សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន

ខ្ញុំឈ្មោះ គង់ ម៉ាច អាយុ៥៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ក៏ត្រូវឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ខ្ញុំត្រូវជួយមើលប្អូន និងធ្វើការងារផ្ទះជាដើម។
នៅឆ្នាំ ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត។ អំឡុងឆ្នាំនោះខ្ញុំមានអាយុប្រហែលចន្លោះ៧ទៅ៨ឆ្នាំ។ ខ្ញុំបានឃើញព្រឹត្តិការណ៍ទាហានខ្មែរក្រហមចូលមកក្នុងភូមិដែលខ្ញុំរស់នៅ និង បានជម្លៀសប្រជាជនចេញពីក្នុងភូមិទៅឱ្យធ្វើការងារស្រែចម្ការ ជីកប្រឡាយ និងលើកទំនប់កន្លែងផ្សេងៗពីគ្នា។ ខ្ញុំក៏ត្រូវបានខ្មែរក្រហមបញ្ចូនឱ្យទៅធ្វើការងារនៅកងកុមារ ដើររើសអាចម៍គោ កាប់ស្លឹកទន្រ្ទានខេត្ត យកទៅធ្វើជីដាក់ស្រែជាដើម ខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការងារ ដោយគ្មានពេលសម្រាករៀងរាល់ថ្ងៃ។ ចំពោះបញ្ហាសុខភាពនៅក្នុងរបបខ្មែរក្រហមពេលឈឺ មិនមានគ្រូពេទ្យពិនិត្យនោះទេ។ ក្នុងរបបខ្មែរក្រហម ខ្ញុំដឹងខ្លះៗពីការកាប់សម្លាប់ប្រជាជន ដោយខ្មែរក្រហមយកលេសថា នាំយកទៅរៀនសូត្រ ជួនកាលប្រាប់ថាយកទៅកសាងតែអ្នកដែលខ្មែរក្រហមយកទៅនោះ មិនដែលឃើញមានអ្នកណាម្នាក់ត្រឡប់មកវិញទេ។ បើនិយាយពីការរៀបការក្នុងរបបខ្មែរក្រហមវិញម្ដងគឺ ខ្ញុំមិនបានឃើញផ្ទាល់នោះទេ បានត្រឹមឮចាស់ៗនិយាយថា ខ្មែរក្រហមបានហៅប្រជាជនជាច្រើនគូ ដើម្បីឡើងប្តេជ្ញាយកគ្នាជាប្ដីប្រពន្ធ ទោះបីប្រជាជនទាំងនោះព្រមឬមិនព្រមក៏ដោយក៏ត្រូវធ្វើតាមបញ្ជារបស់ខ្មែរក្រហមដោយមិនអាចជំទាស់បាន ខ្លាចខ្មែរក្រហមនាំយកទៅរៀនសូត្រ។ ក្រឡេកមកមើលការហូបចុករបស់ខ្ញុំក្នុងរបបខ្មែរក្រហមវិញគឺហូបបបរសជាមួយអំបិល ជួនកាលហូបសម្លរព្រលឹតមិនបកសំបកក៏មាន ជួនកាលខ្មែរក្រហមស្លសម្លរត្រកួនឱ្យហូបដោយគ្មានជាតិ និងគ្រប់គ្រាន់នោះទេ។
ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម ខ្ញុំភ័យខ្លាចបានរត់ចូលក្នុងព្រៃជាមួយឪពុកម្ដាយ និងបន្តរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ។ បើនិយាយអំពីស្ថានភាពអ្នកភៀសខ្លួនចូលព្រៃសុទ្ធតែអ្នករបួស និងស្លាប់ពាសពេញក្នុងព្រៃ។ រហូតដល់ពេលសង្គា្រមជិតបញ្ចប់ ខ្ញុំនិងឪពុកម្តាយ បានធ្វើដំណើរវិលត្រឡប់ចូលមករកស្រុកកំណើតវិញ។ ក្នុងឆ្នាំ១៩៨០ ប្រជាជនទូទាំងប្រទេសទទួលបានសិទ្ធិសេរីភាពរស់នៅជួបជុំគ្រួសារឡើងវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ឪពុកម្តាយរបស់ខ្ញុំបានរស់នៅប្រកបមុខរបរ ជាកសិករ និងបានបញ្ជូនខ្ញុំឱ្យចូលរៀនតាមសាលាដល់ថ្នាក់បឋមសិក្សា។ រហូតឆ្នាំ១៩៨៥ ឪពុកម្តាយរបស់ខ្ញុំបានរៀបចំទុកដាក់ឱ្យខ្ញុំមានប្តី។ បន្ទាប់ពីរៀបការរួច ខ្ញុំប្រកបមុខជាកសិកររហូតមកដល់ពេលបច្ចុប្បន្ន។
សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃ សន្លាក់ជើង និងជំងឺលើសឈាម។ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពី កាលពីកុមារភាពខ្ញុំពុំមានរបបអាហារហូបចុកគ្រាប់គ្រាន់ដោយសារប្រទេសមានសង្គ្រាម និងរហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺ ខ្ញុំបានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យក្នុងស្រុក និងបានជួបពិគ្រោះជាមួយលោកគ្រូពេទ្យដែលចុះមកតាមភូមិជាមួយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងឆ្នាំ២០២៣។ គ្រូពេទ្យបានពិនិត្យសុខភាពជូនខ្ញុំ និងបានណែនាំអំពីស្ថាភាពជំងឺប្រាប់ដល់ខ្ញុំ ហើយបុគ្គលិករបស់មជ្ឈមណ្ឌលឯសារកម្ពុជាបានចែកជូនកូនសៀវភៅតូចមួយក្បាលដែលមានចំណងជើងថា «ព័ត៌មានអំពីការថែមទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។ ជាចុងក្រោយ ខ្ញុំសូមថ្លែអំណរអរគុណ ដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចុះជួយដល់រូបខ្ញុំ សូមជូនពរឱ្យក្រុមការងារទាំងអស់ជួបតែសេចក្តីសុខទាំងអស់គ្នា៕[1]
អត្ថបទដោយ ផាត ពន្លក
[1]គង់ ម៉ាច៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសដោយ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត