គង់ ធីវ៖ សោកស្តាយគ្រាដែលកន្លងហួស

(កំពត)៖ គង់ ធីវ ភេទស្រី មានអាយុ ៨០ឆ្នាំ រស់នៅនិងមានស្រុកកំណើតនៅភូមិកណ្ដាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ ធីវ មានឪពុកឈ្មោះ គង់, ម្ដាយឈ្មោះ ប៉ុន និងមានបងប្អូនបង្កើតពីរនាក់។ ធីវ មានប្តីឈ្មោះ ជួន ជីម និងមានកូនបួននាក់ ក្នុងនោះស្រីពីរនាក់។
នៅកុមារភាព ធីវ មិនបានសិក្សានោះទេ និងប្រកបរបរធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ធីវ បានរៀបការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ធីវ និយាយថា មានការបាញ់គ្រាប់ផ្លោងដោយកងទ័ពវៀតណាមចេញពីស្រុកឈូក និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ បណ្ដាលឲ្យប្អូនប្រុសឪពុកទីទៃរបស់ធីវម្នាក់ និងយាយខាងម្ដាយបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានចាត់តាំងឲ្យ ធីវ ដែលជាប្រជាជនចាស់នៅផ្ទះមើលក្មេង។ នៅរបបខ្មែរក្រហម ធីវ ត្រូវហូបចុករួម និងមិនគ្រប់គ្រាន់ បណ្ដាលឲ្យគាត់ធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងវត្តអង្គអណ្តែត។ ធីវ ថានៅទីនោះមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់លេបប៉ុណ្ណោះ។ ធីវ បានឮប្រជាជននិយាយថា បដិមាព្រះពុទ្ធត្រូវបានខ្មែរក្រហមវាយកម្ទេច។ ធីវ បានដឹងទៀតថា នៅរបបនោះ អង្គការខ្មែរក្រហមរៀបការប្រជាជនដោយបង្ខំ ទាំងគ្មានការចូលរួមពីឪពុកម្ដាយ។
នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ ធីវ បានត្រលប់មករស់នៅភូមិកំណើតដោយប្រកបរបរធ្វើស្រែចម្ការ ចិញ្ចឹមមាន់ ជ្រូក និងគោ។ ចំណែក ប្តីរបស់គាត់ធ្វើជាគ្រូបង្រៀន។ អ្វីដែល ធីវ សោកស្តាយ គឺនៅពេលប្អូនប្រុសសុំក្រមា និងលាទៅធ្វើកងទ័ព ប៉ុន្តែ ធីវ បានបដិសេធ និងមិនអនុញ្ញាតឲ្យប្អូនទៅនោះទេ។ ក្រោយមក ធីវ ទទួលដំណឹងថាប្អូនប្រុសស្លាប់នៅចម្ការដូង។ ដោយសារវ័យចាស់ជរា ធីវ សោកស្តាយ ដែលខ្លួនមិនអាចចងចាំនូវអ្វីដែលកន្លងហួសអស់ជាច្រើនឆ្នាំ និងមិនអាចប្រាប់ដល់អ្នកជំនាន់ក្រោយឲ្យបានដឹង៕
សម្ភាសដោយ កេង នាង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

