គង់ សារី៖ ក្រុមបង្កបង្កើនផលនៅស្រុកពារាំង

គង់ សារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

នៅឆ្នាំ១៩៧៨ ទ័ពនិរតី ចូលមកដល់ស្រុកមេមត់ បានចាប់អតីតទាហានសម័យ លន់ នល់  និងគ្រូបង្រៀនដោយចោទប្រកាន់ថាជាយួនខ្លួនខ្មែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារចេញពីភូមិត្បូងវត្ត ឃុំមេមត់ ឲ្យទៅបង្កបង្កើនផលនៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើស្រែ និងដាំបន្លែ នៅព្រែកចំប៉ា ចំនួនបីខែ វៀតណាមចូលមកដល់។

ឈ្មោះ គង់ សា[1]រី ភេទប្រុស អាយុ ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គរមានយស ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង  បច្ចុប្បន្នរស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  ឪពុកឈ្មោះ សុខ គង់ (ស្លាប់ក្នុងសម័យសង្គមរាស្ត្រនិយម) ឯម្តាយស្លាប់តាំងពីខ្ញុំនៅវ័យកុមារ។  ខ្ញុំមានបងប្អូនចំនួន៣នាក់ (ស្រី២) ខ្ញុំជាកូនទី១។ ប្រពន្ធឈ្មោះ ពុធ សាមឿន (ស្លាប់បីឆ្នាំមុន) និងមានកូនចំនួន១១នាក់ (ស្រី៥)។

កាលពីក្មេងខ្ញុំរៀនបាបត្រឹមថ្នាក់ទី៨ (សង្គមចាស់)នៅក្នុងវត្តត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ កាលពីដើមឡើយខ្ញុំចូលរៀននៅវត្តមេសព្រះចន្ទក្រោម ជាមួយគ្រូសូត្រស្តាំ បន្ទាប់មកចេញទៅរៀននៅវត្តត្រាល ឃុំកំពង់ពពិល។

នៅឆ្នាំ១៩៥៦ ខ្ញុំឈប់រៀន ហើយម្តាយឪពុករបស់ខ្ញុំស្លាប់អស់។ ខ្ញុំសម្រេចចិត្តចាកចេញពីស្រុកកំណើត។ ធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។ ខ្ញុំបានជួបជាមួយមិត្តភក្តិម្នាក់គាត់ជាកម្មករចម្ការកៅស៊ូបារាំង កំពុងតែកាត់ស្មៅ ហើយ មិត្តភក្តិ បានជូនខ្ញុំមកដល់ភូមិត្បូងវត្តស្នាក់នៅ និងធ្វើការងារជាមួយគ្នា។

នៅឆ្នាំ១៩៦០ ខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានរៀបការមានគ្រួសារ។  គ្រួសារខ្ញុំនៅធ្វើការនៅចម្ការកៅស៊ូបារាំង។ មុនស្គាល់ជាមួយប្រពន្ធ ខ្ញុំមានមិត្តភក្តិធ្វើការជាមួយ ឈ្មោះ ចេង ចក់ ត្រូវជាបងថ្លៃខាងប្រពន្ធ គាត់មានតួនាទីជាតៃកុងឡានពេទ្យបារាំង។  រៀបការបានមួយឆ្នាំ ខ្ញុំចាប់ផ្តើមធ្វើចម្ការ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ដាំទុរេន និងសាវម៉ាវ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងនៅស្រុកមេមត់។ ខ្ញុំទទួលបានដំណឹងតាមវិទ្យុថា ប្រជាជននៅស្រុកមេមត់ភាគច្រើនបានចូលព្រៃម៉ាគី ដើម្បីបង្កើតជាកម្លាំងកងទ័ពវាយតទល់ជាមួយទាហាន លន់ នល់។ នៅផ្សារមេមត់ ចាប់ផ្តើមច្របូកច្របល់ ប្រជាជនមួយចំនួនរត់ចេញពីភូមិកំណើត។ ខ្ញុំចូលជាកងទ័ព នៅព្រំដែនកម្ពុជា-វៀតណាម នៅឃុំជាំក្រវៀន ស្រុកមេមត់។ ខ្ញុំចូលជាមួយកងទ័ពវៀតកុង នៅកងពល C20។ ដំបូង ខ្ញុំមានកាំបិតមួយ និងក្រមាមួយ ក្រោយមកទើបមានកាំភ្លើងកាន់។ កងពល C20 មានពីរក្រុម គឺមានកងទ័ពចំនួន២០នាក់ ហើយមានឈ្មោះសៅ ភុក ជាប្រធានសេដ្ឋកិច្ច។ ខ្ញុំចូលហ្វឹកហាត់ទ័ពពីរបៀបរត់, លូន និងក្រាប។ បីខែបន្ទាប់ ខ្ញុំត្រូវបានបញ្ជូនទៅដឹកសព្វាវុធឲ្យកងទ័ពនៅក្នុងព្រៃ។ ក្រោយមកប្រពន្ធខ្ញុំជិតសម្រាលកូន ខ្ញុំបានសុំការអនុញ្ញាត ពីប្រធានកងទ័ពធំឈ្មោះ អុង ហាយញីង ឈប់សម្រាកពីការដឹកសព្វាវុធ ត្រលប់មកផ្ទះមើលថែប្រពន្ធជិតគ្រប់ខែឆ្លងទន្លេ។ អំឡុងឆ្នាំ១៩៧០ បងថ្លៃខ្ញុំឈ្មោះ ចក់ ជាកៃកុងឡានឲ្យបារាំងបើកឡានដឹកស្រូវឲ្យទាហានធីវគីបានផ្ទុះគ្រាប់មីនស្លាប់។

នៅឆ្នាំ១៩៧១ ទាហានធីវគី វាយបែកបន្ទាយលើ និងបន្ទាយក្រោមរបស់កងទ័ពវៀតកុង​។ ខ្ញុំឈប់ចូលជាកងទ័ព ក្នុងកងដឹកជញ្ជូនម្នាស់យកទៅព្រែកសណ្តែក។ នៅពេលដឹកម្នាស់បានជួបជាមួយទាហាន អាមេរិកាំង និងទាហានធីវគី នៅផ្លាកសំរោង ស្រុកមេមត់ ទាហានទាំងនោះចូលមកឆែកក្រែងមានដឹកគ្រាប់ ឬកាំភ្លើង ពេលឆែកឃើញក្នុងឡានមានតែម្នាស់ក៏ប្រាប់ឲ្យធ្វើដំណើរបន្ត។ ទាហានអាមេរិកាំងមានស្បែកស និងស្បែកខ្មៅ ហើយនៅតាមផ្លូវមានរថក្រោះជាច្រើនគ្រឿង ហើយការធ្វើដំណើររបស់ទាហានអាមេរិកាំង គឺដោយថ្មើរជើង។

នៅឆ្នាំ១៩៧២ ខ្ញុំរស់នៅភូមិត្បូងវត្ត ប៉ុន្តែទៅដឹកម្នាស់នៅផ្លាក។ នៅពេលនោះមានយន្តហោះមកទម្លាក់គ្រាប់បែកចំនួនពីរដងនៅស្រុកមេមត់ ហើយយន្តហោះពីរគ្រឿងក៏បានធ្លាក់នៅស្រុកមេមត់ ដោយសារកងទ័ពវៀតកុងបាញ់ទម្លាក់។ យន្តហោះពីគ្រឿងដែលធ្លាក់នៅស្រុកមេមត់ ជាប្រភេទយន្តហោះជើងបង្កង។ ការទម្លាក់គ្រាប់បែកលើកទីមួយ ឆេះកុដិមួយខ្នងនៅវត្តមេមត់ ហើយយន្តហោះមួយគ្រឿងបានធ្លាក់នៅក្រោយសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន មេមត់ក្នុងចម្ការកៅស៊ូបារាំង។ ទម្លាក់លើកទីពីរ នៅភូមិជាំជ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ចំណែកយន្តហោះមួយគ្រឿងទៀតបានធ្លាក់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់។ យន្តហោះប្រភេទជើងបង្កងដូចគ្នា បាញ់គ្នានៅខ្នងក្រពើ ប៉ុន្តែធ្លាក់នៅភូមិបុស្ស ឃុំរូង។ ទាហានអាមេរិកាំង បានលោតឆ័ត្រចេញពីយន្តហោះ ចំណែកយន្តហោះបានធ្លាក់នៅខ្នងក្រពើ។ រីឯមនុស្សបានលោតឆ័ត្រយោងនៅមានជីវិតមានអ្នកមកទទួលទៅវិញ ហើយគ្រោងឆ្អឹងយន្តហោះត្រូវបានដឹកនៅកាន់ភ្នំពេញ។

នៅអំឡុងឆ្នាំ១៩៧២-១៩៧៣ ខ្ញុំបានជួបជាមួយជនជាតិអាមេរិកាំងស្បែកខ្មៅ មានប្រពន្ធខ្មែរកម្ពុជាក្រោម និងមានកូនម្នាក់ ហើយអ្នកភូមិនាំគ្នាហៅថា «ឪអាយ៉េ»។ ខ្ញុំបានជួបជាមួយទាហានអាមេរិកាំងស្បែកខ្មៅ, រាងខ្ពស់, មាឌធំ, កម្លាំងខ្លាំងអាចលើកអង្ករ១០០គីឡូរួច។ ឈ្មោះ សំអាន ជាមន្ត្រីគយពីសង្គមចាស់ បាននិយាយជាមួយជនជាតិអាមេរិកាំង ជាភាសាអស់គ្លេស។ ខ្ញុំអង្គុយស្តាប់តែមិនយល់ថានិយាយពីអ្វី ព្រោះខ្ញុំមិនចេះភាសារអង់ភ្លេសនោះទេ។ ខ្ញុំធ្លាប់ជួបគ្នាងក់ក្បាលដាក់គ្នា។ទាហានអាមេរិកាំងស្បែកខ្មៅ ហៅថាឪអាយ៉េ ត្រូវកងកម្លាំងវៀតណាមចាប់ខ្លួន ហើយប្រគល់ទៅឲ្យខាងកងសន្តិសុខខ្មែរក្រហមជាអ្នកសម្រេច។ ខ្មែរក្រហមបញ្ជូនទាហានអាមេរិកាំងស្បែកខ្មៅ ទៅមន្ទីរសន្តិសុខប៉ូចិនតុង នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់។

នៅឆ្នាំ១៩៧៥ ខ្ញុំហូបបាយរួមនៅភូមិត្បូងវត្ត ឃុំមេមត់ នៅសហករណ៍។ ប្រធានសហករណ៍ឈ្មោះ ឈាង ជាអ្នកគ្រប់គ្រង។ ឈាង មកពីស្រុកពញាក្រែក ទទួលផ្នែកគ្រប់គ្រងតាមសហករណ៍។ សង្កាត់មេមត់ ឈ្មោះ តាស៊ន ជាអ្នកគ្រប់គ្រង។

នៅឆ្នាំ១៩៧៦ ខ្ញុំ ធ្វើស្រែនៅភូមិត្បូងវត្ត លើកប្រឡាយ បិទភ្លឺស្រែ។ ទោះបីហូបរួមក្នុងសហករណ៍ ប៉ុន្តែខ្ញុំហូបបានគ្រាប់គ្រន់ គ្រាន់តែគ្មានម្ហូបឆ្ងាញ់ហូប និងត្រូវធ្វើការគ្មានឈប់សម្រាក។

ក្រោយមកខ្ញុំដឹងដំណឹងតៗគ្នាថា ទាហានអាមេរិកាំង ដែលខ្មែរក្រហមបញ្ជូនទៅមន្ទីរសន្តិសុខស្រែសង្កែ ឃុំកំពាន់។ ខ្មែរក្រហមសម្លាប់ទាហានអាមេរិកាំង និងឈ្មោះ ជន ជាប្អូនបង្កើតខាងប្រពន្ធនៅស្រែសង្កែដូចគ្នា។

នៅឆ្នាំ១៩៧៨ ទ័ពនិរតីចូលមកគ្រប់គ្រងស្រុកមេមត់ និងបានចាប់កម្មាភិបាលខ្មែរក្រហមយ៉ាងច្រើន ហើយប្រជាជននៅស្រុកមេមត់ត្រូវបានចោទប្រកាន់ថាជាមនុស្សក្បាលយួនខ្លួនខ្មែរ។ មន្ត្រីទាំងនោះត្រូវបានយកទៅរៀនសូត្របន្ថែម ប៉ុន្តែមិនដែលឃើញត្រឡប់មកវិញ។ ខ្មែរក្រហមជម្លៀសខ្ញុំនិងគ្រួសារចេញពីភូមិត្បូងវត្ត ឃុំមេមត់ឲ្យទៅបង្កបង្កើនផលនៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហមចាត់តាំងធ្វើស្រែ ដាំបន្លែ នៅព្រែកចំប៉ា ចំនួនបីខែ វៀតណាមចូលមកដល់។ បន្ទាប់ពីវៀតណាមនិងកងទ័ព០៩ ចូលរំដោះបាន ខ្ញុំធ្វើដំណើរទៅស្រុកមេមត់ ប្រកបរបរធ្វើស្រែចំការ។ ខ្ញុំបាត់ដំណឹងប្អូនថ្លៃ គាត់ធ្វើជាកងទ័ពក្នុងសម័យខ្មែរក្រហម។

អត្ថបទដោយ ឈុំ រ៉ា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស ឡុង ដានី ជាមួយ គង់ សារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin