កងកុមារត្រៀមក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ គង់ សេរី មានអាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ គង់ សាវ៉ុន (ស្លាប់នៅសម័យខ្មែរក្រហម) ម្តាយឈ្មោះឡុង សេន មានបងប្អូនប្រាំនាក់។
នៅក្នុងរបបខ្មែរក្រហម សេរី ទទួលរងទុក្ខលំបាកខាំ្លងដោយសារតែជាប្រជាជនថ្មីដែលជម្លៀសពីសុ្រករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ាទៅកាន់ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ក្នុងវ័យប្រហែល១៣ ឆ្នាំ គាត់ស្ថិតក្នុងកងកុមារត្រៀម ព្រោះពេលនោះគាត់មានអាយុច្រើនជាងកុមារបន្តិច ប៉ុន្តែត្រូវធ្វើការដូចជាយុវជន ចល័តទៅឆ្ងាយៗពីភូមិត្រូវជីកទំនប់ និងលើកប្រឡាយធំៗតាំងពីព្រឹករហូតដល់ល្ងាចម៉ោងប្រាំមួយ។
សេរី មិនបានទៅសាលារៀន និងមិនអាចរស់នៅជួបជុំជាមួយឪពុក ម្តាយ និងបងប្អូនបានទេ គឺត្រូវរស់នៅក្នុងកងចល័ត។ ប្អូនរបស់គាត់រស់នៅក្នុងកងកុមារ និងបងៗរស់នៅកងចល័តផ្សេង ចំណែកម្តាយឪពុករស់នៅសហករណ៍ឆ្ងាយៗពីគាត់។
ហេតុការណ៍ដែល សេរី បានជួបកាលពីវ័យក្មេង និងបានចងចាំរហូតមកដល់សព្វថ្ងៃ គឺពេលបានឃើញរណ្តៅសាកសពក្នុងដីស្រែប្រហែលមួយហិចតាដែលគេកប់ពេញទាំងអស់ ប៉ុន្តែការកប់មិនបានល្អទើបគាត់មើលឃើញ និងមានការភ័យខ្លាចជាខ្លាំង។ គាត់ក៏ធ្លាប់ឃើញខ្មែរក្រហម ចងបណ្តើរមនុស្សយកទៅសម្លាប់នៅណ្តៅ ដែលជីកទុកជាស្រេចនៅតាមព្រៃ និងវាលស្រែឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅផងដែរ។
នៅសហករណ៍ខេត្តបាត់ដំបង ក្រៅពីការងារជីកទំនប់ សេរី ត្រូវទៅការងារផ្សេងៗទៀតនៅពេលយប់ ដូចជាការជញ្ជូនស្រូវយកទៅទុកក្នុងឃ្លាំង។ នៅតាមផ្លូវទៅធ្វើការ គាត់បានឃើញរណ្តៅសាកសពជាច្រើន ដែលគេទើបតែសម្លាម់មនុស្សរួច និងបានលប់រណ្តៅថ្មីៗ។
ក្រោយពីរបបខ្មែរក្រហមដួលរលំគាត់បានរត់ចេញពីការដ្ឋានជីកទំនប់ក៏បានជួបជាមួយម្តាយ និងបងប្អូន។ឪពុកគាត់បានស្លាប់នៅខេត្តបាត់ដំបង។ បន្ទាប់មក សេរី និងក្រុមគ្រួសារក៏បាននាំគ្នាធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅតាមផ្លូវគាត់បានជួបហេតុការណ៍នៃការប្រយុទ្ធគ្នារវាងកងទ័ពរំដោះ និងទាហានខ្មែរក្រហម ដែលធ្វើឲ្យគាត់មានការភិតភ័យ និងបាក់ស្បាត់ជាខ្លាំង។ នៅក្នុងអំឡុងពេលធ្វើដំណើរដោយថ្មើរមានចំងាយឆ្ងាយ រយៈពេលយូរ និងខ្វះខាតស្បៀងអាហារ ដែលបានបណ្តាលឲ្យប្អូនគាត់ម្នាក់បានស្លាប់បន្តទៀត។
មកដល់ស្រុកកំណើត អាជ្ញាធរបានចែកដីឲ្យគាត់ និងគ្រួសារដើម្បីបង្កបង្កើនផលធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន សេរី មានជំងឺលើសឈាម ជំងឺក្រពះ និងជំងឺបេះដូង។ គាត់ក៏នៅសល់ស្លាកស្នាមរបួសជើងដែលបន្សល់ទុកពីរបបខ្មែរក្រហមអំឡុងពេលជីកទំនប់ នៅខេត្តបាត់ដំបងផងដែរ។
សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង