គង់ ឌឿម៖ អតីតគ្រូពេទ្យធ្វើការនៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក្នុងឆ្នាំ១៩៧៨

នៅឆ្នាំ១៩៧៥ ឌឿម ត្រូវបានអង្គការចាត់ឲ្យចូលក្នុងកងកុមារ ដើរធ្វើការចល័តនៅតាមស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ។ លុះឆ្នាំ១៩៧៨ ឌឿម ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ ក្រោយមក ឌឿម បានធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយមានតួនាទីមើលថែ ចាក់ថ្នាំ និងលាងរបួសឲ្យអ្នកជំងឺ ដែលជាកងទ័ពខ្មែរក្រហម។
ឈ្មោះ គង់ ឌឿម[1] ភេទប្រុស អាយុ៦៣ឆ្នាំ។ ឌឿម មិនមានមុខរបរអ្វីនោះទេ ហើយរស់នៅជាមួយកូនស្រី និងជាជនពិការម្នាក់។ ឌឿម មានស្រុកកំណើតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ឌឿម រស់នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុករបស់ ឌឿម ឈ្មោះ គង់ ចាយ (ស្លាប់) ដោយសារជំងឺចាស់ជរា ចំណែកម្ដាយឈ្មោះ ចាន់ កែវ (រស់) ហើយសព្វថ្ងៃរស់នៅក្នុងខេត្តព្រះវិហារជាមួយកូនស្រី។ ឌឿម មានបងប្អូនបង្កើតចំនួន៧នាក់ (ក្នុងនោះ ស្រី២នាក់) ហើយ ឌឿម ជាកូនទី៣ក្នុងគ្រួសារ។ បងប្អូនរបស់ ឌឿម នៅរស់រានមានជីវិតចំនួន៥នាក់។ ប្រពន្ធរបស់ ឌឿម ឈ្មោះ អៀង នី មានអាយុ៥៥ឆ្នាំ មិនមានមុខរបរអ្វីនោះទេ និងជាជនពិការ។ ឌឿម មានកូនស្រីចំនួន២នាក់ ហើយកូនៗរបស់ ឌឿម បានរៀបការបង្កើតគ្រួសារអស់ហើយ។
កាលនៅវ័យកុមារ ឌឿម បានចូលរៀនសូត្រជាមួយកុមារដទៃនៅសាលាមួយ(មិនចាំឈ្មោះ) ក្នុងភូមិក្រាំងដូង។ នៅអំឡុងខែមីនា ឆ្នាំ១៩៧០ ខណៈពេល ឌឿម កំពុងរែកទឹក ក៏បានឃើញមានទាហាន និងឡានជាច្រើនគ្រឿង បានបើកមកចតក្នុងភូមិក្រាំងដូង ប៉ុន្តែ ឌឿម មិនបានដឹងថាលោកសេនាប្រមុខ លន់ នល់ បានធ្វើររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ នោះទេ។ ក្រោយមក នៅក្នុងឃុំព្រះឃ្លាំង មានភាពច្របូកច្របល់ និងបង្កឲ្យកើតមានសង្រ្គាមរវាងទាហាន លន់ នល់ ជាមួយនឹងកងទ័ពខ្មែរក្រហម។ សាលារៀននៅក្នុងភូមិក្រាំងដូង បានចាប់ផ្ដើមបិទទ្វារ ហើយ ឌឿម មិនអាចទៅរៀននៅសាលាបានទៀតនោះឡើយ។ បន្ទាប់មក ឌឿម បានរៀនជាមួយកុមារមួយចំនួននៅក្រោមដើមឈើ នៅក្នុងភូមិក្រាំងដូង និងមានចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះ។ នៅឆ្នាំ១៩៧១ មានយន្តហោះបានបើកមកទម្លាក់គ្រាប់បែកនៅភូមិមួយ(មិនចាំឈ្មោះ) ដែលនៅមិនឆ្ងាយពីភូមិក្រាំងដូង ហើយយន្តហោះបានទម្លាក់គ្រាប់ត្រូវស្រ្តីមានផ្ទៃពោះម្នាក់ ធ្វើឲ្យស្លាប់ភ្លាមៗ។ ឌឿម តែងតែឃើញមានយន្តហោះបើកមកទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ហើយបានទម្លាក់ត្រូវសត្វគោក្របីរបស់ប្រជាជននៅក្នុងភូមិក្រាំងដូងស្លាប់អស់ជាច្រើនក្បាល ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរស់នៅក្នុងភូមិក្រាំងដូងនោះទេ។ នៅឆ្នាំ១៩៧៣ ការទម្លាក់គ្រាប់បែកនៅតែបន្ត និងកាន់តែធ្ងន់ធ្ងរ។ ឪពុកម្ដាយរបស់ឌឿម និងប្រជាជនក្នុងភូមិក្រាំងដូង បាននាំកូនៗ និងសាច់ញាត្តិទាំងអស់រត់ចេញពីផ្ទះទៅរស់នៅភ្នំត្បែង(ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ)។ ឪពុកម្ដាយរបស់ ឌឿម និងអ្នកភូមិបានកាប់ព្រៃ ដើម្បីធ្វើចម្ការ និងដាំស្រូវហូបនៅក្នុងព្រៃ។ ឌឿម ឪពុកម្ដាយ រួមទាំងអ្នកភូមិក្រាំងដូងបានរស់នៅលើភ្នំត្បែងអស់រយៈពេល២ឆ្នាំ ទើបត្រលប់មករស់នៅក្នុងភូមិកំណើតវិញ។ ក្រោយស្ងប់ស្ងាត់ពីការទម្លាក់គ្រាប់បែក ឌឿម និងឪពុកម្ដាយបានត្រលប់មកផ្ទះវិញ ហើយ ឌឿម បានឃើញផ្ទះមានសភាពធម្មតាមិនការខូចខាត ឬបែកបាក់ដោយសារការទម្លាក់គ្រាប់បែកនោះទេ ប៉ុន្តែមានបន្លាផ្ទី និងស្មៅដុះរុំព័ទ្ធជុំវិញផ្ទះ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិក្រាំងដូង រួចបានចាត់ឲ្យ ឌឿម ចូលក្នុងអង្គភាពកុមារ។ រីឯបងៗរបស់ឌឿម ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត បញ្ជូនទៅលើកទំនប់នៅកន្លែងផ្សេងឆ្ងាយពីភូមិក្រាំងដូង។ ចំណែកឪពុកម្ដាយរបស់ឌឿម ត្រូវបានចាត់ឲ្យចូលក្នុងកងចល័ត ហើយបញ្ជូនទៅរស់នៅក្នុងសហករណ៍រួម និងឲ្យធ្វើការងារលើកទំនប់ ជីកប្រឡាយនៅក្នុងភូមិក្រាំងដូង។ ក្រោយចូលក្នុងអង្គភាពកុមារ ឌឿម មិនបានជួបជាមួយឪពុកម្ដាយទៀតឡើយ ហើយ ឌឿម និងកុមារដទៃទៀតត្រូវបានចល័តឲ្យទៅធ្វើការងារនៅតាមភូមិផ្សេងៗក្នុងឃុំព្រះឃ្លាំង ដោយធ្វើការងារដូចជា លើកភ្លឺស្រែ និងលើកទំនប់ទប់ទឹក។ ក្នុងអង្គភាពកុមាររបស់ ឌឿម មានកុមាររាប់រយនាក់។
នៅឆ្នាំ១៩៧៦ ឌឿម និងកុមារទាំងអស់ ត្រូវបានមេកង(មិនស្គាល់ឈ្មោះ)បញ្ជូនចេញពីស្រុកត្បែងមានជ័យ ទៅកាន់ស្រុករវៀង ខេត្តេព្រះវិហារ។ ឌឿម និងកុមារដទៃបានដើរកាប់ទន្រ្ទានខែត្រ កាប់ដីដំបូង រែកទៅទុកលាយជាមួយអាចម៌ និងទន្រ្ទានខែត្រ ដើម្បីធ្វើជីដាក់ក្នុងស្រែ។ ជារៀងរាល់ថ្ងៃ ឌឿម ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនមានពេលវេលាសម្រាកគ្រប់គ្រាន់នោះទេ។ ឌឿម ត្រូវធ្វើការងារទាំងអស់ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១សម្រាកហូបបាយ និងចាប់ពីម៉ោង១ រហូតដល់ម៉ោង៥ល្ងាច សម្រាកហូបបាយម្ដងទៀត។ នៅពេលយប់ ឌឿម ត្រូវទៅធ្វើការចាប់ពីម៉ោង៧ រហូតដល់ម៉ោង១០យប់ ទើបអាចចូលសម្រាកបាន។ សម្រាប់របបអាហារ ឌឿម បានបរិភោគគ្រប់គ្រាន់ ក្នុងមួយថ្ងៃបានហូបបាយ ឬបបរចំនួនបីពេល គឺ ពេលព្រឹកប្រហែលម៉ោង៦ ពេលថ្ងៃត្រង់ និងពេលល្ងាចម៉ោងប្រហែល៦។ នៅក្នុងស្រុករវៀង មានមន្ទីរពេទ្យ និងអ្នកគ្រូពេទ្យចំនួន២នាក់ ហើយកុមារដែលឈឺ ឬមានជំងឺផ្សេងៗ អាចទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបានធម្មតា។
នៅឆ្នាំ១៩៧៧ ឌឿម និងកុមារចំនួន៣៩នាក់ទៀត ត្រូវបានអង្គការជ្រើសរើសចេញពីស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើដំណើរតាមឡានទៅកាន់រាជធានីភ្នំពេញ។ បន្ទាប់មក ឌឿម និងកុមារទាំង៣៩នាក់ ត្រូវបានបញ្ជូនឲ្យចូលក្នុងអង្គភាពកុមារមួយផ្សេងទៀត ដែលមេកងថ្មីនៅគ្រប់គ្រងកងកុមារនៅភ្នំពេញស្រាប់(មិនចាំឈ្មោះមេកង) ហើយមេកងថ្មីបានឲ្យ ឌឿម និងកុមារទាំងអស់ទៅធ្វើស្រែ(ដក ស្ទូង ) នៅច្រាំងចំរេះ ភ្នំពេញ។ សម្រាប់របបអាហារ គឺមានការប្រែប្រួល។ ឌឿម ត្រូវហូបសម្លជាមួយនំប៉័ង ក្នុងមួយថ្ងៃពីរដង។ នៅភ្នំពេញ ឌឿម មានការលំបាកខ្លាំងជាងកាលរស់នៅក្នុងខេត្តព្រះវិហារ។ ដោយសារមានការលំបាកក្នុងការហូបចុក ថ្ងៃមួយ ឌឿម បានសុំអនុញ្ញាតមេកងត្រលប់ទៅធ្វើការងារនៅខេត្តព្រះវិហារវិញ ប៉ុន្តែមេកងមិនអនុញ្ញាត ហើយមិត្តក្នុងកងកុមារបាននិយាយមកកាន់ ឌឿម ថា៖ “ទ្រាំហូបសិនទៅ បន្តិចទៀតអាចហូបបានហើយ ។” ឌឿម បានចុះដក ស្ទូងស្រូវ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ទើបអាចសម្រាកម្ដង។ លុះម៉ោង១រសៀល ឌឿម ចុះធ្វើការបន្តរហូតដល់ម៉ោង៥ល្ងាច ទើបបានសម្រាក។ ក្នុងអំឡុងពេលរស់នៅភ្នំពេញ ឌឿម តែងតែសុំអនុញ្ញាតមេកងត្រលប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើត ប៉ុន្តែមិនត្រូវបានមេកងអនុញ្ញាតនោះឡើយ។ ឌឿម បានបែកពីឪពុកម្ដាយអស់រយៈពេលបីឆ្នាំ និងមិនបានដឹងពីសុខទុក្ខទាល់តែសោះ។ រៀងរាល់ពេលមានភ្លៀងធ្លាក់ និងមានសំឡេងផ្គរលាន់ខ្លាំងៗ ឌឿម បានស្រក់ទឹកភ្នែក និងមានអារម្មណ៍នឹកភូមិស្រុកដែលធ្លាប់រស់នៅក្នុងខេត្តព្រះវិហារ។ ជាពិសេស ឌឿម នឹកដល់អ្នកម្ដាយជាទីស្រឡាញ់ ដែលបានបែកគ្នាអស់ពេលជាយូរឆ្នាំកន្លងមក។ ក្រោយមក ឌឿម បានដឹងដំណឹងថា បងប្រុសទី១ និងបងប្រុសទី២ បានស្លាប់ ដោយសារខ្មែរក្រហមប្រើឲ្យធ្វើការងារហួសកម្លាំង និងមិនមានអាហារហូបចុកគ្រប់គ្រាន់។
ដើមឆ្នាំ១៩៧៨ ឌឿម និងកុមារមកពីខេត្តព្រះវិហារចំនួន៩នាក់ទៀត ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារនៅច្រាំងចំរេះឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី(ភ្នំពេញ)។ ដំបូង ឌឿម ធ្វើជាអ្នកបោសសម្អាតមន្ទីរពេទ្យ និងបោកសម្លៀកបំពាក់របស់អ្នកជំងឺ។ ក្រោយមក ឌឿម បានចូលរៀនអំពីរបៀបចាក់ថ្នាំ និងលាងសម្អាតមុខរបួស។ នៅក្នុងមន្ទីរពេទ្យ មានវេជ្ជបណ្ឌិតជំនាញៗ និងគ្រូពេទ្យជាច្រើនរូបនៅចាំព្យាបាល និងថែទាំអ្នកជំងឺ។ អំឡុងពេលឌឿមនៅធ្វើការងារក្នុងមន្ទីរពេទ្យ ឌឿមបានឃើញកងទ័ពខ្មែរក្រហមជាច្រើន ត្រូវបានបញ្ជូនមកវះកាត់ និងព្យាបាល ហើយកងទ័ពទាំងអស់ភាគច្រើនរងរបួសដោយសារគ្រាប់មីន និងគ្រាប់បេក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅតាមព្រំដែន។ រយៈពេល៦ខែក្រោយមក ឌឿម បានឮដំណឹងថាកងទ័ពវៀតណាមបានវាយចូលមកដល់ទីក្រុងភ្នំពេញ ទើប ឌឿមបានរត់តាមលោកគ្រូអ្នកគ្រូពេទ្យដទៃទៀត ដោយធ្វើដំណើរតាមឡានចេញពីទីក្រុងភ្នំពេញ។ ឌឿម បានជិះឡានមកដល់ផ្លូវជាតិលេខ៤ ទើបឈប់ រួចបានចុះដើរ និងរត់ភៀសខ្លួនបន្តរហូតដល់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បន្ទាប់មក ឌឿម បានរត់ចេញពីភ្នំឱរ៉ាល់ ធ្វើដំណើរតាមព្រៃភ្នំរហូតដល់ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយឌឿមបានសម្រាកនៅស្រុកភ្នំក្រវាញអស់រយៈពេល៣យប់ ទើបរត់ឡើងភ្នំរហូតដល់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់មកទៀត ឌឿម បានទៅរស់នៅតាមព្រំដែនកម្ពុជា-ថៃ ជាមួយមីងៗ និងពូៗ រួមទាំងគ្រូពេទ្យ និងប្រជាជនសាមញ្ញ។
រហូតដល់ឆ្នាំ១៩៨៥ ឌឿមបានចូលទៅរស់នៅក្នុងជំរំវ-៤ ក្នុងទឹកដីប្រទេសថៃ។ នៅឆ្នាំ១៩៩១ មីងៗពូៗកម្មាភិបាលខ្មែរក្រហមបានរៀបចំឲ្យ ឌឿម រៀបការជាមួយប្រពន្ធឈ្មោះ អៀង នី នៅក្នុងទឹកដីប្រទេសថៃ។ ក្រោយសមាហរណ៍កម្មឆ្នាំ១៩៩៧ ឌឿម បានដើរជាន់មីននៅព្រំប្រទល់ខេត្តប៉ៃលិន។ បន្ទាប់មក ឌឿម ត្រូវបានបញ្ជូនទៅកាន់មន្ទីរកំរៀង ក្នុងខេត្តបាត់ដំបង ដែលមានក្រុមគ្រូពេទ្យខ្មែរក្រហមជួយសង្រ្គោះ។ នៅឆ្នាំ១៩៩៨ ឪពុកក្មេករបស់ ឌឿម ជាអតីតគ្រូពេទ្យខ្មែរក្រហម បានហៅ ឌឿម និងប្រពន្ធឲ្យមករស់នៅក្នុងភូមិទំព័រ ហើយ ឌឿម និងប្រពន្ធបានប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។
អត្ថបទដោយ មឿន ស្រីណុច
[1] គង់ ឌឿម, បទសម្ភាសន៍ដោយ មឿន ស្រីណុច, នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។