មូលហេតុការចាប់ខ្លួនកងពល១៧០ ភូមិភាគបូព៌ា របស់ ចាន់ ចក្រី

បន្ទាប់ពីសង្រ្គាមផុតរលត់ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧៥ ពិធីចាត់តាំងកងទ័ពបដិវត្តន៍របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពរបស់សមមិត្ត សុន សេន រដ្ឋមន្រ្តីក្រសួងការពារប្រទេស ទទួលបន្ទុកសេនាធិការ និងសន្តិសុខនិងតំណាងគ្រប់អង្គភាពនៃកងទ័ពបដិវត្តន៍ប្រមាណ៣ពាន់នាក់។ ចាប់តាំងពីពេលនោះមកកងពល១២ត្រូវបានប្ដូរឈ្មោះទៅកងពល៧០៣ ដែលជាកងពលដ៏ឆ្នើមក្នុងចំណោមកងពលទាំង៩ របស់សេនាធិការកងទ័ព។ កងពលនេះមានលក្ខណៈគំរូ ដែលកងពល១៧០ របស់សមមិត្ត មាន(ចាន់ ចក្រី) បានរៀនសូត្រតាមច្រើន[1]។
នៅកងពល១៧០ មន្ទីរកងពលមានឈ្មោះ ចាន់ ចក្រី ហៅ មាន លេខាកងទ័ព នៅក្នុងនោះចែកចេញជា៣វរសេនាធំរួមមាន ទី១)វរសេនាធំ៧១ (វរសេនាតូច៧១១, វរសេនាតូច៧១២, វរសេនាតូច៧១៣ និង វរសេនាតូច៧១៤),ទី២)វរសេនាធំ៧២ (វរសេនាតូច៧២១, វរសេនាតូច៧២២, វរសេនាតូច៧២៣ និង វរសេនាតូច៧២៤),ទី៣)វរសេនាធំ៧៣ (វរសេនាតូច ៧៣១,វរសេនាតូច៧៣២,វរសេនាតូច៧៣៣ និង វរសេនាតូច៧៣៤),កងកាំភ្លើងធំ,កងពិសេស និង ពេទ្យ[2]។
មេធាវីការពារក្ដី នួន ជា សន្និដ្ឋានថា ចាន់ ចក្រី គឺស្ថិតនៅពីក្រោយការគប់គ្រាប់បែកនៅទីក្រុងភ្នំពេញ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ១៩៧៦[3]។
នៅព្រឹកព្រលឹមថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ គ្រាប់បែកដៃមួយបានផ្ទុះឡើងនៅខាងក្រោយរបងព្រះរាជវាំង ក្រុងភ្នំពេញ។ កងទ័ពមកពីកងពល១៧០ មួយចំនួនបានឈរជើងនៅក្បែរៗនោះក៏ត្រូវបានគេឡោមព័ន្ធ និងនាំយកទៅកាន់មន្ទីរសន្តិសុខស-២១ ដើម្បីសួរចម្លើយ និងសម្លាប់[4]។
យឹម សំបាត់[5](សម្បត្តិ) ក្នុងកងពល១៧០ ដែលជាអ្នកនៅក្នុងហេតុការណ៍នៃការបោកគ្រាប់បែកនៅជិតវាំងលើកថា ៖
នៅខែមីនា ឆ្នាំ១៩៧៦ មានយុទ្ធជនម្នាក់នៅក្នុងកងអនុសេនាតូចលេខ២ អនុសេនាធំ៤១ វរសេនាតូចលេខ៧៣២ រើសបានគ្រាប់បែកផ្លែទៀបមួយគ្រាប់នៅពេលរៀបចំផ្ទះដើម្បីសម្រាក។ បន្ទាប់ពីយុទ្ធជនរើសបានគ្រាប់បែកផ្លែទៀបក៏បានយកគ្រាប់បែកនោះទៅប្រគល់ឱ្យឈ្មោះ ថន ដែលជាកម្មាភិបាលកងអនុសេនាតូចលេខ២ ក្នុងកងអនុសេនាធំលេខ៤១ កងពល១៧០។ មិត្តថន បានរាយការណ៍ព័ត៌មានគ្រាប់បែកនោះជូនមិត្ត សារិន។ បន្ទាប់ពីបានដឹងរឿងគ្រាប់បែកមិត្ត សារិន បានឱ្យមិត្តថន យកគ្រាប់បែកនេះទៅកប់ទុកមួយកន្លែងសិន។ នៅចុងខែមីនា មានយុទ្ធជនម្នាក់ទៀតក្នុងក្រុមទី២ កងអនុសេនាតូចលេខ២រើសបាន កាំភ្លើងអ៊ែកែងមួយដើម និងគ្រាប់បែកមួយចំនួនទៀត ក៏បានយកឱ្យមិត្តថន ហើយបានរាយការណ៍ឱ្យមិត្តសារិន ទៀត។ មិត្តសារិន ប្រាប់ថាទុកមួយកន្លែងសិន ចាំមានវិធានការបន្តទៀត។
ម៉ោង៤និង៣៥នាទីទៀបភ្លឺថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ មិត្តសារិន បានឱ្យមិត្ត ថន យកគ្រាប់បែកទៅបោកនៅក្រោយវាំង។ មុនពេលបោកគ្រាប់បែកទាំងនោះមិត្តថន បានរៀបចំឱ្យមិត្ត ម៉ីសារុន ក្រុមទី២ អនុសេនាតូច១ អនុសេនាធំ៤១ កងពល១៧០ និង មិត្ត អ៊ុក ឃុននី ក្រុមទី២ អនុសេនាតូច១ អនុសេនាធំ៤១ កងពល១៧០ យាមនៅតាមផ្លូវក្រោយវាំងបែរមុខទៅទិសខាងលិចដោយបន្លំជាអ្នកបោសសម្អាតក្បែរនោះ ចំណែកខ្ញុំបន្លំជាអ្នកបោសសំរាមនៅរោងយាមជិតនោះ។ រៀបចំរួចហើយមិត្តថន ចូលទៅបោកគ្រាប់បែក។ គោលបំណងនៃការបោកគ្រាប់បែកនេះគឺនៅក្នុងវាំង ប៉ុន្តែនៅពេលបោះគ្រាប់បែកនោះបែរជាប៉ះខ្សែភ្លើងនិងធ្លាក់មកជិតអ្នកយាមទៅវិញ។ បន្ទាប់ពីបោកគ្រាប់បែកហើយមិត្តថន បានដើរគេចតាមផ្ទះដែលមានធុងសាំងទៅផ្ទះរបស់គាត់។ ក្រោយបាតុភាព កងទ័ព១៨០ បានមកកាន់ទីតាំងកើតហេតុនិងរាយការណ៍ខ្មាំងបោកគ្រាប់បែក។ រំលងបានមួយថ្ងៃគណៈវរសេនាតូចហៅខ្ញុំនិងមិត្ត៣នាក់ទៀតទៅជួប ប៉ុន្តែមុនទៅបងសារិន បានហៅខ្ញុំ,នុច សារិត, ស្រី គិត និង មិត្ត អ៊ុក ឃុននី ទៅណែនាំថា «មិត្តយើងនិយាយឈ្មោះត្រង់តាមជាក់ស្ដែងតាមយើងឃើញ ដើម្បីរកយុត្តិធម៌ព្រោះកងពល១៨០ គេចោទយើងធ្ងន់ណាស់»[6]។
យោងតាម កាំ ហ្កេកអ៊ាវ ហៅឌុច ឈ្មោះ យឹម សម្បត្តិ មិនមានបំណងសម្លាប់នរណាម្នាក់នោះទេប៉ុន្តែគ្រាន់តែចង់បង្កការរំខានតិចតួចប៉ុណ្ណោះ[7]។
ឈូក លេខាតំបន់២៤ បានរាយការណ៍ជូនបក្សកុម្មុយនីស្តកម្ពុជានៅពេលត្រូវបានចាប់ខ្លួនអំពីកម្លាំងក្បត់កងពល១៧០ តាមរយៈចាន់ ចក្រី រាយការណ៍ឱ្យខ្លួនដឹងមាន៖ គណៈបញ្ជាការកងពល សមេ ចក្រី (ចាន់ ចក្រី)លេខា, សមេ ភួន (រស់ ភួន) អនុលេខា និង សមេ សុផាន (សួរ សុផាន) ជាសមាជិក។ ប្រធានវរសេនាធំ ប្រធានវរសេនាតូច និង យុទ្ធជនចាត់តាំងនៅក្នុងកងពិសេសចំនួន១០០នាក់ទៀតដែល ឈូក មិនចាំឈ្មោះ[8]។
ការចាប់ខ្លួនកងទ័ពនៃកងពល១៧០ រាប់រយនាក់ធ្វើទារុណកម្ម ដើម្បីទទួលបានចម្លើយសារភាពសម្លាប់ពួកគេដោយគ្មានឆ្លងកាត់ដំណើរការនីតិវិធីច្បាប់ និងបញ្ជូនពួកគេទៅព្រៃស[9](ស-២៤)គឺជាជំរំការងារមួយដែលមានទីតាំងនៅខាងក្រៅក្រុងភ្នំពេញដែលបានដំណើរការជាគុកនិងជាការដ្ឋានការងារឬការដ្ឋានសាងសង់ប្រលានយន្តហោះយោធាកំពង់ឆ្នាំងដើម្បីលត់ដំ[10]។
សោម ទង ជាប្រធានអនុសេនាតូចនៅក្នុងកងពល១៧០ ត្រូវបានចាត់តាំងឱ្យយាមនៅសាលារចនាស្ថិតនៅប៉ែកខាងជើងជាប់ព្រះបរមរាជវាំង។ ដោយសារមានបាតុភាពបោកគ្រាប់បែកនៅខាងក្រោយព្រះបរមរាជវាំង សោម ទង និង យុទ្ធជនជាច្រើននាក់ទៀតត្រូវបានសង្ស័យហើយចាប់ខ្លួនទៅលត់ដំនៅមន្ទីរស-២១ឃ។ សោម ទង បានអះអាងថា បាតុភាពបោកគ្រាប់បែកខាងក្រោយវាំង បានបង្កឡើងដោយកម្លាំងនៅក្នុងកងពលលេខ៣១០។ បន្ទាប់ពីគណៈមន្ទីរស-២១ឃ បានតាមដាននិងស្រាវជ្រាវដឹងថាគាត់មិនបានពាក់ព័ន្ធចំពោះការវាយប្រហារនេះ គាត់ត្រូវបានបញ្ជូនទៅការដ្ឋានសាងសង់ព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង[11]។ អ្នកទោសនៅមន្ទីរស-២១ឃ ដែលត្រូវបានចាត់ទុកថាមានកម្រិតធ្ងន់ធ្ងរនឹងត្រូវបានបញ្ជូនបន្តទៀតទៅមន្ទីរស-២១[12]។
កាំង ហ្គេកអ៊ាវ ហៅ ឌុច បានរាយការណ៍ទៅកាន់ សុន សេន អំពីការឆ្លើយតបរបស់កម្មាភិបាលកងពល១៧០ ដែលត្រូវបានចាប់ខ្លួននិងសួរចម្លើយនៅមន្ទីរសន្តិសុខស-២១ ក្រោមការធ្វើទារុណកម្មទាក់ទងនឹងហេតុការណ៍ទាំងនេះ[13]។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៦ កម្មាភិបាលចំនួន៤៥នាក់ទៀតដែលមកពីកងពល១៧០ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់មន្ទីរសន្តិសុខស-២១[14]។ នៅចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧៦ បុរសចំនួន១១៤នាក់បន្ថែមទៀតមកពីកងពល១៧០ ត្រូវបានសម្លាប់[15]។ ចុងរបបកម្ពុជាប្រជាធិបតេយ្យកងទ័ពនៃកងពល១៧០ សរុបចំនួន៤៣៧នាក់ត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខស-២១[16]។
របាយការណ៍សរុបរបស់មន្ទីរសន្តិសុខស-២១ អំពីផែនការរួមចុងក្រោយទាក់ទងសកម្មភាពប្រឆាំងផ្សេងៗក៏បានលើកផងដែលថាពួក ចាន់ ចក្រី បោកគ្រាប់បែកក្រោយវាំង បាញ់រៈនៅសាលារចនា នៅដើមឆ្នាំ១៩៧៦[17]។
ការអះអាងរបស់ សុន សេន ថាការបាញ់កាំភ្លើងនៅសាលាវិចិត្រសិល្បៈ ការផ្ទុះគ្រាប់បែកនៅព្រះបរមរាជវាំង និងការចែកខិត្តប័ណ្ណរិះគន់ គឺមានការពាក់ព័ន្ធគ្នា ដែលទំនងជាចេញមកពីចម្លើយសារភាពដែលប្រើទារុណកម្ម ហើយធ្វើឱ្យការសន្និដ្ឋានស្ថិតនៅភាពសង្ស័យ។ ទោះជាយ៉ាងណាក៏ដោយភស្តុតាងបានបញ្ជាក់ថាបុគ្គលមកពីកងពល១៧០ រួមទាំង ចាន់ ចក្រី ត្រូវបានចាប់ខ្លួននិងសម្លាប់នៅមន្ទីរសន្តិសុខស-២១ ដោយសង្ស័យពាក់ព័ន្ធទៅនឹងហេតុការណ៍ទាំងនេះ[18]។
យ៉ាងណា សុន សេន និងគណៈកម្មាធិការអចិន្រ្តៃយ៍មានការសង្ស័យចំពោះ ចាន់ ចក្រី ពាក់ព័ន្ធនឹងមូលហេតុផ្សេងទៀតដែលមិនទាក់ទងទៅនឹងចម្លើយសារភាពទាំងនេះទេ។ សុន សេន កត់សម្គាល់ថា អង្គការបានបញ្ជាឱ្យ ចាន់ ចក្រី ស៊ើបអង្កេត សុផាន ប៉ុន្តែចាន់ ចក្រី បានប្រាប់ សុផាន ថាអង្គការសង្ស័យថាគាត់ជាខ្មាំង[19]។ គណៈកម្មាធិការអចិន្រ្តៃយ៍បានសន្មតមានហេតុផលក្នុងការសង្ស័យទៅលើភាពស្មោះត្រង់របស់ ចាន់ ចក្រី ចំពោះបក្ស[20]។
ចាន់ ចក្រី ហៅ មាន គឺជាមេបញ្ជាការកងពល១៧០ រហូតគាត់ត្រូវបានចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ១៩៧៦។ ក្រោយមកត្រូវបានជំនួសដោយ កែវ សុខ ហៅ សមមិត្ត សុខ។ នៅខែមីនា ឆ្នាំ១៩៧៧ កងពល១៧០ មានកងទ័ពប្រមាណ៦.០០០នាក់[21]។
អត្ថបទ ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] ហ៊ុយ វណ្ណៈ កងពលខ្មែរក្រហមលេខ៧០៣:ជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៣, ទំព័រ៣។
[2] ចម្លើយសារភាពឯកសារ D១៦៦៤៨ សេចក្ដីរាយការណ៍អំពីចំនួនបក្សពួកនៅកងពល១៧០ គ្មានទំព័រ។
[3] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ១៦៤៦។
[4] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ១៦៤៧។
[5] ដារ៉ារដ្ឋ មេត្តា «យឹម សំបាត់» ៖ «ត្រូវបានបញ្ជូននៅមន្ទីរស-២១បន្ទាប់ពីសង្ស័យរួមគំនិតបោកគ្រាប់បែក » ទស្សនាវដ្ដីស្វែងរកការពិត,លេខ២៤៨,ខែសីហា,ឆ្នាំ២០២០ ទំព័រ៩។
[6] ចម្លើយសារភាពឯកសារ D០០០៥៨ ទំព័រ២៣។
[7] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ១៦៤៨។
[8] ចម្លើយសារភាពឯកសារ D១៦៦៤៤ រាយការណ៍បន្ថែមជូនបក្សអំពីកម្លាំងក្បត់បក្សក្មុយនីស្តកម្ពុជាជូនបក្សជ្រាប ទំព័រ២២៥ដល់ទំព័រ២២៦។
[9] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ២០៧១។
[10] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ១៦៥៤។
[11] ហ៊ុយ វណ្ណៈ កងពលខ្មែរក្រហមលេខ៧០៣:ជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៣, ទំព័រ៨៨ដល់៨៩។
[12] ស្ទួន ។
[13] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ១៦៥០។
[14] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ១៦៥១។
[15] ស្ទួន។
[16]សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ១៦៥២។
[17] ចម្លើយសារភាពឯកសារ D២១៩១២ សេចក្ដីរាយការណ៍សរុបរបស់មន្ទីរសន្តិសុខស-២១ ទំព័រ២។
[18] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ១៦៥៣ដល់ទំព័រ១៦៥៤។
[19] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ១៦៥៣
[20] ស្ទួន
[21] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ៤៤៦ដល់ទំព័រ៤៤៧