ទុកមិនចំណេញ ដកចេញមិនខាត
(ក្រចេះ) ៖ គង់ សេងលី ភេទប្រុស មានអាយុ៥៦ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅកងកុមារដោយកើបអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងរែកជីដាក់ក្នុងវាលស្រែ។ គាត់មិនទទួលបានការអប់រំ តែត្រូវធ្វើការងារដោយមិនទទួលបានអាហារគ្រប់គ្រាន់។ គាត់បាននិយាយថា ក្នុងរបបនោះដំណាំដែលគាត់បានដាំនៅជុំវិញផ្ទះ ក៏គាត់មិនអាចប្រមូលផលសម្រាប់ផ្ទាល់ខ្លួនឡើយ ព្រោះអង្គការបានដាក់បញ្ចូលជារបស់រួម។
គាត់បានបន្ថែមថាសូម្បីតែដំឡូងមួយមើមក៏មិនអាចបរិភោគបាន។ ប្រសិនបើអង្គការបានឃើញថា មានប្រជាជនណាម្នាក់គាស់ដំឡូងហូប អង្គការគ្រាន់តែព្រមានធម្មតានៅលើកទីមួយ។ ប៉ុន្តែប្រសិនជាអង្គការបានឃើញជាលើកទីពីរ អង្គការនឹងចាប់ប្រជាជនម្នាក់នោះយកទៅកសាង គឺបាត់ខ្លួនរហូត។ អង្គការចាប់ប្រជាជនទៅសម្លាប់គឺនៅតែពេលយប់ ព្រោះមិនឲ្យប្រជាជនផ្សេងទៀតបានឃើញអំពីសកម្មភាព និងបានដឹងរឿងទាំងនោះ។
គាត់បានប្រាប់ថា បងប្អូនរបស់គាត់ពីរនាក់ បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះប្រជាជនបរិភាគអាហារមិនគ្រប់គ្រាន់នោះទេ គឺមានត្រឹមតែបបរលាយជាមួយសម្លត្រកួន និងព្រលឹត។ ប្រជាជនដែលទៅហូបអាហារយឺតពេល នឹងមិនមានអាហារសម្រាប់បរិភោគឡើយ។ ដោយសារតែមិនមានអាហារបរិភោគគ្រប់គ្រាន់ មានប្រជាជនខ្លះបានធ្លាក់ខ្លួនឈឺ មិនអាចធ្វើការងារបាន។
គាត់បាននិយាយថា អង្គការបានយកប្រជាជនទៅសម្លាប់ ដោយប្រើពាក្យស្លោកថា «ទុកមិនចំណេញ ដកចេញមិនខាត»។ ប្រជាជនឆ្លងកាត់របបនោះត្រូវបានអង្គការវាយធ្វើបាប និងសម្លាប់ ធ្វើការហួសកម្លាំង បង្អត់អាហារ មិនមានពេលសម្រាកគ្រប់គ្រាន់ និងមិនមានពេទ្យព្យាបាលជំងឺ។ គាត់ពិការជើងរហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រោះពេទ្យនៅក្នុងសម័យនោះមិនមានចំណេះដឹងត្រឹមត្រូវ ។
ខ្មែរក្រហមបានបំបិទសិទ្ធិប្រជាជនគ្រប់រូប។ ប្រជាជនមិនមានសិទ្ធិក្នុងការបញ្ចេញមតិ មិនបានសិក្សា មិនបានគោរពប្រណិប័តន៍សាសនា។ ក្នុងអំឡុងពេលមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម សេងលី និងគ្រួសារ ព្រមទាំងប្រជាជនផ្សេងទៀត ត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់តំបន់ត្រើយម្ខាងនៃទន្លេមេគង្គ។ អង្គការប្រើប្រាស់ទូកដើម្បីជម្លៀសប្រជាជន។
អង្គការបានហៅលេខសម្គាល់នៅតាមភូមិនីមួយៗ ដើម្បីឲ្យប្រជាជនឡើងទៅតាមទូកដែលបានរៀបចំ។ ការធ្វើដំណើរជួបផលវិបាកជាច្រើន ដោយមានការលិចទូកបណ្ដាលឲ្យប្រជាជនស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ព្រោះតំបន់កាំពីពោរពេញទៅដោយថ្ម ដែលធ្វើឲ្យទូកធ្លាយ។
កងទ័ពវៀតណាម បានឲ្យប្រជាជនត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។ បច្ចុប្បន្ន សេងលី មានបញ្ហាសុខភាព ដោយមិនអាចដើរបាន និងមានជំងឺលើសឈាម៕
សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ