គម្រោងអភិវឌ្ឍន៍ភូមិអូររុន

គង់ ឆៃណា ប្រជាជនរស់នៅភូមិអូររុន/ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លោក គង់ ឆៃណា ជាអ្នកភូមិអូររុន បាននិយាយថាបញ្ហាប្រឈមធំៗរបស់អ្នកភូមិគឺបញ្ហាសុខភាព ដោយសារតែផ្លូវ នៅពេលម៉ូតូឡានបើកឆ្លងកាត់ធ្វើឲ្យមានធូលីដីបក់មករកផ្ទះរបស់អ្នករស់នៅក្នុងភូមិទាំងអស់គ្នា។ មួយវិញទៀតអ្នកភូមិក៏មិនសូវយល់ដឹងពីបញ្ហាអនាម័យ ទើបធ្វើឲ្យអ្នកភូមិខ្លះមានជំងឺរាករូស។ ចំពោះដំណាំដាំដុះនៅភូមិឆ្នាំនេះលក់មិនបានថ្លៃដូចឆ្នាំមុនៗទេ។ បើការនេសាទវិញក៏រកមិនបានដូចមុនដែរព្រោះតែត្រីមិនមានច្រើនដូចមុន ហើយអ្នកនេសាទដោយល្មើសច្បាប់ក៏មានច្រើនទៀត។

សម្រាប់កុមារនៅក្នុងភូមិវិញមានប្រហែល២០ភាគរយដែរមិនបានចូលសាលារៀន មិនមែនឪពុកម្ដាយមិនចង់ឲ្យកូនៗទៅរៀនទេ ប៉ុន្តែមកពីកត្តាខ្វះខាតទើបយកកូនទៅធ្វើការជាមួយ ពេលខ្លះគាត់យកទៅនេសាទត្រីនៅកោះ ពេលខ្លះទៀតឪពុកម្ដាយក៏យកកូនទៅធ្វើការនៅឯក្រុមហ៊ុនចម្ការចេកជាមួយក៏មានដែរ។ ក្រៅពីនេះឪពុកម្ដាយរបស់កុមារបញ្ចូនកូនទៅរៀនបានគ្រប់គ្រាន់ជាធម្មតា។ សម្រាប់សម្ភារសិក្សានៅក្នុងភូមិវិញក៏មានមិនគ្រប់គ្រាន់ដែរ។ ខ្ញុំចង់ឲ្យមានការបង្រៀននូវមុខជំនាញបំណិនជីវិតដែលសិស្សបានអនុវត្តផ្ទាល់ ទើបសិស្សានុសិស្សអាចចាប់បានលឿនជាងទ្រឹស្ដី។ ចំណែកឯយុវជនដែលបានរៀនចប់ថ្នាក់ទី១២ ភាគច្រើន មិនបានទៅបន្តការសិក្សាទៀតទេ។ មានតិចតួចណាស់ដែលបានបន្តការសិក្សាដល់សាកលវិទ្យាល័យ។ នៅភូមិអូររុននេះមិនទាន់មានទឹកស្អាតនៅឡើយទេ។ ភាគច្រើនអ្នកភូមិនៅភូមិអូររុននេះប្រើប្រាស់ទឹកទន្លេ ដោយប្រើម៉ាស៊ីនបូមទឹក ឬម៉ូទ័របូមទឹកសម្រាប់ប្រើប្រាស់ តាមតម្រូវការរបស់គ្រួសារនីមួយៗ។

សម្រាប់ផលលំបាកចំពោះពេលទឹកឡើង យូរៗម្ដងទឹកបានឡើងធ្វើឲ្យខូចខាតផលដំណាំរបស់គ្រួសារខ្ញុំដែរ។ ចំណែកឯទឹកស្រកវិញធ្វើឲ្យខ្ញុំទៅនេសាទត្រីមិនសូវបាននោះទេ ព្រោះទឹកមិនទៀងទាត់។ចំពោះសំណល់ គ្រួសារខ្ញុំគ្រប់គ្រងដោយការដុត។ ខ្ញុំចង់ឲ្យបានមានឡានប្រមូលសំរាមមួយ សម្រាប់យកសំរាមទៅចាក់នៅទីលានមួយដែលនៅឆ្ងាយពីភូមិព្រោះនៅពេលខ្ញុំដុត ផ្សែងអាចប៉ះពាល់កូនៗរបស់ខ្ញុំបាន ដូច្នេះបើមានឡានប្រមូលសំរាមមួយខ្ញុំគិតថាពិតជាល្អខ្លាំងណាស់។ ហើយមួយវិញខ្ញុំចង់ឲ្យមានក្រុមហ៊ុនវិនិយោគលើសំរាមដែលប្រើប្រាស់រួចយកមកកែច្នៃឡើងវិញ។

មុខរបរដែលអ្នកភូមិអូររុនធ្វើជាទូទៅមាន កសិកម្ម នេសាទ កម្មករក្នុងស្រុក និងកម្មករនៅក្រៅប្រទេស។ ការងារនៅក្នុងភូមិអូររុននេះមិនមានគ្រប់គ្រាន់ទេ ព្រោះតែមិនមានការងារច្រើនសម្រាប់ឲ្យអ្នកភូមិធ្វើ ភាគច្រើនអ្នកភូមិធ្វើការចំណាក់ស្រុក។ បើនិយាយពីផលិតផលនៅក្នុងភូមិផលិតបានហើយលក់ចេញវិញឆ្នាំនេះគឺចប់ហើយមិនថាសត្វចិញ្ចឹម ឬដំណាំកសិកម្មទេ គឺលក់បានក្នុងតម្លៃទាបណាស់។ បញ្ហាដែលធ្វើឲ្យប្រាក់ចំណូលរបស់ខ្ញុំរអាក់រអូលក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀតនោះគឺនៅពេលតម្លៃសត្វចិញ្ចឹម និងផលិតផលកសិកម្មធ្លាក់ក្នុងតម្លៃថោកភ្លាមៗ ធ្វើឲ្យខ្ញុំមិនអាចលក់ទាំងតម្លៃថោកបានទេ ដូច្នេះខ្ញុំត្រូវរងចាំតម្លៃឲ្យមានភាពសមរម្យសិនទើបខ្ញុំអាចលក់ចេញបាន។ តាមយោបល់របស់ខ្ញុំដើម្បីឲ្យសហគមន៍រីកចម្រើនបានប្រសើរជាងនេះ រាជរដ្ឋាភិបាលត្រូវលើកស្ទួយផលិតផលក្នុងភូមិ និងផ្សព្វផ្សាយចេញទៅក្រៅឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិយោគក្នុងការកែច្នៃផលិតផលពាក់កណ្ដាលសម្រេច អាចនិងធ្វើឲ្យតម្លៃផលិតផលនៅក្នុងភូមិយើងមានតម្លៃសមរម្យជាងមុន។

កន្លងមកក៏មានអ្នកភូមិដើរអង្គាសថវិកាសម្រាប់អភិវឌ្ឍន៍សហគមន៍ដែរ តែមិនបានច្រើនឡើយ។ ក្នុងការលើកកម្ពស់វប្បធម៌នៅក្នុងភូមិអូររុនវិញខ្ញុំចង់ឲ្យមានការអភិវឌ្ឍបុណ្យកំសាន្តភូមិឲ្យល្អប្រសើរជាងមុន ដើម្បីធ្វើឲ្យភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកលេងកំសាន្តភូមិរបស់យើងច្រើនជាងមុន។ កន្លងមកក៏មានរាជរដ្ឋាភិបាល និងអង្គការក្រៅរាជរដ្ឋាភិបាលដែលជួយគាំទ្រ និងអភិវឌ្ឍន៍ភូមិរបស់យើងដែរ តែនៅមានកម្រិត។ សម្រាប់គំនិតរបស់ខ្ញុំដើម្បីឲ្យភូមិអូររុនមានការរីកចម្រើនខ្លាំងដល់តែរកការងារជូនអ្នកភូមិឲ្យបានធ្វើគ្រប់ៗគ្នា នោះអ្នកភូមិអាចនិងមានថវិកាសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារបានប្រសើរជាងមុន៕

អត្ថបទដោយ៖ ស្រេង លីដា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin