គង់ វឿន៖ ប្រធានអនុសេនាតូចកងកាំភ្លើងធំតំបន់២៤

គង់ វឿន (២០២៤)

ឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម និងបានចូលរួមធ្វើសង្រ្គាមទប់ទល់ជាមួយនឹងទាហាន លន់ នល់ រហូតរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វឿន ត្រូវបានតែងតាំងជាប្រធានអនុសេនាតូចកងកាំភ្លើងធំ ដោយគ្រប់គ្រងកងទ័ពចំនួន៥០នាក់ ក្នុងតំបន់២៤។

ឈ្មោះ គង់ វឿន ភេទប្រុស អាយុ៧០ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំដំឡូង។ វឿន មានស្រុកកំណើតនៅក្នុងភូមិព្រះស្រែ ឃុំ​បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សព្វថ្ងៃ វឿន រស់នៅភូមិសាស្ដា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ព្រាប គង់ បានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាមចូលរំដោះប្រទេសកម្ពុជា ដោយសារឈឺជំងឺចាស់ជរា។ ចំណែកម្ដាយឈ្មោះ ងួន នឿន (ស្លាប់) ក្នុងឆ្នាំ២០០០។  វឿន មានបងប្អូនបង្កើតចំនួន៣នាក់ (ស្រីម្នាក់) ហើយ វឿន ជាកូនពៅ។ ភរិយាឈ្មោះ រ័ត្ន វឿន អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិបឹង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វឿន មានកូន៥នាក់ (ស្រីម្នាក់)។

កាលនៅវ័យកុមារភាព វឿន មិនបានចូលរៀនសូត្រនោះទេ រហូតឆ្នាំ១៩៦៦ វឿន មានអាយុប្រហែល១៦ឆ្នាំ ទើប វឿន បានចូលសិក្សារៀនសូត្រនៅសាលាវត្តព្រះស្រែ ស្ថិតក្នុងភូមិព្រះស្រែ។ វឿន បានរៀននៅក្នុងវត្តអស់រយៈពេល៣ឆ្នាំ ដែលមានព្រះសង្ឃជួយបង្ហាត់បង្រៀនឲ្យចេះអាន និងសរសេរអក្សរបានជាមធ្យម។ ឆ្នាំ១៩៦៩ វឿន បានឈប់រៀន ហើយនៅជួយធ្វើស្រែរបស់ឪពុកម្ដាយនៅភូមិកំណើត។ ឆ្នាំ១៩៧៣ នៅក្នុងភូមិមានការឃោសនាប្រមែប្រមូលកម្លាំងកងទ័ពបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងជាមួយកម្លាំងទាហានរបស់សេនាប្រមុខ លន់ នល់ វិញ។ មិត្តភក្តិរបស់ វឿន និងយុវជននៅក្នុងភូមិបានយល់ព្រមស្ម័គ្រចិត្តចូលធ្វើកងទ័ពស្ទើរតែគ្រប់ៗគ្នា ទើប វឿន បានសម្រេចចិត្តចូលធ្វើកងទ័ពខ្មែរក្រហមចាប់តាំងពីពេលនោះ។ បន្ទាប់ពីចូលកងទ័ព វឿន បានចូលហ្វឹកហាត់អំពីក្បួនយុទ្ធសាស្រ្តប្រយុទ្ធ ក្បួនការពារខ្លួនទប់ទល់ជាមួយសត្រូវ និងយុទ្ធសាស្រ្តធ្វើសង្រ្គាមអស់រយៈពេលប្រហែល៣ខែ នៅក្នុងកងទ័ពតំបន់២៤ ដែលមានឈ្មោះ ឈូក ជាប្រធានគណៈតំបន់២៤ ស្ថិតក្នុងខេត្តព្រៃវែង ។   បន្ទាប់ពី វឿន បានបញ្ជាប់វគ្គហ្វឹកហ្វឺន វឿន និងកងទ័ពមួយចំនួន ត្រូវបានមេកងបញ្ជូនទៅក្នុងវរសេនាតូចលេខ១ ក្នុងកងកាំភ្លើងធំ ក្នុងតំបន់២៤ រួចបញ្ជូនអង្គភាពរបស់ វឿន នៅឈរជើងនៅខាងត្បូងអ្នកលឿង មួយជួរពាមជរ។ អង្គភាពរបស់ វឿន បានដើរល្បាត និងវាយជាមួយទាហាន លន់ នល់ ដើម្បីដណ្ដើមយកតំបន់អ្នកលឿង។

រហូតឆ្នាំ១៩៧៥ អង្គភាពរបស់ វឿន វាយដណ្ដើមអ្នកលឿងបានដោយជោគជ័យ និងបន្តវាយរហូតគ្រប់គ្រងបានខេត្តព្រៃវែង។ បន្ទាប់ពីវាយដណ្ដើមបានរាជធានីភ្នំពេញថ្ងៃទី១៧ ខែមេសា  វឿន ត្រូវបានទទួលតួនាទីជាប្រធានអនុសេនាតូចកងកាំភ្លើងធំ គ្រប់គ្រងកងទ័ពប្រហែល៥០នាក់។ បន្ទាប់មក វឿន និងកងទ័ពចំនួន២នាក់ទៀត ត្រូវបានបញ្ជូនឲ្យទៅរៀនបើកបរឡាន នៅមន្ទីរតំបន់២៤ តាំងល្វា ស្ថិតក្នុងស្រុកព្រះស្ដេច ។ បន្ទាប់ពីរៀនបើកបរអស់រយៈពេល៦ខែ វឿន ត្រូវបានបញ្ជូនមកឈរជើងនៅស្វាយឧត្តម ដើម្បីឲ្យជួយធ្វើស្រែប្រជាជន។ ចំណែកកងទ័ពចំនួន២នាក់ទៀត ត្រូវបានបញ្ជូនទៅអង្គភាពកងកាំភ្លើងធំវិញ ហើយមានតួនាទីបើកឡានដឹកកាំភ្លើងធំទៅដាក់តាមបន្ទាយកងទ័ព។ ចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៧ វឿន នៅបន្តធ្វើស្រែជាមួយប្រជាជននៅស្វាយឧត្តម ហើយ វឿន បានត្រឡប់ទៅលេងឪពុកម្ដាយនៅភូមិកំណើតបានតែម្ដងគត់។

ឆ្នាំ១៩៧៨ វឿន និងកងទ័ពមួយចំនួន ត្រូវទទួលបញ្ជាឲ្យដកកម្លាំងចេញពីស្វាយឧត្តម រួចធ្វើដំណើរដោយដើរថ្មើរជើងទៅព្រំដែនខេត្តស្វាយរៀង ដើម្បីប្រមូលកម្លាំងវាយជាមួយកងទ័ពវៀតណាម។ វឿន នៅបន្តវាយទប់ទល់ជាមួយកងទ័ពវៀតណាមនៅតាមព្រំដែនអស់រយៈពេលជិត១ឆ្នាំ ទើបកងទ័ពវៀតណាមបានវាយសម្រុកចូលមកក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ក្រុមទ័ពរបស់ វឿន បានរត់ភៀសខ្លួនបែកចេញពីអង្គភាពខ្ចាត់ខ្ចាយ។

ដើមឆ្នាំ១៩៧៩ វឿន និងកងទ័ពមួយចំនួន បានរត់ចល័តចេញពីព្រំដែនដោយឆ្លងកាត់តាមទន្លេមេគង្គ ឡើងមកទន្លេបាសាក់ រត់បន្តទៅដល់ខេត្តកំពង់ស្ពឺ។ មកដល់កំពង់ស្ពឺ វឿន បានចូលក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពវៀតណាមបន្តទៀត។ ក្នុងអំឡុងពេលប្រយុទ្ធ វៀតណាមបានប្រើកាំភ្លើងដៃអាកា បាញ់ត្រូវដៃម្ខាងរបស់ វឿន ធ្វើឲ្យរងរបួស។ វឿន ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យអមលាំង អស់រយៈពេល១សប្ដាហ៍។ ក្រោយមក វឿន បានរត់តាមគ្រូពេទ្យគេចពីកងទ័ពវៀតណាម ទាំងរបួសមិនទាន់បានធូរស្បើយនៅឡើយ។ វឿន បានធ្វើដំណើរទៅរស់នៅលើទឹកដីថៃជាប់ព្រំដែនកោះកុង។ វឿន រស់នៅក្នុងទឹកដីថៃបានរយៈពេលប្រហែល១ខែ ទើបត្រឡប់មករស់នៅអូរអន្លក់ នៅក្នុងអង្គភាពពិការក្នុងទឹកដីប្រទេសកម្ពុជាវិញ។ នៅក្នុងមួយវរសេនាតូចពិការ ប្រធានគ្រប់គ្រងជនពិការឈ្មោះ គាំ ជាកម្មាភិបាលខ្មែរក្រហមដែលរងរបួសបាក់ឆ្អឹងជំនី។ បន្ទាប់មក វឿន បានប្ដូរទៅរស់នៅជំរំស្រះកែវមួយរយៈពេល។

ចុងឆ្នាំ១៩៧៩ វឿន បានចេញពីជំរំស្រះកែវ ត្រឡប់មកតាមព្រំដែន។ តាចាន់ បានដឹងដំណឹងថា មានកងទ័ពខ្មែរក្រហមត្រឡប់មកនៅតាមព្រំដែន ទើបបញ្ជូនកូនចៅមកចាំទទួល វឿន នៅព្រំដែន។ សំ ធឿន ជាកូនចៅរបស់ តាចាន់ និងជាអ្នកធ្លាប់រស់នៅជំរំស្រះកែវជាមួយ វឿន បានបបួល វឿន ឲ្យមកនៅជាមួយ តាចាន់ ព្រោះតាចាន់មានចិត្តល្អ។ បន្ទាប់មក សំ ធឿន បានសួរទៅកាន់កងទ័ពផ្សេងទៀតថា តើមានអ្នកណាស្ម័គ្រចិត្តទៅនៅមន្ទីរសន្តិសុខជាមួយ តាចាន់ ដែរទេ? បន្ទាប់មក វឿន បានសម្រេចចិត្តមកជាមួយ សំ ធឿន ហើយធ្វើដំណើរមករស់នៅភូមិចំការល្ហុង។ មកដល់ចំការល្ហុង វឿន មានតួនាទីការពារ និងយាមអ្នកទោស នៅមន្ទីរ២៣​ ដែល តាកន ជាអ្នកបង្កើតមន្ទីរសន្តិសុខមួយនេះ ហើយបានឲ្យ  តាចាន់ ធ្វើជាប្រធានប្រចាំការនៅមន្ទីរ២៣។ រីឯ ឈ្មោះ មុល ជាអនុប្រធានមន្ទីរ២៣។ ក្នុងខណៈពេលដើរយាមល្បាត កងទ័ពម្នាក់បានដើរជាន់មីនដែលកងទ័ពខ្មែរក្រហមបានដាក់នៅតាមផ្លូវនៅក្នុងមន្ទីរសន្តិសុខ បានធ្វើឲ្យផ្ទុះស្លាប់កងទ័ពម្នាក់ និងរងរបួសជាច្រើននាក់ទៀត។ ចំណែក វឿន បានរងរបួសពេញដងខ្លួន និងខ្ទាតអំបែងគ្រាប់ចូលក្នុងគ្រាប់ភ្នែកទាំងពីរធ្វើឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបឹងបេង នៅម៉ាឡៃ។ វឿន បានសម្រាកក្នុងមន្ទីរពេទ្យអស់រយៈពេល២ទៅ៣ខែ ទើបចេញពីមន្ទីរពេទ្យត្រឡប់មកមន្ទីរ២៣វិញ ប៉ុន្តែមិនទាន់អាចមើលឃើញច្បាស់នៅឡើយ។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ វឿន បានទទួលបញ្ជាឲ្យនៅយាមប្រពន្ធ និងកូនៗរបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងមន្ទីរ២៣។ កងទ័ពខ្មែរក្រហមដែលប្រចាំនៅមន្ទីរ២៣ ត្រូវបានចែកជា២ក្រុម ក្នុងមួយក្រុមមានគ្នាប្រហែល៨ទៅ១០នាក់ សម្រាប់ចាំយាមអ្នកទោស និងមួយក្រុមទៀត ត្រូវនៅចាំការពារប្រពន្ធកូនរបស់កម្មាភិបាលខ្មែរក្រហម។ រីឯ តាចាន់ ជាអ្នកសួរចម្លើយអ្នកទោសដោយផ្ទាល់។ វឿន បានរៀបរាប់ថា នៅក្នុងគុកមានអ្នកទោសជាប្រចាំចន្លោះពី៤ទៅ១០នាក់ ដែលជាទាហានរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហមដែលបានធ្វើខុសឆ្គង ហើយបានចោទថាជាខ្មាំងគឺត្រូវចាប់ទាំងអស់ ប៉ុន្តែភាគច្រើន វឿន ដឹងថាបន្ទាប់ពីសួរចម្លើយរួច ទាហាន និងកងទ័ពទាំងអស់តែងត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញ មិនមានការសម្លាប់នោះទេ។ រហូតឆ្នាំ១៩៨៥ វឿន និងកម្មាភិបាលខ្មែរក្រហមបាននាំគ្នារត់ភៀសខ្លួនចូលទៅរស់នៅលើទឹកដីថៃ ហើយ វឿន នៅយាមមន្ទីរ២៣នៅលើទឹកដីថៃ មានអ្នកទោសប្រហែល២០ទៅ៣០នាក់។

ឆ្នាំ១៩៩០ វឿន និងកងទ័ពបានត្រឡប់មកភូមិចំការល្ហុងម្ដងទៀត ហើយបានបោះទីតាំង នៅត្រង់កន្លែងតែមួយជាមួយមន្ទីរ២៣កាលពីឆ្នាំ១៩៧៩។ វឿន នៅយាមអ្នកទោសក្នុងមន្ទីរ២៣រហូតដល់សមាហរណកម្មឆ្នាំ១៩៩៧ ទើបរំសាយអង្គភាព និងលែងមានគុកបន្តទៅទៀត។ មុនសមាហរណកម្ម តាចាន់ បានចែកដីធ្លីឲ្យ វឿន និងកងទ័ពម្នាក់ពីរហិកតាកាប់ឆ្ការសម្រាប់សាងសង់ផ្ទះរស់នៅ និងដាំដំណាំសម្រាប់ចិញ្ចឹមជីវិត។ បន្ទាប់មក វឿន បានវិលត្រឡប់ទៅលេងស្រុកកំណើតនៅខេត្តព្រៃវែង។ ពេលទៅផ្ទះ ម្ដាយ បងប្អូន រួមទាំងសាច់ញាតិបានគិតថា វឿន បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ជារៀងរាល់ឆ្នាំ ម្ដាយ និងបងៗតែងតែធ្វើបុណ្យបញ្ជូនឲ្យ វឿន ព្រោះគិតថា វឿន ជាកងទ័ពអាចនឹងត្រូវស្លាប់ក្នុងពេលធ្វើសង្រ្គាម ទើបមិនឃើញត្រឡប់មករកម្ដាយនៅភូមិកំណើត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេល១០ថ្ងៃក្រោយមក វឿន បានត្រឡប់ទៅរស់នៅជាមួយប្រពន្ធកូននៅខេត្តបាត់ដំបងវិញ ព្រោះនៅភូមិកំណើតមិនមានធីធ្លីសម្រាប់បង្កបង្កើនផលដំណាំដូចនៅបាត់ដំបងនោះឡើយ៕

អត្ថបទដោយ មឿន ស្រីណុច


[1]  មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ គង់ វឿន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ (BBI0097)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin