គង់ ជាស៊ិន ហៅ ស៊ុន៖ លេខាតំបន់២០ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ គង់ ជា ស៊ិន ហៅ ស៊ុន[1] មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកកំពត(បច្ចុប្បន្នស្រុកទឹកឈូ) ខេត្តកំពត តំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានប្រពន្ធឈ្មោះ ហុង រឿន ហៅ ស៊ាន គឺជាសមាជិកគណៈមន្ទីរតំបន់២០ ដែលរួមមានស្រុកព្រៃវែង[2] ស្រុកមេសាង[3] ស្រុកកំចាយមារ[4] ស្រុកកញ្ជ្រៀច[5] ស្រុកពញាក្រែក[6] ហើយយើងមានកូនចំនួន២នាក់នៅតូចៗ។
ឪពុកខ្ញុំឈ្មោះ គង់ ជាម អតីតអ្នកតស៊ូចាស់។ នៅឆ្នាំ១៩៥៨ ឪពុកខ្ញុំបាននាំខ្ញុំមកនៅជាមួយឈ្មោះ ចាន់ គឺជាសក្កិ៤ ដែលជាក្លើគាត់ហើយឱ្យខ្ញុំធ្វើជាកូនធម៌របស់ ចាន់។ ផ្ទះរបស់ ចាន់ មានទីតាំងនៅម្ដុំទួលគោក។ ចាន់ បានចាត់តាំងឱ្យខ្ញុំដើរយកការណ៍តាមកន្លែងទាហានរស់នៅ និងពិនិត្យសកម្មភាពទាហាន។
ឆ្នាំ១៩៦០ ចាន់ បញ្ជូលខ្ញុំជាសេ-អ៊ី-អា និងឱ្យប្រាក់ខែខ្ញុំចំនួន១៤០០រៀល។ ក្រោយមកបានប្រហែលជា២ខែ ចាន់ ឱ្យខ្ញុំទៅនៅផ្ទះឈ្មោះ ហុងយិ ដើម្បីធ្វើជានីរសារពីកំពតមកភ្នំពេញ។ ចាន់ បានប្រាប់ថារត់ទៅមកកំពតនេះគឺមានពីរទី១)ជានីរសារសម្រាប់ទាក់ទងខ្សែពីខាងភ្នំពេញ, ទី២) ចូលបង្កប់ខ្លួនក្នុងចលនាបដិវត្តន៍ តាមរយៈឈ្មោះ ពេជ ដែលជាសេ-អ៊ី-អាបង្កប់ដែរ។ ពេលខ្ញុំទៅកំពតខ្ញុំបានទាក់ទងជាមួយឈ្មោះ ពេជ ត្រូវជាឪពុកធំខាងម្ដាយខ្ញុំ។ នៅខែធ្នូ ឆ្នាំ១៩៦២ ពេជ នាំខ្ញុំមកឧទ្ទេសនាមឱ្យបងសែ នៅទួលគោក ភ្នំពេញ។ ពេជ បានប្រាប់ខ្ញុំថា បងសែ គឺជាមនុស្សដែលគាត់គោរពជាខ្សែខាងលើ ហើយឱ្យខ្ញុំទាក់ទងឱ្យជាប់។ នៅជាមួយ បងសែ ដល់ដើមឆ្នាំ១៩៦៣ បងសែ ណែនាំឱ្យខ្ញុំចេញទៅព្រៃភូមិភាគបូព៌ា ហើយឱ្យខ្ញុំទាក់ទងជាមួយឈ្មោះ ណាំសាន គឺជាលេខាខេត្តស្វាយរៀងកាលជំនាន់នោះ។ ពេលទៅបងសែ ឱ្យសំបុត្រពីរឱ្យខ្ញុំថាឱ្យយកទៅឱ្យ ណាំសាន។ សំបុត្រនោះមួយជាសំបុត្រចំហតាមច្បាប់ហើយសំបុត្រមួយទៀតគឺជាសំបុត្រសម្ងាត់ឧទ្ទេសនាមខ្ញុំឱ្យ ណាំសាន។ ពេលខ្ញុំចេញមក បងសែ ជូនដំណើរដល់អ្នកលឿង ទើបនីរសាររបស់ ណាំសាន ឈ្មោះ ឃន មកទទួលខ្ញុំ។ ឃន បាននាំខ្ញុំទៅជួប ណាំសាន នៅខាងកើតភូមិ ក្នុងឃុំជីភូ(ខេត្តស្វាយរៀង)។ ណាំសាន ទទួលសំបុត្រហើយប្រាប់ខ្ញុំថា «ឥឡូវមិត្តនៅជាមួយខ្ញុំ វាយសម្រួលធ្វើការក្នុងមូលដ្ឋានជាមួយគ្នា ហើយខំរក្សាការសម្ងាត់កុំឱ្យបែកការណ៍»។ ខ្ញុំនៅជាមួយ ណាំសាន បានប្រហែលជា៥ខែ ខ្ញុំបានស្គាល់កម្លាំង សេ-អ៊ី-អា មួយចំនួនក្នុងនោះរួមមាន៖ ឈាន លេខាតំបន់២២ កាលនោះជាលេខាតំបន់២៣, គួន អនុលេខា តំបន់២៣, សូ លេខាតំបន់២៣, សំអឿន លេខាស្រុកក្រសាំង តំបន់២៣, សំអន លេខាស្រុកចន្ទ្រាតំបន់២៣, តាគ្រលីងគ្រលោង ហៅ លាង សព្វថ្ងៃប្រធានការដ្ឋានតំបន់២០, ចាន់ អនុលេខាស្រុករមាសហែក, សារុន(សព្វថ្ងៃពាណិជ្ជកម្មភូមិភាគ), សារី កាន់ឃ្លាំងគ្រាប់តំបន់២០, យ៉ា សេនាធិការតំបន់២៣(ចាប់), សូផាត គណៈតំបន់២៣, អាន់(សព្វថ្ងៃលេខាវរសេនាតូច តំបន់២៣), ង៉ាន់ កងការពារ ណាំសាន លេខាវរសេនាធំកង១៧០។ ក្រោយមក ណាំ សាន ទៅប្រជុំនៅត្រែង មន្ទីរភាគ។ ចាន់ សាម៉ន ហៅ ង៉ូវ បានសុំខ្ញុំពី ណាំ សាន យកធ្វើជាកងការពាររបស់គាត់។ ណាំសាន ក៏យល់ព្រម។ កងការពារ តាង៉ូវ មានចំនួន៤នាក់គឺខ្ញុំ, ចាប(ស្លាប់ឆ្នាំ១៩៧០), ម៉ន (ស្លាប់១៩៦៨) និង ឈិន។ នៅឆ្នាំ១៩៦៣ តាង៉ូវ បានយកខ្ញុំមកនៅជាមួយគាត់នៅមន្ទីរ១០០។
នៅខែធ្នូ ឆ្នាំ១៩៧១ បង១៨ ដកខ្ញុំពីលេខាស្រុកមកធ្វើជាលេខាតំបន់២០ ចំណែកឆន គឺជាអនុលេខាតំបន់ចាស់ដដែល។ តាំងពីខ្ញុំឡើងជាលេខាតំបន់មក ខ្ញុំទាក់ទងជាប់ជាមួយបង១៨ ហើយរួមធ្វើសកម្មភាពជាមួយបង១៨ និងគណៈតំបន់ គ្រប់តំបន់។ កម្មាភិបាលនៅតំបន់២០ បង១៨ មិនដែលយកពីតំបន់ផ្សេងចូលទេ ប៉ុន្តែបើកម្មាភិបាលតំបន់២០ បង១៨ មានដកទៅដាក់នៅតំបន់ផ្សេងទៀតដូចជា៖ សុត ដកពីសមាជិកស្រុកពញាក្រែក ទៅលេខាស្រុកទ្រមូងមួយរយៈចាត់តាំងជាលេខាតំបន់២១, ស្រេង ដកពីសមាជិកស្រុកពញាក្រែកទៅលេខាស្រុកទ្រមូង, សុខ ដកពីលេខាស្រុកព្រៃវែង ឱ្យទៅជាលេខាស្រុកក្រូចឆ្មារតំបន់២១, ឈុន ដកពីសមាជិកស្រុកកំចាយមារ ទៅជាលេខាស្រុកទឹកជ្រៅ, ចំណែក លេខាស្រុកឆ្លូង ទៅពីតំបន់២០, ម៉ុល ដកពីគណៈពិនិត្យប្រវត្តិរូបរបស់តំបន់២០ ទៅចាត់តាំងជាអនុតំបន់២២, សារ៉ាន់ អនុតំបន់២៤ ដកពីតំបន់២០ដែរ។
នៅខែឧសភា ឆ្នាំ១៩៧៥ បង១៨ ហៅកម្លាំងមកប្រជុំនៅព្រៃគរ អ្នកចូលរួមមាន៖ បង១៨, ភួង, ឈាន, ពាម, ស៊ាត ឆែ ហៅទុំ លេខាតំបន់២២ [7], ឈូក លេខាតំបន់២៤, សុត លេខាតំបន់២០,អ៊ុក សាវ៉ាន ហៅ សូ លេខាតំបន់២៣[8] , សារុន និង ខ្ញុំ។ បង១៨ ណែនាំពីការរៀបចំផែនការ ទាក់ទងភាគផ្សេងៗនិងការទាក់ទងវៀតណាមហើយរៀបចំសកម្មភាពក្នុងភូមិភាគទាំងមូល និងគ្រប់ផ្នែក។
នៅឆ្នាំ១៩៧៦ បង១៨ បានណែនាំកម្លាំងនៅគ្រប់តំបន់មាន សូ, សុត, ឈាន, ពាម និង ខ្ញុំ។ បង១៨បានលើកឡើងពីគោលការណ៍៖ សម្រិតសម្រាំងកម្លាំងនៅក្នុងយោធា និងរដ្ឋអំណាចមូលដ្ឋានដែលជាកម្លាំងល្អរបស់អង្គការដកចេញ,ពង្រីកកម្លាំង សេ-អ៊ី-អា បង្កប់នៅក្នុងសហករណ៍ កងធំ និងកងតូច និង គ្រប់ក្រសួង មន្ទីរ ជុំវិញភាគតំបន់ ស្រុក, រៀបចំរំលាយរបបសមូហភាពក្នុងសហករណ៍ ពេលដែលវាយបក្សភ្លាម។ នៅខែឧសភា ឆ្នាំ១៩៧៦ ខ្ញុំបានរៀបចំកម្លាំងហើយដាក់កម្លាំង សេ-អ៊ី-អា ឱ្យក្ដាប់ដើម្បីរៀបចំកម្លាំងអនុវត្តន៍ផែនការវាយបក្សនៅចុងឆ្នាំ១៩៧៦ ដើមឆ្នាំ១៩៧៧។ ក្រោយពីសម្រិតសម្រាំងហើយខ្ញុំឈប់ឱ្យកម្លាំងធំទៅវាយវៀតណាម និងអប់រំកងទ័ពបំផុសសីលធម៌ទី៦[9] ទូទៅទាំងក្នុងអង្គការនារី មូលដ្ឋាននារីចល័ត និងកសាងកម្លាំង សេ-អ៊ី-អា។
នៅឆ្នាំ១៩៧៧ បង១៨ ហៅខ្ញុំ,សូ, សារុន, ម៉ុន ទៅទាក់ទងជាមួយវៀតណាមឈ្មោះ ហាយ សូ គណៈមជ្ឈិម, ទឺកាម គណៈទាក់ទងរបស់មជ្ឈិម និងប៉ៃម៉ាប់ អនុគណៈទាក់ទងរបស់មជ្ឈិម។ បង១៨ បានរាយការណ៍ពីសភាពការណ៍កម្មាភិបាល មានការតឹងរឹងតែបក្សកុម្មុយនីស្តកម្ពុជាមានការបោសសំអាត អ្នកតស៊ូចាស់។ បន្ទាប់មកពិភាក្សាគ្នាវៀតណាមលើកពីវិធានការណ៍ឱ្យរៀបចំកងទ័ពភូមិភាគបូព៌ា និងកសាងកម្លាំង សេ-អ៊ី-អា, កសាងកម្លាំងបង្អែក គឺយកវៀតណាមជាមូលដ្ឋាន, រៀបចំផែនការវាយបក្សកុម្មុយនីស្តកម្ពុជាបើមិនផ្ទុះអាវុធវាយបក្សកុម្មុយនីស្តកម្ពុជាទេ គឺដោះស្រាយសភាពការមិនរួចទេ។ ផែនការវាយកំណត់ខែកញ្ញា ឆ្នាំ១៩៧៧ ម្ដង និង ខែវិច្ឆិកា ឆ្នាំ១៩៧៧ ម្ដងទៀត។ ក្រៅពីនេះបានពិភាក្សាគ្នាពីបញ្ហាឧបត្ថម្ភ សេដ្ឋកិច្ច ពេលនោះឱ្យជ្រូកចំនួន១០០ក្បាលទៅវៀតណាម។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៧ បានប្រជុំមួយនៅក្នុងឃុំដូនតី ខាងកើតក្នុងស្រុកពញាក្រែក សមាសភាពចូលរួមមាន៖ បង១៨ លេខា២០៣[10], ភួង កៅស៊ូរដ្ឋ, ញឹម លេខាភូមិភាគពាយ័ព្យ, ពាម មន្ទីរភូមិភាគបូព៌ា, ឈាន[11] លេខាតំបន់២២, សុត តំបន់២១, រិន លេខាកងពលទី៤, កែវ សំណាង ហៅ ម៉ុន[12] សេនាធិការភូមិភាគបូព៌ា២០៣, សារុន ពាណិជ្ជកម្ម២០៣ និងខ្ញុំ តំបន់២០។ ខ្លឹមសារប្រជុំពិនិត្យសភាពការណ៍កម្លាំងបដិវត្តន៍សព្វថ្ងៃ, កម្លាំងបក្សពលករយើងមួយចំនួន កម្លាំងបក្សកុម្មុយនីស្តកម្ពុជា កម្ទេចនៅសល់មួយចំនួន និងបែងចែកភារកិច្ច, កងសាកកម្លាំងបក្សពលករ។ ពេលខ្ញុំទាក់ទងវៀតណាមហើយបានឱ្យអាវុធមួយឡាន អាកាត់សង់ កាត់ ឱ្យមករៀបចំកងពលរបស់តំបន់២០ ហើយនៅសល់អាវុធចំនួន១៥០ដើម មានគ្រប់ធន់ អាវុធនេះបានយកទៅលាក់នៅកន្លែង១២ខាងកើតភូមិត្រាចខោល។ អាវុធនេះគាស់យកមកបំពាក់ឱ្យក្រុមនារីគ្រប់ស្រុកនៅខែកញ្ញា ឆ្នាំ១៩៧៧។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៧ បានរៀបចំចាត់តាំងកងពលរបស់តំបន់២០ ពេលនោះខ្ញុំណែនាំ បេ, សារុន និង វិបុល លើកគោលការណ៍រៀបចំចាត់តាំងកម្លាំង សេ-អ៊ី-អា ក្ដាប់កងវរសេនាតូច ទាំងអស់របស់តំបន់២០។
នៅខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំលែងបានជួបជាមួយ ភឹម រហូតដូច្នេះការទាក់ទងជាមួយវៀតណាមខ្ញុំទាក់ទងជាមួយឈ្មោះ ថាំង និង ង៉ុយ ជាប់រហូតពីបញ្ហារៀបចំចាត់តាំងកងទ័ពលាយជាមួយវៀតណាម។ កម្លាំងខាងក្រោយទាក់ទងជាមួយលេខាស្រុកគ្រប់ស្រុក ហើយ ទុយ អនុតំបន់២០ ខ្ញុំបានណែនាំធ្វើសកម្មភាពត្រូវប្រយ័ត្នព្រោះសភាពការណ៍បែកហើយ ត្រូវក្ដាប់សភាពការណ៍ឱ្យជាប់ ហើយយុទ្ធវិធីដោះស្រាយតាមសភាពការណ៍ជាក់ស្ដែងនៅតាមស្រុកនីមួយៗ។ នៅខែឧសភា ឆ្នាំ១៩៧៨ នេះជាប់តែខាងមុខគឺរៀបចំអង្គភាពដើម្បីឱ្យវៀតណាមដឹកនាំហើយលាយជាមួយវៀតណាមរហូតដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៧៨ ត្រូវអង្គការចាប់ខ្ញុំ៕
អត្ថបទដោយ ដារ៉ារដ្ឋ មេតា្ត
[1] ឯកសារលេខ D៤១៥៨១ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គង់ ជាស៊ិន ហៅ ស៊ុន ៖លេខាតំបន់២០ ភូមិភាគបូព៌ា» សរសេរដោយដៃ និងវាយអង្គុលីលេខចំនួន១០០ទំព័រ និង ឯកសារ D៤១២៥៧ ចំនួន១៧ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ គង់ ជាស៊ិន ហៅ ស៊ុន ពិតឬយ៉ាងណានោះទេ?
[2] D០៦៦៧៦ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«អំពីប្រវត្តិ ចឹកហៅចង្កូម លេខាស្រុកព្រៃវែងតំបន់២០» សរសេរដោយដៃចំនួន១ទំព័រ។
[3] ឯកសារលេខ K០៧១២៥០ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ប្រវត្តិរូបអ្នកទោសជាប់ឃុឃាំង»សរសេរដោយដៃ និងវាយអង្គុលីលេខ ចំនួន១ទំព័រ។
[4] ឯកសារលេខ D៦៦៧៧តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីប្រវត្តិ បូ ហៅ ឆាង លេខាស្រុកកំចាយមារ តំបន់២០» សរសេរដោយដៃ និងវាយអង្គុលីលេខចំនួន១ទំព័រ។
[5] ឯកសារលេខ D១០៤៨៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង, «គណៈស្រុកកញ្ជ្រៀចតំបន់២០» សរសេរដោយដៃចំនួន១ទំព័រ។
[6] ឯកសារលេខ I0៧២៦៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិរូបសង្ខេប» សរសេរដោយដៃ និងវាយអង្គុលីលេខចំនួន១ទំព័រ។
[7] ឯកសារលេខ J០០៩០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ស៊ាត ឆែ ហៅ ទុំ អតីតលេខា តំបន់២២ បូព៌ា » សរសេរជាអង្គលីលេខចំនួន១៥៩ទំព័រ។
[8] ឯកសារលេខK០១២០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង៖ សូ ស៊ីណាត» វាយអង្គុលេខមានចំនួន១ទំព័រ។
[9] ឯកសារ D២១៤០៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។ ឯកសារវាយជាអង្គុលេខមានចំនួន៣៦ទំព័រ។
[10] តាមរយៈចម្លើយសារភាពនេះប្រហែលជាសំដៅលើ សោម ភឹម លេខាភូមិភាគបូព៌ា(២០៣) ប៉ុន្តែតាមរយៈការអានឯកសារផ្សេងទោះបីជា សោ ភឹម មានឈ្មោះ បដិវត្តន៍ច្រើនប៉ុន្តែរកមិនឃើញឈ្មោះសំគាល់ បង១៨ គឺជាឈ្មោះ សោ ភឹម ឡើយ។
[11] D០៦៦៨២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង, «អំពីប្រវត្តិ បងឈាន លេខាតំបន់២២ » សរសេរដោយដៃ ចំនួន៣ទំព័រ។
[12] ឯកសារលេខ D១៥១៩៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«កែវ សំណាង ហៅ ម៉ុន » សរសេរដោយដៃ ចំនួន៣ទំព័រ។