កុមារធ្វើការក្នុងកងចល័តឆ្ងាយពីគ្រួសារ
(ស្វាយរៀង) ៖ គង់ សុវណ្ណា មានអាយុ៥៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាស្រ្តីមេម៉ាយ គាត់មានជំងឺធ្ងន់ត្រចៀកស្តាប់មិនសូវលឺធ្វើឲ្យអ្នកទំនាក់ទនងជាមួយគាត់ត្រូវនិយាយខ្លាំង។
សុវណ្ណា បានឆ្លងកាត់របបខ្មែរក្រហម ពេលនោះគាត់មានអាយុត្រឹម១១ឆ្នាំ ត្រូវបានប្រើឲ្យធ្វើជាកងចល័តជាមួយយុវជនពេញវ័យដទៃទៀត និងត្រូវធ្វើការឆ្ងាយៗពីកន្លែងស្នាក់នៅ។ សុវណ្ណា ត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ។ ក្រោយមក សុវណ្ណា ត្រូវជម្លៀសមកស្រុកកំណើតវិញ ប៉ុន្តែគាត់មិនអនុញ្ញាតឲ្យរស់នៅជួបជុំជាមួយគ្រួសារទេ។ សុវណ្ណា ត្រូវធ្វើការលើកទំនប់ជីកប្រទ្បាយ លើកភ្លឺស្រែ មើលគោ និងធ្វើស្រែជាដើម។ ពេលចល័តទៅឆ្ងាយៗពីភូមិ យប់កន្លែងណាត្រូវសម្រាកកន្លែងនោះ ពេលខ្លះសម្រាកតាមវាលស្រែ និងតាមខ្ទមក៏មាន។ សុវណ្ណា និយាយបន្តថា គាត់កម្របានសម្រាកនៅក្នុងភូមិណាស់ ដោយត្រូវទៅធ្វើការដូចមនុស្សពេញវ័យទាំងដែលគាត់នៅក្មេងវ័យកំពុងសិក្សានៅឡើយ។ គាត់មិនហ៊ានប្រកែកចំពោះការរៀបចំរបស់អង្គការទេ ព្រោះខ្លាចគេយកទៅសម្លាប់ដូចអ្នកផ្សេងទៀត។
សុវណ្ណាបាននិយាយថា «ខ្ញុំត្រូវរស់នៅបែកពីគ្រួសារ និងត្រូវធ្វើការងារឆ្ងាយៗទាំងដែលខ្ញុំមិនធ្លាប់រស់នៅដូច្នោះពីមុនមក ខ្ញុំលំបាកគ្រប់បែបយ៉ាង ខ្ញុំនៅតូចមិនបានរៀនសូត្រ និងគ្មានទឹកងូតព្រោះខ្ញុំមិនអាចយោងទឹករួចពីអណ្តូង»។
សុវណ្ណា ធ្លាប់ដឹងពីការបាត់ខ្លួនប្រជាជននៅសម័យខ្មែរក្រហម។ គាត់និយាយថា ប្រជាជនត្រូវបាននាំយកទៅរៀនសូត្រទាំងក្រុមៗ មិនឃើញប្រជាជនទាំងនោះវិលត្រឡប់មកវិញទេ សល់តែសម្លៀសបំពាក់ហើយគេយកទៅឲ្យប្រជាជនផ្សេង។ សុវណ្ណ ឲ្យដឹងថា នៅក្នុងរបបខ្មែរក្រហមមិនមានការគោរពប្រណិប័តន៍សាសនាទេ។ វត្តអារាមត្រូវបានបំផ្លាញ និងព្រះពុទ្ធបដិមាករ ត្រូវបានអង្គការប្រើប្រជាជនឲ្យវាយកម្ទេច។ ជារឿយៗ ប្រជាជនត្រូវបានប្រជុំធ្វើស្វ័យទិតៀន។ ថ្ងៃខ្លះប្រជាជនត្រូវប្រជុំស្វ័យទិតៀនពីរដងក្នុងមួយថ្ងៃ គឺព្រឹក និងល្ងាច។ ការទិតៀន ធ្វើឡើងនៅចំពោះមុខអង្គការ។ អ្នកដែលត្រូវបានទិតៀន ថាមិនសកម្ម ឬខ្ចិលនឹងត្រូវនាំយកទៅរៀនសូត្រដែលមានន័យថា សម្លាប់ចោល។ ក្រោយឆ្នាំ១៩៧៨ សុវណ្ណា និងគ្រួសារត្រូវបានជម្លៀសទៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះ សុវណ្ណា ត្រូវបានប្រើឲ្យជីទំនប់ប្រឡាយនៅក្នុងកងចល័តនៅឆ្ងាយពីភូមិ។
នៅចុងឆ្នាំ១៩៧៨ សុវណ្ណា បានដឹងពីគម្រោងការសម្លាប់ប្រជាជន ប៉ុន្តែដោយសារទាហានវៀតណាមចូលមករំដោះទាន់ ទើបគាត់អាចមានជីវិត និងត្រលប់មករស់នៅស្រុកកំណើតវិញដល់សព្វថ្ងៃ។ ដូចនឹងអ្នកភូមិដទៃទៀតដែរគាត់មិនដែលហូបអាហារបានឆ្អែតនោះទេ។
សុវណ្ណា និយាយថាគាត់តែងតែដិតដាមការឈឺចាប់ពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ពេលនិយាយពីរបបខ្មែរក្រហមម្តងៗ។ សុវណ្ណា ពេញចិត្តចំពោះការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលបានសម្រេចក្តីដាក់ទោសអស់មួយជីវិតដោយតុលាការ។ គាត់ ក៏បានស្នើឲ្យមានការបង្កើតជាបណ្ណាល័យតម្កល់ឯកសារនានាសម្រាប់ក្មេងៗជំនាន់ក្រោយបានដឹង និងការពារកុំឲ្យប្រវត្តិសាស្រ្តខ្មែរក្រហមត្រឡប់មកវិញម្តងទៀត។
សម្ភាសន៍ដោយ កើត សុរចនា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង