូមិ ដើម្បីលាក់ខ្លួនពីការទម្លាក់គ្រាប់បែកប៉េណាំហាយ។ ប្រជាជនក្នុងភូមិគគីរ មានរបួស និងស្លាប់ប្រហែល៤០នាក់ រួមទាំងខូចខាតផ្ទះសម្បែងថែមទៀត ក្នុងនោះក៏មានស្លាប់គោ និងក្របីជាច្រើនក្បាល។ ពេលយន្តហោះឈប់ទម្លាក់ទើបប្រជាជនចេញមករកមនុស្សដែលស្លាប់ និងរបួសយកទៅព្យាបាល។ ចំណែកសត្វដែលស្លាប់អ្នកភូមិយកទៅធ្វើម្ហូប ធ្វើងៀត ឆ្អើរទុកថ្ងៃក្រោយទៀត។ អាមេរិកាំងចូលមកទម្លាក់គ្រាប់ចំនួនមួយលើក រួចក៏ចេញបាត់អស់។
នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានមកក្នុងភូមិបង្កើតក្រុមការងារប្រវាស់ដៃ។ ដំបូងនៅក្នុងភូមិគ្មានអ្វីកើតឡើងទេ ប្រជាជនធ្វើស្រែ ចម្ការប្រវាស់ដៃពេលបានផលចែកគ្នា ហើយមិនទាន់ជារួមទេ។ គ្រួសារខ្ញុំមានជីវភាពធូរធារជាងគេ ព្រោះមានម៉ាស៊ីនកិនស្រូវ មានទាំងរបស់ប្រើប្រាស់ជាច្រើន ហើយត្រូវយកទៅដាក់ជារួមទាំងអស់។ បើសិនជាគ្រួសារខ្ញុំអត់យករបស់របរទៅដាក់រួមទេ ខ្មែរក្រហមចោទយើងថាប្រឆាំងអង្គការនឹងត្រូវហៅទៅអប់រំឬយកសម្លាប់ចោល។ នៅក្នុងភូមិគគីរ ខ្មែរក្រហមជ្រើសរើសមនុស្សដែលមិនចេះអក្សរឲ្យធ្វើប្រធាន។
នៅក្នុងឆ្នាំ១៩៧៥ ប្រជាជននៅទីក្រុងភ្នំពេញត្រូវបានខ្មែរក្រហមជម្លៀសមករស់នៅតាមឃុំនៃស្រុកមេមត់។ ភូមិគគីរ ខ្មែរក្រហមអត់ដាក់ប្រជាជនជម្លៀសមកពីទីក្រុងភ្នំពេញឲ្យស្នាក់នៅ ឬធ្វើការងារទេ។ អ្នកភ្នំពេញត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់។ ខ្ញុំត្រូវបានថ្នាក់លើចាត់ឲ្យសង់ផ្ទះចំនួន១០ខ្នង នៅភូមិគគីរ ឃុំគគីរ ដើម្បីឲ្យអ្នកជម្លៀសមកពីកន្លែងផ្សេងៗស្នាក់នៅជាបណ្តោះអាសន្ន មុនពេលរកកន្លែងថ្មីនៅបាន។ ផ្ទះចំនួន១០ខ្នង ធ្វើពីឫស្សី ប្រក់ស្លឹកទ្រាំង គ្រាន់ការពារកុំឲ្យភ្លៀងទទឹក។ ជាងធ្វើផ្ទះ គឺជាប្រជាជនក្នុងភូមិប្រមាណ១៥នាក់។ ក្រោយពីធ្វើផ្ទះរួចរាល់ ប្រធានកងធំ ក៏ឲ្យអ្នកភ្នំពេញស្នាក់នៅបណ្តោះអាសន្ន។ ប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីភ្នំពេញស្នាក់នៅប្រមាណកន្លះខែក៏បញ្ជូលទៅឃុំរំចេក ស្រុកមេមត់។
នៅដើមឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើតសហករណ៍ប្រមូលទ្រព្យសម្បត្តិដាក់រួមទាំងអស់ គឺខ្មែរក្រហមទុកតែស្លាបព្រាមួយ និងចានមួយសម្រាប់ហូបបាយ។ ខ្មែរក្រហមផ្តល់អាហារចំនួនពីរពេលក្នុងមួយថ្ងៃ។ នៅចន្លោះម៉ោង១០-១១ វាយជួងហូបបាយម្តង និងល្ងាចនៅម៉ោង៥ វាយជួយហូបបាយម្តងទៀត។ អ្នកដែលទៅក្រោយគេ គឺមិនបានហូបគ្រប់គ្រាន់។ សម័យខ្មែរក្រហមក្នុងភូមិគគីរ ឃុំគគីរ អត់មានបាយហូបទេ គឺបបររាវ។ ថ្ងៃខ្លះមានបាយ ប៉ុន្តែលាយជាមួយផ្លែចេក ដំឡូងជាដើម។ ខ្ញុំមានគ្រួសារ ហេតុនេះខ្មែរក្រហមអត់ចាត់ទៅធ្វើការងារណាឆ្ងាយឡើយ ដោយអ្នកនៅលីវទើបខ្មែរក្រហមចាត់តាំងឲ្យធ្វើកងទ័ព ធ្វើកងចល័ត ជាដើម។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យមើលការខុសត្រូវនៅមន្ទីរសន្តិសុខនៅចម្ការកាហ្វេ ភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ដែលជាគុកសម្រាប់ដាក់ប្រជាជនមានកំហុស ធ្លាប់ធ្វើការឲ្យទាហានលន់ នល់ ឬអ្នកធ្វើការងារកាលពីសង្គមចាស់។
នៅឆ្នាំ១៩៧៨ កងទ័ពមជ្ឈិមបានចូលមកដល់សួររកអ្នកចេះដឹងធ្លាប់ធ្វើជាគ្រូបង្រៀន សួររកអ្នកធ្លាប់ធ្វើប្រធានកងតូច ប្រធានកងធំ គណៈភូមិ គណៈឃុំ ត្រូវចាប់ខ្លួនយកទៅដាក់ឃុំឃាំងនៅគុកចម្ការកាហ្វេនៅក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ទាំងអស់។ ខ្ញុំមិនបានដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ត្រូវចាប់ខ្លួនឃុំឃាំងនៅមន្ទីរសន្តិសុខ? អ្នកដែលត្រូវខ្មែរក្រហមចាប់ទាំងអស់ត្រូវបានយកទៅវាយសម្លាប់នៅក្នុងព្រែកឆ្លូង ខេត្តក្រចេះ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទៅរស់នៅក្នុងក្រុងសួង ខេត្តកំពង់ចាម(បច្ចុប្បន្នក្រុងសួង ខេត្តត្បូងឃ្មុំ) ធ្វើស្រែហូបបាយរួមដដែល។ បន្ទាប់មកបានចេញទៅនៅភូមិថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ រយៈពេល៣-៤ខែ ទើបខ្មែរក្រហមបន្តជម្លៀសទៅខេត្តកំពង់ធំ។
ខ្មែរក្រហមជម្លៀសខ្ញុំឲ្យរស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅទីនោះបានកន្លះខែកងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមកដល់វាយប្រយុទ្ធជាមួយខ្មែរក្រហម។ ការវាយប្រយុទ្ធចំនួនមួយថ្ងៃពេញ ទើបយកឈ្នះលើខ្មែរក្រហម។ ខ្មែរក្រហមមួយចំនួនបានស្លាប់ និងមួយចំនួនទៀតបានដកថយ ព្រោះកងទ័ពវៀតណាមមកច្រើន។ បន្ទាប់មកប្រជាជនបានត្រឡប់មកភូមិស្រុករៀងៗខ្លួន ដោយធ្វើដំណើរថ្មើរជើងរហូតមកដល់ភូមិវិញ៕
អត្ថបទដោយ ឈុំ រ៉ា មជ្ឈមណ្ឌលឯកសារកោះថ្ម
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឈុំ រ៉ា និង លីម អ៊ីភីង សម្ភាសន៍នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លើគម្រោងការលើកកម្ពស់សិទ្ធិ នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជួបសម្ភាសន៍ ជាមួយម្ចាស់ប្រវត្តិរូប ឈ្មោះ គង់ ប៉ោរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។