គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ គង់ អ៊ីន, ប្អូនប្រុសទី៣ មានឈ្មោះ គង់ ចាន់ថន និងប្អូនប្រុសទី៤ មានឈ្មោះ គង់ ធី។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ម៉ាក់ សុង និងមានកូនប្រុសស្រីចំនួន៧នាក់ និងចៅសរុបចំនួន១២នាក់។
ឪពុកម្ដាយរបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ បន្ទាប់ពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រៀបចំឲ្យប្រជាជនទូទាំងប្រទេសមករស់នៅទីនេះ។ នៅពេលមកដល់ដំបូង សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកសាងសមិទ្ធផលជាច្រើន និងផ្គត់ផ្គង់ប្រជាជនដែលមករស់នៅ មានដូចជា ផ្ទះឡុង, ដីស្រែចម្ការ, គ្រាប់ពូជ និងថវិកាឧបត្ថម្ភប្រចាំខែ។ ឪពុកម្ដាយរបស់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថា សម្ដេចព្រះបរមរតនកោដ្ឋ បានបញ្ជូនប្រជាជនមករស់នៅអូរស្វាយ ដែលស្ថិតនៅក្បែរព្រំដែនដើម្បីការពារបូរណភាពទឹកដី។ នៅឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្តម សីហុន ព្រះបរមរតនកោដ្ឋ យាងមកសម្ពោធសមិទ្ធផលដែលត្រូវបានកសាង រួមមាន មន្ទីរពេទ្យ, ផ្ទះកាឡុង, ស្ដូបអនុស្សាវរីយ៍, មន្ទីរចាត់ការ និងផ្សារសហគមន៍ ជាដើម នៅបុរីអូរស្វាយ។ នៅពេលនោះ ខ្ញុំក៏ទៅទទួល និងបានចាប់ព្រះហស្ថរបស់សម្ដេចព្រះមរតកោដ្ឋផងដែរ។
បន្ទាប់ពីកើតមានរដ្ឋប្រហារ លន់ នល់ ខ្ញុំ ឃើញមានវត្តមានកងទ័ពខ្មែរក្រហមចូលមកក្នុងភូមិ។ នៅពេលនោះដែរ ការទម្លាក់គ្រាប់បែកនៅអូរស្វាយក៏ចាប់ផ្ដើម។ អ្នកភូមិរស់នៅទីនេះ មិនអាចចាកចេញពីភូមិបាននោះទេ ហើយត្រូវធ្វើការជីករណ្ដៅត្រង់សេ នៅក្បែរផ្ទះដែលខ្លួនរស់នៅ។ អូរស្វាយ ក្លាយទៅជាសមរភូមិក្ដៅ ដែលជាហេតុបណ្ដាលឲ្យមានការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ ខ្ញុំ និងគ្រួសារបន្តរស់នៅអូរស្វាយ រហូតដល់ពេលខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ និងគ្រប់គ្រងប្រទេសទាំងស្រុងនៅខែមេសា ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាពេទ្យខ្មែរក្រហម។ នៅពេលនោះការងាររបស់ខ្ញុំ គឺដើរស្វែងរកដើមឈើ និងឫសឈើជាថ្នាំព្យាបាលជំងឺ។ ខ្ញុំត្រូវដើរស្វែងរកដើមឈើ និងឫសឈើ ជាថ្នាំនេះ នៅម្ដុំដុងក្រឡុ។ ក្នុងកងរបស់ខ្ញុំ មានសមាជិកចំនួន៤នាក់ រួមមាន មិត្ត ណាន, ខ្ញុំ, មិត្ត នា និងមិត្ត សារ៉ាន់។ យើងត្រូវដើររកថ្នាំ ក្នុងរយៈពេលកន្លះខែម្ដង។ បន្ទាប់រកបានដើមឈើ និងឫសឈើ, យើងបានស្ពាយយកមកដាំ ឬស្ងោរ ដើម្បីធ្វើជាថ្នាំសម្រាប់ព្យាបាល។ ខ្ញុំនៅចាំបានថា ថ្នាំផ្ដាសាយ, ថ្នាំគ្រុនចាញ់ និងថ្នាំត្រជាក់ គឺមានធាតុផ្សំតែដើមឈើ និងឫសឈើតែ ៣មុខនោះទេ។ ឧទាហរណ៍ ប្រសិនបើយើងត្រូវដាក់ថ្នាំត្រជាក់សម្រាប់ព្យាលបាល យើងត្រូវមានដើមត្បាល់កិន និងដើមឈើអែម។ ចំណែកឯថ្នាំព្យាបាលជំងឺផ្ដាសាយ ប្រធានកង បានប្រាប់យើងអំពីប្រភេទដើមឈើ និងឫសឈើ ដែលត្រូវរក និងយកមកដាំស្ងោរ។
ថ្នាំគ្រុនចាញ់ ផ្សំពីវលិ្លបណ្ដូលពេជ្រ និងសំបកស្ដៅ។ ដើមឈើ និងឫសឈើ ដែលជាថ្នាំទាំងអស់ ត្រូវបានចិញ្រ្ចាំដើម្បីដាំ ស្ងោរ ហើយស្រង់ដើមឈើ និងឫសចេញ ដើម្បីយកទៅរំងាស់បន្តឲ្យទៅជាថ្នាំខាប់ៗ។ បន្ទាប់មក យើងយកម្សៅសំបកស្ដៅដាក់លាយជាមួយគ្នា ហើយយកគ្រាប់កន្ទុះកាំភ្លើងធ្វើពុម្ព ទៅជាថ្នាំ។ ការផលិតថ្នាំគឺចំណាយរយៈពេលយូរ។ នៅពេលដែលជិតអស់ថ្នាំសម្រាប់ព្យាបាល ខ្ញុំត្រូវប្រាប់ប្រធានកង។ កងទ័ពខ្មែរក្រហមមិនធ្វើអ្វីទេ នៅពេលដែលយើងធ្វើដំណើរចុះឡើង ក្នុងការស្វែងរកថ្នាំ។ កន្លែងព្យាបាលជំងឺនៅរបបខ្មែរក្រហម គឺជាមណ្ឌលសុខភាពបច្ចុប្បន្ននេះ។ ទីកន្លែងដែលខ្ញុំយកដើមឈើ និងឫសឈើស្ងោជាថ្នាំ គឺនៅខាងក្រោយគុជចំបក់។
ចំពោះរបបអាហារ ខ្ញុំមានតែបាយលាយជាមួយគល់ចេក និងដំឡូង។ នៅពេលដែលមានប្រជាជនធ្លាក់ខ្លួនឈឺធ្ងន់ យើងត្រូវប្រើថ្នាំរាងដូចអាចម៌ទន្សាយសម្រាប់ព្យាបាល ហើយនៅពេលនោះ ប្រជាជនភាគច្រើនកើតជំងឺគ្រុនចាញ់។ កងផលិតថ្នាំរបស់ខ្ញុំត្រូវបានហៅប្រជុំកន្លះខែម្ដង ដើម្បីបង្ហាញការបេ្ដជ្ញាចិត្តចំពោះអង្គការ និងកុំជឿខ្មាំងសត្រូវ។ បើទោះបីជាខ្ញុំធ្វើជាកងផលិតថ្នាំយ៉ាងណាក្ដី គ្រួសាររបស់ខ្ញុំត្រូវបានចាប់យកទៅសម្លាប់ចោល ដោយសារតែពូ និងតារបស់ខ្ញុំធ្លាប់បម្រើការងារក្នុងរបប លន់ នល់។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំខ្ញុំបានរៀបការប្រពន្ធ និងបន្តរស់នៅ ស្រុកអូរស្វាយ-សែនជ័យ រហូតដល់ពេលបច្ចុប្បន្ន។
អត្ថបទដោយ លី ដេវីត
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ គង់ អ៊ីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្ភាសដោយ លី ដេវីត, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។