ធ្វើការនៅក្នុងក្រសួងទេសចរណ៍

(សៀមរាប) ៖ គង់ ថាត​ រស់នៅឯឃុំកន្ទ្រាំង​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលខ្មែរក្រហមបានចូលមកកាន់កាប់ចាប់​តាំងពីឆ្នាំ១៩៧០។​ ថាត ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅក្នុងខេត្តសៀមរាបដើម្បីទៅធ្វើការនៅក្នុងក្រសួងទេស​ចរណ៍ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរបានដួលរលំ រហូត​ដល់​ឆ្នាំ១៩៧៧។​ គាត់បាននិយាយថា ក្រសួងទេស​ចរណ៍មានទីតាំងនៅកន្លែងបឹងហ្គាឡូមួយនៅខាងជើងព្រះរាជដំណាក់នៅខេត្តសៀមរាប​។

ទោះបីជាប្រទេសកម្ពុជាត្រូវបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្ដែក៏នៅតែមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនផងដែរ។​ ថា​ត​ បានរៀបរាប់ថា នៅពេលនោះមានភ្ញៀវទេស​ចរណ៍មកពីប្រទេសចិន ដែល​ធ្វើដំណើរតាមផ្លូវអាកាសចូល​មកប្រទេស​កម្ពុជា។ ថាត អាចប៉ាន់ស្មានថាក្នុងមួយខែមានភ្ញៀវមកពីប្រទេសចិនយ៉ាងច្រើន៧០នាក់។ ភាគច្រើនភ្ញៀវទាំងអស់នោះមកទស្សនកិច្ចតំបន់ភូមិរបស់ប្រជាជនរស់​នៅ។​ រីឯទីកន្លែងទេស​ចរណ៍​វិញ​ត្រូវបានបិទជិតដោយហាមមិនឲ្យនរណាម្នាក់ចូលទៅក្នុងប្រាសាទ​បាន​ឡើយ។​

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់​ប្តូរ​អ្នកដឹកនាំដូច្នេះអង្គការបានដកដំណែងគាត់​ ប៉ុន្តែ​ប្រធានមន្ទីរទេស​ចរណ៍​ត្រូវបានទាហានខ្មែរក្រហម​យកទៅរៀនសូត្រ។ពេល​ខ្លះផងដែរ ថាត ក៏បានប្រទះឃើញការសម្លាប់ប្រជាជន​នៅម្ដុំ​បឹ​ង​ហ្គា​ឡូ​​ដែរ។​ អ្នកទោសទាំងអស់ត្រូវបានទាហានខ្មែរក្រហមដឹកឡាន ដែលមានរូបរាងស្រដៀងឡានដឹកទឹកកកមកមុនពេលត្រូវបានសម្លាប់។​ ថាត ក៏បានឃើញទាហានខ្មែរក្រហមចាប់លោកសង្ឃផ្សឹកដើម្បីធ្វើ​ស្រែ​ចម្ការដូច​ប្រជាជនទូទៅដែរ។​

ថាត បានរៀបរាប់ថាការបរិភោគមិនមានការខ្វះខាតនោះទេ ដែលខុសពីប្រជាជនរស់នៅក្នុងស្រុកស្រែ។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ថាត បានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញដែលមានទីលំនៅនៅឯស្រុកបាគង។​ មុនពេលដែលវៀតណាមបានចូលមករំដោះនៅឯខេត្តសៀមរាប គាត់បានរត់ចេញមកហើយរត់ទៅទីកន្លែងកំណើតរបស់​ខ្លួន។ នេះជាមូលហេតុដែលធ្វើឲ្យគាត់បានគេចផុតពីការចាប់ខ្លួនរបស់ទាហានវៀតណាម។

សព្វថ្ងៃ ថាត​ មិនមានជំងឺប្រចាំកាយទេ។​ ស្ថានភាពសុខភាពគាត់នៅល្អ ប៉ុន្តែ​គាត់​ឈឺក្បាលយូរៗម្ដង។​ ភាគច្រើននៅពេលដែលគាត់ឈឺ ថាត ទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យនៅឯមន្ទីរ និងពេលខ្លះក៏បានប្រើ​ថ្នាំ​ខ្មែរបុរាណដើម្បី​ព្យាបាល។​

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin